តើអ្វីទៅដែលជាកេរដំណែល ដែលនៅសេសសល់ពីលោករាជ សម្បត្តិ បុរសដែលធ្លាប់មានប្រជាប្រិយភាពម្នាក់នេះ។ គ្មានអ្នកណាម្នាក់នៅជុំវិញខ្លួនរបស់គាត់ដែលធ្លាប់ស្គាល់គាត់អាចរកកំហុសរបស់គាត់មកលាតត្រដាងនៅពេលនេះបានទេ ក៏ប៉ុន្តែដំបូន្មាន និងការប្តេជ្ញាចិត្ត ភាពរឹងមាំ មិត្តភាព ភាពកក់ក្តៅ ដែលគាត់បានផ្តល់ដល់ក្រុមគ្រួសារ និងមនុស្សជំនាន់ក្រោយ គឺជា កេរដំណែលពិតប្រាកដ ដែលលោករាជ សម្បត្តិ បានបន្សល់ទុក។
មកពីឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង លោករាជ សម្បត្តិ បានបណ្តុះខ្លួនឯងឲ្យក្លាយជាបញ្ញាជនដ៏គំរូម្នាក់ប្រកបដោយភាពល្បីល្បាញ និងទទួលបានការគោរពពីគ្រប់មជ្ឈដ្ឋាន។ គំរូល្អរបស់លោកនៅតែបន្តនៅក្នុងសង្គមខ្មែរ ទោះបីជាលោកលាចាកលោកទៅក្នុងអាយុ៤៧ឆ្នាំ កាលពីយប់ថ្ងៃពុធនៅមន្ទីរពេទ្យកាលម៉ែតក្រុងភ្នំពេញដោយសារជម្ងឺលើសឈាម។
នៅក្នុងពិធីបុណ្យនៅថ្ងៃព្រហស្បតិ៍នេះ នៅឯគេហដ្ឋានរបស់លោក អ្នកចូលរួមគ្រប់ៗគ្នាមានទឹកមុខស្រងូតស្រងាត់ និងកៀមក្រំ។ បងប្រុសបង្កើតរបស់លោករាជ សម្បត្តិ គឺលោក រាជ សំណាង អតីតស្នងការប៉ូលីសខេត្តមណ្ឌលគីរី បានយំអណ្តើតអណ្តក់នៅពេលដែលលោករំឭកអនុស្សាវរីយ៍ដែលលោកមានជាមួយប្អូនប្រុសបង្កើតរបស់លោក។ លោក សំណាងបញ្ជាក់ថា៖
«ធ្លាប់រស់នៅពីក្មេងជាមួយគ្នា រហូតដល់ចាស់យើងនៅជាមួយគ្នាទៀត។ ប៉ុល ពតសម្លាប់ម៉ែ យើងបានរស់ដោយលំបាក តែមកដល់ឥឡូវស្រួល បែជាយើងស្លាប់»។
លោក រាជ សម្បត្តិ មានបងប្អូនចំនួនប្រាំមួយនាក់ គឺសុទ្ឋតែប្រុស។ លោកជាកូនទី៥។ ឪពុករបស់លោកដែលជាអតីតមេឃុំម្នាក់នៅក្នុងខេត្តស្វាយរៀងត្រូវពួកខ្មែរក្រហមសម្លាប់ជាមួយនឹងម្តាយរបស់លោក។ លោកបានក្លាយជាកូនកំព្រា។
លោករាជ សម្បត្តិ បានសង្វាតរៀនសូត្រដោយខ្លួនឯង ហើយបានទទួលអាហាររូបករណ៍ទៅសិក្សា នៅប្រទេសឥណ្ឌានៅទសវត្សរ៍ឆ្នាំ១៩៨០ផ្នែកកសិកម្ម គឺនៅទីនោះហើយ ដែលលោកចាប់អារម្មណ៍នៅក្នុង
វិស័យសារព័ត៌មាន ហើយលោកក៏បានប្រឹងប្រែងស្វែងសិក្សាទៅលើវិស័យសារព័ត៌មាននេះ ។
លោករាជ សម្បត្តិបានចូលបម្រើការជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មានបារាំងAFP នៅឆ្នាំ១៩៩១។ ក្រោយពីទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យខូឡំបៀ សហរដ្ឋអាមេរិក លោករាជ សម្បត្តិ បានក្លាយជាគ្រូបង្រៀនផ្នែកវិជ្ជាជីវៈព័ត៌មាន នៅឆ្នាំ២០០១ រហូតដល់លោកទទួលមរណភាព។
លោកទៀង សុភៈវិជ្ជា ប្រធានស្តីទីនៃសិក្ខាល័យប្រព័ន្ឋផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាលាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ដោយទឹកភ្នែករលីងរលោងនៅពេលខ្លះថា លោករាជ សម្បតិ្ត គឺជាអតីតគ្រូបង្រៀនដ៏ល្អម្នាក់កម្ររកបាន។
«យើងពិបាករកគ្រូណាមកជំនួសគាត់ ពីព្រោះគាត់គឺជាមនុស្សម្នាក់ដែលពោពេញទៅដោយបទ ពិសោធន៍ ចំណេះដឹង យកចិត្តទុកដាក់នៅក្នុងការបង្រៀន ស្រឡាញ់សិស្ស ចង់ឲ្យសិស្សចេះពិតប្រាកដ។ហើយគាត់មិនត្រឹមតែបង្រៀនទេគាត់តែងតែផ្សារភ្ជាប់រវាងការបង្រៀន និងការអនុវត្ត។ ជូនកាលគាត់បង្រៀនពាក់កណ្តាល គាត់យកសិស្សទៅក្រៅពាក់កណ្តាល ដើម្បីឲ្យឃើញផ្ទាល់។ នេះហើយ ជាការួមចំណែកដ៏ធំ ពីព្រោះសិស្សនេះហើយ ថ្ងៃក្រោយជាធនធានមនុស្សក្នុងវិស័យសាព័ត៌មាន ផ្នែកសាព័ត៌មាន ដើម្បីជួយឲ្យប្រទេសយើងមានការរីកចម្រើន។ ចំពោះខ្ញុំការបង្រៀននេះ គឹជាការរួមចំណែកយ៉ាងធំ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរសង្គមយើង និងការជឿនលឿនក្នុងសង្គមយើង»។
រយៈពេល១០ឆ្នាំ លោករាជ សម្បត្តិ បានចូលរួមបណ្តុះបណ្តាលនិស្សិតផ្នែកព័ត៌មានប្រមាណជាង២០០នាក់។ អតីតនិស្សិតរបស់លោកមួយចំនួន បានបំពេញការងារជាអ្នកយកព័ត៌មាន មួយចំនួនទៀតបំពេញការងារផ្នែកទំនាក់ទំនង ផ្នែកព័ត៌មាននៅបណ្តាអង្គការក្រៅរដ្ឋាភិបាល។ អតីតនិស្សិតរបស់លោកចំនួនបួនរូបកំពុងធ្វើជាសាស្រ្តាចារ្យជំនួយផ្នែកព័ត៌មានបច្ចុប្បន្ននេះ។
លោកទូច យិនមុនី ជាគ្រូជំនួយម្នាក់កំពុងឈរនៅលើផ្លូវដើរចូលអគារសិក្សាមួយកន្លែងដែលលោករាជ សម្បត្តិ ធ្លាប់ដើរឆ្លងកាត់នៅទីនេះ។ លោក យិនមុនីបានប្រាប់វីអូអេខ្មែរថា៖
«ដោយសារគាត់អប់រំយើងឲ្យខំ ពីព្រោះយើងជាអ្នកស្រែចម្ការដូចគាត់ដែរ គាត់ជាអ្នកមានដើមកំណើតមកពីស្រែដូចគ្នា ហើយគាត់តស៊ូ ហើយគាត់ប្រាប់ថា មុនីត្រូវខំរៀនដើម្បីអនាគត។ គាត់ថា ក្នុងនាមជានិស្សិតក្រីក្រម្នាក់ យើងត្រូវព្យាយាមខំប្រឹង អ្វីដែលអាចធ្វើបានខំប្រឹងធ្វើ។ តួយ៉ាងដូចគាត់តែងប្រាប់ថា គាត់ធ្លាប់រត់កង់ឌុប។ នេះជាការតស៊ូរបស់គាត់»។
ដូចលោកយិន មុនី ដែរ កញ្ញាធី ហៀង គឺជាមន្រ្តីទំនាក់ទំនងនៃអង្គការសម្ព័ន្ឋភាពដើម្បីតម្លាភាពចំណូលធនធាន និងជាអតីតនិស្សិតរបស់លោករាជ សម្បត្តិ នៅឆ្នាំសិក្សា២០០៣ និង២០០៤។ កញ្ញាធី ហៀង ពោលដោយក្តុកក្តួល រំឭកអំពីដំបូន្មានល្អៗរបស់លោករាជ សម្បត្តិថា៖
«តាមពិតទៅ យើងទើបឃើញមុខគ្នាមុននេះបន្តិច។ ហើយដល់ពេលពួកខ្ញុំ ឮរឿងហ្នឹងទៅ មានអារម្មណ៍ថាទើបជួបគ្នាថ្មីៗ។ ការបាត់បង់គាត់ គឺជាការបាត់បង់ធំសម្រាប់ពួកខ្ញុំជាសិស្ស ។ អ្វីដែលសំខាន់នោះគឺភាពស្មោះត្រង់របស់គាត់ ភាពល្អរបស់គាត់ ភាពស្លូបបូតរបស់គាត់ និងចរិតល្អគាត់ បានផ្តល់មកឲ្យពួកយើង គឺពួកយើងមានអារម្មណ៍ថា កោតសរសើរមែនទែន។ ការបាត់បង់ជីវិតរបស់គាត់គឺបន្សល់ទុកនូវអ្វីដែលល្អសម្រាប់កូនសិស្សយើងទាំងអស់គ្នា ហើយអ្នកដែលស្គាល់ ជាពិសេសបើសិនអ្នកណាដែលស្គាល់ គាត់ជិតស្និទ្ធគឺមានអារម្មណ៍ថា គឺជាការបាត់បង់ដ៏ធំបំផុត»។
លោករាជ សម្បត្តិ ក្លាយជាមន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបន្ទាប់ពីលោកក្លាយជាសាស្រ្តាចារ្យព័ត៌មាន។ ក្រោយមកទៀត លោកបានឡើងតំណែងជាប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីនេះ។តួនាទីនេះគឺជាសម្ពាធមួយយ៉ាងធំដល់សុខភាពរបស់លោក ដែលលោកមានជម្ងឺលើសឈាមអស់ រយៈពេលជាច្រើនឆ្នាំមកហើយ។ ករណី០០៣ និង០០៤ ដ៏ស្មុគស្មាញ ដែលកំពុងតែមានភាពប្រទាញប្រទង់រវាងអង្គការសហប្រជាជាតិ និងភាគីកម្ពុជានៅក្នុងសាលាក្តី គឺជាបន្ទុកមួយផ្នែកទៀតដល់ការងាររបស់លោក។
លោករាជ សម្បត្តិ បានឡើងសម្ពាធឈាមយ៉ាងខ្លំាង និងឆាប់រហ័សបំផុតនៅក្នុងបន្ទប់ការងាររបស់ លោក កាលពីថ្ងៃអង្គារ គឺប៉ុន្មាននាទីប៉ុណ្ណោះមុន និងលោកត្រូវចាកចេញពីកន្លែងធ្វើការសំដៅមកផ្ទះ។លោកបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេខ្មែរនៅក្នុងគ្រាចុងក្រោយបំផុតកាលពីថ្ងៃច័ន្ទ។ សំឡេងរបស់លោកនៅតែស្វាហាប់នៅឡើយ។
លោកកែរ មន្ឋិត ដែលអតីតយកព័ត៌មានដ៏ល្បីល្បាញ និងដែលជាអ្នកប្រឡូកក្នុងការងារជាមួយលោករាជ សម្បត្តិ យ៉ាងជិតស្និទ្ឋ នៅក្នុងគ្រាដ៏លំបាកនៅដើមទសវត្សរ៍១៩៩០ បានស្រក់ទឹកភ្នែក ហើយបន្លឺពាក្យពេចន៍ដ៏សោកស្តាយថា៖
«ទាំងខ្ញុំ ទាំងអ្នកដទៃទៀត ដែលធ្លាប់ស្គាល់គាត់ គឺមានអនុស្សាវរីយ៍ជាច្រើនជាមួយគាត់។ គាត់ជាអ្នកកាសែតដ៏ចំណានម្នាក់ ហើយដ៏កម្រម្នាក់នៅស្រុកយើង ជាមនុស្សប៉ិនប្រសប់ក្នុងការប្រមូលព័ត៌មាន ដើម្បីយកមកផ្សព្វផ្សាយ។ គាត់ចេះចែករំលែកអ្វីដែលគាត់ដឹង គាត់ចេះឲ្យអ្នកជំនាន់ថ្មី ដែលចង់ប្រឡូកនៅក្នុងវិស័យនេះ ហើយក៏ជាមនុស្សគំរូម្នាក់សម្រាប់ជំនាន់ក្រោយនៅក្នុងវិស័យសារព័ត៌មាន។ អនុស្សាវរីយ៍ផ្សេងទៀតគឺគាត់ទន្ទឹមនឹងអាជីពដ៏ចំណាន់របស់គាត់ គឺគាត់ចូលចិត្តធ្វើឲ្យគេសប្បាយក្អាកក្អាយ»។
នៅថ្ងៃព្រហស្បតិ៍នេះ សាលាក្តីខ្មែរក្រហម សមាគមជនរងគ្រោះដោយរបបខ្មែរក្រហម លោកនាយក រដ្ឋមន្រ្តីហ៊ុន សែន បានចេញសេចក្តីរំលែកទុក្ខចំពោះមរណភាពរបស់លោករាជ សម្បត្តិ។
សពរបស់លោករាជ សម្បត្តិនឹងត្រូវបានបូជានៅថ្ងៃអាទិត្យទី១៥ ខែឧសភា នេះ នៅក្នុងទីក្រុងភ្នំពេញ។ ភរិយារបស់លោក គឺលោកស្រីឈូយ ចាន់ធី នឹងត្រូវមើលការខុសត្រូវកូនចំនួនបីនាក់ និងគ្រប់គ្រងគ្រួសារបន្តទៀត៕