ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​មាន​ជំហរ​ទន់​ខ្សោយ​តទល់​នឹង​ការ​ជំទាស់​របស់​រដ្ឋាភិបាល​មិនចោទ​ប្រកាន់​អតីត​កម្មាភិបាល​ខ្មែរក្រហម​បន្ថែម


អ្នកភូមិ​ទស្សនា​រូបថត​អ្នកទោស​នៅ​គុក​ទួលស្លែង​
អ្នកភូមិ​ទស្សនា​រូបថត​អ្នកទោស​នៅ​គុក​ទួលស្លែង​

វ៉ាស៊ីនតោន៖ ក្រុម​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​និយាយ​ថា​ ​អ.ស.ប.​និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ខកខាន​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ជំទាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ ដែល​ជា​អតីត​មន្ត្រី​ខ្មែរក្រហម​បន្ថែម។

អង្គការ​ច្បាប់​របស់​ស.រ.អ.​មួយ​ស្តី​បន្ទោស​ថា​ ​អ.ស.ប.​និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​មាន​ជំហរ​ទន់​ខ្សោយ​ទល់​នឹង​ការ​ជំទាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មិនព្រម​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​បន្ថែម​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ​ដែល​សង្ស័យ​ថា​ ​មាន​ជាប់​ទាក់​ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​រឿង​អំពើ​ឃាតកម្ម​នានា​ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជិត​ពីរ​លាន​នាក់​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ទស​វត្ស​១៩៧០។

អង្គការ​ Open ​Society ​Justice​ Initiative​(OSJI)​ បាន​ថ្លែង​ក្នុង​សេចក្តី​របាយ​ការប្រចាំ​ខែ​របស់​ខ្លួន​ថា​ ​អ.ស.ប.​និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ខកខាន​មិនបាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ជំទាស់​របស់​កម្ពុជាមិន​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ខ្លួន​ជន​សង្ស័យ​ជា​កម្មាភិបាល​ខ្មែរក្រហម​៥នាក់​បន្ថែម​ទៀត​មក​កាត់​ទោស។

លោកស្រី ​Heather Ryan ​អ្នក​ឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ​ OSJI​បាន​ថ្លែង​ថា៖

«អ.ស.ប.​និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​អាច​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​ទៅ​កាន់​រដ្ឋាភិបាល​ថា​ ពួក​គេ​នឹង​មិន​បន្ត​គាំទ្រ​តុលាការ​ទេ​ ​ល្គឹក​ណា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ ឲ្យ​បុគ្គលិក​កម្ពុជា​ដំណើរការ​ទៅ​មុខ​ រឿង​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ​ចំពោះ​សំណុំ​រឿង​លេខ​០០៣ និង​ល្គឹកណាសាក្សី​ ដែល​ត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មក​បំភ្លឺ​ទេ​នោះ»។

លោក​ស្រី ​Ryan​ ​បាន​បន្ថែម​ទៀត​ថា៖

«ខ្ញុំ​គិត​ថា​ ​វា​ជា​រឿង​សំខាន់​ដែល​ភាគី​ទាំងពីរ​នេះ​បញ្ជាក់​ច្បាស់​ទៅ​កាន់​រដ្ឋាភិបាល​ថាពួកគេ​នឹង​មិនអាច​អត់​ទ្រាំ​នឹង​ការ​បន្ត​ជ្រៀត​ជ្រែក​ ​ហើយ​និង​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​តុលាការ​នោះ​ទេ»។

ដោយ​លើក​យក​បញ្ហា​អសន្តិសុខ​មក​គំរាម​ ​ប្រសិន​បើ​កាត់​ទោស​អតីត​មន្ត្រី​ខ្មែរក្រហម​បន្ថែម​ទៀត​ ​តែ​មិន​ត្រូវ​គេ​ជឿ​យ៉ាង​ទូលំ​ទូលាយ​នោះ​ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ បាន​ជំរាប​លោក​ Ban Ki-Moon ​អគ្គ​លេខា​ធិការ​អ.ស.ប.​ ដែល​បានបំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ខែ​តុលា​ថា​ ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​ទោស​បន្ថែម​ទៀត​ទេ​ ​ដោយ​លោក​ព្រមាន​អំពី​បរាជ័យ​នៃ​សាលា​ក្តី​ខ្មែរក្រហម​ ​ប្រសិន​បើ​នាំ​ខ្លួន​ជន​សង្ស័យ​៥នាក់​ទៀត​មក​កាត់​ទោស​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ ហោ​ ​ណាំ​ហុង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ​ក្រោយ​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​លោក​ Ban Ki-Moon កាល​ពី​ចុង​ខែ​តុលា​នោះ។ ​លោក​ហោ​ ណាំងហុង​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ​មិនឲ្យមានករណី០០៣ទៀតទេ។​ ​យើងត្រូវគិត​ដល់បញ្ហាសនិ្តភាពនៅកម្ពុជា​ ​ ឬ​មួយ​តុលាការនេះបរាជ័យ​ ​ដោយទាម​ទារឲ្យមានករណី០០៣តទៅទៀត​ ​គឺមានន័យថា ​កាត់ទោសអ្នកផ្សេងទៀត ​ក្រៅពីបួននាក់ជាប់ឃុំសព្វថ្ងៃ​នេះ ​ឬ​មួយកាត់​ទោសឲ្យមានជោគ​ជ័យ ចប់​ត្រឹមករណី០០២»។

ក៏ប៉ុន្តែ​លោក​ Ban Ki-Moon​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា។ ​លោក​បាន​អះអាង​ថា ​មានតែតុលាការទេដែលមានសិទ្ធិសម្រេចលើសំណុំរឿង០០៣ និង០០៤នេះ។​ លោក​និយាយ​ដូច្នេះ​ ​ក្រោយពី​បាន​ជជែក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននិង​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត។​ ​លោក​ Ban ​បាន​អះអាង​ថា​ ​អង្គការសហប្រជាជាតិ​នឹងជជែកជាមួយសហគមន៍អន្ដរជាតិបន្ដទៀត​អំពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​របាយ​ការ​របស់​ខ្លួន​ដែល​VOAទទួល​បាន​ថ្ងៃ​នេះ​ ​អង្គការ​OSJI​បាន​ចាត់​ទុក​ថា​ ការ​ឆ្លើយ​តប​របស់​លោក​ Ban ​មិន​គ្រប់​គ្រាន់​ទេ។

ក៏​ប៉ុន្តែ​អង្គការ​OSJI​ ​ដែល​បាន​កោត​សរសើរ​ ពី​ការ​ជឿន​លឿន​ធំៗ​មួយ​ចំនួន​ក្នុង​ សាលា​ក្តី​កាត់​ទោស​ខ្មែរក្រហម​ទាក់​ទង​នឹង​ករណី​០០២​ ​បាន​ពន្យល់​និង​បាន​ស្នើ​សុំ​ឲ្យ​ អ.ស.ប.​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ដោះ​ស្រាយ​ និង​ឆ្លើយ​តប​ចំពោះ​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​ និង​ជំរុញ​ឲ្យ​មាន​ឯករាជ្យ​ភាព​ និង​កិច្ច​សហការ​ល្អ​រវាង​មន្ត្រី​អ.ស.ប.​និង​មន្រ្តី​ថ្នាក់​ជាតិ​ ​សម្រាប់​គ្រប់​សំណុំ​រឿង​ទាំងអស់ ​និងរួមគ្នា​បង្កើត​យុទ្ធសាស្ត្រ​ ​សម្រាប់​តុលាការ​មួយ​ដែល​ធានា​ឲ្យមាន​បទដ្ឋាន​អន្តរជាតិ​ធានា​ ​ ធានា​តម្លាភាព​និង​យន្តការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ហើយ​និង​ការ​ធានា​ពី​ម្ចាស់​ជំនួយ​ឲ្យមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​សាលា​ក្តី​ និង​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​កម្ពុជា​ ​តាម​បទដ្ឋាន​អន្តរជាតិ​ ​ហើយ​និង​ការ​គាំទ្រ​ដល់​អង្គភាព​ជន​រងគ្រោះ​ ហើយ​ជា​ពិសេស​រក​ប្រធាន​ថ្មីសម្រាប់​អង្គភាព​នេះ​ ក្រោយពីមានការលា​លែង​ថ្មីៗ​ដោយ​សារពិបាក​ធ្វើ​កិច្ចការ​ និងដោយ​សារ​តែ​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែកនយោបាយ​នោះ។

មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ ​ខ្លួន​មិនបាន​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ទៅ​ដល់​តុលាការ​ខ្មែរក្រហម​ទេ​ ​តែបាន​បញ្ជាក់​ថា​ ​ការ​បញ្ចេញ​ទស្សនៈ​របស់​ប្រមុខ​រដ្ឋាភិបាល​គឺ​ជា​ការ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​ អ្នក​ការ​ទូត​ ដែល​ជា​តំណាង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ក្នុង​ទី​ក្រុង​NY​ បាន​ថ្លែង​ប្រាប់​ VOA​ ផ្នែក​ខេមរៈ​ភាសាថា​ ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​បាន​ដឹង​អំពី​ការ​ជជែក​គ្នា​រវាង​លោក ​Ban Ki- Moon​ និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហើយ។ ​ ករណី​០០៣ឬ​០០៤​ នឹង​ទៅជាយ៉ាងណា​ទៅ​ថ្ងៃមុខ​គឺ​កំពុង​ចរចា​នៅ​ឡើយ។​ អ្នក​ការ​ទូត​ដដែល​បាន​អះអាង​ថា​ ​ជា​រឿង​ដ៏​លំបាក​ដែល​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​រដ្ឋាភិ​បាល​កម្ពុជា ដោយ​ពួក​គេ​ខ្លាច​ថា​ ​ស្ថានការណ៍​អាច​នឹង​កាន់​តែ​អាក្រក់​ថែម​ទៀត។

អ្នក​ការ​ទូត​ដដែល​បាន​អះអាង​ថា​ «​ករណី​០០៣ឬ​០០៤ អាច​កើត​ឡើង​ ឬ​យ៉ាង​ណា​គឺ​សម្រេច​ទៅ​លើ​តុលាការ ​ ហើយ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​មិន​អាច​ជ្រៀត​ជ្រៀក​បាន​ទេ។ លោក​និយាយ​សង្កត់​ធ្ងន់​ថា​ ​ឯករាជ្យភាព​នៃ​តុលាការ​គួរ​ត្រូវ​បាន​គោរព»។

លោក​Lars Olsen​ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ ​បាន​អះអាង​ថា​ ​ករណី​០០៣និង០០៤​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​ការិយាល័យ​របស់​ចៅក្រម​ស៊ើប​អង្កេត​នៃ​ភាគី​អន្តរ​ជាតិ​ ​នៅ​តាម​ទី​តាំង​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន។

គេ​បាន​រាយការណ៍​មក​ថា​ មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ផ្តល់​ការ​គាំទ្រ​ថវិកា​ក្នុង​តំណាក់​កាល​ដែល​សាលាក្តី​ខ្មែរក្រហម​ត្រូវ​ធ្វើ​គំរោង​ផែនការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ដំណើរការ​បាន​ចប់ចុង​ចប់ដើម។ ​ អ្នក​ជំនាញ​ការ​ពិសេស​របស់​អ.ស.ប.​ត្រូវ​គេ​ដឹង​ថា​ ​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យក្រុម​ប្រទេស​នានា​ជុំវិញ​ពិភព​លោក​បន្ត​គាំទ្រ​សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.។ ក្រោយ​ពី​បាន​បញ្ចប់​ការ​កាត់ទោស​ករណី​ទី​មួយ​ ​ ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ​សាលាក្តី​ខ្មែរក្រហម​គ្រោង​នឹង​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​៤​នាក់​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ​ប្រល័យ​ពូជ​សាសន៍​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ​នៅ​ដើម​ឆ្នាំ​ខាងមុខ៕

XS
SM
MD
LG