ភ្នំពេញ៖ នៅថ្ងៃសុក្រនេះ គឺជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ឬហៅថាពិធីបុណ្យភ្ជុំបិណ្ឌ។ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា បាននាំគ្នាទៅវត្តអារាមយ៉ាងពពាក់ពពូន។ ពួកគេមានជំនឿថា ពិធីបុណ្យនេះគឺជាពិធីដ៏មានសារៈសំខាន់បំផុតសម្រាប់ឧទ្ទិសកុសលដល់សាច់ញាតិពួកគេដែលបានលាចាកលោកទៅ។
នៅក្នុងសំលៀកបំពាក់សំពត់បត់ខ្មៅ អាវប៉ាក់សដៃវែងពានាកន្សែងស អ្នកស្រី អ៊ឹង សាយឃាង កាន់បាយមួយចានជាមួយនឹងស្លាបព្រាមួយ ធ្វើដំណើរសំដៅទៅកាន់កន្លែងរាប់បាត្រ នៅក្នុងសាលាឆាន់ ក្នុងវត្តសំពៅមាស ក្រុងភ្នំពេញ។ ពុទ្ធបរិស័ទក្មេង ចាស់ ប្រុសស្រី កំពុងតែឈរតម្រង់ជួរប្រជ្រៀតគ្នា ដើម្បីរង់ចាំទម្លាក់បាយមួយស្លាបព្រាម្ដងៗចូលទៅក្នុងបាត្រដែលតម្រៀបនៅលើតុខ្ពស់ផុតពីដី។ ទាំងអស់គ្នាសុទ្ធតែបួងសួងខ្សឹបៗដោយសម្លេងតិចៗបំផុតរំលឹកដល់វិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលផលបុណ្យពីការដាក់បាត្រនេះ ជូនដល់បុព្វការីជនរបស់ពួកគេដែលបានចែកឋានទៅរៀងៗខ្លួន។
អ្នកស្រី សាយឃាង មានអាយុប្រមាណ៥០ឆ្នាំ ជឿថា បាយដែលគាត់ដាក់បាត្រនេះ នឹងក្លាយទៅជាទានកុសលដល់សាច់ញ្ញាតិរបស់គាត់ដែលបានស្លាប់ទៅ។ អ្នកស្រីបន្តថា៖
«យើងចង់ធ្វើបុណ្យនេះដើម្បីឲ្យជីដូនជីតាយើងដូចថា អ្នកស្លាប់ទៅ គាត់មិនដឹងថា ទៅជាស្អីហើយយើងធ្វើហើយយើងឧទ្ទិសបុណ្យឲ្យដល់គាត់។ ទានដែលយើងធ្វើនេះបើថា គាត់កើតជាមនុស្សហើយទៅជាទេវតាគាត់អត់អាចទទួលបានបុណ្យនោះបានមកយើងវិញហើយក៏យើងបានបុណ្យទៅប្រគេននោះ លោកទទួលទៅបើយើងអត់ធ្វើលោកមានអីឆាន់។ ពុទ្ធសាសនាត្រូវតែធ្វើហើយ។ខ្ញុំទៅរាល់ឆ្នាំអត់ដែលអត់ទៅទេ»។
ដោយសារតែនៅថ្ងៃសុក្រនេះ គឺជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ឬហៅថា ថ្ងៃបុណ្យភ្ជុំធំ ប្រជាពលរដ្ឋកម្ពុជានាំគ្នាសម្រុកទៅកាន់ទីវត្តអារាម ជាពិសេសវត្តនៃស្រុកកំណើតរបស់ពួកគេដើម្បីធ្វើពិធីប្រគេនចង្ហាន់រួមមានម្ហូប បាយ សម្ល បង្អែមដល់ព្រះសង្ឃ ធ្វើពិធីបង្សុកូល និងចូលរួមការរាប់បាត្រជាដើម ប្រយោជន៍ដើម្បីសន្សំកុសលផលបុណ្យសម្រាប់ខ្លួនឯងផង និងសម្រាប់ឧទ្ទិសផលបុណ្យនេះដល់ឪពុកម្ដាយ ជីដូនជីតា និងសាច់ញ្ញាតិរបស់ខ្លួនដែលបានស្លាប់ទៅហើយនោះ។
បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌមានរយៈពេល១៥ថ្ងៃ គឺរាប់ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របទ។ នៅឆ្នាំនេះពិធីបុណ្យដាក់បិណ្ឌបានចាប់ផ្ដើមចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញាមកម្លេះ។ ខ្មោចប្រេតទាំងឡាយត្រូវគេជឿថា នឹងត្រូវដោះលែងឲ្យមកទទួលផលពីកូនចៅ សាច់ញ្ញាតិដែលកំពុងនៅរស់។ ហេតុដូច្នេះ ប្រជាពលរដ្ឋកម្ពុជាជាទូទៅ នាំគ្នាប្រឹងប្រែងឆ្លៀតពេលទៅវត្ត យ៉ាងហោចណាស់បានចំនួនមួយវត្តដែរ។ ក៏ប៉ុន្ដែអ្នកស្រី អ៊ឹង សាយឃាង បានទៅវត្តរហូតទៅដល់ជាងដប់វត្តទៅហើយចាប់តាំងពីថ្ងៃកាន់បិណ្ឌទី១។
លោក យ៉ាន់ តុន គឺជាអាជីវករក្រុងភ្នំពេញម្នាក់ដែលបានមកវត្តសំពៅមាសនេះដែរ។ លោកបានឲ្យដឹងថា ទោះបីជាលោករវល់លក់ដូរយ៉ាងណាក៏ដោយក៏លោកឆ្លៀតពេលមកវត្តឲ្យបានមួយវត្តដែរក្នុងមួយឆ្នាំនៅក្នុងអំឡុងរដូវបុណ្យភ្ជុំនេះ ត្បិតលោកខ្លាចជីដូនជីតារបស់លោកដាក់ទំនាយ នៅពេលដែលជីដូនជីតារកគាត់មិនឃើញ។ លោកបន្តទៀតថា៖
«ខ្ញុំអត់ដែលខានឆ្នាំណាទាំងអស់។ ឆ្នាំណាខ្ញុំទៅ ទាំងអស់រាល់ឆ្នាំ។ ខ្ញុំខ្លាចក្រែងលោជីដូនជីតារបស់យើងមករកយើងអត់ឃើញ ត្រូវបណ្តាសារបស់គាត់។ ភ្ជុំខ្ញុំអត់ហ៊ានខានផងសំខាន់ជាងគេបើចូលឆ្នាំខានអត់អីទេ»។
លោកមាជ ប៉ុណ្ណ ទីប្រឹក្សានៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានឲ្យដឹងថា នៅរដូវបុណ្យភ្ជុំនេះ គឺមានជំនឿតៗគ្នាថា ជីដូនជីតា ឬសាច់ញាតិដែលកើតនៅឋានប្រេត ឬទីទាបគឺតែងតែទន្ទឹងរងចាំទទួលយកបុណ្យកុសលដែលកូនចៅបញ្ជូនទៅឲ្យនៅក្នុងអំឡុងពេលបុណ្យភ្ជុំនេះ។ ប្រសិនបើកូនចៅមិនបានធ្វើបុណ្យបញ្ចូនទៅឲ្យទេនោះ នឹងត្រូវបណ្តាសាជាមិនខាន។ លោកបានបន្តថា ចំណុចនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿយ៉ាងមុតមាំទៅលើពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ព្រះតេជគុណព្រះនាម កង ឃឿង ប្រធានការកៈសង្ឈ ឬហៅថាជំនួយការព្រះចៅអធិការវត្តសំពៅមាសមានសង្ឈដីកាថា ពុទ្ធសាសនិកស្ទើរតែគ្រប់រូបមិនដែលបោះបង់ចោលការទៅវត្តក្នុងអំឡុងពេលបុណ្យភ្ជុំនេះឡើយ។ ព្រះតេជគុណមានសង្ឃដីកាដូច្នេះថា៖
«បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យមួយដែលទាក់ទងនឹងប្រពៃណីខ្មែរយើងផងហើយព្រះពុទ្ធសាសនាផង ហើយយើងសង្កេតឃើញមានប្រជាជនចាប់អារម្មណ៍ហើយធ្វើច្រើនជាងគេ ទាំងក្មេងទាំងចាស់។ យើងអាចសង្កេតឃើញថា សឹងតែគ្រប់ផ្ទះយកចង្ហាន់ទៅវត្តក្នុងពិធីបុណ្យនេះយ៉ាងហោចណាស់ក៏បានមួយវត្តដែរ ដោយសារពិធីបុណ្យនេះគឺជាពិធីបុណ្យដែលផ្តោតសំខាន់ទៅលើការនឹកគុណម្តាយឪពុក។ ធ្វើនេះដើម្បីអនុគ្រោះដល់ពពួកញាតិទាំងអស់នោះបានសេចក្តីសុខ»។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ដូចនេះថ្ងៃបុណ្យភ្ជុំបិណ្ឌ ត្រូវបានចាត់ចូលទៅក្នុងបុណ្យជាតិដែលមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រី្តតាមអង្គការក្រៅរដ្ឋាភិបាលបានឈប់សម្រាករយៈពេលបីថ្ងៃដើម្បីប្រារព្ធពិធីបុណ្យនេះ៕