ការផ្តល់សម្បទានដីសេដ្ឋកិច្ចក្នុងតំបន់ព្រៃឡង់ទៅឲ្យក្រុមហ៊ុនឯកជន មានន័យថាជាការអភិវឌ្ឍសម្រាប់រដ្ឋាភិបាល ក៏ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ព្រៃនេះការធ្វើបែបនេះ មានន័យប្រៀបដូចជាការដកហូតជីវិតរបស់ពួកគេដូច្នោះដែរដោយសារអ្នកស្រុកនៅទីនេះ ពឹងអាស្រ័យទៅលើផលនិងអនុផលពីព្រៃឈើនេះ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេជាច្រើនតំណមកហើយ។
លោក ជួន ឡុង វ័យ២៤ឆ្នាំគឺជាកសិករម្នាក់នៅក្នុងភូមិត្បូងទឹក នៃស្រុកសណ្តាន់ ដែលស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ។ មានសម្បុរខ្មៅ លោក ជួនឡុងដែលប្រកបរបរដើររើសជ័រចុងនិងដងជ័រទឹកនៅក្នុងព្រៃឡង់នេះ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះ បានមានប្រសាសន៍នៅអែបនឹងដើមឈើធំៗដែលគេកាប់គរពង្រាយជាជួរតាមដងផ្លូវដីក្រហមមួយខ្សែក្នុងតំបន់ព្រៃឡង់នេះថា ការបាត់បង់ឈើទាំងនេះ គឺជាការបាត់បង់ប្រភពចំណូលសម្រាប់គ្រួសាររបស់លោក។
«សង្គមយើងប្រហែលជាអស់ហើយព្រៃឈើ ហើយការបាត់បង់ព្រៃឈើហ្នឹងវាឲ្យមានគ្រោះរាំងស្ងួតនិងប៉ះពាល់បរិស្ថានផង ជាពិសេសជ័រ ជ័រទឹកយើងដែលធ្លាប់តែដងរាល់ថ្ងៃ ដល់ពេលកាប់អស់អញ្ចឹងទៅ វាធ្វើឲ្យពិបាកក្នុងការប្រកបមុខរបរ»។
ប្រជាពលរដ្ឋប្រមាណ២៥០.០០០នាក់ ត្រូវគេរាយការណ៍ថា កំពុងរស់នៅក្នុងនិងជុំវិញបរិវេណព្រៃឡង់ដែលគ្របដណ្តប់លើផ្ទៃដីទំហំជាង៥.០០០គីឡូម៉ែត្រក្រឡា ជាប់ព្រំប្រទល់ខេត្តចំនួន៤គឺ ព្រះវិហារ ក្រចេះ ស្ទឹងត្រែងនិងខេត្តកំពង់ធំ។
ប្រជាជនទាំងនេះ ពឹងផ្អែកទៅលើការរុករកផលនិងអនុផលព្រៃឈើ ដូចជាជ័រចុង ជ័រទឹកនិង វល្លិ៍ផ្តៅជាដើម សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
អ្នកស្រី បាក់ គីមសុខ វ័យ៥៧ឆ្នាំ តំណាងប្រជាពលរដ្ឋម្នាក់មកពីភូមិមួយទៀតរបស់ស្រុកសណ្តាន់ដែលបានតវ៉ាប្រឆាំងនឹងការកាប់ព្រៃឈើក្នុងតំបន់នេះ នៅចំពោះមុខអ្នកតំណាងរាស្ត្រក្នុងវេទិកាសាធារណៈមួយកាលពីពេលថ្មីៗនេះ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរថា ការបាត់បង់ព្រៃឡង់នេះ គឺស្មើនឹងការបាត់បង់ជីវិតរបស់ប្រជាសហគមន៍របស់អ្នកស្រីដែរ។
«ពួកខ្ញុំសព្វថ្ងៃតវ៉ា មិនឲ្យមានក្រុមហ៊ុនណាទៅឈូសឆាយ ដើម្បីខ្ញុំទុកព្រៃនោះ។ បើពួកខ្ញុំរស់ដោយសារប៉ុណ្ណឹង បើគេយកអស់ប៉ុណ្ណឹងទៅ តើមានអីរស់ទៀត»។
យ៉ាងតិចមានក្រុមហ៊ុនវៀតណាមចំនួន២គឺក្រុមហ៊ុន PNT Co., Ltd និងC.R.C.K Rubber Development Co., Ltd បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១០ ដើម្បីដាំដំណាំកៅស៊ូ។ ក្នុងនោះ ក្រុមហ៊ុន PNT Co., Ltd ទទួលបានដីសម្បទានចំនួន ៧.៩០០ហិកតា នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ហើយក្រុមហ៊ុន C.R.C.K ទទួលបានដីចំនួន៦.១៥៥ហិកតានៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ នេះបើផ្អែកតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា។
លោក អ៊ុត សំអន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ ខ្មែរថា ការផ្តល់សម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុននេះ គឺដើម្បីជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
«យើងចង់កែផ្នត់គំនិត ទម្លាប់ប្រជាពលរដ្ឋដែលរុករកអនុផលព្រៃឈើដោយគ្មាននិរន្តរភាពឲ្យមកធ្វើជាកម្មករនៅកៅស៊ូនេះវិញ។ ទី១វាហាក់ដូចជាបង្កើនការងារឲ្យគាត់ ដើម្បីឲ្យគាត់មាននិរន្តរភាពក្នុងជីវភាពរស់នៅ។ ទី២ ជាឱកាសល្អសម្រាប់ពួកគាត់ គឺពួកគាត់មិនចាំបាច់ទៅពលកម្មនៅក្រៅស្រុកដូចជានៅថៃនៅអីហ្នឹង ដែលលំបាកវេទនា អញ្ចឹងគឺមាននៅក្នុងស្រុកស្រាប់ហើយ»។
តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅទីនេះ បានលើកឡើងថា ពួកគេមិនចង់ធ្វើជាកម្មករចម្ការកៅស៊ូរបស់ក្រុមហ៊ុនទាំងនោះទេ។
កាលពីខែមុន ពួកគេបានធ្វើដំណើរទៅទីក្រុងភ្នំពេញ ដើម្បីតវ៉ាប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនិងទាមទារឲ្យរដ្ឋាភិបាលរក្សាព្រៃឡង់នេះទុក សម្រាប់ឲ្យពួកគេអាចដកហូតផលនិងអនុផលពីព្រៃនេះ ដើម្បីការរស់នៅជាលក្ខណៈប្រពៃណីរបស់ពួកគេតទៅទៀត។
ក្រុមអ្នកតំណាងរាស្ត្រចំនួន១០រូបខាងគណបក្សសម រង្ស៊ី ក៏បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងខែឧសភានេះ ដោយស្នើឲ្យរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគក្នុងតំបន់ព្រៃឡង់ និងបញ្ឈប់ការផ្តល់ដីសម្បទាននៅក្នុងតំបន់នោះតទៅទៀត។ ក្រុមអ្នកតំណាងរាស្ត្រលើកឡើងថា ព្រៃឡង់នេះមានសារៈសំខាន់ដល់ផ្នែកវប្បធម៌ ជំនឿនិងការរស់នៅរបស់ជនជាតិដើមភាគតិច ហើយក៏ជាទីជម្រករបស់ប្រភេទពូជសត្វដ៏កម្រជាច្រើនដូចជា ដំរី គោព្រៃ ខ្លានិងខ្លាឃ្មុំខ្មៅអាស៊ីជាដើម។
ប៉ុន្តែ មន្ត្រីបរិស្ថានរបស់រដ្ឋាភិបាលបានអះអាងថា ព្រៃឡង់នេះ មិនមែនស្ថិតក្នុងតំបន់ដែលត្រូវអភិរក្សនោះទេ។
លោក ហេង ហួត ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានថ្លែងនៅក្នុងវេទិកាសាធារណៈនៅក្នុងស្រុកសណ្តាន់ថា ឈើនៅក្នុងព្រៃឡង់នេះ បានឈានដល់វ័យចាស់ដែលតាមលក្ខណៈបច្ចេកទេសត្រូវតែដកហូតចេញ ហើយការដកហូតនេះ គឺដើម្បីផ្លាស់ប្តូរគម្របព្រៃឈើឡើងវិញ ពោលគឺប្តូរពីគម្របព្រៃធម្មជាតិមកជាព្រៃកៅស៊ូវិញ។
«ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍតំបន់នោះឡើងវិញ គឺប្តូរគម្រប បៃតងដូចគ្នា។ នៅពេលប្តូរគម្របមកជាវិនិយោគបែបនេះ គឺវាផ្តល់ផលប្រយោជន៍ដល់ជាតិ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ហ្នឹង មុនគេហើយ។ បងប្អូននឹងទទួលបានផលប្រយោជន៍ សេវាកម្មពីវិនិយោគិននៅកន្លែងហ្នឹង»។
ក៏ប៉ុន្តែ ការពន្យល់បែបនេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ព្រៃឡង់នេះ ជឿជាក់នោះទេ។ តួយ៉ាង ដូចជាលោក សំ ផាង ដែលជាកសិករ វ័យ៤៧ឆ្នាំ នៅក្នុងភូមិកែរ៉ង ឃុំឈើទាល នៃស្រុកសណ្តាន់នេះជាដើម៖
«ដឹងហើយថាបានចំណូលជាតិ ប៉ុន្តែមានតែសម្រាប់បុគ្គលឯងទេ ចំពោះប្រជាពលរដ្ឋទូទៅ វាអត់ហ្នឹងឯង។ បើយើងទៅស៊ីឈ្នួលគេ ឧទាហរណ៍បើយើងឈឺទៅ យើងអាចទៅធ្វើបានទេ? គេនឹងកាត់ប្រាក់ខែយើង ហើយបើយើងធ្វើខ្លួនយើង យើងអាចរស់បានដោយមិនចាំបាច់អ្នកដទៃណាមកកាត់ភាពក្រីក្រយើងបានទេ យើងកាត់ដោយខ្លួនយើងដោយសន្តិវិធី»។
យ៉ាងណាក៏ដោយ លោក ឡាយ ឃីម ប្រធានផ្នែកបរិស្ថាននិងថាមពលនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិហៅកាត់ថា UNDP បានមានប្រសាសន៍នៅឯសិក្ខាសាលាមួយស្តីពីគម្រោងបង្កើនគម្របព្រៃឈើនៅកម្ពុជា ដែលបានធ្វើឡើងក្នុងរាជធានីភ្នំពេញនៅកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលគួរតែពិចារណាថែរក្សាព្រៃឡង់នេះ ដើម្បីធានាភាពគង់វង្សនៃព្រៃឈើដ៏កម្រមាននៅក្នុងតំបន់អាស៊ីមួយនេះ៕