ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ​បឹងកក់ត្រូវ​បាន​ប្តឹង​ពី​បទ​ប្រមាថ​ និង​គំរាមកំហែង


កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ ដួង គា ប្រជាពលរដ្ឋ​នៅ​ភូមិ២២​បាន​បង្ហាញ​ពាក្យ​បណ្តឹង​​​នៅ​ពី​មុខ​តុលាការ​បន្ទាប់​ ពី​លោក​និង​អ្នកភូមិ​ចំនួន​៨​គ្រួសារ​បាន​ដាក់ពាក្យ​ទៅ​កាន់​តុលាការ​ប្តឹង​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​និង​មន្ត្រី​៤រូបផ្សេង​ទៀត។
កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ ដួង គា ប្រជាពលរដ្ឋ​នៅ​ភូមិ២២​បាន​បង្ហាញ​ពាក្យ​បណ្តឹង​​​នៅ​ពី​មុខ​តុលាការ​បន្ទាប់​ ពី​លោក​និង​អ្នកភូមិ​ចំនួន​៨​គ្រួសារ​បាន​ដាក់ពាក្យ​ទៅ​កាន់​តុលាការ​ប្តឹង​ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​និង​មន្ត្រី​៤រូបផ្សេង​ទៀត។

ប្រជាពលរដ្ឋ​អ្នក​ភូមិ​បឹងកក់​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​កោះ​ឲ្យ​ចូល​ខ្លួន​តាម​កាល​បរិច្ឆេទ​ផ្សេងៗ​គ្នា​ចាប់​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​ នេះ​បើ​យោង​តាម​ដីកា​កោះ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ព្រះអាជ្ញាសុខ​ រឿន​ ដែល​វីអូអេ សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

អ្នក​ភូមិ​ទាំង​ប្រាំមួយ​នាក់​ត្រូវ​បាន​ប្តឹង​ពី​បទ​ប្រមាថ​ និង​គំរាមកំហែង​ដោយ​លោក​ ឆាយ ​ធារិទ្ធិ ​ចៅ​សង្កាត់​ស្រះចក ​ក្រុង​ភ្នំពេញ។​ នៅ​ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​នោះ ​មាន​ពីរ​រូប​គឺ​ជា​ម្ចាស់​បណ្តឹង​ប្រឆាំង​នឹង​អាជ្ញាធរ​ និង​ក្រុម​ហ៊ុនស៊ូកាគូអ៊ីន ពីបទ​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ និង​អ្នក​ស្រី ​ទេព​វ៉ាន់នី ​តំណាង​យ៉ាង​សកម្ម​មួយ​រូប​របស់​អ្នក​ភូមិ​បឹងកក់។

អ្នកស្រី ​ទេព ​វ៉ាន់នី ​ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ​ហាក់​ដូច​ជា​ភ្ញាក់​ផ្អើល​ នៅ​ពេល​ដែល​អ្នក​ស្រី​អះអាង​ថា​ ក្រុម​ប្រជាពលរដ្ឋ​មិន​ដែល​មាន​ការ​ប្រឆាំង​នឹង​ចៅ​សង្កាត់​ម្ចាស់​បណ្តឹង​នោះ​ទេ។

«ពួក​ខ្ញុំ​ក៏​មិន​នឹកនា​ទៅ​រក​រឿង​គាត់ ​ធ្វើបាប​គាត់​ណា​បន្តិច​ដែរ​ ហើយ​គាត់​មក​ចោទ​ខ្ញុំ​ជា​ស្រ្តី​ជេរ ប្រមាថ»។

លោក​ ដួង ​គា ​ម្ចាស់​បណ្តឹង​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​បណ្តឹង​ទាំង​ប្រាំមួយ​នាក់​ ដែល​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ និងអាជ្ញាធរ​ក្រុង​ភ្នំពេញ ​ក៏​ជា​អ្នក​ទទួល​រង​បណ្តឹង​ម្នាក់​ដែរ​ពី​ចៅ​សង្កាត់​ដែល​គ្រប់គ្រង​កន្លែង​ដែល​គាត់ធ្លាប់​រស់​នៅ​នោះ។ លោក ​ដួង ​គា ​យល់​ឃើញ​ថា បណ្តឹង​នេះ​គឺ​ជា​ការ​គាបសង្កត់​ទៅ​លើ​ប្រជារាស្រ្ត។

«ការ​ពិត​ទៅ រឿង​ហ្នឹង​ ខ្ញុំ​ឥត​បាន​ដឹង ​ឥត​បានឮ ហើយ​ខ្ញុំ​ក៏​ឥត​ប្រព្រឹត្តិ​បទល្មើស​ដែរ។ បណ្តឹង​ចាប់​ខ្លួន​ហ្នឹង​ដើម្បី​ពួក​ខ្ញុំ​រត់​ចោល​ផ្ទះ​ចោល​សម្តែង​អញ្ចឹង​ទៅ​ ហើយ​គាត់​យក​ដី​ហ្នឹង​ស្រួល»។

លោក​ ឆាយ ​ធារិទ្ធិ ​ម្ចាស់​បណ្តឹង​ប្រឆាំង​ទៅ​នឹង​ប្រជាពលរដ្ឋ​ មិន​ផ្តល់​សេចក្តី​អធិប្បាយ​ណា​មួយ​ទេ​ ដោយ​លោក​ប្រាប់​ថា ​លោក​កំពុង​តែ​ជាប់​រវល់។

«ជាប់​នៅ​ក្នុង​ពិធី។ ​ខ្ញុំ​ស្តាប់​ឥត​បាន​ទេ។ ​ជាប់​នៅ​ក្នុង​ពិធី ​ហើយ​ប៉ុន​ហ្នឹង​បាន​ណាស់»។

ដី​បឹង​កក់​ទំហំ​១៣៣​ហិកតា ​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ទំនាស់​យ៉ាង​ខ្លាំងក្លា​ រវាង​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ​និង​រវាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​ជា​មួយ​ប្រជាពលរដ្ឋ​ជាង​បួន​ពាន់​គ្រួសារ។ ​ប្រជាពលរដ្ឋ ភាគច្រើន​បាន​សុខ​ចិត្ត​ចាក​ចេញ​ពី​លំនៅស្ថាន​ ដោយ​ពួក​គេ​យល់ព្រម​ទទួល​សំណង​ ដែល​ពួក​គេ​បាន​អះអាង​ថា ​ពួក​គេ​មិន​ពេញ​ចិត្ត​នោះ​ទេ។

អ្នក​ភូមិ​ទាំង​ប្រាំ​មួយ​នាក់​ គឺ​ជា​អ្នក​ប្រឈម​មុខ​នឹង​តុលាការ​ដំបូង​គេ​បន្ទាប់​ពី​ទំនាស់​ដី​ធ្លី​នេះ​ កើត​មាន​ឡើង​ហើយ​អូស​បន្លាយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។

លោក​ អ៊ូ ​វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ហៅ​បណ្តឹង​ប្រឆាំង​នឹង​អ្នក​បឹងកក់​ថា​ ជា​ការ​ចាប់​ផ្តើម​យន្តការ​ផ្លូវ​ច្បាប់​សម្រាប់​គាប​សង្កាត់​ទៅ​លើ​ក្រុម​អ្នក​ត​វា។

«ពី​ដើម​មក​ដែល​ថា​ យុទ្ធសាស្ត្រ​នេះ​អស់​ប្រសិទ្ធិភាព​ ទើប​អាជ្ញាធរ​ ពួក​ក្រុមហ៊ុន​ទាំង​អស់​គ្នាហ្នឹង​ គាត់​ប្រើ​ប្រព័ន្ធ​តុលាការ​ ហើយ​ដើម្បី​គាប​សង្កត់​ប្រជាពលរដ្ឋ។ ​យើង​ឃើញ​ត្រឹម​ករណី​ជា​ច្រើន​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ​អញ្ចឹង​ប្រជាពលរដ្ឋ​ដែល​ប្តឹង​ទៅ ​ឥត​មាន​នរណា​ហ៊ាន​យក​ទៅ​ដាក់​ទេ។​ ហើយ​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ វា​មាន​ប្រវត្តិ​ជោគជ័យ​ជា​ច្រើន»។

ក្រុម​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ត្រូវ​បាន​រាយការណ៍​ថា ​គឺ​ជា​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត។ លោក​ អ៊ូច ​ឡេង ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កម្មវិធី​ដីធ្លី​របស់​អង្កការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា​មាន​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​កំពុង​ត្រូវ​បាន​ប្តឹង​តាម​ផ្លូវ​តុលាការ ​និង​ប្រជាពលរដ្ឋ​ជាង៣០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំឃាំង​ដោយសារ​តែ​ទំនាស់​ដីធ្លី ​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​នៃ​ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG