ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​អបអរ​សាទរ​ការ​ចុះចេញ​ពី​អំណាច​ដោយ​លោក​ Hosni Mubarak


លោក ហូស្នី មូបារ៉ាក់ បាន​​ចុះចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​​ ក្រោយពី​ការធ្វើបាតុកម្ម​ដ៏ធំ​ អស់រយៈពេល​ ១៨​ថ្ងៃ​ នៅ​ប្រទេសអេហ្ស៊ីប។​
លោក ហូស្នី មូបារ៉ាក់ បាន​​ចុះចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​​ ក្រោយពី​ការធ្វើបាតុកម្ម​ដ៏ធំ​ អស់រយៈពេល​ ១៨​ថ្ងៃ​ នៅ​ប្រទេសអេហ្ស៊ីប។​

ភ្នំពេញ៖ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ​មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ក្រុម​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន​ព្រម​ទាំងប្រជា​ពលរដ្ឋ​សាមញ្ញបាន​សម្តែង​ប្រតិកម្ម​ចម្រុះ​គ្នា​លាយ​ឡំ​ជាមួយ​នឹង​ការ​អបអរ​សាទរ​ ​ស្រប​ពេល​ដែល​មេ​ដឹកនាំ​នៃ​ប្រទេស​អេហ្ស៊ីព​ គឺលោក​Hosni Mubarak​ ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​៣០​ឆ្នាំ​មកនោះ​ ​បាន​ប្រកាស​លាឈប់​ពីមុខ​តំណែង​ ​បន្ទាប់ពី​មាន​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​អេហ្ស៊ីព​អស់​រយៈ​ពេល​ចំនួន​១៨​ថ្ងៃ។

ប្រជា​ពលរដ្ឋ​អេហ្ស៊ីព​ច្រើន​ ​រាប់ម៉ឺននាក់​បាន​ដើរ​ដង្ហែរ​តាម​ផ្លូវ​សាធារណៈ​នានា ​និង​បាន​សម្តែង​ការ​រីករាយ​ដើម្បី​អបអរសាទរ​ចំពោះ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃសុក្រ​ ​ដោយ​លោក​អនុ​ប្រធានាធិបតី ​Omar Suleiman ​ដែល​ថា​ ​អំណាច​របស់​ប្រធានាធិបតី​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមយោធា​ជា អ្នក​គ្រប់គ្រង។

លោក​ ជាម យៀប​ ​អ្នក​តំណាងរាស្រ្ត​ខាង​គណបក្ស​គ្រប់គ្រង​អំណា​ច​របស់​ប្រទេស​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​ការ​ប្រកាស​របស់​លោក​Hosni Mubarak ​បាន​ធ្វើឡើង​ស្របទៅតាម​ឆន្ទៈ​របស់​ប្រជាជន​ ដើម្បី​បញ្ជៀស​អំពើ​ហិង្សា។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​ប្រទេស​អេហ្ស៊ីព​គួរតែ​បញ្ឈប់​នូវ​បាតុភាព​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អាយុជីវិត​របស់​ប្រជា​ពលរដ្ឋ។

«យើងមើល​ឃើញថា​ ​បើសិន​វារ៉ាំរ៉ៃ​តទៅទៀត​ ​វាមាន​តែ​គាត់​មាន​បង្ក​ទុក្ខព្រួយ​ចំពោះ​ប្រទេស​ជាតិគាត់។ ​ប្រជាជន​ក៏​ត្រូវ​បាត់បង់​ជីវិត​បន្ត​ទៅ​ទៀត​ ​ឬ​ក៏​អាក់ខាន​នូវ​ការ​បំពេញ​ការងារ​ផ្សេងៗ​ទៀត​ដែរ»។

លោក​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​ ​បាន​មាន​ប្រសាសន៍​ថា​ ​ចរន្ត​នៅលើ​ពិភព​លោក​បច្ចុប្បន្ននេះមាន​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័សដើម្បី​ប្រឆាំង​ នឹង​មេ​ដឹកនាំ​ផ្តាច់ការ​ទាំងឡាយ​ណា​ ​ដែល​ដឹកនាំ​ប្រទេស​មិន​ត្រឹមត្រូវ។

លោក​បាន​មានប្រសាសន៍​ថា​ ​នៅ​លើ​ពិភពលោក​មានតែ​ប្រទេស​ពីរ​ទៀត​ទេ​នៅ​សេស​សល់​ ​បន្ទាប់​ពី​កាន់​អំណាច​អស់​រយៈពេល​ជាយូរ​ឆ្នាំ​មក​ហើយ​នោះ​គឺ​ប្រទេស​យៀម៉ែន​ ​និង​ប្រទេស​កម្ពុជា។

«​ក្នុង​ពិភព​លោក​ទាំងមូល​ដែល​មាន​ប្រទេស​ជិត​២០០​នោះ​ ​បន្ទាប់​ពី​ប្រទេស​ទុយណេស៊ី​គេផ្លាស់ប្តូរ​ ​ប្រទេស​អេហ្ស៊ីព​គេ​ផ្លាស់ប្តូរ​ ​ប្រទេស​ដែល​អត់​មាន​ការ​ផ្លាស់ប្តូរ​នៅសល់តែ​ប្រទេស​ពីរទេ​ ​ដែល មិន​ទាន់​មាន​ការផ្លាស់ប្តូរ​ដូចគេ​ ​គឺ​នៅ​ប្រទេស​យៀមែន ​និង​ប្រទេស​កម្ពុជា»។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ ​អ្នក​វិភាគ​ឯករាជ្យ​មួយរូប​ ​បាន​ប្រាប់ ​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិកពី​ប្រទេស​អង់គ្លេស​ ​តាមរយៈ​ទូរស័ព្ទ​ថា​ ​បើតាម​ការ​បញ្ជាក់​របស់​លោក​បាន ​គីមូន​ ​អគ្គលេខាធិការ​នៃ​ អង្គការ​សហ​ប្រជាជាតិ បាន​ឲ្យ​ដឹង​ថា​ ​នេះគឺជា​មេរៀន​មួយ​ដល់​បណ្តា​ប្រទេស​ទាំង​ឡាយ​ដែល​គ្រប់គ្រង​ដោយ​អំណាច​ផ្តាច់ការ​ ​ដូចជា​ប្រទេស​ទុយណេស៊ី ​និង​ប្រទេស​អេហ្ស៊ីព។

លោក​ឡៅ ម៉ុងហៃ​បាន​មានប្រសាសន៍​ទៀត​ថា​ ​នៅ​កម្ពុជា​មិនអាច​ធ្វើការ​ទស្សទាយ​បាន​ទេ​ ​ប្រសិន​ណា​បើការ​ដឹកនាំ​ប្រទេស​ធ្វើឲ្យ​មាន​អំពើ​ពុករលួយ​ ​មាន​អត្រា​អត់​ការងារធ្វើ​ ​និង​បក្ខពួក​និយម​នោះ​ ​នៅ​ថ្ងៃអនាគត​នឹង​អាច​មាន​ការ​ខឹង​សម្បា​ជាក់ជា​មិន​ខាន។

«រី​ឯ​នៅ​ប្រទេស​ខ្មែរ​យើង បើ​សិន​ជា​ការ​គ្រប់គ្រង់​ប្រទេសមិន​បើក​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ​មាន​អំពើ​ពុក​រលួយ​ច្រើន​ ​ហើយ​នៅ​ពេល​ណា​សេដ្ឋកិច្ច​ចុះ​ដុនដាប​ ​មនុស្ស​អត់​មាន​ការងារធ្វើ​ច្រើន​ ​ជាពិសេស​ក្នុង​ចំណោម​យុវជន​ ​គឺ​ថា​ យើង​អត់​ទៀង​ទេ ​វា​អាច​មាន​ការ​ខឹង​សម្បា ​ហើយ​អាច​ផ្ទុះ​ទៅ​ថ្ងៃណា​មួយ បាទ»។

អ្នកស្រី​ជា វណ្ណាត​ ​អ្នក​វិភាគ​ឯករាជ្យ​មួយរូប​ទៀត​ ​បាន​និយាយ​ថា​ ​កម្ពុជា​មិន​អាច​យក​តាម​គម្រូ​ប្រទេស​ទុយណេស៊ី​ និង​ប្រទេស​អេហ្ស៊ីព​បានទេ​ ​ពីព្រោះ​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជា​យូរ​មក​ ហើយ​ ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ស្អប់ខ្ពើម​របត់​នយោបាយ​ ដែល​ប្រើប្រាស់​អំពើហិង្សា។ ​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ​អ្នកស្រី​ជា វណ្ណាត​បាន​មាន​ប្រសាសន៍​ថា​ ​បទពិសោធន៍​នៅ​ក្នុង​ប្រទេស​ ទុយណេស៊ី​អាច​ជា​មេរៀន​ប្រយោល​មួយ​សម្រាប់​មេដឹក​ទាំងឡាយ​ណា​ ដែល​ដឹកនាំ​ប្រទេស​មិន​ត្រឹមត្រូវ។

«ក្រោយ​ពី​ប្រទេស​ទុយណេស៊ី​ក្តី ​ក្រោយពី​ប្រទេស​អេហ៊្សីព​ក្តី​ ​ហើយ​សព្វថ្ងៃ​កំពុង​តែ​មាន​ប្រទេស​ឯ​ទៀតៗ​ ​ខ្ញុំ​ថា​ ​នេះ​ជា​មេរៀន​នៅ​ក្នុង​របប​ប្រជា​ធិបតេយ្យ​ ​ពីព្រោះ​ថា​ ​ពិពភ​លោក​ឥឡូវ​នេះ​កាន់តែ​តូច​ទៅៗ។ ​អ្វី​ដែល​ប្រជាពលរដ្ឋ​គ្រប់ប្រទេស​ចង់​បាន​នោះ​គឺ​ថា​ ​សិទ្ធិ​សេរីភាព​ចូល​រួម​ក្នុង​ការ​ដឹកនាំ​ ប្រទេស​ទៅតាម​បែប​ផែន​លទ្ធិ​ប្រជាធិបតេយ្យ»។

ប្រជា​ពលរដ្ឋ​មួយរូប​ ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា​ ​លោក​បាន​តាមដាន​ព្រឹត្តិ​ការណ៍​យ៉ាង​យក​ចិត្ត​ទុកដាក់​ ​តាំងពី​ប្រទេស​ទុយណេស៊ី​រហូត​ ទៅ​ដល់​ប្រទេស​អេហ្ស៊ីព។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​នេះ​គឺជា​ការ​រីករាយ​មួយ​សម្រាប់​ប្រជាជន​អេហ្ស៊ីព​ ​ដែល​តវ៉ា​បាន​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​គិត​ថា​ ​មាន​មេដឹកនាំ​មិន​ត្រឹមត្រូវ​នោះ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​នេះ​គឺជា​វីរភាព​មួយ​ ​ដែល​មេ​ដឹកនាំ​ពិភព​លោក​ទាំងឡាយ​គួរតែ​យក​គម្រូ​តាម។

«នេះ​គឺ​ជាវីរភាព​មួយ។ ​មេដឹកនាំ​ទូទៅ​នៅ​ក្នុង​ពិភព​លោក​គួរ​តែ​យក​គម្រូ​តាម​Mubarak ដែល​គិត​ថា​ ​គាត់​មិន​អាច​បន្ត​អំណាច​ត​ទៅទៀត​ ​គាត់​សុខចិត្ត​ចុះ​ចេញ​ដោយ​សន្តិវិធី។​ យើង​អាច​និយាយ​ថា​ ចុះ​ចេញ​ដោយ​សន្តិ​វិធី​បាន​ដែរ​ ​ទោះ​ជា​មាន​ប្រទូសរាយ​ខ្លះក្តី។ ​ក៏​ប៉ុន្តែ​ដោយ​គាត់​មិន​អាច​ទៅរួច​ ​គាត់​ក៏​សុខចិត្ត​ចុះចេញ​ដោយ​សន្តិវិធី»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយដោយ​បាន​ អបអរសាទរ​ដល់​ប្រជាជន​អេហ្ស៊ីព​ ​ហើយ​បាន​ចាត់ទុក​ថា​ ​នេះ​គឺជា​ការ​ចាប់ផ្តើម​ថ្មីមួយ​នៃ​សម័យ​កាល​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​នៃ​ពិភព​អារ៉ាប់។

លោក​អតីត​ប្រធានាធិបតី​ Hosni Mubarak ​បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីព​អស់រយៈ​ពេល​ចំនួន​៣០​ឆ្នាំ​ ​ហើយ​ក្រោយ​មក​លោក​បាន​ប្រកាស​លាឈប់​ពីមុខ​តំណែង​ ​បន្ទាប់ពី​មាន​ការ​តវ៉ា​របស់​ប្រជាជន​អេហ្ស៊ីព​អស់​រយៈ​ពេល​ចំនួន​១៨​ថ្ងៃ។

ប្រជាពលរដ្ឋ​អេហ្ស៊ីព​បាន​ចោទ​ប្រកាន់​លោក​ Hosni Mubarak ​ថា​ ​បាន​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​របប​ផ្តាច់ការ​ ​អំពើ​ពុក​រលួយ​ ​បក្ខពួក​និយម​ ​និង​អត្រា​អត់​ការងារ​ធ្វើ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង។

នៅ​លើ​ពិភពលោក​នេះ​ ​មេ​ដឹកនាំ​កាន់​អំណាច​យូរ​ជាង​គេ​ ​រួម​មាន​លោក​ហ្សាដាហ្វីនៃ​ប្រទេស​លីបី​បាន​កាន់អំណាច​អស់​រយៈ​ពេល​ចំនួន​៤០​ឆ្នាំ​ ​ប្រទេស​អេហ្ស៊ីព​ចំនួន​៣០​ឆ្នាំ​ ​ប្រទេស​ទុណេស៊ី​ចំនួន​២៦​ឆ្នាំ​ ​និង​ប្រទេស​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​កាន់​អំណាច​អស់រយៈ​ពេល​២៦​ឆ្នាំ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង៕

XS
SM
MD
LG