នៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងបិទការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់រយៈពេល៤៥ថ្ងៃនៅថ្ងៃ១៥ខែតុលាខាងមុខនេះ។ ក្រុមគណបក្សនយោបាយនិងអង្គការឃ្លាំមើលដំណើរការបោះឆ្នោតបង្ហាញថាមានភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងដំណើរការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតនោះ។
ភាពមិនប្រក្រតីត្រូវបានមន្ត្រីទាំងនោះរាប់បញ្ចូលទាំងឈ្មោះស្ទួនជាច្រើនមិនទាន់ត្រូវបានដោះស្រាយ បញ្ជីបោះឆ្នោតមិនមានតម្លាភាពនិងគុណភាពដោយសារឈ្មោះខ្មោចមិនទាន់ត្រូវបានលុបចេញពីបញ្ជី ឈ្មោះជនអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាទឹកជំនន់ និងឥទ្ធិពលនយោបាយលើការចេញឯកសារដល់អ្នកបោះឆ្នោត ការខ្វះខាតសេរីភាពអប់រំអ្នកបោះឆ្នោតជាដើម។
លោក គួយ ប៊ុនរឿន អ្នកតំណាងរាស្ត្រនិងជាអគ្គលេខាធិការរងគណបក្សទទួលបន្ទុកកិច្ចការបោះឆ្នោតខាងគណបក្សសម រង្ស៊ី បាននិយាយថា អ្នកគាំទ្រគណបក្សកាន់អំណាចមានសិទ្ធិប្រើប្រាស់ឯកសារទាំងនោះដើម្បីកេងចំណេញលើបក្សដទៃ និងនាំឲ្យលទ្ធផលនៃការបោះឆ្នោតគ្មានភាពត្រឹមត្រូវ និងយុត្តិធម៌ប្រសិនបើគជប ប្រើបញ្ជីបោះឆ្នោតគ្មានតម្លាភាពគួបផ្សំនឹងការមិនយល់ដឹងរបស់អ្នកបោះឆ្នោត។
«ឥឡូវយើងឃើញថា មានបញ្ហាលំបាកមែនទែនដោយសារបញ្ហាយើងចង់អប់រំអ្នកបោះឆ្នោតគឺត្រូវបានគេរារាំងដោយសារគេថា រដូវនេះមិនមែនជារដូវឃោសនា។ យើងវាមិនមានការពន្យល់ឲ្យបានច្បាស់រវាងការឃោសនា និងការផ្លល់ព័ត៌មានដល់អ្នកបោះឆ្នោត»។
ពលរដ្ឋអ្នកបោះឆ្នោតមានរយ:ពេលតែ១០ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីពិនិត្យបញ្ជី និងចុះ ឈ្មោះមុនការបោះឆ្នោតជាច្រើននៅកម្ពុជានាពេលខាងមុខ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានកំណត់ធ្វើនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០១២ និងការបោះ ឆ្នោតជាសកលជ្រើសរើសតំណាងរាស្រ្ត ឬនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបាននិយាយថា ទម្រង់បោះឆ្នោតថ្មីដែលមានបិទរូបថតពីរសន្លឹកបានបង្កបញ្ហាជាមួយអ្នកបោះឆ្នោតថ្មី។ លោកមានប្រសាសន៏ថា សម្រាប់អ្នកគាំទ្រគណបក្សកាន់អំណាចជាការងាយស្រួល ក៏ប៉ុន្តែសម្រាប់សមាជិកគណបក្សផ្សេងអាជ្ញាធរមិនធ្វើប័ណ្ណឲ្យទេ។
«រឿងមួយដែលយើងចាប់ភស្តុតាងបានត្រង់ថា សមាជិករបស់គណបក្សកាន់អំណាចដែលអាយុក្រោម១៨ទេ គាត់ធ្វើទម្រង់អាចយកទៅចុះបានហើយធ្វើទាំងបាច់ៗរៀបចំឲ្យអាជ្ញាធរគ្នាគាត់ទៅធានាតែម្តង»។
លោក សុខ ពិទូរ្យ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថាខូមហ្វ្រ៊ែល (Comfrel) បានបញ្ជាក់ថា ខ្លួនបានរកឃើញថា ការចុះឈ្មោះបោះឆ្នោតរបស់មន្ត្រីអ្នកបោះឆ្នោតបានធ្វើឡើងនៅក្នុងម៉ោងធ្វើការ បើកការិយាល័យមិនទៀងទាត់ និងការចុះឈ្មោះបោះឆ្នោតដោយមិនមានវត្តមានអ្នកបោះឆ្នោតមកបង្ហាញខ្លួនក្នុងឃុំចំនួនជាង៧០
«ប្រជាពលរដ្ឋមួយចំនួនដែលគាត់អត់មានអត្តសញ្ញាណសម្រាប់បញ្ជាក់ការចុះឈ្មោះបោះឆ្នោតនោះគឺគាត់ខ្វះនូវរូបថតសម្រាប់ទៅបិទ។ ហេតុដូច្នេះហើយយើងបារម្ភដែរករណីដែលគាត់ខ្វះរូបថតហ្នឹងអាចធ្វើឲ្យគាត់បាត់បង់សិទ្ធិបោះឆ្នោតដោយសារគាត់មិនមានលទ្ធភាព ជាពិសេសនៅតំបន់ដាច់ស្រយាល»។
លោកពិទូរ្យបានបញ្ជាក់ទៀតថា ខូមហ្វ្រ៊ែលបានដាក់អ្នកអង្កេតការណ៍ចំនួន៧២ឃុំសង្កាត់ដើម្បីធ្វើការងារជាអ្នកអង្កេតការណ៍ចល័ត។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់ខាងគណបក្សគ្រប់គ្រងអំណាចបានច្រានចោលការលើកឡើងនេះ។ លោកមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា តែងតែទទួលរងការចោទប្រកាន់គ្មានភស្តុតាងនៅពេលមានការបោះឆ្នោត។ លោកបានបញ្ជាក់ទៀតថា គណបក្សគ្រប់គ្រងអំណាចមិនបានរកឃើញភាពមិនប្រក្រតីក្នុងការចុះឈ្មោះបោះឆ្នោតទេ។
«គណបក្សប្រជាជនកម្ពុជាដូចមិនមានប្រតិកម្មអ្វីខ្លាំងពេកទេ គ្រាន់តែថាអ្វីៗយើងធ្វើតាមបទបញ្ជាដែលគជបបានរៀបចំឡើងហើយដែលច្បាប់បានចង្អុលទិសឲ្យគជបរៀបចំរយៈកាលកន្លងទៅ»។
យោងតាមកម្មវិធីដូចបានគ្រោងទុករបស់គជប ប្រជាពលរដ្ឋគ្រប់រូបត្រូវទៅចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃ១ ខែកញ្ញារហូតដល់ថ្ងៃទី១៥ ខែតុលា។គិតត្រឹមថ្ងៃទី០១ ខែតុលានេះ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនជាង៥សែននាក់គឺបានកើនឡើងចំនួន១០៩,២០ភាគរយ។ ក៏ប៉ុន្តែចំនួននេះអាចនឹងមានការប្រែប្រួលពីព្រោះគជបនិងពន្យាពេលចុះឈ្មោះបន្ថែមទៀត។
លោក ទេព នីថា អគ្គលេខាធិការនៃគជបបានបញ្ចាក់ថា ប្រសិនបើនៅកន្លែងខ្លះមិនទាន់បានចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ចំនួនទេ យើងនឹងពិភាក្សាជាមួយក្រុមប្រឹក្សាឃុំសង្កាត់នៅមូលដ្ឋានជាក់ស្តែងដើម្បីបន្ថែមរយៈពេលតាមការជាក់ស្តែង។ លោកទេព នីថា បានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្ននេះបញ្ហាសំខាន់គឺទឹកជន់លិចក្នុងឃុំសង្កាត់ចំនួន៣០០ដែលធ្វើឲ្យគជបសម្រេចផ្លាស់ប្តូរកម្មវិធីចុះឈ្មោះបោះឆ្នោត។
«តាមព័ត៌មានថ្មីដែលយើងបានទទួលពីរាជធានី ខេត្តមកគឺមានប្រមាណជាង៣០០ឃុំក៏ប៉ុន្តែក្នុងចំណោមឃុំទាំងអស់នេះ។ គណៈកម្មការក៏ដូចជាក្រុមប្រឹក្សាឃុំសង្កាត់គាត់បានលើកស្នើតែឃុំមួយចំនួនតែប៉ុណ្ណោះមិនមែនគ្រប់ទាំង៣០០ឃុំទេហើយដោយសារពេលវេលានៅសល់យើងពិនិត្យថែមលើសំណូមពរនេះទៀតនៅសប្តាហ៍ក្រោយដើម្បីសម្រេចថាតើត្រូវពន្យារពេលសមស្រមទៅតាមកន្លែងជាក់ស្តែង»។
ចាប់តាំងពីការចុះឈ្មោះបោះឆ្នោតមក គជបបានទទួលពាក្យបណ្តឹងបានតិចតួចតែប៉ុណ្ណោះហើយត្រូវបានដោះស្រាយនៅទីនោះ។ នេះបើតាមការបញ្ជាក់របស់ទេពនីថា។ លោកបានមានប្រសាសន៍ថា ការប្តឹងតវ៉ារបស់គណបក្សនយោបាយមានតែពីរបណ្តឹងតែប៉ុណ្ណោះ។ បណ្តឹងទាំងនោះមិនជាប់ពាក់ព័ន្ឋនឹងការចុះឈ្មោះបោះឆ្នោតទាំងអស់ទេ។ វាជាបណ្តឹងទាក់ទិននឹងការអនុវត្តរបស់មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ។
លោក រីក រ៉េត អាយុ២៥ ប្រជាពលរដ្ឋមួយរូបនៅស្រុកស្រីស្នំ ខេត្តសៀមរាបបាននិយាយថាលោកបានតៀមឯកសាររួចរាល់ហើយសំរាប់ទៅចុះឈ្មោះបោះឆ្នោត។
លោកបានបញ្ជាក់ថាអាជ្ញាធរបានសំរួលការងារគ្រប់យ៉ាងដល់លោកបើទោះបីជាលោកជាអ្នកចំណូលថ្មីក៏ដោយ។
«គាត់ប្រាប់ថាឲ្យប្រសិនបើយើងមិនបានចុះឈ្មោះនៅភូមិឯណោះយើងអាចចុះនៅទីនេះបានហើយឲ្យទៅចុះមុនថ្ងៃទី១៥ខែ១០»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងទៅគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតជាង១.៥៩០ឃុំសង្កាត់ក្នុងចំណោមឃុំសង្កាត់១.៦២១ពេលនោះ ។ គណបក្សសម រង្ស៊ី ជាគណបក្សជំទាស់ធំជាងគេបានឈ្នះលំដាប់ទី២៕