ភ្នំពេញ៖ អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានបញ្ចូនការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សក្នុងស្រុកនិងការរំលោភព្រំដែនពីប្រទេសជិតខាងជាដើម ជូនលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ ជួយរកដំណោះស្រាយ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា កម្ពុជាមានបរិយាកាសប្រជាធិបតេយ្យ និងសេរីភាពក្នុងការបញ្ចោញមតិគ្រប់គ្រាន់។
កងកម្លាំងសន្តិសុខជាង២០០នាក់ ត្រូវបានដាក់ពង្រាយនៅសួនច្បារមុខវត្តបុទមវត្តីនៅថ្ងៃអង្គារនេះ ដើម្បីរារាំងការប្រមូលផ្តុំរបស់សហភាពសហជីពកម្ពុជា ដែលមានគោលបំណងនាំយកញត្តិជូនលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលនឹងមកដល់ទីក្រុងភ្នំពេញនៅយប់នេះ។
កងកម្លាំងសន្តិសុខទាំងនេះដែលបានប្រដាប់ដោយខែល ដំបងឆក់ និងអាវុធ បានរាបិទច្រកផ្លូវទាំងអស់ចូលទៅកាន់អតីតតំបន់រដ្ឋសភា ដើម្បីទប់ស្កាត់ការប្រមូលផ្តុំ និងការដង្ហែក្បួននាំយកញត្តិរបស់សហភាពសហជីពកម្ពុជា ទៅជូនលោក Ban Ki-moon។
របងសន្តិសុខនេះ បានធ្វើឡើង បន្ទាប់ពីសាលាក្រុងភ្នំពេញ បានបដិសេធសំណើសុំជួបប្រជុំរបស់សហភាពសហជីពកម្ពុជានៅមុខអតីតរដ្ឋសភានៅថ្ងៃទី២៦នេះ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅការិយាល័យរបស់លោកថា នៅក្នុងញត្តិនេះ លោកបានលើកឡើងពីការព្រួយបារម្ភអំពីការរំលោភបំពានច្បាប់ ការរើសអើង និងវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា ជូនលោក Ban Ki-moon។ លោកមានប្រសាសន៍ថា៖
«ការជួបជុំនេះ មានគោលបំណងសម្តែងមតិ និងអបអរសាទរស្វាគមន៍វត្តមានរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនៅលើទឹកដីកម្ពុជានេះ។ យើងគិតថា វត្តមានរបស់គាត់មានសារៈសំខាន់ណាស់ក្នុងការចូលរួមជំរុញកម្ពុជាឱ្យដើរតាមផ្លូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស Licadho បានថ្លែងយ៉ាងដូច្នេះថា៖
«ការមិនអនុញ្ញាតឱ្យមានការជួបប្រជុំនិងការប្រើប្រាស់ដាក់កម្លាំងបិទផ្លូវនេះ ធ្វើឲ្យសិទ្ធិសេរីភាពនៅក្នុងការជួបជុំ ឬ ការប្រមូលផ្តុំនៅកម្ពុជានេះ ត្រូវបានរឹតបន្តឹង ដែលប៉ះពាល់ទៅដល់ដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ឬ នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា»។
អង្គការសិទ្ធិមនុស្ស និងគណបក្សប្រឆាំងបានលើកយកបញ្ហាជម្លោះដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចោញមតិ ការរិតត្បិតសិទ្ធិសេរីភាពនៃអ្នកការពារសិទ្ធិមនុស្ស ការចាប់ឃុំខ្លួនអ្នកតវ៉ារឿងជម្លោះដីធ្លី បញ្ហារំលោភបំពានព្រំដែនពីប្រទេសជិតខាង សេរីភាពរបស់អង្គការ សង្គមស៊ីវិល បញ្ហាជួញដូរមនុស្ស និងកម្មករចំណាកស្រុក ជូនលោក Ban Ki-moon។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្សី បានថ្លែងថា តំណាងរាស្ត្រគណបក្សសម រង្សី បានសរសេរញត្តិជូនលោក Ban Ki-moon ដើម្បីសម្តែងទុក្ខកង្វល់អំពីការរំលោភសិទ្ធិសេរីភាព និងបូរណភាពទឹកដីខ្មែរដែលប្រទេសជិតខាងបំពានយក។
«យើងមានការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់សែននាក់ ដែលអ្នកមានអំណាចរំលោភយក ហើយប្រព័ន្ធតុលាការ ត្រូវបានគេប្រើជាឧបករណ៍សម្រាប់បង្ក្រាបទៅលើគណបក្សប្រឆាំងនិងការកាត់សេចក្តីយ៉ាងអយុត្តិធម៌ឱ្យអ្នកក្រចាញ់ក្តីយ៉ាងអាណោចអាធម។ នេះជាបញ្ហាដែលយើងមានការព្រួយបារម្ភ ហើយយើងបានលើកជូនទៅលោក ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលឱ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានត្រឹមត្រូវ»។
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់លោក Ban Ki-moon គឺជំរុញការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
«យើងនឹងលើកឡើងពីបញ្ហាវិបត្តិដីធ្លីដែលមានរវាងអ្នកក្រ និងអ្នកមានអំណាច បញ្ហាសកម្មជនសិទ្ធិមនុស្សនិងអ្នកតំណាងនៃក្រុមជនរងគ្រោះពីជម្លោះដីធ្លី និងធនធានធម្មជាតិកំពុងប្រឈមនឹងការចាប់ខ្លួនកាន់តែច្រើនឡើងៗដោយតុលាការ។ ដូច្នេះយើងកុំឱ្យប្រើការគាបសង្កត់ទៅលើតំណាងសហគមន៍ជនរងគ្រោះ និងសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលតាមរយៈច្បាប់អង្គការ កុំឱ្យមានការរិតត្បិត ទៅលើការងាររបស់អង្គការមិនមែនរដ្ឋាភិបាលជាដើម»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ប្រទេសកម្ពុជា មានបរិយាកាសប្រជាធិបតេយ្យ និងសេរីភាពក្នុងការបញ្ចោញមតិ។ រដ្ឋាភិបាលបានប្តេជ្ញាពង្រឹងយន្តការនិងច្បាប់ ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
«អង្គការសហប្រជាជាតិមិនមែនជាស្ថាប័នអ្វី ដែលមកគំរាមគំហែងឬ ដាក់សម្ពាធមកលើកម្ពុជាទេ។ យើងជាដៃគូរបស់អង្គការសហប្រជាជាតិ។ យើងមិនមែននៅក្រោមអាណានិគមរបស់អង្គការសហប្រជាជាតិទេ។ ព្រះរាជាណាចក្រកម្ពុជា បានបើកចំហសេរីភាពក្នុងការបញ្ចោញយោបល់»។
លោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃអង្គារនេះ ហើយគ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃពុធស្អែកនេះ៕