អ្នកក្រុងភ្នំពេញដែលអះអាងថា បានទទួលរងការឈឺចាប់ដោយរបបខ្មែរក្រហមបានលើកឡើងនៅថ្ងៃសុក្រនេះថា ពួកគេកំពង់តែរង់ចាំយុត្តិធម៌ពីការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់បំផុតខ្មែរក្រហមចំនួនបួននាក់នៅក្នុងសំណុំរឿង០០២។
សាលាក្ដីខ្មែរក្រហមគាំទ្រដោយអង្គការសហប្រជាជាតិគ្រោងនឹងបើកសវនាការបឋមចំនួនបួនថ្ងៃកាត់ទោសជនជាប់ចោទទាំងបួននាក់នៅថ្ងៃទី២៧រហូតទៅដល់ថ្ងៃទី៣០ខែមិថុនាខាងមុខ។ ការកាត់ទោសពេញអង្គចំពោះពួកគេអាចនឹងប្រព្រឹត្តិទៅក្នុងអំឡុងខែសីហាឆ្នាំ២០១១នេះ។
ជនសង្ស័យទាំងបួននាក់រួមមានខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ នួន ជាអតីតប្រធានសភាកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចកម្ពុជាប្រជាធិបតេយ្យ។
ថ្លែងនៅក្នុងពិធីកាន់ទុក្ខនៃជនរងគ្រោះដោយរបបខ្មែរក្រហមដែលត្រូវបានប្រារព្ធឡើងនៅសារមន្ទីរបឹងជើងឯកជាយក្រុងភ្នំពេញ តំណាងប្រជាពលរដ្ឋក្រុងភ្នំពេញម្នាក់ក្នុងចំណោមអ្នកចូលរួមប្រមាណជា៣.០០០នាក់ បានប្រកាសថា ការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងនេះនឹងក្លាយទៅជាប្រវត្តិសាស្រ្ដសម្រាប់ជនរងគ្រោះ។
«ក្នុងសំណុំរឿង០០២ពិតជាផ្ដល់នូវឱកាសដ៏សំខាន់ជាប្រវត្តិសាស្ដ្រមួយក្នុងការបង្ហាញឲ្យឃើញថា របបកម្ពុជាប្រជាធិបតេយ្យបានធ្វើការសម្រេចចិត្តដ៏ល្ងង់ខ្លៅដែលបង្កឲ្យមានការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនកម្ពុជាប្រមាណជាងបីលាននាក់»។
ទិវាកាន់ទុក្ខនៃជនរងគ្រោះដោយរបបខ្មែរក្រហមនៅថ្ងៃទី២០ឧសភានេះត្រូវបានស្គាល់ថា ជាទិវាចងកំហឹងដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់ត្រូវចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិនិងប្រល័យពូជសាសន៍។ ការចោទប្រកាន់ទាំងនេះទាក់ទងទៅនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន១,៧លាននាក់ក្នុងអំឡុងពេលដែលពួកគេកាន់អំណាចចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោក ទឹម ហូ អាយុ ៧៥ ឆ្នាំ គឺជាអ្នកក្រុងភ្នំពេញម្នាក់ដែលមានដើមកំណើតពីខេត្តកំពង់ចាម។ លោកមានប្រសាសន៍ថា លោកចង់ឃើញអតីតមេដឹកនាំខ្មែរក្រហមទាំងបួននាក់ត្រូវបានផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត។
«បងប្អូនខ្ញុំស្លាប់អស់១៥គ្រួសារ។ ការឈឺចាប់ជាមួយពួកអាខ្មែរក្រហមនេះរកអ្វីប្រៀបមិនបានទេ។ ចង់តែឲ្យដាក់ទោសពួកវាឲ្យបានច្រើនឆ្នាំ បើដាក់ទោសតិចឆ្នាំមិនសូវសប្បាយចិត្តទេ»។
ទោះជាយ៉ាងណាក៏ដោយក៏លោក ឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមមានប្រសាសន៍ថា ការសម្រេចដាក់ទោសទៅលើជនសង្ស័យ គឺជាឆន្ទានុសិទ្ធរបស់ក្រុមចៅក្រមក្នុងសាលាក្ដីខ្មែរក្រហមដោយផ្អែកលើមូលដ្ឋានភស្ដុតាងនិងអំណះអំណាងក្នុងការកាត់ក្ដី។ ក៏ប៉ុន្ដែនៅក្នុងពេលនេះ ជនសង្ស័យនៅតែមានសិទ្ធិដែលត្រូវសន្មតថា មិនទាន់មានទោសនៅឡើយ៕