មេដឹកនាំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួន បានព្រមព្រៀងគ្នាជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាមួយគ្នាជាបន្ថែមទៀត។ ការជំរុញនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលនៃប្រទេសទាំងបួនក្នុងទីក្រុងភ្នំពេញ នៅថ្ងៃនេះ។
នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា វៀតណាម ឡាវ និងនាយករដ្ឋមន្ដ្រីនៃសហភាពមីយ៉ាន់ម៉ា ឬ ប្រទេសភូមា បានប្ដេជ្ញានៅល្ងាចថ្ងៃអង្គារ៍នេះជំរុញឲ្យមានការសហការគ្នាកាន់តែជិតស្និទ្ធនិងបង្កើន កម្លាំងសេដ្ឋកិច្ចនៃប្រទេសទាំងបួនឲ្យកាន់តែខ្លាំងក្លាថែមទៀត ប្រយោជន៍ដើម្បីធ្វើសមាហរណកម្ម សេដ្ឋកិច្ចក្នុងចំណោមបណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។
ប្រទេសទាំងបួនត្រូវគេមើលឃើញថា មានការរីកចំរើនលូតលាស់តិចជាងគេ ក្នុងចំណោមសមាជិក អាស៊ានទាំងដប់ប្រទេស ដែលរួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា ឥណ្ឌូណេស៊ី ប្រ៊ុយណេ ហ្វីលីពីន សឹង្ហបុរី ថៃ និងម៉ាឡេស៊ី។
ថ្លែងដោយមានការបកប្រែជាភាសាខ្មែរផ្ទាល់ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម ហៅកាត់ថា CLMV ក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀន តាន់ ស៊ុង ចង់ឃើញថា ប្រទេសទាំងបួននេះពង្រឹងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចជាមួយគ្នាប្រកបដោយការស្មើភាពគ្នា។
«យើងសង្ឃឹមថា ប្រទេសយើងទាំងបួន នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្រោមគោល ការណ៍មួយនៃភាពស្មើគ្នា ផលប្រយោជន៍ទៅវិញទៅមក មិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក»។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ដ្រីឡាវ ប៊ូសន ប៊ូផាវ៉ាញ់ មានប្រសាសន៍ថា ប្រទេសទាំងបួនត្រូវតែភ្ជាប់បណ្ដាញផ្លូវដែក ផ្សារភ្ជាប់ធនធានមនុស្សជាមួយគ្នា រួមទាំងថាមពលពណ៌បៃតងនិងថាមពល ដែលអាចបង្កើតឡើងវិញបាន ដែលជាអាទិភាពចម្បងក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ការរីកចម្រើនរួមគ្នា។
នៅក្នុងពេលនោះដែរ លោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងអស់ខាងលើ គឺជាការបង្កើតនូវផលប្រយោជន៍រួមគ្នា។
«ពង្រឹងកិច្ចសហប្រតិបត្តិការ CLMVដើម្បីបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនយើងទាំងអស់ គ្នា»។
ដោយឡែក លោក Thein Sein នាយករដ្ឋមន្ដ្រីនៃរបបសឹកភូមា មានប្រសាសន៍ថា ការពង្រឹងទំនាក់ ទំនងនៃប្រទេសកម្ពុជា វៀតណាម ឡាវ និងភូមា មិនត្រឹមតែអាចជួយជំរុញការរីកចម្រើនផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏ជាកត្តាជួយជំរុញផងដែរនូវទំនាក់ទំនងល្អនៃប្រទេសទាំងនេះ។
លោក អគ្គលេខាធិការនៃសមាគមអាស៊ាន ស៊ូរិន ពិតស៊ូវ៉ាន់ បានជួយបន្ថែមថា ប្រទេសដែលជាសមា ជិកអាស៊ាន មានសក្ដានុពលផ្នែកធនធាន និងសេដ្ឋកិច្ចសម្រាប់ទាក់ទាញការសហការ ការគាំទ្រ និង ការវិនិយោគពីជុំវិញពិភពលោកទាំងមូល។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារ៍ និងថ្ងៃពុធ សប្តាហ៍នេះ ប្រទេសកម្ពុជាកំពុងតែ រៀបចំកិច្ចប្រជុំកំពូលសំខាន់ៗចំនួនបី គឺកិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម CLV ដែលជាកិច្ចប្រជុំបិទទ្វារកាលពីព្រឹកមិញនេះ។ កិច្ចប្រជុំកំពូលនៃប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម CLMV ដែលបានប្រព្រឹត្តទៅនៅល្ងាចនេះ និងកិច្ចប្រជុំកំពូលស្ដីពីយុទ្ធសាស្រ្ដសហប្រតិបត្តិការ សេដ្ឋកិច្ចតំបន់ទន្លេមេគង្គចៅប្រាយ៉ា។
មានកិច្ចចុះហត្ថលេខាចំនួនបីនៅក្នុងកិច្ចប្រជុំកំពូល CLV គឺការចុះហត្ថលេខាទៅលើអនុស្សរណៈនៃ ការយោគយល់គ្នា និងហត្ថលេខាទៅលើសេចក្ដីប្រកាសទីក្រុងភ្នំពេញ។ ការចុះហត្ថលេខាទាំងពីរ នេះ គឺ ដើម្បីអភិវឌ្ឈតំបន់ត្រីកោណភ្ជាប់ប្រទេសកម្ពុជា វៀតណាម និងឡាវ និងការចុះហត្ថលេខា មួយទៀតលើកិច្ចព្រមព្រៀងស្ដីពីការហោះហើររវាងប្រទេសកម្ពុជា និងប្រទេសឡាវ។
នៅក្នុងកិច្ចប្រជុំនៅល្ងាចនេះនាយករដ្ឋមន្ដ្រីឡាវ ប៊ូសន ប៊ូផាវ៉ាញ់ និងនាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន តាន់ ស៊ុង បានកោតសរសើរចំពោះការបោះឆ្នោតនៅប្រទេសភូមា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ខែវិច្ឆិកាកន្លងទៅ៕