តាមរយៈសន្និសីទវីដេអូជាមួយសមាជិកគណបក្សសម រង្ស៊ី ប្រចាំរាជធានីភ្នំពេញកាលថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅក្រៅប្រទេសបានព្រមានថានឹងដឹកនាំធ្វើមហាបាតុកម្មមួយ ដើម្បីរកដំណោះស្រាយឲ្យក្រុមកម្មកររោងចក្រមិថុនា។ លោកសម រង្ស៊ី ថ្លែងតាមរយៈសន្និសីទវីដេអូយ៉ាងដូច្នេះថា៖
«ត្រូវប្រមូលកម្មកររោងចក្រមិថុនាទាំងអស់ ប្រមូលកម្មកររោងចក្រនានាដែលចង់សម្តែងសាមគ្គីភាពដល់រោងចក្រមិថុនា អ្នករងគ្រោះទាំងអស់។ យើងត្រូវធ្វើបាតុកម្មមួយទៅមុខស្ថានទូតអាមេរិក»។
ការប្រកាសធ្វើមហាបាតុកម្មរបស់លោកសម រង្ស៊ី បានធ្វើឡើងបន្ទាប់ពីក្រុមកម្មករកម្មការីនីនៃ រោងចក្រកាត់ដេរសម្លៀកបំពាក់មិថុនាបានធ្វើកូដកម្មអស់រយៈពេលជាងមួយខែមកហើយ ដើម្បីទាមទារ ថៅកែរោងចក្រឲ្យបើកប្រាក់អតីតភាពការងាររបស់ពួកគេ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមកម្មករបានសម្រេចបិទកំណាត់ផ្លូវសហព័ន្ធរុស៊្សី ដែលមានទីតាំងនៅពីមុខរោងចក្រមិថុនា ដែលធ្វើឲ្យចរាចរបានកកស្ទះជាច្រើនម៉ោង។ ក៏ប៉ុន្តែក្រោយមកប៉ូលីសប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ ព្រមទាំងឧស្ម័នបង្ហូរទឹកភ្នែកបានវាយបំបែកក្រុមកម្មករ។ នេះបើតាមការអះអាងរបស់សាក្សីដែលបានឃើញផ្ទាល់ភ្នែក និងមន្រ្តីការពារសិទ្ធិមនុស្ស។ យ៉ាងតិចមានក្រុមកម្មករចំនួនពីរនាក់ត្រូវបានប៉ូលីសចាប់ខ្លួន ហើយក្រោយមកបានដោះលែងវិញបន្ទាប់ពីក្រុមកម្មករនៅព្រឹកថ្ងៃច័ន្ទនេះបានទៅតវ៉ានៅពីមុខស្នងការប៉ូលីសក្រុងភ្នំពេញ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ថា ការធ្វើមហាបាតុកម្មនេះគឺ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល ក៏ដូចជាថៅកែរោងចក្រឲ្យបញ្ឈប់ការធ្វើទារុណកម្ម និងផ្តល់ប្រាក់អតីតភាពដល់ក្រុមកម្មករ។
ក្រុមកម្មករនៅរោងចក្រមិថុនាមួយចំនួនបាននិយាយថា ប្រសិនណាបើលោកសម រង្ស៊ី ដឹកនាំធ្វើ មហាបាតុកម្មពួកគេនឹងចូលរួមពីព្រោះការទាមទារអស់រយៈពេលមួយខែប្រាំបីថ្ងៃកន្លងមកនេះ មិនទទួលបានលទ្ធផលទេ។ កម្មកររោងចក្រម្នាក់បានប្រាប់វីអូអេថា៖
«ប្រហែលជាចូលរួម។ មិនដឹងយ៉ាងម៉េចដែរ ខ្ញុំវាមិនទាន់ដឹងដែរពីព្រោះខ្ញុំធ្វើកូដកម្មអត់មានខុសច្បាប់ទេ។ អញ្ចឹងកម្មករខាងខ្ញុំទាំងអស់គ្នាត្រូវតែចូលរួម។ ខ្ញុំដឹងថា ជាគណបក្សប្រឆាំងហើយ តែនៅតែចូលរួម ព្រោះដើម្បីលុយពួកខ្ញុំ»។
រោចក្រកាត់ដេរសម្លៀកបំពាក់មិថុនា ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញបាន បិទទ្វារមួយរយៈ បន្ទាប់ពីភ្លើងឆាប់ឆេះកាលពីចុងខែមីនា ហើយក្រោយមកក្រុមកម្មករបានបន្តធ្វើកូដកម្ម ដើម្បីទាមទារប្រាក់អតីតភាពការងាររហូតមកដល់បច្ចុប្បន្ននេះ។
លោកខៀវ សាវុធ អនុប្រធាននាយកដ្ឋានវិវាទការងាររបស់ក្រសួងការងារ បានមានប្រសាសន៍ថា ជម្លោះនេះក្រសួងការងារ បានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយហើយ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«យើងបានដោះស្រាយសម្របសម្រួលហើយ តែនៅមិនសះជាគ្នា។ ក៏ប៉ុន្តែឥឡូវ តាមរយៈឯកឧត្តមរដ្ឋមន្រ្តីដាក់ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយបន្ត»។
លោក អ៊ី សំភី ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនងនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលបានមាន ប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងរួចហើយ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបើកសវនាការ នៅថ្ងៃអង្គារ៍។ លោកថ្លែងថា៖
«និយាយទៅ បើតាមនីតិវិធីគឺទាក់ទងទៅសំណុំរឿងហ្នឹង ក្រុមប្រឹក្សាអាជ្ញាកណ្តាល គាត់នឹងចេញសេចក្តីបង្គាប់នៅក្នុងខែ៦ (ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១១)»។
លោក មឿង តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា ថៅកែរោងចក្រត្រូវតែផ្តល់សំណងជំងឺចិត្តដល់ក្រុមកម្មករ។ លោកបន្តទៀតថា៖
«សម្រាកប្រចាំឆ្នាំវាមានដប់ប្រាំបីថ្ងៃ ក្នុងមួយឆ្នាំ។ អញ្ចឹងក្នុងរយៈពេលមួយឆ្នាំចុងក្រោយកម្មករ គាត់អត់បានប្រើប្រាស់អស់ទេ គេត្រូវទូទាត់ជាប្រាក់វិញ»។
លោក មឿង តុលា បានមានប្រសាសន៍ទៀតថា ការដឹកនាំធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំង គឺជារឿងល្អមួយ ក៏ប៉ុន្តែមិនមែនជាដំណោះស្រាយទេ៕