ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​គាំទ្រ​ចិន​ក្នុង​ជម្លោះ​ជាមួយ​វៀតណាម


បាតុករ​វៀតណាម​គ្រវី​​ទង់ជាតិ​វៀតណាម​ក្នុង​ពេល​​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។
បាតុករ​វៀតណាម​គ្រវី​​ទង់ជាតិ​វៀតណាម​ក្នុង​ពេល​​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។

នៅ​ថ្ងៃសុក្រ​នេះ​សមាជិក​សភា​គណបក្ស​សម រង្ស៊ី ​បាន​ប្រកាស​គាំទ្រ​ប្រទេស​ចិន​ក្នុង​រឿង​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​បាន​រិះគន់​ប្រទេស​វៀតណាម​ចំពោះ​ការ​បង្ក​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ចិន​ដែល​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិភាពនិង​សន្តិសុខ​នៅក្នុង​តំបន់។

សេចក្តី​ថ្លែងការណ៍​របស់​សមាជិក​សភា​គណបក្ស​សម រង្ស៊ី ​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​គណបក្ស​សម រង្ស៊ី ​ដោយ​និយាយ​ថា​តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី ​ចំនួន​២៨​រូប ​រួមមាន​សមាជិក​រដ្ឋសភា​ចំនួន​២៦​រូប​ និង​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប បាន​សម្តែង​ការ​គាំទ្រ​និង​សាមគ្គីភាព​ជាមួយ​ប្រទេស​ចិន​នៅ​ចំពេល​ដែល​មិត្តភក្តិ​ដ៏​មហិមា​ និង​សម្ព័ន្ធមិត្ត​របស់​កម្ពុជា​កំពុង​ការពារ​អធិបយ្យេភាព​របស់​ខ្លួន​យ៉ាង​ត្រឹមត្រូវ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួមមាន​ទី​ប្រជុំ​កោះ​ស្ព្រាតលី​ និង​ទីប្រជុំកោះ​ប៉ារ៉ាសែល។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា​ យើង​បរិហារ​និង​ថ្កោលទោស​ការ​ក្រអឺត​ក្រទម​និង​ការ​អះអាង​ដោយគ្មាន​ហេតុផល​របស់​ប្រទេស​វៀតណាម​ចំពោះ​ទឹកដី​នានា​ដែល​ជា​កម្មសិទ្ធិ​របស់​បណ្តា​ប្រទេស​ជិត​ខាង។

សេចក្តី​ថ្លែងការណ៍​នេះ​ បាន​បន្ថែមថា​ការ​រំលោភ​ជាបន្ត​លើ​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​ដោយ​ពួក​វាតទី​និយម​វៀតណាម​ ហើយ​តួនាទី​ល្មោភ​សង្គ្រាម​របស់​ទីក្រុង​ហាណូយ​កំពុងតែ​អនុវត្ត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បង្ក​ការគំរាម​កំហែង​ដល់​សន្តិភាព​ និង​សន្តិសុខ​នៅក្នុង​តំបន់។

នៅថ្ងៃ​ទី​២៧ខែ​មករាឆ្នាំ២០១០​ តុលាការ​ខេត្ត​ស្វាយរៀង​ បាន​កាត់ទោស​លោក​ សម រង្ស៊ី ​មេដឹកនាំ​ គណបក្ស​ប្រឆាំង​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ពីរឆ្នាំ​អំពី​បទ​ចោទប្រកាន់​រឿង​ការ​ញុះញង់​ឱ្យមាន​ការ​រើសអើង​ជាតិសាសន៍​និង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀត​ណាម។ ហើយនៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០១០​ តុលាការ​ក្រុងភ្នំពេញ​ បាន​កាត់ទោស​ឱ្យ​លោក ​សម រង្ស៊ី ​ជាប់​ពន្ធនាគារ​ចំនួន​ដប់ឆ្នាំ​អំពី​បទ​ចោទ​ប្រកាន់​រឿង​ផ្សាយ​ព័ត៌មាន​មិនពិត​និង​ផែនទី​ក្លែងក្លាយ​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀត​ណាម។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បន្តថា​ យើង​អំពាវនាវ​ដល់​ប្រទេស​វៀណាម​ឱ្យ​បញ្ឈប់​ការ​បង្ក​ភាព​តានតឹង​ដោយ​ធ្វើ​សមយុទ្ធ​យោធា​ដែល​បង្ករឿង​ហេតុ​ និង​បញ្ឈប់​ការ​ប្រើប្រាស់​តួនាទី​បច្ចុប្បន្ន​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ដើម្បី​ព្យាយាម​ធ្វើ​អន្តរជាតិតូបនីយកម្ម​ជម្លោះ​ណាមួយ​ ដែល​ទីក្រុង​ហាណូយ​ចង់​ធ្វើឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ផែនទី​នេះ​បង្ហាញ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូងនិង​ខ្សែ​ព្រំដែនផ្សេងៗ​គ្នា​ដែល​ទាមទារ​ដោយ​ប្រទេសប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​វៀតណាម។
ផែនទី​នេះ​បង្ហាញ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូងនិង​ខ្សែ​ព្រំដែនផ្សេងៗ​គ្នា​ដែល​ទាមទារ​ដោយ​ប្រទេសប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វ៊ីលីពីន និង​វៀតណាម។

លោកស្រី ង៉ូ ធីហួរ (Ngo Thi Hoa) ​អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែង​ថា​ លោកស្រី​បាន​ឮ​អំពី​ព័ត៌មាន​នេះ​ដែល​លោកស្រី​មិនទាន់​បាន​អាន​របាយការណ៍​នេះ​នៅឡើយ​ទេ។ ដូច្នេះ​លោកស្រី​មិនមាន​ ការអត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេ។

លោក ​កុយ គួង​ អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ថ្លែង​ថា​ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​នេះ ​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ​ពីព្រោះ​នេះ​ជា​របស់​គណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ។ វា​មិនមែន​ជា​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទេ៖

«ជំហរ​កម្ពុជា​យើង​គឺ​សុំឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ BOC​ សេចក្តី​ថ្លែងការណ៍​ស្តីពី​ក្រម​ប្រតិបត្តិ​របស់​ភាគី ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ពីព្រោះ​ថា​ អាស៊ាន​ និង​ចិន មាន​ទំនាក់​ទំនង​ និង​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងល្អ​នាពេល​បច្ចុប្បន្ន​នេះ»។

លោក ​កុយ គួង ​បាន​បន្ត​ថា​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ គឺ​ជា​ជម្លោះ​ទាក់ទង​នឹង​អធិបតេយ្យភាព​រវាង​ប្រទេស​ចិន ​វៀត​ណាម ​ហ្វ៊ីលី​ពីន​ ម៉ាឡេស៊ី ​និង​ប្រ៊ុយណេ៕

XS
SM
MD
LG