សហមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួនពីររូបបារម្ភថា ជនរងគ្រោះនៃរបបខ្មែរក្រហមត្រូវបានដកសិទ្ធិសម្រាប់ការដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០៣ ដែលសហចៅក្រមស៊ើបអង្កេតទើបតែបិទបញ្ចប់ការស៊ើបអង្កេត កាលពីចុងខែមេសា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ៍ ដើម្បីជូនដំណឹងអំពីការដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី លោកស្រីមេធាវី ស៊ីលកិ ស្ទូហ្ស៊ិនស្គី (Silke Stuzenski) និងលោកមេធាវី ហុង គឹមសួន លើកឡើងថា ដោយពុំបានទទួលដំណឹងអំពីសំណុំរឿងនេះ ជនរងគ្រោះដែលត្រូវដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវបានរារាំងមិនឲ្យធ្វើចំណាត់ការដ៏មាន អត្ថន័យដូចដែលសិទ្ធិត្រូវបានចែងក្នុងវិធានផ្ទៃក្នុង។
លោកស្រីស៊ីលកិ ស្ទូហ្ស៊ីនស្គី មានប្រសាសន៍ក្នុងសម្ភាសន៍តាមទូរសព្ទ័ថា ជនរងគ្រោះទើបតែទទួលព័ត៌មានទាក់ទងនឹងសំណុំរឿងលេខ០០៣នេះ ហើយប្រសិនបើពួកគេប្រថុយដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីទាំងងងឹតងងុលនោះ ពួកគេនឹងប្រឈមនឹងការបដិសេធសិទ្ធិជាដើមបណ្ដឹងខ្ពស់បំផុត។ លោកស្រីថ្លែងដូច្នេះថា៖
«អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមានហានិភ័យខ្ពស់ប្រសិនបើពួកគេមិនស្ថិតក្នុងទំហំនៃការស៊ើបអង្កេត។ ដោយសារតែពួកគេមិនដឹងអំពីទំហំនៃការស៊ើបអង្កេតនោះ ពួកគេងាយនឹងត្រូវគេទាត់ចោល។ យើងទើបតែដឹងព័ត៌មានមួយចំនួនទាក់ទងនឹងសំណុំរឿង០០៣កាលពីម្សិលមិញតែប៉ុណ្ណោះ។ ខ្ញុំសន្មត់ថា នេះគឺជាចេតនា ដើម្បីបញ្ចៀសជនរងគ្រោះពីការដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី»។
សហមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីទាំងពីររូបបន្ថែមថា សំណុំរឿងលេខ០០៣ និង០០៤ គឺជាសំណុំរឿងដែលនៅក្នុងនោះនិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ទំនងជាកើតឡើងសម្រាប់អ្នកដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងយុត្តាធិការរបស់សាលាក្ដីខ្មែរក្រហម។
កាលពីថ្ងៃច័ន្ទ សហព្រះរាជអាជ្ញាលោក អ៊ែនឌ្រូ ខេលី (Andrew Caley) បានអំពាវនាវឲ្យដើម បណ្ដឹងសក្ដានុពលនានាដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០៣ឲ្យបានច្រើន ដោយហេតុថា កាលបរិច្ឆេទកំណត់សម្រាប់ការដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនេះ នឹងត្រូវចប់នៅរសៀលថ្ងៃទី១៨ ខែឧសភាខាងមុខនេះ។
រហូតមកទល់ពេលនេះគេទើបតែដឹងថា មានអតីតជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះក្នុងរបបខ្មែរក្រហមចំនួនបួននាក់ហើយបានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ដើម្បីប្រឆាំងនឹងអតីតកម្មាភិបាលខ្មែរក្រហមចំនួនពីរនាក់ក្នុងសំណុំរឿងនេះ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ឹម សុភា ប្រធានផ្នែកសម្របសម្រួលកម្មវិធីផ្សព្វផ្សាយនៃអង្គភាពគាំពារជនរងគ្រោះរបស់សាលាក្ដីខ្មែរក្រហម។ លោក សុភា បានប្រាប់វីអូអេខ្មែរថា៖
«អ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី មកដល់ម៉ោងនេះ គឺមានចំនួនបួននាក់»។
លោក អ៊ឹម សុភា មិនធ្វើការអត្ថាធិប្បាយលើការលើកឡើងរបស់លោកស្រីស្ទូហ្ស៊ិនស្គីទេ។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្សអាហុកមានប្រសាសន៍ថា ដើមបណ្ដឹងរដ្ឋប្បវេណីមានសារៈសំខាន់ជាខ្លាំងក្នុងការចូលរួមក្នុងដំណើរការក្ដី ក៏ប៉ុន្ដែ តួលេខនៃអ្នកដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីមានចំនួនតិចតួចណាស់ក្នុងពេលនេះ។ លោក ឡាត់ គី បានប្រាប់វីអូអេខ្មែរថា៖
«ការចូលរួមរបស់ជនរងគ្រោះគឺសំខាន់មែនទែន គឺដើម្បីធ្វើយ៉ាងម៉េចឲ្យគាត់អាចប្រឈម ហើយនឹង គាត់អាចស្វែងរកយុត្តិធម៌ ដោយខ្លួនគាត់។ ធ្វើយ៉ាងម៉េចឲ្យគាត់អាចទទួលយុត្តិធម៌ ដោយស្ងប់ចិត្ត ឈរលើការពិត»។
មានដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៩០រូបត្រូវបានទទួលស្គាល់ក្នុងសំណុំរឿង០០១ រីឯក្នុងសំណុំរឿង០០២ មានអតីតជនរងគ្រោះដោយរបបខ្មែរក្រហមសរុបជាង២.០០០ នាក់ត្រូវបានទទួលស្គាល់ជាដើមបណ្ដឹងរដ្ឋប្បវេណី។
វិធានទី២៣ នៃវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហមបង្ហាញថា ការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីគឺដើម្បីចូលរួមដំណើរការព្រហ្មទណ្ឌប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងយុត្តាធិការរបស់សាលាក្ដីខ្មែរក្រហម ដោយគាំទ្រការចោទប្រកាន់របស់តុលាការ និងការទាមទារសំណងផ្លូវចិត្ត។ វិធានដដែលនេះបញ្ជាក់ថា អ្នកស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួនឲ្យបានច្បាស់លាស់។ ហើយត្រូវបង្ហាញឧក្រិដ្ឋកម្មមួយយ៉ាងតិចដែលត្រូវបានចោទប្រកាន់លើជនជាប់ចោទថា ខ្លួនពិតជាបានទទួលរង ព្យសនកម្មខាងផ្លូវចិត្តលើរូបរាងកាយ ឬសម្ភារៈ។
ក៏ប៉ុន្ដែសហចៅក្រមស៊ើបអង្កេតបានខកខានក្នុងការបង្ហាញពីទំហំនៃការស៊ើបអង្កេត និងការជាប់ពាក់ព័ន្ធរបស់ជនសង្ស័យ រួមទាំងការចោទប្រកាន់ទៅលើជនសង្ស័យផងដែរ ដែលជាហេតុធ្វើឲ្យជនរងគ្រោះរារែក ឬមិនបានទទួលដំណឹងថា តើត្រូវបំពេញពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីយ៉ាងដូចម្ដេច។ យ៉ាងណាក៏ដោយសហព្រះរាជអាជ្ញាអន្ដរជាតិ បានបង្ហាញអំពីទំហំនៃការស៊ើបអង្កេត និងបទចោទដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មដែលត្រូវបានលើកឡើងក្នុងសំណុំរឿង០០៣នេះ។ ពេលវេលាដែលត្រូវផុតកំណត់គឺថ្ងៃទី១៨ ខែឧសភានេះ សម្រាប់ដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣។ ដូច្នេះហើយសហព្រះរាជអាជ្ញាអន្ដរជាតិ លោក អ៊ែនឌ្រូ ខេលី បានស្នើសុំឲ្យសហចៅក្រមស៊ើបអង្កេតបន្ថែមពេលវេលាចំនួនប្រាំមួយសប្ដាហ៍ទៀត។ ក៏ប៉ុន្ដែមិនទាន់មានការសម្រេចណាមួយឆ្លើយតបទៅនឹងសំណើនេះនៅឡើយ៕