អ្នកស្រុកប៉ៃលិនចង់ឲ្យតុលាការខ្មែរក្រហមកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមត្រឹមតែ៥នាក់ប៉ុណ្ណោះ ដោយពួកគេលើកឡើងថា ការនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតយកទៅកាត់ទោសនឹងមិនអាចនាំមកនូវការផ្សះផ្សារជាតិដ៏ពិតប្រាកដបានទេ។
ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនបានលើកឡើងថា ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ ចំនួន៥នាក់នៅក្នុងករណីលេខ០០១និង០០២គឺគ្រប់គ្រាន់ហើយ ដោយពួកគេអះអាងថា ការនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមដទៃទៀតយកទៅកាត់ទោសនោះបានត្រឹមតែធ្វើឲ្យខាតបង់ថវិកាកាន់តែច្រើន និងបន្ទុចបង្អាក់ដល់ដំណើរការផ្សះផ្សារជាតិតែប៉ុណ្ណោះ។
លោកផង់ ភឿន អាយុ៤៩ឆ្នាំ អតីតទាហានខ្មែរក្រហមមួយរូបដែលបានពិការជើងស្តាំដោយសារជាន់គ្រាប់មីនក្នុងអំឡុងពេលសង្រ្គាមនោះ បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយសាលាក្តីខ្មែរក្រហមនៅក្នុងខេត្តប៉ៃលិននៅថ្ងៃពុធទី២២ ខែកញ្ញានេះថា ការដែលលោកចង់ឲ្យតុលាការខ្មែរក្រហមកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមត្រឹមតែ៥នាក់នេះគឺដោយសារលោកជឿថា ភស្តុតាងពិតប្រាកដអំពីអ្នកនៅពីក្រោយការសម្លាប់រង្គាលប្រជាជនខ្មែរប្រមាណ២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩នោះ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ។
«កាត់ទោសខ្មែរក្រហម ខ្ញុំចង់ឲ្យរក្សានៅប៉ុណ្ណឹងសិន ព្រោះយើងរកវត្ថុតាងនៃអ្នកសម្លាប់មិនទាន់ឃើញ»។
ការលើកឡើងនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីសហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានប្រកាសចោទប្រកាន់ជាផ្លូវការនិងបញ្ចូនទៅជំនុំជម្រះក្តីក្នុងសំណុំរឿងលេខ០០២ដែលជាប់ពាក់ព័ន្ធនឹងជនជាប់ចោទចំនួន៤រូបគឺលោកខៀវ សំផន អតីតប្រមុខរដ្ឋរបស់ខ្មែរក្រហម លោកនួន ជា អតីតប្រធានសភា លោកអៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងភរិយារបស់គាត់គឺលោកស្រីអៀង ធារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ជនទាំងបួនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងការធ្វើទុក្ខបុកម្នេញខាងសាសនា។
ការកាត់ទោសជនជាប់ចោទទាំងបួននេះគ្រោងនឹងចាប់ផ្តើមធ្វើនៅដើមឆ្នាំក្រោយ បន្ទាប់ពីសំណុំរឿងលេខ០០១ ដែលជាប់ពាក់ព័ន្ធនឹងអតីតមេគុកទួលស្លែងគឺកាំង ហ្គេកអ៊ាវ ហៅឌុច ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយនោះ។
ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ ករណី០០៣និង០០៤ដែលជាប់ពាក់ព័ន្ធនឹងអតីតមេដឹកនាំខ្មែរក្រហមមួយចំនួនទៀតដែលកំពុងកាន់មុខតំណែងក្នុងជួររដ្ឋាភិបាល ឬយោធានោះ ត្រូវបានរាយការណ៍ថាកំពុងត្រូវបានស៊ើបអង្កេតបន្ថែមទៀតដោយសាលាក្តីខ្មែរក្រហម។
លោកហ៊ន សីហា អនុប្រធានភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការស៊ើបអង្កេតបន្ថែមទៅលើករណីលេខ០០៣និង០០៤ជាការមិនចាំបាច់ ដោយលោកលើកហេតុផលថា ការធ្វើបែបនេះនឹងធ្វើឲ្យខាតពេលនិងថវិកាកាន់តែច្រើន។
«កាលណាយើងបើកកកូរកកាយវាកាន់តែវែងឆ្ងាយ វាមិនងាយចប់ទេ។ ប្រទេសយើងកំពុងអភិវឌ្ឍ អញ្ចឹងអាដំណើរការក្តីហ្នឹងវាវែងឆ្ងាយណាស់។ ដូចជាក្នុងម្នាក់យើងកាត់ទោសដល់ទៅ៩ខែ រួចចុះដល់៤ទៅ១០នាក់វាច្រើនអញ្ចឹង។ វាប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសដែរ។ បើយើងគិតទៅវាចំណាយថវិកាអស់ច្រើនដែរ»។
សូមបញ្ជាក់ថា ខេត្តប៉ៃលិនគឺជាអតីតមូលដ្ឋានដ៏រឹងមាំរបស់ខ្មែរក្រហម មុនពេលដែលខេត្តនេះបានធ្វើសមាហរណកម្ម ឬចូលរួមជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៦។ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋជាង៧ម៉ឺននាក់រស់នៅក្នុងខេត្តនេះ ដោយរួមទាំងអតីតកម្មាភិបាលនិងកងទ័ពខ្មែរក្រហមផងដែរ។
លោកម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន មានប្រសាសន៍ថា ការស៊ើបអង្កេតបន្ថែមលើករណី០០៣និង០០៤នឹងមិនអាចនាំមកនូវការផ្សះផ្សារជាតិដ៏ពិតប្រាកដបាននោះទេ។
«ករណីលេខ០០៣ បើនិយាយពីរឿងក្នុងខ្មែរក្រហម ជាអ្នកទទួលរងគ្រោះ។ គេមិនចង់ឲ្យមានរឿងអញ្ចឹងច្រើនពេកទេ។ វាហាក់ដូចជាទៅចងអាឃាតទៅវិញ ចងបន្ត អត់ចេះចប់ទៅវិញទេ។ អ្នកខ្មែរក្រហមមិនចង់ឲ្យមាន០៣ឬ០៤អីទៀតទេ»។
លោកម៉ី មគ្គ មានប្រសាសន៍បន្ថែមទៀតថា សូម្បីតែករណី០០២ ដែលជាប់ពាក់ព័ន្ធនឹងជនជាប់ចោទទាំងបួនគឺខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ ក៏លោកចង់ឲ្យតុលាការខ្មែរក្រហមធ្វើការស្រាវជ្រាវនិងរកភស្តុតាងឲ្យពិតប្រាកដបន្ថែមទៀតដែរ ដោយលោកចាត់ទុកថា អ្នកទាំងបួននេះក៏ជាជនរងគ្រោះដោយសាររបបខ្មែរក្រហមផងដែរ។
លោក Andrew Cayley សហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា តុលាការអាចឬមិនអាចនឹងនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀតយកទៅកាត់ទោសអាស្រ័យទៅលើការស៊ើបអង្កេតរបស់សហចៅក្រមស៊ើបអង្កេត និងអ្វីដែលចៅក្រមនោះរកឃើញ។
ប៉ុន្តែលោកបញ្ជាក់ថា ចំនួនជនដែលនឹងអាចត្រូវនាំខ្លួនយកទៅកាត់ទោសនៅក្នុងករណី០០៣និង០០៤បន្ថែមទៀតនោះ នឹងមិនលើសពី៥នាក់ទៀតនោះទេ។
ចំណែកលោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមក៏មិនអាចបញ្ជាក់ឲ្យប្រាកដបានដែរ ថាតើនឹងមានករណី០០៣និង០០៤ទៀតដែរឬយ៉ាងណា ដោយលោកអះអាងថា ករណីទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ៕