នៅថ្ងៃទី ២៦ ខែកក្កដាខាងមុខនេះ សាលាក្ដីខ្មែរក្រហមនឹងប្រកាសសាលក្រមសម្រាប់សំណុំរឿង កាំង ហ្គិច អ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង។ លោក គង់ សុឋានរិទ្ធ បានជួបសម្ភាសដោយផ្ទាល់ជាមួយលោក គ្នុត រ៉ូសិនហក អនុប្រធានរដ្ឋបាលសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីធ្វើការពិនិត្យមើលឡើងវិញ អំពីដំណើរការឆ្ពោះទៅរកការកាត់ទោសអតីតពួកមេដឹកនាំខ្មែរក្រហម ក្នុងពេលខាងមុខទៀត ក្រោយពីសហចៅក្រមស៊ើបអង្កេតជាតិនិងចៅក្រមស៊ើបអង្កេតអន្ដរជាតិមិន យល់ស្របគ្នាក្នុងការចាប់ផ្ដើមស៊ើបអង្កេតសំំណុំរឿង លេខ ០០៣ និង០០៤។
នេះជាបទសម្ភាសន៍ រវាងលោក គង់ សុឋានរិទ្ធ និងលោក គ្នុត រ៉ូសិនហក ពីទីក្រុងភ្នំពេញ ដែលមានខ្លឹមសារដូចតទៅ៖
សំនួរ៖ លោក គ្នុត រ៉ូសិនហក តើលោកអាចរំពឹងថា ការកាត់ទោសសំណុំរឿងលេខ ០០២ ដ៏មានសារៈសំខាន់នឹងធ្វើឡើងនៅពេលណាពិតប្រាកដ ?
ចម្លើយ៖ នៅក្នុងគម្រោងការងាររបស់យើង យើងឃើញថា ការកាត់ទោសក្នុងសំណុំរឿងលេខ ០០២ នឹងធ្វើឡើងជាសាធារណៈ នៅក្នុងខែមិនា ឆ្នាំ ២០១១ ឬក៏នៅដើមត្រីមាសទី ២ នៅឆ្នាំ ២០១១។
យើងគិតថា ការបញ្ជូនសំណុំរឿងលេខ ០០២ ទៅជំនុំជម្រះនឹងកើតមាននៅក្នុងខែកញ្ញា។ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រការកាត់ក្ដីដែលខ្ញុំគិតថា ការកាត់ក្ដីនេះនឹងបន្ដរហូតដល់ត្រីមាសទីបី ឆ្នាំ ២០១២។
សំនួរ៖ ចុះចំណែកឯករណី ០០៣ និង ០០៤ ដែលកំពុងតែមានភាពចម្រូងចម្រាសរវាងសហចៅក្រមស៊ើបអង្កេតកម្ពុជា និងសហចៅក្រមស៊ើបអង្កេតបរទេសវិញ ?
ចម្លើយ៖ យើងឃើញថា សំណុំរឿងលេខ ០០៣ និង ០០៤ កំពុងត្រូវរៀបចំ បន្ទាប់ពីសំណុំរឿងទី ២ នឹងត្រូវនាំយកទៅកាត់ទោស។ សំណុំរឿងលេខ ០០៣ និង ០០៤ កំពុងស្ថិតក្នុងដៃសហចៅក្រមស៊ើបអង្កេត។ ហើយពួកគាត់នឹងដោះស្រាយបញ្ហាចម្រូងចម្រាសនេះ នៅក្នុងក្របខ័ណ្ឌការិយាល័យសហចៅក្រមស៊ើបអង្កេត។ ចៅក្រមដែលមិនយល់ស្របក្នុងការចាប់ផ្ដើមស៊ើបអង្កេតក្នុងសំណុំរឿង នេះនឹងប្ដឹងឧទ្ធរណ៍ទៅកាន់អង្គបុរេជំនុំជម្រះ។ ក៏ប៉ុន្ដែច្បាប់កាត់ទោសខ្មែរក្រហមបានចែងថា បណ្ដឹងឧទ្ធរណ៍របៀបនេះនឹងមិនបង្អាក់ដំណើរការស៊ើបអង្កេតនោះទេ។ ដូច្នេះ ការស៊ើបអង្កេតនឹងធ្វើជាបន្ដដោយចៅក្រមម្នាក់ ក្នុងចំណោមចៅក្រមស៊ើបអង្កេតទាំងពីរ។
សំនួរ៖ តើផ្នែករដ្ឋបាលមានការព្រួយបារម្ភដូចម្ដេចដែរ នៅពេលដែលមានសម្ពាធដោយកង្វះថវិកាផង និងសម្ពាធនៃការមិនចុះសម្រុងគ្នារវាងសហចៅក្រមស៊ើបអង្កេតទាំងពីរផង ?
ចម្លើយ៖ លោកជ្រាបហើយថា ផ្នែករដ្ឋបាលមិនមានក្ដីបារម្ភណាទាក់ទងទៅនឹងដំណើរការនិតិវិធី ទេ។ អ្វីដែលលោកហៅថា ការទាស់ទែងគ្នាឬភាពមិនត្រូវរ៉ូវគ្នារវាងសហចៅក្រមស៊ើបអង្កេត នោះ គឺជាសកម្មភាពផ្លូវច្បាប់។ ក្រុមចៅក្រមមានលទ្ធភាពរបស់ពួកគាត់ក្នុងការធ្វើការសម្រេចចិត្ត ហើយ ពួកគាត់ក៏អាចអនុវត្តនូវសិទ្ធិរបស់ពួកគាត់ទៅតាមសេរីភាពនៃឆន្ទៈ របស់ពួកគាត់ដែរ។ ដូចនេះ យើងនឹងគាំទ្រពួកគាត់។
សំនួរ៖ លោកចង់មានន័យថាម៉េច ?
ចម្លើយ៖ មានន័យថា ក្រុមចៅក្រមកំពុងធ្វើយ៉ាងត្រឹមត្រូវតាមផ្លូវច្បាប់ហើយ។
សំនួរ៖ ចុះលោករំពឹងថា សំណុំរឿងលេខ ០០៣ និង ០០៤ នឹងត្រូវបិទបញ្ចប់ការស៊ើបអង្កេត នៅពេលណា ?
ចម្លើយ៖ បាទ ការសម្រេចបញ្ហានេះ មិនមែនចំណុះឲ្យការិយាល័យរដ្ឋបាលនោះទេ ក៏ប៉ុន្ដែការិយាល័យរដ្ឋបាលគាំទ្រចៅក្រមក្នុងសកម្មភាពរបស់ពួកគេ ហើយយើងជឿថា ការស៊ើបអង្កេត នឹងអូសបន្លាយរហូតទៅដល់ឆ្នាំក្រោយ ហើយប្រសិនអាចកើតមានទៅរួចនោះ ការកាត់ទោសសំណុំរឿង លេខ ០០៣ និង ០០៤ នឹងធ្វើឡើងបន្ទាប់ពីការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ នៅក្នុងសំណុំរឿងលេខ ០០២ ចប់សព្វគ្រប់។
សំនួរ៖ នេះ គឺជាការខ្វែងគំនិតធំមួយ សម្រាប់សំណុំរឿង លេខ ០០៣ និង ០០៤ រវាងសហចៅក្រម ស៊ើបអង្កេត តើផ្នែកអង្គការសហប្រជាជាតិនៅក្នុងសាលាក្ដីខ្មែរក្រហមមានជំហរយ៉ាង ណាដែរ ចំពោះការស៊ើបអង្កេតក្នុងសំណុំរឿងទាំង២នេះ ?
ចម្លើយ៖ ខាងភាគីអង្គការសហប្រជាជាតិ មានជំហរដូចខាងរដ្ឋាភិបាលកម្ពុជាដែរ ដែលជំហរនេះ ត្រូវបានបង្ហាញក្នុងសេចក្ដីថ្លែងការណ៍រួមជាចុងក្រោយ។ អ្នកគាំទ្រសាលាក្ដីខ្មែរក្រហម សង្ឃឹមថា សាលាក្ដីនេះ មានដំណើរការក្នុងទស្សនវិស័យដែលមានពីរភាគី ដើម្បីការពារគោលការណ៍នៃដំណើរការដោយទ្វេភាគី។
សំនួរ៖ រដ្ឋាភិបាលកម្ពុជានិយាយថា មិនចាំបាច់ធ្វើការស៊ើបអង្កេតថែមទៀតអ្វីទេ។ តើលោកមានអត្ថាធិប្បាយដូចម្ដេចដែរ ?
ចម្លើយ៖ បញ្ហានេះ វាស្ថិតនៅលើឆន្ទានុសិទ្ធិរបស់ចៅក្រម ក្នុងការធ្វើការសម្រេចចិត្ត។
សំនួរ៖ ហេតុអ្វីបានជាគ្មានការបង្កើតការចោទប្រកាន់ទៅលើសំណុំរឿងលេខ ០០៥ មួយបន្ថែម ទៀត ?
ចម្លើយ៖ ហេតុផល គឺថា មកពីឆន្ទានុសិទ្ធិនិងអាណត្តិរបស់សហព្រះរាជអជ្ញាក្នុងការបញ្ជូន សំណុំរឿងឲ្យស៊ើបសួរ ហើយតាមតែខ្ញុំដឹង សហព្រះរាជអជ្ញាបានអះអាងថានឹងមិនមានការស្នើឲ្យមានការស៊ើប អង្កេតករណីបន្ថែមទៀតនោះទេ។ ហើយដំណើរការរបស់សាលាក្ដីខ្មែរក្រហមទាំងមូលនឹងត្រូវបញ្ចប់នៅ ឆ្នាំ ២០១៥៕