ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាហា​រូបត្ថម្ភ​ចម្រាញ់​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ បន្លែ​ ផ្លែឈើ ​ ស្លឹក​ ដើម​ ឬស​ផ្កា​រុក្ខជាតិ​កំពុង​កើន​ប្រជា​ប្រីយភាព


A photo made available by the University of Leicester of the remains of England's King Richard III found underneath a car park last September at the Grey Friars excavation in Leicester, Britain.
A photo made available by the University of Leicester of the remains of England's King Richard III found underneath a car park last September at the Grey Friars excavation in Leicester, Britain.

នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយម​ប្រើ​ប្រាស់​អាហារ​រូបត្ថម្ភ​ ឬ​អាហារ​បំប៉ន​សុខភាព​ដែល​គេ​ជឿ​ជាក់​ថា​អាច​ជួយ​ព្យាបាល​រោគ​ផង ​និង​ជួយ​រក្សា​សម្ភស្ស​បាន​ផង។​ ដោយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រក​ស៊ី​កាក់កប​ក្នុង​ការ​លក់​ផលិតផល​នេះ​ ក៏​ប៉ុន្តែ​អតិថិជន​មួយ​ចំនួន​បាន​ត្អូញត្អែរ​ថា​ អាហារ​នេះ​មាន​តម្លៃ​ខ្ពស់​ពេក។

នាង​ ធីតា វីន​សូម​ជូន​សេចក្តី​ពិស្តារ​អំពី​រឿង​នេះ។

ប្រជាពលរដ្ឋខ្មែរ​មួយ​ចំនួន​មាន​ការ​ចាប់​អារម្មណ៍​ប្រើ​ប្រាស់​ អាហារ​រូបត្ថម្ភ​ដើម្បី​ជំនួយ​សុខភាព ​បើ​ទោះ​បី​ជា​ផលិតផល​នោះ​មាន​តម្លៃ​ខ្ពស់​បន្តិច​ក៏​ដោយ។

ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​នាំ​ចូល​ផលិតផល​ប្រភេទ​ជា​អាហារ​រូបត្ថម្ភ​ដែល​ចម្រាញ់ ​ចេញ​ពី​គ្រាប់​ធញ្ញជាតិ​ បន្លែ​ ផ្លែឈើ​ ស្លឹក​ ដើម​ ឬស​ផ្កា​របស់​រុក្ខជាតិ​មួយ​ចំនួន ​ដែល​គេ​ជឿ​ថា​ មាន​ផល​ល្អ​សម្រាប់​សុខភាព។​ ផលិតផល​ទាំង​នោះ​មាន​ប្រភេទ​ជា​គ្រាប់​ ម្សៅ​ និង​ទឹក​ជា​ដើម។

នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ មាន​ផ្លាក​សំគាល់​តូច​មួយ​របស់​ក្រុមហ៊ុន​ ខេលីន​ ដែល​យើង​មើល​ពី​ខាង​ក្រៅ​មិន​អាច​ដឹង​ថា​ជាក្រុមហ៊ុន​លក់​អាហារ​បំប៉ន​នោះ​ទេ។​ អ្នក​ដែល​មក​ទិញ​អាហារ​នៅ​ទី​នេះ​សុទ្ធ​តែ​បាន​ដឹង​តៗ​គ្នា។

នៅ​ក្នុង​បន្ទប់​បិទ​ជិត​មួយ​ដែល​មិន​មាន​ការ​តាំង​ផលិតផល​អ្វី​សោះ​ឡើយ​ លោក​ លុត លើយ​ ថ្នាក់​ដឹក​នាំ​នៃ​ក្រុមហ៊ុន​ ខេលីន ដែល​នាំ​ចូល​អាហារូបត្ថម្ភ​ពី​ប្រទេស​ ជប៉ុន​ ឥណ្ឌា​ និង​ សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​បាន​នាំ​ចូល​ផលិតផល​នេះ​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ ​ក៏​ប៉ុន្តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន។​ ហើយ​តម្លៃ​អាហារ​នេះ​ មាន​ចន្លោះ​ពី​ ១៨ ​ទៅ ​៣៧​ ដុល្លារ​អាមេរិកាំង​ដែល​អាច​ប្រើ​បាន​រយៈ​ពេល​ប្រហែល​ជា​១​ខែ។

លោក​បាន​ឲ្យ​ដឹង​បន្ត​ថា ​អាហារូបបត្ថម្ភ​នេះ​មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​នោះ​ទេ​ វា​គ្រាន់​តែ​ជា​អាហារ​សម្រាប់​ជួយ​ទ្រទ្រង់​រាង​កាយ​ដូច​ជា​ សំអាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន​ បង្គ្រប់​សារធាតុ​ចិញ្ជឹម​ក្នុង​កោសិកា​នៅ​ក្នុង​រាង​កាយ​មនុស្ស ​ដើម្បី​កោសិកា​មាន​លទ្ធភាព​បង្កើន​កោសិកា​ថ្មី​ការពារ​ និង​មាន​តុល្យាភាព​ក្នុង​រាង​កាយ។

"ដំណើរការនៃ​ការ​ទទួល​យក​សេវាកម្ម​របស់​យើង​ពី​អតិថិជន​គឺ​មាន​ការ​កើន​ឡើង។​ នៅ​ពេល​ដែល​យើង​មាន​អាហារ​គ្រប់​គ្រាន់​ កោសិកា​យើង​ក៏​រឹងប៉ឹង​ដែរ​ នៅ​ពេល​ដែល​កោសិកា​យើង​រឹងប៉ឹង​គឺ​យើង​អត់​ឈឺ​ទេ ​ ប៉ុន្តែ​នៅ​ពេល​ដែល​ដំណាក់កាល​គាត់​ឈឺ​ ហើយ​មាន​មេរោគ​វាយ​លុក​ធ្ងន់ធ្ងរ​ ហើយ​មិន​អាច​មក​ត្រូវការ​ការ​ជួសជុល​កោសិកា​ដែល​យើង​ត្រូវការ​រយៈ​ពេល​នេះ​ទេ​ គឺ​គាត់​ត្រូវការ​បន្ទាន់ ​គឺ​គាត់​ត្រូវ​ទៅ​ធ្វើ​សហការ​ជាមួយពេទ្យ" ។

ចំណែក​ឯ​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រូស្ស៊ី​វិញ​គេ​សង្គេត​ឃើញ​មាន​ការ​ដាក់​តាំង​រូប​ដប​ផលិតផល​អាហារ​បំប៉ន​យ៉ាង​ធំ​នៅ​ពី​មុខ​ក្រុមហ៊ុន​អ៊ិនត្រាហើប​ ដែល​ជា​ក្រុមហ៊ុន​នាំ​ផលិតផល​ជាប្រភេទ​អាហារ​ជំនួយ​សុខភាព​ពី​ប្រទេស​កាណាដា។

នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​ដែល​រៀប​ចំ​តុបតែង​របៀប​លក្ខណៈ​ជា​ក្រុមហ៊ុន​ ដែល​មាន​ការ​ដាក់​តាំង​ផលិតផល​ដប​ទឹក​ អ៊ិនត្រា​ នៅ​តាម​ជញ្ជាំង​ លោក​ បែន គឹមសាន្ត​ ជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​ អ៊ិនត្រាហើប​ បាន​ឲ្យ​ដឹង​ថា​ទឹក​អ៊ិនត្រា​ ជា​ប្រភេទ​អាហារ​បំរុង​រាង​កាយ​ អាច​ជួយ​បង្កើន​ប្រព័ន្ធ​ ភាព​ស៊ាំ​ការពារ​នៅ​ក្នុង​រាង​កាយ​និង​មាន​សារធាតុ​ កំចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​ និង​ជួយ​ សម្រួលកំរិត​ស្ករ​ និង​ខ្លាញ់​ក្នុង​សរសៃ​ឈាម​ជា​ដើម។​ លោក​បាន​ឲ្យ​ដឹង​បន្ត​ថា​នៅ​ពេល​នេះ​ទឹក​ អ៊ិនត្រា​ មិន​ទាន់​បាន​ដាក់​លក់​ជា​សាធារណៈ​នៅ​ឡើយ​ ក៏​ប៉ុន្តែ​មាន​អតិថិជន​ខ្លះ​បាន​ដឹង​ពី​សារៈប្រយោជន៍​ក៏​បាន​ទិញ​យក​ទៅ​ ប្រើ​ប្រាស់​រួច​ហើយ​ដែរ។

"គឺជា​ទឹក​ផ្លែ​ឈើ​ដើម្បី​ជំនួយ​សុខភាព បាន​ន័យ​ថា ​ជា​អាហារ​បន្ថែម​រូបមន្ត​ពិសេស​ក្នុង​ទម្រង់​នៃ​ភេសជ្ជៈ​ជា​ឱសថ​បុរាណ​ដែរ​មាន​សារធាតុ​នៃ​រុក្ខជាតិ​ផ្កា​ស្លឹក​ឈើ​និង​គ្រាប់​ មិន​មែន​ជា​ថ្នាំ​ព្យាបាល​រោគ​ទេ​ តែ​ជួយ​បង្កើន​ជំនួយ​សុខភាព​ វា​រឹង​មាំ​របស់​រាង​កាយ"។

ដោយសារតែ​ផលិតផល​ប្រភេទ​អាហារូបបត្ថម្ភ​ ឬ​អាហារ​បំប៉ន​សុខភាព​មាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​អំឡុង​ពេល​នេះ​បណ្តាល​ឲ្យ​ មាន​ក្រុមហ៊ុន​ដែល​នាំ​ចូល​អាហារូបបត្ថម្ភ​មួយ​ចំនួន​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សុខាភិបាល​ឡើយ។​ ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ឆ្លៀត​ឱកាស​ឃោសនា​បំផ្លើស​ការ​ពិត​ទាំង​ស្រុង​ថា​ អាហារ​នេះ​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ដូច​ជា​ ទឹកនោម​ផ្អែម​ ខ្លាញ់​ក្នុង​ឈាម​ ឈឺ​ក្បាល​ វិលមុខ​ ដេក​មិន​លក់​ ជ្រុះ​សក់​ សម្រក​ទំងន់​ ក្រពះ​ ពោះវៀន​ ឆ្អឹង​ពុក​ ឬ​ ស្ពូត​ និង​ធ្វើ​អាច​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត​ស្រស់​ថ្លា​ជា​ដើម។

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ទាំង​ក្រសួង​សុខាភិបាល​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​នាំ​ចូល​អាហារ​បំប៉ន​ ទាំង​នោះ​បាន​អះ​អាង​ថា​អាហារ​នេះ​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​បាន​នោះ​ទេ​ វា​គ្រាន់​តែ​សម្រាប់​ជំនួយ​សុខភាព​តែ​ប៉ុណ្ណោះ។

លោក ​ ប្រេម ណូរ៉ុន​ អនុប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណី​អាហារ​ បរិក្ខាពេទ្យ​ និង​គ្រឿង​ សំអាង​បាន​ឲ្យ​ដឹង​ថា​មាន​ក្រុមហ៊ុន​អាហារ​បំប៉ន​មួយ​ចំនួន​ បាន​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​ផ្សព្វផ្សាយ​ឆបោក​និង​បំផ្លើស​ការ​ពិត​ទៅ​ប្រាប់​ ប្រជាជន​ថា​អាហារ​នេះ​ ជួយ​ព្យាបាល​ជំងឺ​បាន​យ៉ាង​ស័ក្កិសិទ្ធ​ដើម្បី​ធ្វើ​យ៉ាង​ណា​លក់​ផលិតផល​របស់​ខ្លួន​ឲ្យ​បាន​ច្រើន។

លោក ​បាន​បញ្ជាក់​ថា​អាហារ​បំប៉ន​មិន​មាន​ប្រសិទ្ធភាព​អ្វី​ក្នុង​ការ​ព្យាបាល​នោះ​ទេ​ វា​គ្រាន់​តែ​ជា​ជំនួយ​កំលាំង​សម្រាប់​អ្នក​ដែល​ទើប​តែ​ងើប​ពី​ឈឺ​តែ​ប៉ុណ្ណោះ។

លោក ​អ៊ីម លាភ​ អាយុ​៦០​ឆ្នាំ​ជា​កសិករ​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​គាត់​ប្រើ​ទឹក​ អ៊ិនត្រា​ មក​គឺ​គាត់​សង្កេត​ឃើញ​ថា​សុខភាព​របស់​គាត់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ដូច​ជា​ការ​ហេវ​ហត់​អស់​កម្លាំង​ វិលមុខ​ ឈឺ​ខ្នង​ចង្កេះ​មាន​ការ​ធូរ​ស្រាល។

លោក ​បាន​ឲ្យ​ដឹង​បន្ត​ដែរ​ថា​ មុន​ដំបូង​គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​អាហារ​ជំនួយ​សុខភាព​នេះ​ដែរ​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​គាត់​បាន​ឃើញ​ឯកសារ​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ពី​របៀប​ផលិត​ទឹក​នេះ​ឡើង​ទើប​គាត់​ហ៊ាន​ប្រើ​ប្រាស់។

"ខ្ញុំ ​ប្រើ​ទឹក​នេះ​ទៅ​ ឃើញ​ថា​សុខភាព​ជា​រួម​វា​ស្រួល​ដែរ​ តាម​ពិសោធន៍​ខ្ញុំ​ឃើញ​ថា ​ផ្តាសាយ​អី​ពី​មុន​ខ្ញុំ​ធ្លាប់​តែ​គេ​ផ្តាសាយ​ ឆ្លង​លឿន​ណាស់​ ឥឡូវ​ដូច​អត់​អី​ក្រពះ​ពោះវៀន​ធ្លាប់​តែ​រាគ​រូស​ហើម​ពោះ​អី​ច្រើន​ក៏​អន់​ បាត់​ដែរ​ អា​ខ្លាញ់​ក្នុង​ឈាម​អី​ឃើញ​គេ​ប្រើ​ត្រូវ​មួយ​ចំនួន​ដែរ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ជំនឿ​ថា​ អាហារូបត្ថម្ភ​ឬ​អាហារ​បំប៉ន​នេះ​មាន​សារៈសំខាន់ចំពោះ ​គាត់​ពីព្រោះ​អាហារ​នេះ​ជួយ​ឲ្យ​សុខភាព​របស់​ពួក​គាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ ក៏​ប៉ុន្តែ​អាហារ​នេះ​មាន​តម្លៃ​ខ្ពស់​ ចាប់​ពី​ជាង​ ១០​ដុល្លារ​រហូត​ដល់​រាប់​រយ​ដុល្លារ​អាមេរិកាំង​ហើយ​ជា​មធ្យម​ អ្នក​ប្រើ​ប្រាស់​ម្នាក់​ប្រើ​អស់​ទឹក​ប្រាក់​ប្រមាណ​ជា​ ៧០​ដុល្លារ​អាមេរិកាំង​ក្នុង​១​ខែ​ដែល​ជា​ការ​ចំណាយ​មួយ​ខ្ពស់​សម្រាប់​ ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​ដែល​ជា ​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ចិត្ត​ឈប់​ប្រើ​អាហារ​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ប្រើ​ អាហារូបបត្ថម្ភ​ឬ​អាហារ​បំប៉ន​នេះ​ដែរ​ តែ​ពួក​គាត់​សំរេច​ចិត្ត​ឈប់​ប្រើ​ទៅ​វិញ​ដោយ​សារ​ប្រើ​ទៅ​មិន​មាន​ ប្រសិទ្ធភាព​អ្វី​ហើយ​មាន​អ្នក​ខ្លះ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ ប្រើ​ប្រាស់​អាហារ​នេះ​ដែរ​ពីព្រោះ​ពួក​គាត់​ខ្លាច​មាន​ការ​ប៉ះពាល់​ដល់​ សុខភាព​នៅ​ពេល​ខាង​មុខ។

ស្របពេល​ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​ស្រី​ កែវ ចាន់ឌី​ អាយុ​៣៨​ឆ្នាំ​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ ឲ្យ​ដឹង​ដែរ​ថា​គាត់​ធ្លាប់​មាន​ជំងឺ​ដូច​ជា​ ឈឺ​ក្បាល​ ស្ពឹក​មួយ​ចំហៀង​ គេង​មិន​លក់​ បត់​ជើង​តូច​ ច្រើន​នៅ​ពេល​យប់​ ហើយ​គាត់​ព្យាយាម​ព្យាបាល​ដោយ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​នឹង​ប្រើ​ ប្រាស់​ ថ្នាំ​ពេទ្យ​អស់​រយៈ​ពេល​យ៉ាង​យូរ​ក៏​មិន​បាន​ប្រសើរ​ឡើយ​ ទើប​គាត់​សំរេច​ចិត្ត​ប្រើ​ប្រាស់​អាហារូបត្តម្ភ​របស់​ក្រុមហ៊ុន​ ខេលីន​ តាម​ការ​ណែ​នាំ​ពី​មិត្ត​ភក្តិ។

អ្នក​ស្រី​បាន​ឲ្យ​ដឹង​បន្ត​ថា​គាត់​ឃើញ​ថា​សុខភាព​របស់​គាត់​មាន​ភាព​ល្អ​ ប្រសើរ​ឡើង​វិញ​ បន្ទាប់​ពី​គាត់​បាន​ប្រើ​ប្រាស់​អាហារូបត្តម្ភ​នេះ​អស់​រយៈ​ពេល​ ៣​ខែ​ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​គាត់​បាន​ ផ្អាក​ការ​ប្រើ​មួយ​រយៈ​សិន​ដោយ​សារ​គាត់​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង ​ការ​ចំណាយ​ ពីព្រោះ​ក្នុង​១​ខែ​គាត់​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​ជាង​ ៧០​ដុល្លារ​អាមេរិកាំង​សម្រាប់​ទិញ​អាហារ​នេះ។

"ខ្ញុំ ​ឈឺ​ក្បាល​ជា​ប្រចាំ​ ហើយ​ស្ពឹក​តែ​ម្តង​ ហើយ​ឥឡូវ​នេះ​គឺ​ខ្ញុំ​បាត់​ឈឺ​ក្បាល​ដែរ​ ខ្ញុំ​ស្ពឹក​នេះ​ ទី​មួយ​ទី​ពីរ​ការណ៍​ដែល​ខ្ញុំ​ចូល​បន្ទប់​ទឹក​មួយ​យប់ៗ​អត់​ឈប់​សោះ​នោះ​ ឥឡូវ​វា​បាត់​ទៀត​ ហើយ​ទី​បី​គឺ​ ក្រពះ​របស់​ខ្ញុំ​វា​លែង​មាន​បញ្ហា​អី​ហើយ​ ក្នុង​រាង​កាយ​ខ្ញុំ​វា​ស្រួល​ច្រើន​តែ​ម្តង"។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក្រៅ​ពី​ជ្រើស​រើស​យក​ថ្នាំ​ពេទ្យ​មក​ព្យាបាល​ជំងឺ​ឬ​ សម្រាប់​ជំនួយ​សុខភាព​នោះ​ គេ​សង្កេត​ឃើញ​ថា​មាន​ការ​ប្រើប្រាស់​ប្រភេទ​ជា​ឱសថ​បុរាណ​ខ្មែរ​ដែល​ ចម្រាញ់​ចេញ​ពី​ឬស​ ដើម​ ស្លឹក​ឈើ​មួយ​ចំនួន​ដែល​គេ​មាន​ជំនឿ​តៗ​គ្នា​មក​ថា​ អាច​ព្យាបាល​រោគ​បាន​យ៉ាង​ស័ក្តិសិទ្ធិ។

នៅ​ពេល​បច្ចុប្បន្ន​នេះ​ទោះ​បី​ជា​ផ្នែក​វេជ្ជសាស្រ្ត​មាន​ការ​រីក​ចំរើន​ ខ្លាំងក្លា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​មាន​ការ​ពេញ​ និយម​ប្រើ​ប្រាស់​ឱសថ​បុរាណ​ចម្រាញ់​ពី​រុក្ខជាតិ​ ដើម្បី​ព្យាបាល​ជំងឺ​ឬ​សម្រាប់​ជំនួយ​សុខភាព​ជា​ជាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ ពេទ្យ​ដោយ​អ្នក​ទាំង​នោះ​យល់​ឃើញ​ថា​ឱសថ​បុរាណ​ទាំង​នោះ​មិន​មាន​ជាតិ​គីមី​ ឬ​ផល​ប៉ះ​ពាល់​ ដូច​ជា​ថ្នាំ​ពេទ្យ​នោះ​ទេ៕

XS
SM
MD
LG