ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខៀវ​ សំផន បាន​ប្រាប់​សវនាការ​បឋម​​​ថា​ គាត់​នឹង​ប្រាប់​ការណ៍ពិត​


លោក ខៀវ សំផន (ឆ្វេង) អតីត​ប្រមុខរដ្ឋ​​ខ្មែរក្រហម​ និង នួន ជា​ (ស្តាំ) បង​ធំ​ទីពីរ។
លោក ខៀវ សំផន (ឆ្វេង) អតីត​ប្រមុខរដ្ឋ​​ខ្មែរក្រហម​ និង នួន ជា​ (ស្តាំ) បង​ធំ​ទីពីរ។

អតីត​ប្រមុខ​រដ្ឋ ខៀវ​ សំផន បាន​ប្រាប់​សវនាការ​បឋម​នៅ​តុលាការ​ដែល​គាំទ្រ​ដោយអង្គការ​សហ​ប្រជាជាតិ​ថា​ គាត់​នឹង​ប្រាប់​ការ​ពិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុងពេល​ខ្មែរ​ក្រហម​គ្រប់​គ្រង​ប្រទេស។

តុលាការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប៉ាន់​ប្រមាណ​ថា ប្រជាពលរដ្ឋ​ជាង​ ២,២០០,០០០​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​ខ្មែរ​ក្រហម​គ្រប់​គ្រង​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​១៩៧៩។

ខៀវ សំផន​ បាន​និយាយ​ក្នុង​តុលាការ​ថា៖

«ខ្ញុំ​មិន​ដឹង​គ្រប់​រឿង​ទាំងអស់​ទេ​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​អាច ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធានា​ប្រាប់​ការ​ពិត»។

ខៀវ សំផន​ បាន​ទទួល​ស្គាល់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​ការ​ដឹង​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ គាត់​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា​ វា​ជា​ពេល​វេលា​ដ៏​មាន​សារៈ​សំខាន់​មួយ​សម្រាប់​ខ្ញុំ​ និង​ប្រជាជាតិ​ខ្មែរ​របស់​ខ្ញុំ​ដែល​ស្រែក​ឃ្លាន​ការ​យល់​ដឹង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥​ដល់​១៩៧៩»។

សវនាការ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​ប្រហែល​មិន​ហួស​ពី​ខែ​កញ្ញា​នេះទេ។ សំណុំ​រឿង​នេះ​គឺ​ជា​សំណុំ​រឿង​ទី២​របស់​សាលា​ក្តី​នេះ​ ហើយ​ទំនង​ជា​សំណុំ​រឿង​ចុង​ក្រោយ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

ឈរ​នៅ​ក្នុង​សវនាការ​ជា​មួយ​ ខៀវ​ សំផននោះ​ផង​ដែរ​ រូមមាន​ នួន​ ជា​ ដែល​ត្រូវ​បាន​ស្គាល់​ថា បង​ធំ​ទី​ពីរ​ និង​មេ​ខាង​មនោគមន៍​វិជ្ជា​ក្នុង​ចលនា​តស៊ូ​បដិវត្តន៍​ អៀង​ សារី​ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ និង​ប្រពន្ធ​របស់​គាត់​ អៀង​ ធីរិទ្ធ​ រដ្ឋម​ន្រ្តី​សង្គម​កិច្ច។

ជន​ជាប់​ចោទ​ទាំង​អស់​នេះ​បដិសេធ​រាល់​បទ​ចោទ​ប្រកាន់​នានា​ដូច​ជា អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ មេធាវី​ការពារ​ក្តី​ នួន​ ជា​ លោក​ វិកទ័រ ខូប្ប (Victor ​Koppe) បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​ថា កូន​ក្តី​របស់​គាត់​ត្រូវ​ការ​ការ​កាត់​ក្តី​ឆាប់​រហ័ស​ ព្រោះ​គាត់​មាន​វ័យ​កាន់​តែ​ចាស់​ហើយ។ លោក​ខូប្ប​និយាយថា៖

«ក៏​ប៉ុន្តែ​ ការ​សំខាន់​ជាងការ​កាត់​ក្តី​ដែល​មាន​លក្ខណៈ​ឆាប់​រហ័ស​នោះ គឺ​គាត់​ចង់​បាន​ការ​កាត់​ក្តី​ដែល​ធានា​ការ​ពិត។ មិន​មែន​ជា​រឿង​ដែល​អាច​អាន​បាន​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​អាមេរិក​ ឬ​វៀតណាម​នោះ​ទេ​ ក៏​ប៉ុន្តែ​ជា​ប្រវត្តិសាស្រ្ត​ពិតៗ​ ដែល​រួម​ទាំង​ទស្សនៈ​របស់​គាត់​ក្នុង​ព្រឹត្តការណ៍​ផ្សេងៗ​ដែល​បាន​កើត​ឡើង​មុន​ និង​ក្នុង​អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ ហើយ​ការ​ពិត​ដែល​រួម​ទាំង​តួនាទី​របស់​វៀតណាម​ និង​ការ​ទម្លាក់​គ្រាប់​បែក​ និង​បញ្ហា​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​ព្រឹត្តការណ៍​នោះ»។

ជន​ជាប់​ចោទ​ទាំង​បួន​នាក់​សុទ្ធ​តែ​មាន​វ័យ​ចាស់​រវាង​ ៧៩​ទៅ​ ៨៥​ឆ្នាំ​ និង​គ្មាន​នរណា​ម្នាក់​មាន​សុខភាព​រឹងមាំ​ទេ។ ខៀវ​ សំផន​ គឺ​ជា​ជន​ជាប់​ចោទ​តែ​ម្នាក់​គត់​ដែល​មាន​មុខ​នៅ​ក្នុង​សវនាការ​រហូត​ចប់​ក្នុង​សបា្តហ៍​នេះ។

តុលាការ​មាន​យុត្តាធិការ​ក្នុង​ការ​ជម្រះ​ក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​តែ​នៅ​ក្នុង​រវាង​ខែ​មេសា​ ឆ្នាំ​១៩៧៥​ ពេល​ដែល​ខ្មែរ​ក្រហម​កាន់​កាប់​ទី​ក្រុង​ភ្នំពេញ​ ដល់​ខែ​មករា​ ឆ្នាំ​១៩៧៩​ ពេល​ដែល​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ។

ក្នុង​អំឡុង​សវនាការ​បឋម​ តុលាការ​បាន​ឮ​ពី​ការ​ដាក់​សំណើ​ពី​មេធាវី​ការពារ​ក្តី ​សហ​ព្រះ​រាជា​អាជ្ញា​ និង​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទាក់ទង​ទៅ​នឹង​សំណុំ​រឿង​ដូច​ជា​ យុត្តាធិការ​តុលាការ​ បញ្ជី​រាយ​នាម​សាក្សី​ និង​ការ​អនុវត្ត​ច្បាប់​ជាតិ​ និង​អន្តរជាតិ។

ការ​កាត់​ទោស​នេះ​ទំនង​ជា​នឹង​បន្ត​ជា​ច្រើន​ឆ្នាំ​ ហើយ​ត្រូវ​បាន​បារម្ភ​ថា​ ជន​ជាប់​ចោទ​អាច​ស្លាប់​មុន​ការ​កាត់​ទោស​ចប់។

ប៉ុន្តែ​ច្បាប់​ថ្មី​នេះ​ មាន​ន័យ​ថា​ តុលាការ​អាច​កាត់​ទោស​ថា​ មាន​ទោស​ និង​អាច​ឲ្យ​រួច​ទោស​នៅ​ពេល​ការ​កាត់​ទោស​កំពុង​ដំណើរ​ការ​នានា។ នេះ​មាន​ន័យ​ថា​ ទោះ​ជា​ជន​ជាប់​ចោទ​ស្លាប់​ក្នុង​ពេល​សវនាការ​ ពួក​គេ​នឹង​អាច​ទំនង​ជា​ត្រូវ​បាន​ប្រកាស​ថា ជាប់​ទោស​ ឬ​រួច​ទោស​ពី​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នានា។

XS
SM
MD
LG