ការស៊ើបអង្កេតអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ទាក់ទិនទៅនឹងការសម្លាប់រង្គាលជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅក្នុងខេត្តចំនួនបី នឹងមិនអាចធ្វើទៅបាននោះទេ។ នេះគឺជាសេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម កាលពីចុងខែមេសា ក៏ប៉ុន្ដែទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធម្សិលមិញនេះ។
នេះជាបទឧក្រិដ្ឋទាំងពីរ ដែលអតីតមេដឹកនាំកំពូលៗខ្មែរក្រហមចំនួន៤នាក់កំពុងទទួលរងការចោទប្រកាន់ ដូចជា នួន ជា អតីតបងធំទី២ និងជាអតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតបងធំទីបី និងជាអតីតរដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម និងអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។
កាលពីខែកុម្ភៈ ឆ្នាំ២០១០នេះ សហមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរក្រោម៩នាក់ រួមទាំងអ្នកសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីដែលអះអាងថា ជាខ្មែរក្រោមចំនួន១៧នាក់ និងក្រុម អ្នកអះអាងថា ជាជាតិភាគតិចវៀតណាម១៦នាក់ទៀត មកពីខេត្តកំពង់ឆ្នាំង តាកែវ និងមកពីខេត្ត ពោធិសាត់ បានប្ដឹងឧទ្ធរណ៍ទៅកាន់អង្គបុរេជំនុំជម្រះ ប្រឆាំងទៅនឹងដីការសម្រេច រួមរបស់សហចៅ ក្រមស៊ើបអង្កេត លើសំណើសុំបំពេញកិច្ចស៊ើបអង្កេតចំនួនពីររបស់សហព្រះរាជអាជ្ញា ព្រមទាំង សំណើសុំឲ្យមានកិច្ចស៊ើបសួរបន្ថែមរបស់ដើមបណ្ដឹងរដ្ឋប្បវេណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ និងបទប្រល័យពូជសាសន៍ទៅលើពលរដ្ឋខ្មែរក្រោម និងលើជនជាតិវៀតណាម។
ហើយសហមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្បវេណីស្នើសុំឲ្យដាក់បញ្ចូលឧក្រិដ្ឋកម្មទាំងនេះចូលទៅក្នុងសំណុំរឿងលេខ០០២ ដែលមានជនជាប់ចោទទាំងបួនខាងលើ និងរួមជាមួយឌុចផងដែរ។
ក៏ប៉ុន្ដែនៅក្នុងសេចក្ដីសម្រេចរបស់ខ្លួន ចៅក្រមទាំងប្រាំរូបរបស់អង្គបុរេជំនុំជម្រះចាត់ទុកថា បណ្ដឹងឧទ្ធរណ៍នោះមិនអាចទទួលយកបានទេ។
លោក ឡាស អលសិន មន្រ្ដីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ ថា បណ្ដឹងនោះត្រូវបានបដិសេធ ដោយសារតែដើមបណ្ដឹងខាងលើមិនស្ថិតនៅក្រោមយុត្តាធិការ នៃការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេតនោះទេ។
ដោយឡែក លោក នី ចាន់ឌី មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងបណ្ដឹងឧទ្ធរណ៍នេះ មានប្រសាសន៍ថា ការសម្រេចរបស់អង្គបុរេជំនុំជម្រះមិនបានផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរក្រោម និងជនជាតិវៀតណាមដែលជាម្ចាស់បណ្ដឹងនោះទេ។
"ក្នុងឋានៈគាត់ជាជនរងគ្រោះពីឧក្រិដ្ឋកម្មពីសម័យខ្មែរក្រហម ការបដិសេធនេះគឺមានភាពអយុត្តិធម៌ដែរ ដោយសារតែជាការណ៍ពិតគឺគាត់ជាជនរងគ្រោះ ដូចជនរងគ្រោះទូទៅដែរ"។
សូមរំឭកថា សេចក្ដីសម្រេចរបស់អង្គបុរេជំនុំជម្រះមិនអនុញ្ញាតឲ្យធ្វើការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ទាក់ទិនទៅនឹងការសម្លាប់រង្គាលជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នេះធ្វើឡើងស្របពេលដែលសំណុំរឿងលេខ០០២ ត្រូវគេរំពឹងថា អាចនឹងត្រូវបើកសវនាការនៅដើមឆ្នាំ២០១១ខាងមុខនេះ៕