អត្ថាធិប្បាយជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងនឹងការតាំងចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះរវាងខ្មែរនិងខ្មែរ ទំនងជានាំឲ្យមានការសម្របសម្រួលនយោបាយចំពោះករណីលោកសម រង្ស៊ី។
នៅពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងជាសារធារណៈថា ទំនាស់នយោបាយរវាងខ្មែរ និងខ្មែរអាចដោះស្រាយជាមួយគ្នាបាននោះ មន្ត្រីផ្លូវការរបស់គណបក្សសម រង្ស៊ីបង្ហាញជំហរស្របគ្នា ដោយបានទទូចថា ដល់ពេលវេលាក្នុងការដោះស្រាយឲ្យលោកសម រង្ស៉ីបានចូលមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងក្នុងពេលបោះឆ្នោតខាងមុខនេះហើយ។ នេះបើតាមការអះអាង របស់លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីដែលបានថ្លែងប្រាប់VOA តាមទូរស័ព្ទកាលព្រហស្បតិ៍។
«យើងគាំទ្រចំពោះអ្នកនយោបាយដែលមានឆន្ទៈនយោបាយបង្រួមបង្រួមគ្នា សាមគ្គីភាពគ្នា ឯកភាពគ្នា ក្នុងចំណុចដែលបម្រើផលប្រយោជន៍ជាតិរបស់យើង ពីព្រោះយើងមិនចង់បង្កឲ្យមានភាពតានតឹងអ្វីទាំងអស់។ ដូច្នេះក្នុងនាមជាខ្មែរដូចគ្នាគណបក្សសម រង្ស៊ី គឺមិនចាត់ទុកខ្មែរណាម្នាក់ជាសត្រូវទេ គឺយើង ទាំងអស់គ្នាជាខ្មែរ។ យើងមានទស្សនៈនយោបាយខុសគ្នា ក៏ប៉ុន្តែយើងត្រូវធ្វើអ្វីដើម្បីបម្រើផលប្រយោជន៍ជាតិទាំងអស់គ្នា។ ដូច្នេះក្នុងគោលបំណងគោលការណ៍ ឯកភាពគ្នា សាមគ្គីភាពគ្នា អាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកហ្នឹងគឺជាគោលការណ៍ដើមរបស់គណបក្សសម រង្ស៊ីតាំងតែពីដើមមក»។
លោកយឹម សុវណ្ណថ្លែងយ៉ាងដូច្នេះ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងកាលពីថ្ងៃច័ន្ទ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់មន្ត្រីរាជការនៅសាលាភូមិន្ទ រដ្ឋបាល។ ពេលនោះលោក ហ៊ុន សែនបានលើកយកបញ្ហាលោកសម រង្ស៊ីដែលធ្លាប់មានដំណោះស្រាយតាមនយោបាយ ហើយនិងបានបញ្ជាក់ពីជំហរជាធំ របស់លោកគឺការដោះស្រាយដោយអហិង្សារវាងខ្មែរនិងខ្មែរដើម្បីកុំឲ្យខ្មែរបែក បាក់ ដូចក្នុងប្រវត្តិសាស្ត្រទៀត។ លោកបានថ្លែងដូច្នេះក្នុងពេលលោកផ្តាំផ្ញើ ដល់មន្ត្រីរាជការទាំងឡាយ ដែលត្រូវចេញទៅធ្វើការតាមក្រសួងមន្ទីរថ្នាក់ជាតិនិងមូលដ្នាន។
«ប៉ុន្តែអាហ្នឹងខ្ញុំចង់និយាយថា ការស្អីក៏ដោយ យើងមិនពេញចិត្តជាមួយគ្នាអ្វី ក៏ដោយ តែយើងត្រូវនិយាយគ្នា ល្អជាងកាប់ចាក់។ ល្អជាងការកាប់ចាក់។ អញ្ចឹងបានជាប្រទេសមួយៗត្រូវមានប្រជាធិបតេយ្យ ត្រូវមានសេរីពហុបក្ស ត្រូវផ្តល់ឲ្យគេបង្កើតគណបក្សនយោបាយ ត្រូវផ្តល់ឱកាសឲ្យគេបង្កើតអង្គការក្រៅរដ្ឋាភិបាលត្រូវផ្តល់ឲ្យគេមានសេរីភាពសារព័ត៌មាន វាជាការចាំបាច់»។
លោកសម រង្ស៉ីកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសដែលអន្តរជាតិនិងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ការរារាំងប្រធានគណបក្សជំទាស់ដ៏ធំជាងគេមិនឲ្យចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជាតិជ្រើសរើសសមាជិកសភានៅក្នុងឆ្នាំ២០១២និង២០១៣ នឹងនាំឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ ប្រធានគណបក្សជំទាស់នេះបាននិរទេសខ្លួន បន្ទាប់ពីលោកដកបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តស្វាយរៀងកាលពីចុងឆ្នាំ២០០៩ ដែលនាំឲ្យមានការកាត់ទោសលោកជាប់គុក១២ឆ្នាំ។
លោកយឹម សុវណ្ណបានចាត់ទុកថា ទង្វើរបស់លោកសម រង្ស៊ីជាទង្វើស្នេហាជាតិរារាំងកុំឲ្យបរទេសរំលោភបំពានទឹកដី។ ហើយគណបក្សសម រង្ស៊ី ក្នុងលិខិតជាផ្លូវការថ្មីៗនេះ បានស្នើសុំឲ្យមេដឹកនាំគណបក្សគ្រប់គ្រងប្រទេសពិចារណា។ ក៏ប៉ុន្តែ លោកសុវណ្ណបានអះអាងថា មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសមានសកម្មភាពផ្ទុយពីការនិយាយទាក់ទងនឹងករណីលោកសម រង្ស៊ី ដែលគួរត្រូវមានការដោះស្រាយជាមួយគ្នា។
«នេះសឲ្យឃើញថា ពាក្យសំដីដែលសម្តេចលោកលើកឡើង ហើយនឹងទង្វើជាក់ស្តែងវាខុសគ្នា។ បើសិនជាគណបក្សប្រជាជនចង់សម្តែងនូវឆន្ទៈដោះស្រាយបញ្ហា ខ្ញុំថា វាសមល្មមនឹងដោះស្រាយហើយ។ ហើយម៉្យាងទៀត ការបោះឆ្នោត វាខិតជិតមកដល់»។
លោកជាម យៀប ដែលជាសមាជិកសភានិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងជាលក្ខណៈផ្ទាល់ខ្លួនថា អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺអាចនិយាយយោងទៅដល់ការដោះស្រាយរឿងករណីលោកសម រង្ស៊ី ដែលបានប្រព្រឹត្តរឿងដកបង្គោលព្រំដែន។ លោកជាម យៀបអះអាងថា ការសម្របសម្រួលគឺផ្អែកលើលោកសម រង្ស៊ីខ្លួនលោកទេ។
«លោកសម រង្ស៊ីត្រូវជាប់គុកមិនដឹងប៉ុន្មានដងទេ។ ហើយគាត់ត្រូវព្យួរអភ័យ ឯកសិទ្ធិមិនដឹងប៉ុន្នានដងហើយទេ។ កន្លងទៅមានការអត់ឱនទោសដោយសារ សម្តេចនាយករដ្ឋមន្ត្រី លោកមានមនោសញ្ចេតនាក្នុងនាមជាខ្មែរហ្នុងហើយ ដែលគាត់បានមកកម្ពុជាវិញនោះ។ តែយើងខ្ញុំសុំជម្រាបថា គាត់ហ្នឹងរពិះដៃចង្រៃ ខ្លួន រពិះអណ្តាតចង្រៃខ្លួនឯង។ គាត់ប្រព្រឹត្តបទល្មើស ហើយគាត់ត្រូវទទួល ទោសទណ្ឌតាមហ្នុង តែគាត់មិនព្រមធ្វើឲ្យគេអាណិតអាសូរទេ។ បើគាត់ទោ ទន់ខ្លះទៅមានស្អី»។
លោកជាម យៀបបានខឹងសម្បារនឹងការប៉ុនប៉ងដាក់ពាក្យបណ្តឹងរបស់លោកសម រង្ស៊ីនៅឯតុលាការបរទេសរឿងកេណ្ឌពលរដ្ឋធ្វើទាហាន ក៥ក្នុងទសវត្ស ៨០។ លោកបានចាត់ទុកថា ពាក្យបណ្តឹងរបស់លោកសម រង្ស៊ីមិនត្រឹមត្រូវទេ។
លោកយឹម សុវណ្ណស្វាគមន៍ចំពោះការគំរាមបញ្ចេញឯកសារសម្ងាត់ផ្សេងទៀតទាក់ទងនឹងគណបក្សសម រង្ស៊ី ដូចករណីលោកកឹម សុខា។ លោកយឹម សុវណ្ណជំរុញឲ្យមានការបញ្ចេញឲ្យកាន់តែឆាប់ ដោយអះអាងថា ដើម្បីបញ្ចប់បញ្ហាឲ្យបានឆាប់។ លោកបានអះអាងថា លោកសម រង្ស៊ីបានដាក់ពាក្យបណ្តឹងនៅបរទេសប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែប្រធានរបស់លោកមិនទាន់បានប្រកាសជាផ្លូវការថា លោកបានដាក់ពាក្យប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបទល្មើសអ្វី ហើយនៅប្រទេសណាទេ។
ពេលនេះលោកសម រង្ស៊ីកំពុងស្ថិតនៅស.រ.អា. ដែលលោកបានអះអាងថា លោកបានដាក់ពាក្យប្តឹងលោកហ៊ុន សែនពីបទឧក្រិដ្ឋមួយចំនួន។
ទោះជាយ៉ាងណាក៏ដោយ លោកគល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះ ឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែលបានចាត់ទុកថា អត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអាចនឹងនាំឲ្យមានដំណោះស្រាយផ្នែកនយោបាយ។ លោកបង្ហាញក្តីសង្ឃឹមថា បញ្ហាលោកសម រង្ស៊ីនឹងអាចដោះស្រាយបាន ដោយ សារថា អ្នកនយោបាយក្នុងប្រទេសកម្ពុជានឹងបង្ហាញពីភាពចាស់ទុំថែមទៀត ចំពោះសិទ្ធិបញ្ចេញមតិខាងនយោបាយស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
«អាហ្នឹងជាដំណើរការនៃវប្បធម៌ ឬក៏ទម្លាប់មួយល្អសម្រាប់អ្នកនយោបាយក្នុងការស្រុះស្រួលគ្នា ហើយនឹងអត់ឱនឲ្យគ្នាខាងនយោបាយហ្នឹង»។
លោកគល់ បញ្ញាបានបន្ថែមថា បទពិសោធន៍កន្លងមកមានបញ្ហាធ្ងន់ធ្ងរជាង ពេលនេះផង តែអ្នកនយោបាយកម្ពុជានៅតែអាចដោះស្រាយបាន។ លោកបញ្ញាបានអះអាងថា ករណីលោកសម រង្ស៊ីជាករណីបញ្ចេញមតិខាងនយោបាយ មិនមែនជាករណីឧក្រិដ្ឋកម្មទេ៕