សហព្រះរាជអាជ្ញានៃសាលាក្តីខែ្មរក្រហមនៅទីក្រុងភ្នំពេញមានការខ្វែងគំនិតគ្នានៅសប្តាហ៍នេះបន្ទាប់ពីសហចៅក្រមស៊ើបអងេ្កតនិយាយថា ពួកគេបានបពា្ចប់កិច្ចការរបស់ពួកគេរួចរាល់ហើយលើសំណុំរឿង០០៣ប្រឆាំងនឹងអតីតមេបញ្ជាការកងទព័ជាន់ខ្ពស់ចំនួន២នាក់។ Robert Carmichael រាយការណ៍រឿងនេះពីទីក្រុងភ្នំពេញ កនែ្លងដែលអ្នករិះគន់ចោទប្រកាន់រដ្ឋាភិបាលលើបទជ្រៀតជ្រែកនៅក្នុងការចោទប្រកាន់លើមន្រ្តីជាន់ខ្ពស់។
តុលាការខែ្មរក្រហមនៅទីក្រុងភ្នំពេញបានខ្វែងគំនិតគ្នាជាយូរមកហើយ ក្នុងការសម្រេចថាតើអតីតកម្មាភិបាលប៉ុន្មាននាក់នឹងត្រូវចោទប្រកាន់។
សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលី (Andrew Cayley) បាននិយាយកាលពីឆ្នាំមុនថា លោករំពឹងចង់ឃើញមនុស្សមិនលើសពីដប់នាក់ទេឈរនៅក្នុងតុលាការដើម្បីទទួលខុសត្រូវលើតួនាទីដែលគេចោទក្នុងការស្លាប់របស់មនុស្សអស់ប្រមាណ២លាននាក់នៅក្នុងអំឡុងរបបខែ្មរក្រហមនៅចន្លោះឆ្នាំ១៩៧៥ រហូត ដល់១៩៧៩។
ប៉ុនែ្តសហសេវិកកម្ពុជារបស់លោក គឺលោកស្រី ជា លាង បានប្រឆាំងការចោទប្រកាន់បនែ្ថមលើសពី៥នាក់។ ម្នាក់ក្នុងចំណោមអ្នកទាំងអស់នោះគឺ សមមិត្ត ឌុច អតីតប្រធានគុកទួលស្លែងដែលសាលាក្តីរកឃើញថា មានទោសកាលពីឆ្នាំមុនពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ។ ការសមេ្រចទោសរបស់គាត់នៅក្នុងបណ្តឹងឧទ្ធរណ៍នៅឡើយ។
ចំណែកបួននាក់ទៀតដែលឋិតនៅក្នុងសំណុំរឿង០០២ ជាមេដឹកនាំចលនាខ្មែរក្រហមកំពូលៗដែលនៅរស់រានមានជីវិតនៅឡើយ។ ដំណើរការរឿងក្តីរបស់ពួកគាត់រំពឹងថា នឹងចាប់ផើ្តមនៅឆ្នាំនេះ។
ប៉ុនែ្តនៅពេលដែលសំណុំរឿងកំពុងតែដំណើរការទៅមុខ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រឆាំងជាយូរមកហើយលើការចោទប្រកាន់សំណុំរឿងទី៣ និងទី៤ ដែលជាប់ទាក់ទងនឹងជនសង្ស័យ៥នាក់ទៀត។
ព្រះរាជអាជ្ញាមាននាទីក្នុងការវាយតម្លៃការស៊ើបអង្កេតរបស់តុលាការ និងកំណត់ថាតើមានភស្តុតាងគ្រប់គ្រាន់ក្នុងការដំណើរការរឿងក្តីដែរឬទេ។
សប្តាហ៍នេះសហព្រះរាជអាជ្ញាអន្តរជាតិ ខេលី បាននិយាយថា គឺច្បាស់ណាស់ថា មានកិច្ចការជាច្រើនចាំបាច់ត្រូវអនុវត្តលើសំណុំរឿង០០៣។
«ប្រសិនបើអ្នកសួរខ្ញុំថាតើ ត្រូវការការស៊ើបអង្កេតប៉ុន្មានទៀត ខ្ញុំនឹងប្រើពាក្យសមញ្ញថា នៅមានសេចក្តីត្រូវការធ្វើការស៊ើបអង្កេតចាំបាច់ជាច្រើនដែលត្រូវបំពេញក្នុងករណីនេះ»។
ប្រទេសកម្ពុជានៅជាប្រទេសផ្តាច់ការនៅឡើយ ហើយការប្រឆាំងរបស់រដ្ឋាភិបាលនឹងសំណុំរឿង00៣និង 00៤បានប៉ះពាល់ជាខ្លាំងដល់បុគ្គលិកកម្ពុជានៃតុលាការនេះ ដែលពួកគេភាគច្រើនបដិសេធមិនព្រមធ្វើការទាក់ទងនឹងសំណុំរឿងនេះទេ។
នៅសប្តាហ៍នេះ ចៅក្រមស៊ើបអង្កេតក្នុងសំណុំរឿង០០៣បានបិទការស៊ើបអង្កេតរបស់ពួកគេ ហើយប្រគល់សំណុំរឿងនេះជូនទៅព្រះរាជអាជ្ញារួចហើយ។
លោក ខេលី បានពន្យល់ ពីការងារមួយចំនួនដែលចាំបាច់ត្រូវធ្វើយ៉ាងដូច្នេះថា៖
«ខ្ញុំមិនចាត់ទុកថា ការស៊ើបអង្កេតនេះត្រូវបានបញ្ចប់ទេ ហើយខ្ញុំបានស្នើឲ្យមានវិធានការណ៍មួយចំនួនដែលមានរួមទាំងការសម្ភាសន៍ជនសង្ស័យដែលបានរៀបរាប់ឈ្មោះនៅក្នុងការបញ្ចូនរឿងទៅស៊ើបសួរដំបូង និងវិធានការណ៍មួយចំនួនទៀតរួមទាំងការស៊ើបអងេ្កតនៅទីតាំងនានាដែលបទឧក្រិដ្ឋបានកើតផ្ទាល់ និងដែលដើមឡើងបានផ្តល់ឈ្មោះដោយព្រះរាជអាជ្ញានៅក្នុងការបញ្ចូនរឿងទៅស៊ើបសួរ ដែលមិនត្រូវបានធ្វើការស៊ើបអង្កេតទាល់តែសោះ»។
អធិប្បាយរបស់លោក ខេលី ហាក់ដូចជាបញ្ចាក់ពីការសាយភាយពាក្យចចាមអារាមថា ចៅក្រមស៊ើបអង្កេតពិតជាបានបំពេញការងារបន្តិចបន្តួចក្នុងសំណុំរឿងទី៣នេះ។
ប៉ុន្តែ បន្ទាប់សហសេវិកកម្ពុជារបស់ លោក ខេលី លោកស្រី ជា លាង បានចេញសេចក្តីថែ្លងការបញ្ចាក់ថា សំណុំរឿងទី៣គួរតែត្រូវបិទ។
លោកស្រី ជា លាង បាននិយាយថា គាត់បានត្រួតពិនិត្យសំណុំរឿងនេះហើយបានសម្រេចថា ជនសង្ស័យដែលមិនបញេ្ចញឈ្មោះទាំងនោះមិនមែនជាមេដឹកនាំជាន់ខ្ពស់ ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងបទឧក្រិដ្ឋនានាដែលប្រព្រឹត្តដោយខ្មែរក្រហមដែរ ហេតុនេះអ្នកទាំងនោះ ស្ថិតនៅក្រៅយុត្តាធិការរបស់តុលាការ ថាជាជនដែលត្រូវបានចោទប្រកាន់នោះ។
យោងតាមព្រះរាជអាជ្ញា រាជរដ្ឋាភិបាលនិង ចៅក្រមស៊ើបអង្កេត កម្ពុជា ទាំងអស់គ្នាកំពុងជម្រុញឲ្យបិទសំណុំរឿងទី៣នេះ ចំណែកឯអ្នកតាមដានជាច្រើនវិញសង្ស័យថា ការចោទប្រកាន់នឹងមិនបន្តដំណើរការទៅមុខទេ។
ជម្រើសចុងក្រោយរបស់ លោក ខេលី ដែលជាព្រះរាជអាជ្ញាអន្តរជាតិសម្រាប់សំណុំរឿងទី៣នេះគឺធ្វើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបិទនេះទៅចៅក្រម ៥ រូប។ ចៅក្រមបីនាក់គឺជាភាគីកម្ពុជា ហើយអ្នកតាមដានដំណើរការកាត់ក្តីជឿជាក់ថាចៅក្រមនឹងទំនងជាបដិសេធចោលសំណុំរឿងនេះ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស