ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​រឿងក្តី​ចប់​តាម​ដំណោះ​ស្រាយ​នយោបាយ


ភ្នំពេញ៖លោក​សុន ឆៃ​ ប្រធាន​ក្រុមអ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ប្រាថ្នា​ចង់​ឲ្យ​រឿងក្តី​លោក​ សម រង្ស៊ី​ និង​លោក​ស្រី​ មួរ សុខហួរ​ បញ្ចប់​តាម​រយៈ​ការ​ចរចា​ផ្នែក​នយោបាយ​ជា​ជាង​ផ្លូវ​តុលាការ។​ ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​តុលាការ​បង្គាប់​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់ខែ​លោកស្រី​មួរ សុខហួរ ​ក្រោយ​ពី​លោក​ស្រីបាន​ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ចំណែក​លោក​ សម រង្ស៊ី​ កំពុង​ស្នាក់​នៅ​ឯក្រៅ​ប្រទេស​ក្រោយពី​រឿង​ក្ដី​ទាក់ទង​នឹង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

លោក​សុន ឆៃ បាន​ថ្លែង​ប្រាប់​VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​នៅថ្ងៃ​អង្គារ​នេះ​ថា​ លោក​ប្រាថ្នា​ចង់​ឲ្យ​រឿង​ក្តីក្តាំ​របស់​លោក​សម រង្ស៊ី ​និង​លោក​ស្រី​មួរ សុខហួរ​បញ្ចប់​ទៅ​តាម​រយៈ​ការ​ចរចា​ផ្នែក​នយោបាយ​ជាជាង​បន្ត​រឿង​នេះ ​នៅ​ក្នុង​ក្តីក្តាំ​ប្រព័ន្ធ​តុលាការ។

ការ​លើក​ឡើង​របស់​លោក​សុន ឆៃ ​នេះ ​បាន​កើត​មាន​ឡើង​ ក្រោយ​ពី​លោកស្រី​មួរ សុខហួរ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់ខែ​ ​បន្ទាប់​ពី​លោកស្រី​បាន​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ទាំង​បី​ថ្នាក់​ពី​បទ​បរិហារកេរ្តិ៍​ ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​១៦,៥​លាន​រៀល។

ចំណែក​លោក​សម រង្ស៊ី ​ដែល​កំពុង​ស្នាក់នៅ​ឯ​បរទេស​អស់​រយៈពេល​ជាង​ប្រាំមួយ​ខែ​មកហើយ ក្រោយពី​លោក​ត្រូវ​បាន​តុលាការក្រុង​ស្វាយរៀង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​និង​ ពិន័យ​ជា​ប្រាក់​ជាមួយ​និង​ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​រូប​ផ្សេង​ទៀត។ ប្រាក់​ពិន័យ​នេះ​មាន​ចំនួន​ជាង​៦៣​លាន​រៀល​ ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នូវ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម ​និង​ញុះញុង​ឲ្យ​មាន​ការ​រើសអើង​ជាតិ​សាសន៍។

លោក​សុន ឆៃ ​បាន​បង្ហាញ​ពី​យោបល់​ផ្ទាល់ខ្លួន​របស់​លោក​ថា​ លោក​ចង់​ឲ្យ​រឿង​ក្តី​នេះ​បញ្ចប់​ឲ្យ​បាន​ឆាប់រហ័ស​ តាមរយៈ​ការ​ជជែក​ផ្ទៃក្នុង​ជាជាង​ផ្លូវ​តុលាការ។

លោក​សុន ឆៃ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​កន្លង​មក​រឿង​ក្តីក្តាំ​របស់​លោក​សម រង្ស៊ី ​និង​រឿង​ក្តីក្តាំ​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការ​ចរចា​ផ្ទៃក្នុង។

«ជា​យោបល់​ផ្ទាល់ខ្លួន​ខ្ញុំ ​ខ្ញុំ​ថា ​ត្រូវតែ​បញ្ចប់​រឿង​នេះ​ ​អត់​មាន​ប្រយោជន៍​អី​ទៅដល់​ប្រទេស​ជាតិ​ ហើយ​យើង​ត្រូវ​រក​វិធី​ផ្សេង​ទៀត​ ក្នុងការ​ជួយ​ទៅ​ដល់​ការ​លំបាក​របស់​ប្រទេស​ជាតិ​របស់​យើង​ប្រសើរជាងបាទ»។

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​បង្ហាញ​ពី​ជំហរ​ស្ទាក់ស្ទើរ​នៅ​ឡើយ​ក្នុង​ការ​គាំទ្រគំនិត​ផ្តួចផ្តើម​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ​រឿង​ក្តីក្តាំ​របស់​លោក​សម រង្ស៊ី​ និង​លោកស្រី​មួរ សុខហួរ ​នៅក្នុង​ដៃ​របស់​តុលាការ។ ដូច្នេះ​ទុក​លទ្ធភាព​ឲ្យ​រឿង​ក្តីនេះ​ ទៅ​តាម​នីតិ​វិធី​ តាម​ផ្លូវច្បាប់​ទៅចុះ។

«ចំពោះ​រឿង​ហ្នឹង ​វា​ផុត​ពី​រឿង​រដ្ឋាភិបាល​ហើយ គឺ​រឿង​រវាង​ច្បាប់​ ​អ្នក​ទទួល​បន្ទុក ​និង​អ្នក​ដោះ​ស្រាយ​បន្ទុក​តាមរយៈ​សាលដីកា ​ឬ​សាលក្រម​របស់​តុលាការ ​មិន​មែន​រឿង​រាជរដ្ឋាភិបាល​លូកដៃ​ លូកជើង​នៅក្នុង​រឿង​នេះទេ​ ​ពីព្រោះ​យើង​អ្នក​គោរព​ស្ថាប័ន​ឯករាជ្យ​ មាន​នីតិ​ប្បញ្ញត្តិ​ នីតិ​ប្រតិបត្តិ​ និង​តុលាការ»។

ចំណែក​លោកស្រី​មួរ សុខហួរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​សុន ឆៃ​ទេ។​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ ជំហរ​របស់​លោក​ស្រី​មិន​ផ្លាស់ប្តូរ​ទេ។ ​លោក​ស្រី​ចង់​ឲ្យ​ប្រព័ន្ធ​ តុលាការ​ខ្មែរ​មាន​ភាព​អព្យាក្រឹត​ដល់​ប្រជា​ពល​រដ្ឋ​ទូទៅ។

«​ខ្ញុំ​ចង់​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ឯករាជ្យ​ ​មិនមែន​ជា​ឧបករណ៍​នយោបាយ​ ហើយ​ជា​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ប្រជា​ពល​រដ្ឋ​អាច​ប្រើបាន»។

លោក​ចាន់ សូវ៉េត ​មន្រ្តី​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​ADHOC​ វិញ​ បាន​មាន​ប្រសាសន៍​ថា​ ​សព្វថ្ងៃ​អ្នក​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​ឲ្យ​ច្បាប់​អស់​ប្រសិទ្ធិ​ភាព​ និង​អស់​ឥទ្ធិពល​ដល់​ការ​ជឿជាក់​របស់​ប្រជា​ពលរដ្ឋ។

លោក​បាន​មានប្រសាសន៍​ថា​ ​ការ​លើក​ឡើង​របស់​លោក​សុន ឆៃ គឺជា​ការ​ល្អ​មួយ​ ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ អាច​អនុវត្ត​ទៅបាន៕

XS
SM
MD
LG