ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតវ៉ា​របស់​អ្នកភូមិ​បឹងកក់​មិនទាន់​ទទួល​បាន​លទ្ធផល


អ្នកភូមិបឹងកក់ម្នាក់នេះ យំស្រែកតវ៉ាក្នុងរឿង​​ទំនាស់​ដីធ្លី​​​​ជាមួយនឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន។​
អ្នកភូមិបឹងកក់ម្នាក់នេះ យំស្រែកតវ៉ាក្នុងរឿង​​ទំនាស់​ដីធ្លី​​​​ជាមួយនឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន។​

ភ្នំពេញ៖ អ្នកភូមិ​បឹង​កក់​ភាគច្រើន​ជា​កុមារ​ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើការ​តវ៉ា​ឈានដល់​ថ្ងៃទី​៥​ហើយ​ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រារព្ធ​ខួប​៧មករា។ រយៈ​ពេល​៥ថ្ងៃ​នេះ​ ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ពុំ​ទាន់បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ។

កុមារ​តូចៗ​ជាច្រើន​រស់នៅ​ក្នុង​តំបន់​បឹងកក់​នៅ​ថ្ងៃសុក្រ​នេះ​ បាន​ចូលរួម​ធ្វើការ​តវ៉ា​ជាមួយ​នឹង​ឪពុក-ម្តាយ​របស់​ខ្លួន​នៅលើ​សួន​ប្រជាធិបតេយ្យ​ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​គោលនយោបាយ​របស់​ពួកគេ​ បន្ទាប់ពី​មាន​ទំនាស់​ដីធ្លី​ដ៏លេចធ្លោ​មួយ​ជាមួយនឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ របស់​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។

ការតវ៉ា​របស់​អ្នកស្រុក​នេះ​ បាន​ឈាន​ដល់​ថ្ងៃ​ទី៥ហើយ​ ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​លើក​ទី៣២ ​នៃ​ថ្ងៃ​ជ័យជម្នះ​៧មករា។ ក៏ប៉ុន្តែ​នៅ​ពុំទាន់​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាលនៅ​ឡើយទេ។

ក្រុម​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​បឹងកក់​ដែល​នៅ​សេសសល់​ពី​ការបណ្តេញចេញ​ប្រមាណ​ជាង​៣.០០០​គ្រួសារ​ បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន ​ផ្តល់​សំណង​ក្នុង​មួយម៉ែត្រ​ការ៉េ​ចំនួន១.៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក ​ឬ​ក៏​ត្រូវ​ប្រគល់​ដី​ចំនួន​ ១៥ហិកតា​ សម្រាប់​ឲ្យ​ពួកគេ​អភិវឌ្ឍ​នៅហ្នឹង​កន្លែង។

អ្នកស្រី គង់ ចាន់ថា អាយុ៤៣ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់បឹងកក់​មកពី​ភូមិ២៤ បាន​និយាយ​ថា រយៈពេល​៥ថ្ងៃ​កន្លង​ទៅនេះ ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពុំទាន់​ដោះស្រាយ​ការទាមទារ​របស់​អ្នកស្រុកទេ។

អ្នកស្រី​បាន​និយាយ​ថា​ការតវ៉ា​ចំ​ថ្ងៃទី៧​ខែមករា​នេះ ​គឺ​យើង​ធ្វើឡើង​ដើម្បី​ឲ្យ​មេដឹកនាំ​ខ្មែរ​ជួយ​ប្រជាជន​នៅ​ក្នុង​តំបន់​បឹងកក់។

លោកស្រី បាន​បញ្ជាក់ថា៖

«ប្រជាជន​គាត់​នៅ​តំបន់​បឹងកក់​ពិបាក​ខ្លាំងណាស់​ រងទុក្ខ​វេទនា​ខ្លាំងណាស់ ​សម័យ​មុន​គាត់​ជួយពី​ ដៃ​គាត់ ​តែ​សម័យ​នេះ​គាត់​មិន​ចង់​ឲ្យ​ប្រជាជន​គាត់​ស្លាប់​ម្តង​ទៀតទេ។ ​អញ្ចឹង​បាន​ពួកខ្ញុំ​រំលឹក​ឡើង​ដើម្បី​បណ្តាល​ចិត្ត​ឲ្យ​គាត់​ឃើញ​ថា ​ប្រជាជន​គាត់​បាន​នៅគិត​នឹកឃើញ​បុណ្យជាតិ​នេះ​ដែរ»។

ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​ បាន​ធ្វើឡើង​ជា​លក្ខណៈ​ប្រមូលផ្តុំ​នៅ​មួយ​កន្លែង​ ដោយ​មាន​ការចងបដា​ព័ទ្ធ​ជុំវិញ ​និង​បូ​ពណ៌​ខ្មៅ​ខ្ទាស់​ជាប់​អាវ​ពណ៌​ស ​ដើម្បី​រំលឹក​ដល់​ថ្ងៃ៧មករា។

លោក​ ជ័យ ឡាយ​អាយុ៧២ឆ្នាំ​ មកពី​ភូមិ២០ ​បាន​និយាយ​ថា ​ថវិកា​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ចំនួន​៨.៥០០ ​ដុល្លារ​សហ​រដ្ឋអាមេរិក​នេះ​មិនអាច​ធ្វើឲ្យ​ពួកគេ​រស់នៅ​បាន​សមរម្យ​ទេ។

«ខ្ញុំ​មក​ដើម្បី​តស៊ូ​មតិ ​ដើម្បី​សុំ​តម្លៃ​ពី​ក្រុមហ៊ុន​ ដើម្បី​ឲ្យ​បាន​ឡើងថ្លៃ​បន្តិច។ ការរស់នៅ​ពេលចេញ​ទៅ​ដែល​ក្រុមហ៊ុន​ឲ្យ​ផ្ទះ​មួយ​ ៨.០០០​ ហើយ​២.០០០.០០០​រៀល​ គឺថា​ ពួកខ្ញុំ​មិនអាច​ចុះចេញ​ទៅបាន​ ទេ​ ពីព្រោះ​រកទិញ​ដី​នៅជិត​ទីក្រុង​មិន​បាន»។

លោក​កើត ឆែ ​នាយក​រង​ខុទ្ទកាល័យ​នៃ​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​ពុំអាច​ស្នើសុំ​ការអត្ថាធិប្បាយបាន​ទេ ​ក៏​ប៉ុន្តែ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ លោក​បាន​បដិសេធ​ពុំធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ជាមួយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក។

«លោកឯង​ធ្វើការ​នៅ​វីអូអេ​ដើម្បី​បៀវត្សរ៍​របស់​លោក​ឯង។ ខ្ញុំ​ធ្វើការ​បម្រើ​រដ្ឋាភិបាល​មាន​ម៉ោង​កំណត់​របស់​រដ្ឋាភិបាល។ ខ្ញុំ​អត់ឆ្លើយ»។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹងកក់​ចំនួន​ប្រាំពីរ​ភូមិ ​សរុប​ជាង​៤.០០០គ្រួសារ។

ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បាន​ផ្តល់​សំណង​ចំនួន​៨.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ទឹកប្រាក់​ចំនួន​២.០០០.០០០ រៀល​ បាន​ចំនួន​ជាង​១.០០០គ្រួសារ​ហើយ ​ក៏ប៉ុន្តែ​នៅ​សេសសល់​ចំនួន​ជាង​៣.០០០គ្រួសារ​ទៀត។

ក្រុមហ៊ុន​ស៊ូកាគូអ៊ីន ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​សាលាក្រុង​ភ្នំពេញ​ដើម្បី​ជួល​ដី​បឹងកក់​ចំនួន​៩៩ឆ្នាំ​ទំហំ​ជាង​១៣០​ហិកតា​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ទំនើបៗ ​សណ្ឋាគារ ​និង​ផ្ទះល្វែង។

ការអភិវឌ្ឍ​នេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​បូមខ្សាច់ ​ដើម្បី​ចាក់បំពេញ​ផ្ទៃ​បឹងកក់​ដែល​ធ្វើឲ្យ​ផ្ទះ​របស់​អ្នកស្រុក​ជាច្រើន​រាប់សិប​ខ្នង​បាន​លិច​កប់​នៅក្នុង​ភក់ល្បាប់៕

XS
SM
MD
LG