ភ្នំពេញ៖ ក្រសួងមហាផ្ទៃកែទម្រង់គោលនយោបាយពន្ធនាគារសំដៅជួយសម្រួលដល់អ្នកទោសទាំងអស់នៅទូទាំងប្រទេសឲ្យមានពេលវេលាច្រើនថែមទៀតដើម្បីជួបជាមួយសមាជិកគ្រួសាររបស់ខ្លួននៅថ្ងៃបុណ្យជាតិសំខាន់ៗ។ ក្រុមមន្ត្រីសិទ្ធិមនុស្សបានហៅកំណែទម្រង់នេះថា ជាការលើកស្ទួយសិទ្ធិ និងសេរីភាពរបស់អ្នកទោស និងបង្ហាញពីភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារដើម្បីបញ្ជៀសនូវការកើតមានជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗទៀត។
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងមហាផ្ទៃកំពុងរៀបចំធ្វើកំណែទម្រង់គោលនយោបាយ
ពន្ធនាគាររបស់ខ្លួនសម្រាប់អនុញ្ញាតឱ្យអ្នកទោសជាប់ពន្ធនាគារទាំងអស់នៅទូទាំងប្រទេសអាចជួបជាមួយសមាជិកគ្រួសារច្រើនម៉ោងថែមទៀតនៅក្នុងអំឡុងបុណ្យជាតិសំខាន់ៗ។
លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា កំណែទម្រង់នេះនឹងអនុញ្ញាតឱ្យអ្នកទោសត្រូវបានលើកលែងទោសមួយថ្ងៃ មុនពេលចាប់ផ្តើមពិធីបុណ្យជាតិសំខាន់ៗដើម្បីផ្តល់ឱ្យអ្នកទោសនូវពេលវេលាបរិបូណ៌សម្រាប់ជួបជាមួយសមាជិកគ្រួសាររបស់ពួកគេ។
ការផ្តួចផ្តើមគំនិតកំណែទម្រង់គោលនយោបាយនេះត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានពន្ធនាគារកាលពីសប្តាហ៍មុន។
លោកឧត្តមសេនីយ៍ឯកគុយ ប៊ុនសន ប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖
«ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ មានការបើកឱកាសថា មុនចូលឆ្នាំបីថ្ងៃ ឬមុនភ្ជុំបិណ្ឌ យើងអាចអនុញ្ញាតឱ្យគ្រួសារសាច់ញាតិរបស់អ្នកទោសទៅសួរសុខទុក្ខបានច្រើនជាងពេលធម្មតា»។
លោកឧត្តមសេនីយ៍ឯកគុយ ប៊ុនសនបានបញ្ជាក់ថា កំណែទម្រង់គោលនយោបាយពន្ធនាគារនេះបានផ្តោតលើការបង្រៀនជំនាញជួសជុលម៉ាញ៉េ វិទ្យុ ទូរទស្សន៍ និងគ្រឿងប្រដាប់ប្រដាអេឡិចត្រូនិកផ្សេងៗទៀតនៅក្នុងទីក្រុងភ្នំពេញ និងជំនាញការដាំដុះផ្នែកកសិកម្ម ការចិញ្ចឹមមាន់ទា និងស្រឡាញ់ពលកម្មសម្រាប់ចិញ្ចឹមជីវិតរស់នៅជនបទ ដើម្បីកុំឱ្យពួកគេប្រព្រឹត្តល្មើសតទៅទៀត ហើយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះត្រូវប្រើពេលពីបីខែទៅដល់៣ឆ្នាំ។
«កំណែទម្រង់គឺជាការកំណែទម្រង់គោលនយោបាយពន្ធនាគារ ជាពិសេសការស្តារនីតិសម្បទាដើម្បីធ្វើសមាហរណកម្មអ្នកទោស ក្រោយពេលដោះលែងទៅសហគមន៍វិញ ឱ្យគាត់មានវិជ្ជាជីវៈមួយច្បាស់លាស់ ដើម្បីបញ្ចៀសនូវសកម្មភាពល្មើសច្បាប់ផ្សេងៗទៀត ជាលើកទីពីរ»។
លោកចាន់ សាវ៉េត ប្រធានផ្នែកត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា គោលនយោបាយនេះគឺជាការគិតគូររបស់អាជ្ញាធរពន្ធនាគារសម្រាប់អ្នកទោសទាំងអស់ ពីព្រោះសមាជិកគ្រួសារអ្នកទោសភាគច្រើនមានជីវភាពក្រីក្រ និងនៅឆ្ងាយពីពន្ធនាគារដែលគ្មានប្រាក់ធ្វើដំណើរមកសួរសុខទុក្ខអ្នកទោសដែលជាសាច់ញាតិរបស់ពួកគេ។
«គោលនយោបាយនៃការរៀបចំដើម្បីឱ្យពួកគាត់ (អ្នកទោស) អាចជួបជុំគ្រួសារបាននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌនេះ ខ្ញុំគិតថា វាជាការលើកស្ទួយសិទ្ធិ និងសេរីភាពរបស់អ្នកទោសដែលមានជាធរមាន មានន័យថា ពួកគេ (អ្នកទោស) មិនត្រូវបានដកហូតសិទ្ធិទាំងអស់ទេ។ គេ (អ្នកទោស) មានសិទ្ធិមួយចំនួនទៀតត្រូវបានគោរព»។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងថា គោលនយេបាយនេះមានប្រយោជន៍សំខាន់ណាស់សម្រាប់អ្នកទោស ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលរវាងសមាជិកគ្រួសារ និងអ្នកទោសប្រសើរជាងទុកអ្នកទោសចោលនៅក្នុងពន្ធនាគារដែលអាចកើតមានជម្ងឺផ្លូវចិត្ត និងជម្ងឺផ្សេងៗទៀត។
«គោលនយោបាយនេះគឺសំខាន់ណាស់ ដើម្បីបង្កើតការផ្តល់ភាពមិនឯកោ និងការកាត់បន្ថយជម្ងឺផ្លូវចិត្តរបស់អ្នកទោស។ គោលនយោបាយនេះជាការចូលរួមមួយលើកកម្ពស់សិទ្ធិមនុស្សដែលទាក់ទងនឹងសិទ្ធិនិងសេរីភាពរបស់អ្នកទោស ដែលមានសិទ្ធិជួបជាមួយក្រុមគ្រួសាររបស់គាត់បានទាំងអស់ នៅពេលមានបុណ្យទាន»។
ក្រុមមន្ត្រីក្រសួងមហាផ្ទៃ និងអង្គការសិទ្ធិមនុស្សបានអះអាងថា មានអ្នកទោសជាង១៤០០០នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេស៕