ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​សុំ​អាមេរិក​ជួយ​ផ្នែក​តម្លាភាព​ក្នុង​ការ​រុក​រក​ប្រេង និង​ឧស្ម័ន​នៅកម្ពុជា


ក្រុម​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ទទួច​ដល់​សមាជិក​ព្រឹទ្ឋសភា​សហរដ្ឋអាមេរិកមួយ​រូប​ឲ្យ​ជួយ​ពិនិត្យ​មើល​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​រុករក​ប្រេង និង​ឧស្ម័ន​ ដើម្បី​ឲ្យ​មាន​តម្លាភាពនៅក្នុង​ប្រទេស​កម្ពុជា ​។

នៅក្នុង​លិខិត​មួយច្បាប់​របស់​អ្នក​តំណាងរាស្រ្ត​គណបក្ស​សម រង្ស៊ី ​ដែល​បាន​ផ្ញើជូន​លោក ចន ឃ័ររី (John Kerry) សមាជិក​ព្រឹទ្ឋសភា​សហរដ្ឋអាមេរិក​មួយរូប​ និង​ជា​ប្រធាន​គណៈកម្មការ​ទំនាក់ទំនង​អន្តរ​ជាតិ បាន​គាំទ្រ​ចំពោះ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក ​ដែល​បាន​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ ហិរញ្ញវត្ថុ​ ដែលច្បាប់នេះ​បាន​ជះ​ឥទ្ឋិពល​ដល់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​តម្លាភាព​លើ​វិស័យ​ប្រេង និង​ឧស្ម័ន ។

លោក​សុន ឆៃ ​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្គ​គណបក្ស​ប្រឆាំង​ បាន​ថ្លែង​ប្រាប់​អង្គ​សន្និសីទ​កា​សែត​នៅ​ថ្ងៃសុក្រនេះ​ថា​ ក្រុមហ៊ុន​ប្រេង ​ដែល​បាន​មក​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​ប្រកាសការ​បង់​កំរៃ​ផ្សេងៗ។ លោក​បាន​មាន​ប្រសាសន៍​ថា វា​គឺ​ជាការ​ល្អ​មួយ ដែល​ធ្វើ​ឲ្យ​មន្រ្តី​ដែល​ធ្លាប់​ទទួល​លាភសក្ការៈ​មាន​ការ​ប្រុង​ប្រយ័ត្ន។ លោក​ថ្លែង​ដូច្នេះថា៖

«យើង​អាច​ជួយ​ឲ្យ​ប្រាក់​ចំណូល​ដល់​ប្រទេស​ជាតិ​យើង គឺ​ថា​បាន​ចូល​ត្រឹម​ត្រូវ»។

កម្ពុជា​គ្រោង​នឹង​ចាប់​ផ្តើម​ធ្វើ​អាជីវម្ម​រ៉ែប្រេង​ និង​ឧស្ម័ន​នៅ​ឆ្នាំ២០១២​ខាងមុខ​នេះ ខណៈ​ដែល​ប្រទេសនេះ​កំពុង​ប្រឈម​នឹង​កង្វះខាត​ច្បាប់​សម្រាប់​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ ប្រេង​ និង​ឧស្ម័ន​ ប្រកប​ទៅ​ដោយ​តម្លាភាព ​និង​ប្រសិទ្ឋភាព​ ដើម្បី​ជៀសវាង​បណ្តាសា​ប្រេង​ ។

លោក ជាម យៀប ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា អ្នក​តំណាងរាស្រ្ត​តែងតែ​ត្អូញត្អែរ​អំពី​កង្វះ​យន្តការ​គ្រប់គ្រង​ការ​ធ្វើ​អាវីកម្ម​រ៉ែ​ប្រេង ​និង​ឧស្ម័ន​នៅ​ក្នុងពេលដែល​កម្ពុជា​ត្រៀម​ខ្លួន​បូម​យក​ប្រេង និង​ឧស្ម័ន​នៃ​ឆ្នាំ​២០១២។

លោក​សុន ឆៃ ​បាន​មាន​ប្រសាសន៍ថា ​ការ​រក​ចំណូល​បាន​មកពី​ប្រេង​ និងឧស្ម័ន​ គួរតែ​មាន​ច្បាប់​មួយ​គ្រប់គ្រង​ ដើម្បី​ធ្វើ​យ៉ាងណា​នៅពេល​ដែល​អស់​ប្រេង​មិន​អាច​ទាញ​យក​បាន​នោះ​ ចំណូលដែល​បាន​មកពី​ប្រេង និង​ឧស្ម័ននេះ​ អាច​ត្រូវ​បាន​យក​មក​ទ្រងទ្រង់​សេដ្ឋកិច្ច​កម្ពុជា ។ លោក​បន្ត​ថា៖

«ជា​មួលដ្ឋាន​ក្នុងការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​ ជាជាង​ឲ្យ​ចូល​ទៅ​ក្នុង​ហោប៉ៅ​ជន​ណា​មួយនោះ ​នេះជា​បំណង​របស់​យើង​ ហើយ​យើង​សង្ឃឹម​បាន​ផល​បែបហ្នឹង»។

កម្ពុជា​នៅ​ពុំទាន់​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្មប្រេង​ និង​ឧស្ម័ន​នៅឡើយ​ទេ ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ប្រេង និង​ឧស្ម័ន​ទាំងនេះ។​ រហូត​មកដល់​ពេលនេះ​ មាន​ក្រុមហ៊ុន​ចំនួន២៣​ ត្រូវបាន​ផ្តល់​សិទ្ឋិ​ឲ្យ​រុករក​ប្រេង និង​ឧស្ម័ន ក្នុង​សមុទ្រ​កម្ពុជា។ ក៏ប៉ុន្តែ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចាក់ចេញ​ពី​កម្ពុជា​ដោយសារ​តែ​ធនធាន​ប្រេង​ និង​ឧស្ម័ន​មិនអាច​អភិវឌ្ឍ​បាន​ក្នុង​លក្ខណៈ​ជា​ពាណិជ្ជកម្ម។

XS
SM
MD
LG