សកម្មជនការពារព្រៃឡង់ និងមន្ដ្រីសិទ្ធិមនុស្សបានសម្តែងកង្វល់ថា ពួកគេអាចនឹងប្រឈមមុខនឹងការចាត់ការតាមផ្លូវតុលាការក្រោយពីការព្យាយាមធ្វើការការពារព្រៃឡង់កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្ដែក្រុមអាជ្ញាធរបានឆ្លើយបដិសេធភ្លាមៗថា ពុំមានការតាមធ្វើទុក្ខបុកម្នេញនោះទេ។ ប៉ុន្តែមន្ដ្រីសិទ្ធិមនុស្ស និងក្រុមប្រជាពលរដ្ឋបានអះអាងថា យ៉ាងហោចណាស់មានអ្នកតវ៉ាប្រឆាំងការកាប់ព្រៃឡង់មា្នក់កំពុងលាក់ខ្លួននៅកន្លែងសុវត្ថិភាពដោយការភ័យខ្លាចការតាមចាប់ខ្លួន។
ក្រុមប្រជាពលរដ្ឋប្រមាណជា៣០០នាក់បានធ្វើដំណើរដោយថ្មើរជើងចេញពីខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពុងធំកាលពីដើមខែវិច្ឆិកា នេះដោយណាត់ជួបគ្នានៅកណ្ដាលព្រៃឡង់ក្នុងបំណងបើកយុទ្ធនាការមួយការពារព្រៃដ៏កម្រនេះ ដែលពួកគេអះអាងថា កំពុងទទួលរងការកាប់បំផ្លាញយ៉ាងខុសច្បាប់។
ក្រុមប្រជាពលរដ្ឋបានរកឃើញថា មានការកាប់ឈើគរចោល ហើយបានដុតកម្ទេចឈើទាំងនោះចោលចំនួនប្រាំកន្លែងសរុបប្រមាណជា៦០ម៉ែត្រគូប ហើយក្រុមប្រជាពលរដ្ឋគ្រោងនឹងធ្វើវេទិកាសាធារណៈមួយស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏ប៉ុន្ដែត្រូវអាជ្ញាធរហាមឃាត់ដោយសំអាងថា វេទិកានោះគឺជារបៀបធ្វើបាតុកម្ម។ ក្រុមអ្នកតវ៉ាបានបែកខ្ញែកគ្នាត្រឡប់ទៅកាន់ខេត្តរៀងៗ ខ្លួនរបស់ពួកគេវិញកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។
លោក ហឿន សុភាព និងលោក ស៊ឹម សៀន ដែលជាអ្នកតវ៉ាយ៉ាងខ្លាំងក្លាចំនួនពីររូបប្រឆាំងនឹងការកាប់ឈើខុសច្បាប់នៅព្រៃឡង់បានអះអាងដូចគ្នាថា ក្រុមអាជ្ញាធរបានព្យាយាមស្វែងរកអត្តសញ្ញាណ និងសាកសួរពីប្រវត្តិពួកគាត់ដោយសង្ស័យថា ពួកគាត់គឺជាអ្នកដឹកនាំចលនាតវ៉ាក្នុងព្រៃឡង់។
លោក ស៊ឹម សៀន ដែលស្វែងរកទីសុវត្ថិភាពបានបង្ហាញថា គាត់កំពុងរស់នៅដោយមានការព្រួយបារម្ភ។
«ខ្ញុំគ្រាន់តែមានការព្រួយបារម្ភមួយថា គេប្រហែលជាគេចោទប្រកាន់មកលើរូបខ្ញុំ។ ក៏ប៉ុន្ដែខ្ញុំគ្រាន់តែជួយតាមឃ្លាំមើលប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
លោកឈឹម សាវុធ អ្នកសម្របសម្រួលកម្មវិធីវេទិការសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានតាមឃ្លាំមើលការការតវ៉ារបស់ក្រុមអ្នកភូមិ មានប្រសាសន៍ថា មនុស្សបួននាក់អាចនឹងប្រឈមនឹងការចាត់ការតាមផ្លូវច្បាប់។ ក្នុងនោះអាចមានរូបលោកផងដែរ។
«តាមខ្ញុំដឹងប្រហែលជាបួននាក់ដែលត្រូវរងចោទប្រកាន់ ឬការធ្វើរបាយការណ៍ដាក់ទៅគ្រប់ស្ថាប័ន ឬក្រសួងមហាផ្ទៃ ប៉ុន្ដែយើងមិនទាន់ដឹងជាផ្លូវការ»។
យ៉ាងណាក៏ដោយលោកស៊ឹម វណ្ណា អភិបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ មានប្រសាសន៍ថា ពុំមានការចាត់ការលើក្រុមប្រជាពលរដ្ឋអ្នកតវ៉ានោះទេ។
«មានអ្នកណាតាមចាប់ពួកគាត់។ គាត់ដើរពេញក្នុងព្រៃមានអ្នកណាតាមរករឿង»។
ដោយឡែក លោក អួង ម៉ាលី អធិការប៉ូលីសស្រុកសណ្ដាន់ ក៏បានច្រានចោលការតាមស៊ើបអង្កេតរបស់ក្រុមសមត្ថកិច្ចលើសកម្មជនព្រៃឈើនោះដែរ។
មានការប្រឈមដាក់គ្នារវាងក្រុមប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងពេលដែលប្រជាពលរដ្ឋកំពុងដើរជាក្បួនក្នុងព្រៃនោះ។ ក្រុមអាជ្ញាធរចាប់ខ្លួនសកម្មជនព្រៃឈើម្នាក់មិនបានសម្រេច។ ប៉ុន្ដែលោក អួង ម៉ាលី ច្រានចោលការលើកឡើងនោះ។
ព្រៃឡង់គឺជាព្រៃយ៉ាងធំដែលភ្ជាប់ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ ក្រុមអ្នកតវ៉ាបានអះអាងថា ពួកគេរស់ពឹងអាស្រ័យលើអនុផលនៃព្រៃដ៏ក្រាស់នេះ ហើយមានការកាប់បំផ្លាញយ៉ាងរីករាលដាលនៅក្នុងដែនព្រៃនេះ។ ក៏ប៉ុន្ដែពួកគេបានស្វែងរកអន្ដរាគមពីរដ្ឋាភិបាលតែមិនបានផល៕