អ្នកភូមិច្រើនរាប់រយនាក់នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយនគរបាលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីការពារដីស្រែរបស់ពួកគាត់ពីការរំលោភយកដោយក្រុមហ៊ុនឯកជនតាមរយៈអំណាចសាលដីការបស់តុលាការកំពូល។
ជម្លោះដីធ្លីចំនួន៦៥ហិចតានេះ បានកើតឡើងតាំងពីឆ្នាំ២០០៤រវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋចំនួន៨៨គ្រួសារនៅក្នុងភូមិចំនួនប្រាំ ដូចជាភូមិស្តុកស្លាបក្នុងឃុំភ្នំតូច ភូមិពោក្នុងឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងភូមិចំនួនបីក្នុងឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាលតាំងពីឆ្នាំ២០០៤ ហើយតុលាការ កំពូលបានសម្រេចប្រគល់ដីជម្លោះនេះទៅឱ្យក្រុមហ៊ុននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩។
កងកម្លាំងនគរបាលប្រមាណ៣០០នាក់ប្រដាប់ដោយកាំភ្លើង ដំបងឆក់ ខែល បានចុះអនុវត្តសាលដីការបស់ តុលាការកំពូលចុះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ ប៉ុន្តែអ្នកភូមិប្រមាណ៥០០នាក់ប្រដាប់ដោយដំបង កាំបិត ពូថៅ និងជំពាមកៅស៊ូបានរារាំងអាជ្ញាធរមិនឱ្យអនុវត្តសាលដីកានេះរហូតដល់មានការស៊ើបអង្កេតច្បាស់លាស់សិន នេះបើយោងតាមសាក្សីឃើញផ្ទាល់ភ្នែក។
ក្នុងការប៉ះទង្គិចដោយអំពើហិង្សានេះ អ្នកភូមិចំនួនប្រាំពីរនាក់ បានទទួលរងរបួសធ្ងន់ដោយការវាយ នឹង ដំបងឆក់ និងគ្រាប់កាំភ្លើងរបស់នគរបាលដែលបានបាញ់ឡើងទៅលើមេឃ ហើយនគរបាលបីនាក់ក៏បាន ទទួលរងរបួសជាទម្ងន់ដោយការវាយនឹងដំបងនិងកាប់នឹងពូថៅ។ ដោយឃើញមានអំពើហិង្សាបែបនេះ នគរបាលបានដកថយ នេះបើតាមការអះអាងរបស់មន្ត្រីសិទ្ធិមនុស្ស និងនគរបាល។
លោកសាន នៀន អាយុ៤០ឆ្នាំ នៅភូមិពោ ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បាននិយាយថាអាជ្ញាធរ បានប្រើអំពើហិង្សាមកលើអ្នកភូមិ ហើយអ្នកភូមិបាននាំគ្នាតបនឹងអាជ្ញាធរវិញ។
«ជាអំពើមួយដ៏ឃោរឃៅ ហើយព្រៃផ្សៃបំផុត ខ្ញុំមិនដែលជួបប្រទះ។ ដីនេះប្រជាពលរដ្ឋអត់ឱ្យដាច់ខាត។ ទោះបីជាដំណាក់កាលស្លាប់ទាំងអស់គ្នា ក៏ប្រជាពលរដ្ឋសុខចិត្តស្លាប់នៅលើដីរបស់គាត់។ គាត់មិនសុខចិត្តឱ្យទៅគេ។ ប្រជាពលរដ្ឋសុខចិត្តស្លាប់នៅលើដីស្រែនៅក្នុងខ្ទមកំសត់របស់គាត់នៅលើដីនេះ»។
លោកកែវ អឿន អធិការនគរបាលស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានវាយមកលើសមត្ថកិច្ច ដែលបានធ្វើរបួសធ្ងន់ដល់នគរបាលពីរនាក់ និងកងរាជអាវុធហត្ថម្នាក់ នៅពេលដែលកងកម្លាំង នគរបាល កំពុងអនុវត្តសាលដីការបស់តុលាការកំពូល។
«ប្រជាពលរដ្ឋមកវាយមកលើសមត្ថកិច្ចរបស់ខ្ញុំតែម្តង។ ប្រជាពលរដ្ឋភាគច្រើនមានដំបង ដាវ កាំបិត ជំពាម បាញ់មកលើសមត្ថកិច្ច»។
លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានចុះទៅឃ្លាំមើលនៅកន្លែង កើតហេតុ បានថ្លែងថាវាជាអំពើហិង្សាដែលមិនគួរកើតមាន។
«ការអនុវត្តសាលដីកានេះមិនបានពិចារណាឱ្យដិតដល់ទៅលើទស្សនកម្មដែលកើតឡើង ទើបបង្កឱ្យមាន អំពើហិង្សា និងរបួសទាំងសងខាងនេះ។ ទង្វើនេះជាការសោកស្តាយជាទីបំផុតដែលយើងអាចបញ្ចៀស បាន ប៉ុន្តែយើងមិនបញ្ចៀស យើងនៅតែព្យាយាមក្នុងការអនុវត្តដែលបង្កឱ្យមានអំពើហិង្សា និងរបួសទាំង សងខាងនេះ»។
លោកយី សុខសាន្ត អនុប្រធានផ្នែកត្រួតពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅសមាគមសិទ្ធិមនុស្ស អាដ ហុក ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដោះស្រាយដោយប្រើអំពើហិង្សានេះមិនមានលទ្ធផលល្អសម្រាប់ប្រជាពលរដ្ឋ និងក្រុមហ៊ុនទេ។ អញ្ចឹងមើលទៅ វាធ្វើឱ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស។ ប្រជាពលរដ្ឋ ប្រើប្រាស់ប្រដាប់អាវុធរបស់គាត់ ដូចជា ព្រនង់ កាំបិត ពូថៅ ដើម្បីទប់ទល់ជាមួយអាជ្ញាធរដែលមាន កាំភ្លើង ហើយករណីនេះ ខ្ញុំយល់ថាអាជ្ញាធរគួរធ្វើការដោះស្រាយដោយសន្តិវិធីល្អជាងការប្រើអំពើហិង្សា»។
របាយការណ៍របស់សមាគមសិទ្ធិមនុស្សអាដហុក បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គិតពីដើមឆ្នាំ ២០១១រហូតដល់បច្ចុប្បន្ន សមាគមសិទ្ធិមនុស្សអាដហុក បានរកឃើញថាយ៉ាងហោចណាស់ ក៏មានប្រជាពលរដ្ឋក្រីក្រក្នុងទំនាស់ដីធ្លីចំនួន១២៤នាក់ត្រូវបានតុលាការចេញដីកាកោះ និងចោទប្រកាន់ពីបទព្រហ្មទណ្ឌក្នុងនោះ មាន៣៦នាក់ត្រូវបានចាប់ខ្លួន ១៨នាក់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ និង៨៨នាក់កំពុងរត់គេចខ្លួនពីការតាមចាប់របស់តុលាការ៕