គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជានឹងធ្វើការពិភាក្សាអំពីការបង្រួបបង្រួមគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សសម្រាប់ ការបោះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ។ គណបក្សសិទ្ធិមនុស្សចង់ឱ្យគណបក្សទាំងពីររួមបញ្ចូលគ្នានៅក្រោមគណបក្សសម្ព័ន្ធភាពថ្មីមួយ។ ប៉ុន្តែគណបក្សសម រង្ស៊ីចង់ឱ្យមានការបង្រួបបង្រួមជាមួយគណបក្សសិទ្ធិមនុស្សដោយរក្សាទុកឈ្មោះគណបក្សសម រង្ស៊ីដដែល។ អ្នកសង្កេតការណ៍បាននិយាយថាសម្ព័ន្ធភាពរវាងគណបក្សទាំងពីរនេះទំនងជាមិនអាចកើតឡើងបានទេ។
ក្រុមការងារនៃគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងចាប់ផ្តើមធ្វើការចរចាគ្នាអំពីការបង្រួបបង្រួមគណបក្សទាំងពីរនៅសប្តាហ៍ក្រោយ ដើម្បីឱ្យក្លាយទៅជាចលនាប្រជាធិបតេយ្យសម្រាប់ប្រកួតប្រជែងជាមួយគណបក្សគ្រប់គ្រងអំណាច CPP នៅក្នុងការបោះឆ្នោតខាងមុខនេះ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានថ្លែងប្រាប់វីអូអេនៅថ្ងៃសុក្រនះថា ក្រុមការងារនៃគណបក្សទាំងពីរដែលមានសមាជិក៥រូបមកពីភាគីនីមួយៗ នឹងធ្វើការចរចាគ្នា ដើម្បីស្វែងរកចំណុចរួមក្នុងការបង្រួបបង្រួមគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
«គោលជំហររបស់គណបក្សសិទ្ធិមនុស្សដាក់ជូនក្រុមការងាររបស់គណបក្សសិទ្ធិមនុស្ស ដើម្បីជួបចរចាជាមួយក្រុមការងាររបស់គណបក្សសម រង្ស៊ី ស្នើសុំពិភាក្សាជាបឋមទីមួយអំពីគោលការណ៍បង្រួបបង្រួមគ្នា ទីពីរអំពីនីតិវិធីនៃការបញ្ចូលគ្នា និងទីបីអំពីពេលវេលានៃការបង្រួបបង្រួមគ្នា។»
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានបញ្ជាក់ថាក្រុមការងារនៃគណបក្សទាំងពីរនឹងអាចចាប់ផ្តើមធ្វើការចរចានៅថ្ងៃទី១០ខែកុម្ភៈ។
«សំខាន់បំផុត គណបក្សសម រង្ស៊ី ផ្តោតអារម្មណ៍ទៅលើរូបមន្តពីរដែលលោកសម រង្ស៊ីបានរំឭកនៅក្នុងលិខិតផ្ញើជូនលោកកឹម សុខា កាលពីថ្មីៗនេះ។ យើងត្រូវតែមានគណបក្សរួមមួយដែលមានឈ្មោះថាគណបក្សសម រង្ស៊ី និងការបែងចែកតួនាទី និងភារកិច្ច ដើម្បីទទួលខុសត្រូវក្នុងការរៀបចំគណបក្ស ដើម្បីឱ្យទទួលបានជ័យជម្នះនៅក្នុងពេលខាងមុខ។»
លោកកឹម សុខា បានបញ្ជាក់ថាជំហររបស់គណបក្សសិទ្ធិមនុស្សនឹងមិនចូលរួមនៅក្នុងសម្ព័ន្ធភាពថ្មីមួយជាមួយគណបក្សសម រង្ស៊ីទេ បើគណបក្សមួយរំលាយចូលទៅក្នុងគណបក្សមួយទៀតនោះ។
លោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតដោយឯករាជ្យ និងមិនលម្អៀង (NICFEC) បានថ្លែងថា បើគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមានឆន្ទះពិតប្រាកដ ដើម្បីបង្កើតសម្ព័ន្ធភាព វានឹងអាចកើតមានបាន ទោះបីជានៅមានការខ្វែងគំនិតគ្នាមួយចំនួនដែលពាក់ព័ន្ធនឹងឈ្មោះគណបក្ស និងតួនាទីនៅក្នុងគណបក្សសម្ព័នភាពក៏ដោយ។
«បើយើងមើលទៅតួលេខ និងផលចែកទៅតាមរូបមន្ត សំណល់របស់គណបក្សទាំងពីររួមបញ្ចូលគ្នាទៅអាចបង្កើនអាសនៈបន្ថែមទៀត។ អញ្ចឹង ខ្ញុំគិតថាបើគណបក្សទាំងពីរមានការរួមគ្នា គណបក្សទាំងពីរអាចនឹងទទួលបានអាសនៈច្រើនជាងអ្វីដែលយើងបានឃើញសព្វថ្ងៃនេះ។»
លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព បានថ្លែងថាសម្ព័ន្ធភាពរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សមិនអាចកើតឡើងបានទេ ពីព្រោះគណបក្សទាំងពីរបានចែកផ្លូវគ្នាដើរ ឬ បែងចែកផលប្រយោជន៍ និងតួនាទីដឹកនាំនៅក្នុងគណបក្ស។
«គណបក្សទាំងអស់ត្រូវការរួបរួមទៅកាន់អ្នកបោះឆ្នោតជាជាងការគិតពីតួនាទី។ បើគណបក្សទាំងពីរគិតពីតួនាទី និងឋានៈនោះ គណបក្សទាំងពីរមិនអាចរួបរួមគ្នាកើត។ វាមិនមែនតួនាទីនិងតំណែងនៅក្នុងគណបក្សដែលពុះជ្រៀកចែកគ្នា កំណត់អំពីជោគជ័យនៃការបោះឆ្នោតទេ។ សំខាន់បំផុត សារច្បាស់លាស់មួយទៅកាន់អ្នកបោះឆ្នោត។ ថាតើអ្នកណាដើរតួនាទីបានល្អជាងគេក្នុងការទាក់ទាញអ្នកបោះឆ្នោត និងស្វះស្វែងរកសំឡេងឆ្នោត ដើម្បីគាំទ្រដល់សម្ព័ន្ធភាព។ អាហ្នឹងវាសំខាន់ជាងការគិតពីតំណែង។»
គណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីកំពុងព្យាយាមរកមធ្យោយបង្កើតសម្ព័ន្ធភាព ខណៈដែលព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិកំពុងព្យាយាមទាក់ទាញអតីតសហការីរបស់ព្រះអង្គនៅក្នុងគណបក្សហ៊្វុស៊ិនប៉ិចឱ្យធ្វើការរួបរួមគ្នានៅក្នុងគណបក្សតែមួយវិញ៕