ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការលក់ និងចរាចរផលិតផលគ្រឿងសម្អាងក្លែងក្លាយ កាលពីខែឧសភា ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាបានតម្រូវឲ្យក្រុមហ៊ុននានា ដែលនាំចូលផលិតផលគ្រឿងសម្អាងពីបរទេសឲ្យចុះបញ្ជីកា ក៏ប៉ុន្ដែសេចក្ដីបង្គាប់នេះ មិនបានជួយលុបបំបាត់ទំនិញខុសច្បាប់នេះដែលកំពុងតែចរាចរយ៉ាងច្រើននៅទូទាំងប្រទេសនៅឡើយទេ។ កាលពីខែកញ្ញាកន្លងទៅ អាជ្ញាធរប៉ូលិសបានចាប់បានធាតុផ្សំគ្រឿងសម្អាងក្លែងក្លាយដ៏ធំ សរុបចំនួនប្រាំពីរតោន នៅជាយក្រុងភ្នំពេញ។
នាងធិតា វីនបានជួបសម្ភាសដោយផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាលស្តីអំពីគ្រោះថ្នាក់ពីការប្រើប្រាស់គ្រឿងសម្អាងក្លែងក្លាយនេះ។ បទសម្ភាសន៍នេះធ្វើនៅទីក្រុងភ្នំពេញ មានសេចក្តីដូចតទៅ៖
សំណួរៈ តើក្រសួងសុខាភិបាលសង្គេតឃើញយ៉ាងដូចម្តេចដែរចំពោះចរាចរគ្រឿងសម្អាងក្លែងក្លាយនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជានេះ?
ចម្លើយៈ គ្រឿងសម្អាងក្លែងក្លាយនេះវាពិបាកណាស់។ ខ្ញុំឃើញក្រុមហ៊ុនមួយចំនួនអត់យកចិត្តទុកដាក់ អត់ទាន់មកចុះឈ្មោះទេ។ នៅឆ្នាំក្រោយ ខ្ញុំនឹងមានភ្នាក់ងារត្រួតពិនិត្យឱសថរបស់ខ្ញុំដែលធ្វើការចម្រុះសម្រាប់ឱសថផង គ្រឿងសម្អាងផង បរិក្ខាពេទ្យផងនោះ នឹងចុះទៅដើម្បីជំរុញឲ្យក្រុមហ៊ុនអាហរ័ណនីហរ័ណគ្រឿងសម្អាងឲ្យមកចុះប្រវេតសិន។ រួចកាលណា យើងត្រួតពិនិត្យនៅក្រសួងសុខាភិបាល ទើបបានយើងដឹងថា គ្រឿងសម្អាងណាវាមានសារធាតុណាដែលអាចប្រើបាន។
សំណួរៈ តើគ្រឿងសម្អាងក្លែងក្លាយអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដែរដល់អ្នកប្រើប្រាស់?
ចម្លើយៈ របស់ដែលក្លែងក្លាយ នៅពេលដែលប្រើប្រាស់ទៅ បានន័យថា ទី១ អត់មានប្រភពច្បាស់លាស់ ហើយគ្មានអ្នកទទួលខុសត្រូវទេ។ ដូចថា ប៉ះពាល់សំខាន់ណាស់ ដូចជាការ អលែកហ្ស៊ីស្បែក បកស្បែកមានគ្រោះថា្នក់។ ជួនកាលស្បែកឡើងរឹង។ កម្រិតចំនួនសារធាតុគីមីនោះ កាលណាយើងប្រើលើសតែបន្តិច វាធ្វើឲ្យស្បែកយើងឡើងរឹងៗ។ ជួនកាលវាធ្វើឲ្យរបកស្បែក។ ហើយមួយចំនួនទៀត វាធ្វើឲ្យ អលែកហ្ស៊ី(រលាក)មុខ។ វាអាចហើម។ វាអាចមានអ្វីច្រើនណាស់។ គ្រោះថា្នក់ធ្ងន់អាចឈានដល់ស្លាប់ បើសិនការព្យាបាលមិនបានទាន់ពេលវេលា។ ខ្ញុំសូមជម្រាបថា ឡេដែលយើងដាក់ខ្លង ចេះតែកែច្នៃលាបខ្លួនឯង ដាក់ខ្លង ហើយអត់មានរូបមន្តច្បាស់លាស់ អត់មានការពិសោធន៍អី ចេះតែសាកល្បងខ្លួនឯង នឹងប្រឈមមុខគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់។ បើសិន ប្រជាជនយើងនៅតែបន្តការប្រើទៀត គង់តែថ្ងៃណាមួយ ជួបគ្រោះថ្នាក់ទេ។
សំណួរៈ តើក្រសួងមានវិធានការអ្វីដែរ ឬទេក្នុងការរឹតបន្តឹងចរាចរគ្រឿងសម្អាងក្លែងក្លាយនៅលើទីផ្សារសព្វថ្ងៃនេះ?
សម្លើយៈ វិធានការរបស់ក្រសួងសុខាភិបាលរបស់យើង ជម្រើសទីមួយគឺការណែនាំសិន ពីព្រោះទាល់តែដាច់ឆ្នាំនេះ ទើបយើងចាប់ផ្តើមអនុវត្តរឹតបន្តឹងមែនទែន ពីព្រោះ ឥឡូវនេះយើងត្រូវបំផុសឲ្យក្រុមហ៊ុនអាហរ័ណនីហរ័ណ ទីមួយឲ្យគេចុះប្រវេតផលិតផលគ្រឿងសម្អាងគេនៅក្រសួងសុខាភិបាលសិន។ ដល់ពេលឆ្នាំក្រោយបានយើងស្រាវជ្រាវ។ បើសិនជាអត់ប្រវេត យើងនឹងធ្វើការរឹបអូសដើម្បីជាការព្រមាន។ យើងបានអំពាវនាវតាំងពីថ្ងៃទី១ខែឧសភាឆ្នាំ២០១០រហូតមកដល់ពេលនេះ ទើបតែមានក្រុមហ៊ុនខ្លះៗទេ ដែលគេមានការយល់ដឹង។ គេស្ម័គ្រចិត្តមកចុះប្រវេតនៅក្រសួងសុខាភិបាលយើង។
សំណួរៈ នៅក្នុងរយៈពេលនេះ តើក្រសួងបានឃើញគ្រឿងសម្អាងក្លែងក្លាយប៉ុន្មានប្រភេទ? ហើយជាប្រភេទអ្វីខ្លះដែរ?
ចម្លើយៈ ទាក់ទងនឹងគ្រឿងសម្អាងនេះ វាមានរបស់ក្លែងក្លាយច្រើននៅលើទីផ្សារ។ យើងចាប់បាន ឡេ ម្សៅលាបមុខ ផាត់មុខ និងភាគច្រើនដែលម៉ត់ៗ ឬក៏ទឹក ជាឡេ ជាជែល អាហ្នឹងភាគច្រើន។ មានសាប៊ូ។ ខ្ញុំអាចរកឃើញមានខ្លះអាចនាំចូលក៏មានអាចនៅក្នុងស្រុកយើងក៏មាន។ តែនៅស្រុកយើងនាំចូលមក យើងកែច្នៃថែមថយខ្លួនយើង។
សំណួរៈ សូមជម្រាបសួរលោកដែរ ថាតើមូលហេតុអ្វីបានជាមានគ្រឿងសម្អាងក្លែងក្លាយចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជាយើង?
ចម្លើយៈ នេះគឺជាបញ្ហាមួយដែលពិបាកនិយាយដែរ ពីព្រោះ បើផលិតផលល្អ គេលក់ដាច់ហើយដូចថា ខ្មែរយើងគេថា ស៊ីម៉ាក។ ចង់ឲ្យលក់ដាច់ ទាល់តែចរាចរយកផលិតផលក្លែងក្លាយយកដាក់ឈ្មោះរបស់គេគ្រប់មុខ មិនថា គ្រឿងសម្អាងទេ។ សូម្បីតែឱសថក៏មានដែរ។ ទីមួយ វាមកពីគំនិតចង់ចំណេញ មិនគិតពីផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជនយើងទេ។ អានេះឈ្មួញ។ គេគិតតែចំណេញមួយមុខ។ គេមិនបានគិតដល់ផលវិបាកទេ ហើយអានេះគឺជាការពិបាកមួយ។ ដូច្នេះ បានថា ទាល់តែកម្រិតវប្បធម៌របស់ប្រជាជនយើងមានកម្រិតខ្ពស់ដែរ បានយើងអាចកាត់ បន្ថយអានេះបាន។ បើអញ្ចឹងមិនមែនផលិតផលក្លែងក្លាយចេះនៅតែមាន។ មនុស្សនៅតែព្រមទិញ ហើយតម្លៃវាថោក ជីវភាពយើងក៏ក្រីក្រ រកតែរបស់ថោក។ យើងអត់មានគិតពីគុណភាពទេ។
សំណួរៈ សូមជម្រាបសួរលោកថា តើអ្វីដែលក្រសួងជួបបញ្ហាលំបាកនៅក្នុងការទប់ស្កាត់ការផលិតគ្រឿងសម្អាងក្លែងក្លាយ ដែលចរាចរនៅលើទីផ្សារ?
ចម្លើយៈ បញ្ហាទប់ស្កាត់នេះពិបាក ពីព្រោះវាទាក់ទងនឹងការងារច្រើន។ យើងខ្វះខាតសមត្ថកិច្ចក្នុងការស្រាវជ្រាវ។ អានេះទាល់តែខាងប៉ូលិស។ ពួកយើងខ្ញុំមានគ្នាតិច ខ្វះមន្រ្តីរាជការជំនាញ។ យើងខាងនេះ វាអត់សូវមានអំណាច។ ហើយទីពីរ យើងចរាចរការនាំចូលមក វាមានភាពធូររលុង។
សំណួរៈ បើសិនជាមានករណីក្រុមហ៊ុនមួយនាំគ្រឿងសម្អាងចូល ដែលមានប្រភពច្បាស់លាស់ ហើយគ្រឿងសម្អាងនោះមានសារធាតុត្រឹមត្រូវគ្រប់គ្រាន់តាមរូបមន្ត តែមិនបានចុះបញ្ជីនៅក្រសួង ហើយមានអ្នកផលិតគឿងសម្អាងរបស់ក្រុមហ៊ុននោះចេញលក់នៅលើទីផ្សារ តើក្រុមហ៊ុនដែលនាំចូលនោះមានសិទ្ធិប្តឹងអ្នកលួចផលិតដែរឬទេ។
ចម្លើយៈ ទាល់តែមានសិទ្ធិប្តឹង។ ទីមួយ យើងចុះប្រវេតនៅក្រសួងសុខាភិបាល។ ទីពីរ គាត់ចុះច្បាប់កម្មសិទ្ធិបញ្ញានៅក្រសួងពាណិជ្ជកម្ម។ មួយទៀត បើម៉ាកនេះជាឈ្មោះរបស់គាត់ហើយ មិនអាចឲ្យក្រុមហ៊ុនណាមកលួចទេ។ កាលណាមានក្រុមហ៊ុនមកមួយទៀត បានន័យថា ក្រុមហ៊ុនទី២បានក្លែងបន្លំ។ ហើយបើគាត់អត់មានចុះនៅក្រសួងសុខាភិបាលផង ចុះនៅក្រសួងពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញាក៏អត់មានចុះ ដូច្នេះគាត់អត់មានសិទ្ធិប្តឹងគេទេ។ បើសិនជាគាត់ចង់មានសិទ្ធិប្តឹង អានេះ វាអាស្រ័យលើនីតិវីធីតុលាការ តែចំពោះខ្ញុំ ខ្ញុំវែកញែកតាមច្បាប់ គឺខ្ញុំថា វាខុសច្បាប់ទាំងពីរ ពីព្រោះវាអត់ចុះប្រវេត ថ្វីត្បិតវាមានប្រភពច្បាស់លាស់ត្រឹមត្រូវក៏ដោយ។
សំណួរៈ បើសិនជាមានក្រុមហ៊ុនមួយនាំគ្រឿងសម្អាងចូលដែលមានប្រភពច្បាស់លាស់ ហើយគ្រឿងសម្អាងទាំងនោះមានសារធាតុត្រឹមត្រូវគ្រប់គ្រាន់តាមរូបមន្ត តើគ្រឿងសម្អាងនោះចាត់ទុកថា ជាគ្រឿងសម្អាងត្រឹមត្រូវដែរឬទេ?
ចម្លើយ៖ តាមច្បាប់គឺខុសទាំងអស់ ពីព្រោះតែអត់ចុះប្រវេត យើងចាត់ទុកថា ផលិតផលហ្នឹងគឺអត់ត្រឹមត្រូវ។ ទាក់ទងនឹងបញ្ហានេះ ខ្ញុំក៏សូមអំពាវនាវដល់ក្រុមហ៊ុន ដែលនាំចូលនាំចេញគ្រឿងសម្អាងមកប្រទេសកម្ពុជានេះ សូមមេត្តាយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍ប្រជាជន។ ហើយសូមនាំផលិតផលរបស់ខ្លួននេះមកចុះប្រវេតនៅក្រសួងសុខាភិបាលដើម្បីក្រសួងសុខាភិបាលយើងត្រួតពិនិត្យគុណភាពមុនឲ្យការអនុញ្ញាតនាំចូល ហើយក៏ដើម្បីនាំចូលផលិតផលដែលមានគុណភាពផ្តល់ដល់ប្រជាជនយើងដើម្បីជៀសផុតពីគ្រោះថ្នាក់។ សូមអំពាវនាវណែនាំដល់បងប្អូន ប្រជាជនយើងដែរ កុំចេះតែប្រើផ្តេសផ្តាស ប្រើផលិតផលដែលមិនមានប្រភពច្បាស់លាស់ ហើយមុនប្រើ សូមឲ្យគិតរកលេខប្រវេតពីផលិតផលគ្រឿងសម្អាង។កាលណាអត់ លេខប្រវេត បងប្អូនមិនគួរប្រថុយប្រថានទេ ពីព្រោះបងប្អូនចាយលុយហើយចង់ឲ្យបានសុខភាពល្អ ហើយស្អាត តែទៅជាមិនស្អាត ទៅជាលើសដើមវិញ ខូចមុខមាត់។ ហើយកុំចង់បានតែថោក មិនល្អទេ។
នាងខ្ញុំ សូមអរគុណ លោកដែលបានផ្តល់កិច្ចសម្ភាសន៍នៅក្នុងបញ្ហាគ្រឿងសម្អាងក្លែងក្លាយនេះ៕