ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​ព្រមាន​អំពី​ការ​រាតត្បាត​ដោយ​ជំងឺ​គ្រុនឈាម


គ្រូ​ពេទ្យ​កំពុង​ថែ​ទាំ​អ្នក​ជំងឺ​គ្រុន​ឈាម​ម្នាក់។
គ្រូ​ពេទ្យ​កំពុង​ថែ​ទាំ​អ្នក​ជំងឺ​គ្រុន​ឈាម​ម្នាក់។

មន្រ្តី​សុខាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​បាន​ក្រើន​រំឭក​ថា​ ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​អាច​នឹង​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០១១​នេះ។ របាយការណ៍​ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​ថា មាន​កុមារ​កម្ពុជា​ចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​ក្នុង​រយៈពេល​បួន​ខែ​ដើម​ឆ្នាំ​២០១១​នេះ។

គិត​មក​ទល់​ដើម​ខែ​ឧសភា​នេះ​ មាន​កុមារ​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ​សរុប​ចំនួន​៥៨០​នាក់ បាន​ឆ្លង​ជំងឺ​គ្រុន​ឈាម​ ដែល​ក្នុង​នោះ​កុមារ​ចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា​ជា​នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា ទោះ​បី​ជា​នៅ​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា អាច​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីព្រោះ​ឆ្នាំ​២០១១​នេះ គឺ​ជា​វដ្ត​នៃ​ជំងឺ​គ្រុន​ឈាម​ដែល​ជំងឺ​នេះ​អាច​នឹង​ផ្ទុះ​ឡើង​ជា​យថា​ហេតុ​ បើ​សិន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ។ លោក​វេជ្ជ​បណ្ឌិត​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​ឃើញ​ថា សភាពការណ៍​នេះ​គួរ​តែ​យើង​ប្រយ័ត្ន​ដែរ ពីព្រោះ​សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា វា​ចូល​ដល់​រដូវ​មួយ​ដែល​ជា​រដូវ​ក្នុង​ការ​ចំលង​ខ្លាំង​នៃ​ជំងឺ​គ្រុនឈាម ហើយ​ចាប់​ពី​ខែ​៦ ខែ​៧ ខែ​៨​រហូត​ដល់​ខែ​១០។ ទាក់ទង​នឹង​សភាពការណ៍​សព្វ​ថ្ងៃ​នេះ​បើ​សិន​ជា​យើង​ទាំងអស់​គ្នា​មិន​ចូល​រួម​ទេ វា​នឹង​វិវត្តន៍​ទៅ​រក​ដូច​ឆ្នាំ២០០៧​ពីព្រោះ​ឆ្នាំ២០១១​នេះ​គឺ​ជា​ឆ្នាំមួយ​ដែល​តាម​ការ​បទពិសោធន៍​របស់​កម្មវិធី​ជាតិ​យើង​ឃើញ​ថា វា​ចូល​ដល់​វដ្ត​របស់​វា​ហើយ។​ គ្រុន​ឈាម​នេះ​វា​ត្រូវ​តែ​ផ្ទុះ​ចេញ​នៅ​ពេលណា​មួយ​ជា​មិន​ខាន​ទេ​ ដូច្នេះ​បើ​យើង​ខិត​ខំ​ប្រឹង​ទប់​ទៅ​ យើង​អាច​ទប់​វា​បាន»។

ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិចជាង​១៥​ឆ្នាំ។ ជំងឺ​នេះ​ចម្លង​ដោយ​មូសខ្លា។ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១០.០០០​នាក់​ទៅ​១២.០០០​នាក់​ក្នុង​មួយ​ឆ្នាំៗឆ្លង​ជំងឺ​នេះ​ ក៏​ប៉ុន្ដែ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​កម្រិត​ក្រោម​១​ភាគរយ។ ម្យ៉ាង​វិញ​ទៀត​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​តែង​តែ​ផ្ទុះ​ឡើង​រាតត្បាត​យ៉ាង​ខ្លាំង​ក្លា​ជា​ប្រចាំ​រវាង​ពី​បី​ទៅ​ប្រាំ​ឆ្នាំ​ម្តង។

ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​ខ្លាំង​នា​ចុង​ក្រោយ​នេះ​នៅ​ឆ្នាំ​២០០៧​ដែល​មាន​មនុស្ស​ជិត​៤​ម៉ឺន​នាក់​បាន​កើត​ជំងឺ​នេះ​ក្នុង​នោះ​ប្រហែល​៩៥​ភាគរយ​ជា​កុមារ​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៤០០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​គ្រុន​ឈាម​នេះ។

លោក​វេជ្ជបណ្ឌិត​ ស្ទីវិន ប៊ីយ៉កហ្គី​ (Steven Bjorge)​ ទទួល​បន្ទុក​ផ្នែក​ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​ក្រុម​ឈាម​របស់​អង្គការ​សុខភាព​ពិភពលោក​មាន​ប្រសាសន៍​ថា ករណី​កើត​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា​មាន​ការ​ថយចុះ​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក៏​ប៉ុន្ដែ​លោក​គិត​ថា ការ​ព្រួយបារម្ភ​របស់​មន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា​ក្នុង​ពេល​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។

«សេចក្ដី​ព្រួយ​បារម្ភ​ដែល​ពួក​គេ​មាន​នោះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ខ្លាំង​ណាស់​ ពី​ព្រោះ​ថា​ ថ្វី​បើ​ឆ្នាំ​នេះ​អាច​មានករណី​កើត​ជំងឺ​គ្រុនឈាម​តិច​មែន យើង​នៅ​មាន​ចំនួន​កើត​ជំងឺ​នេះ​កើន​រហូត​ដល់ ១២.០០០​ករណី។ ផ្នែក​មួយ​នៃ​ការ​ព្រួយ​បារម្ភ​របស់​គេ​ គឺ​គេ​សម្លឹង​មើល​ទិសដៅ​រយៈ​ពេល​វែង»។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​ឲ្យ​ដឹង​ថា​ ខេត្ត​ដែល​មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋខ្ពស់​ ច្រើន​តែ​ទទួល​រង​ការ​ឆ្លង​ជំងឺគ្រុន​ឈាម​ជាង​គេ​ក្នុង​នោះ​រូម​មាន​ខេត្ត​កណ្តាល​ ភ្នំពេញ សៀមរាប កំពង់ចាម កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ធំ​និង​បន្ទាយមានជ័យ។

វេជ្ជបណ្ឌិត​ ង៉ាន់ ចន្ទ័ថា បាន​ឲ្យ​ដឹង​ថា ដើម្បី​ទប់​ទល់​នឹង​ជំងឺ​នេះ មជ្ឈមណ្ឌល​ជាតិ​បាន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​យល់​ពី​ទប់​ស្កាត់​ជំងឺ​នេះ​ ដោយ​មាន​ការ​ពង្រឹង​សមត្ថិភាព​បន្ថែម​ដល់​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នីមួយៗ​ឲ្យ​ធ្វើ​ការ​តាម​ដាន​តួលេខ​ជំងឺ​គ្រុន​ឈាម​ដើម្បី​គ្រប់​គ្រង​ស្ថានភាព​នៃ​ជំងឺ​នេះ និង​មាន​ការ​ចែក​ថ្នាំ​អាបេត​ដាក់​ក្នុង​ទឹក​ប្រមាណ​ពី​១៥០​តោន​ទៅ​១៨០​តោន​ក្នុង​មួយ​ឆ្នាំ។

វេជ្ជបណ្ឌិត ង៉ាន់ ចន្ទ័ថា បញ្ជាក់ថា​ សព្វ​ថ្ងៃ​នេះ​នៅ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​គ្រុន​ឈាម​នេះ​នៅ​ឡើយ។ ដូច្នេះ​វិធានការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​គឺ​ការ​កម្ចាត់​មូស​ខ្លា​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ និងជម្រក​របស់​វា៕

XS
SM
MD
LG