ស្របគ្នាទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរុញបន្ថែមឲ្យប្រទេសថៃទទួលយកកិច្ចឈប់បាញ់គ្នាដោយការចុះហត្ថលេខានៅក្នុងកិច្ចប្រជុំអាស៊ានក្នុងប្រទេសឥណ្ឌូនេស៊ីនៅសប្តាហ៍ខាងមុខ។ ភ្លាមៗប្រទេសថៃបានបដិសេធសំណើរបស់កម្ពុជា។ ការមិនចុះសម្រុងគ្នាចុងក្រោយនេះបាននាំទៅដល់ការមន្ទិលសង្ស័យលើតួនាទីអាស៊ានក្នុងការជួយដោះស្រាយទំនាស់ប្រទេសទាំងពីរនេះ។
លោក កឹម សុខាប្រធានគណបក្សសិទ្ធិមនុស្សបានអះអាងថាភាពផ្ទុយគ្នារវាងរដ្ឋាភិបាលទាំងពីរនៅមានលក្ខណៈផ្ទុយគ្នាខ្លាំងណាស់ដែលពិបាកនឹងបង្កើតឲ្យមានលទ្ធផលក្នុងពេលប្រជុំអាស៊ាន។
«ហើយស្អីដែលថាការកំណត់របស់ភាគីនីមួយៗហ្នឹង វាមិនមែនភាគីកណ្តាលណាមួយ ភាគីទី៣ណាមួយ ដើម្បីជួយសម្របសម្រួលផងហ្នឹង។ អត់ទាន់ឃើញអីច្បាស់លាស់ផងហ្នឹង។ ខ្ញុំឃើញអាស៊ានហ្នឹង ក៏មិនមែនជាអ្នកសម្របសម្រួលអីដែរគ្រាន់គេថាគេរៀបចំកន្លែងឲ្យយើងជួបគ្នាហ្នឹង»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថាក្នុងករណីដែលគ្មានភាគីទី៣ សង្កេតការណ៍ប្រទេសទាំងពីរនឹងនៅតែចោទប្រកាន់គ្នាដដែលៗអំពីអ្នកនេះបាញ់មុន អ្នកនោះរំលោភបំពានមុនអ្នកនេះ។
ក្រោយពីជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រីថៃត្រៃរុង ស៊ូវ៉ាន់គីរី (Trairong Suwankiri) ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃប្រទេសកម្ពុជាបានថ្លែងនៅក្នុងសន្និសីទកាសែតដ៏កម្រមួយ ដើម្បីបញ្ជាក់ពីជំហររបស់កម្ពុជាចំពោះការស្វែងរកការប្រថាប់ត្រាពី ប្រទេសថៃនៅចំពោះមុខភាគីទីបីនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ាននៅថ្ងៃទី២២ ខែកុម្ភៈខាងមុខក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសប្រធានអាស៊ានប្តូរវេនពេលនេះ។ សំណើរ៤របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះគឺស្របគ្នានឹងការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ សំណើទាំងនោះទី១ គឺការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍និងមិនឲ្យមានការផ្ទុះអាវុធ។ ទី២គឺរក្សាកម្លាំងឈរជើងគ្មានការចល័តរង់ចាំការបោះបង្គោលព្រំដែន ចប់ជាមុន។ ទី៣ ការបន្តពិភាក្សារវាងមេបញ្ជាការកងទ័ពដើម្បីកាត់បន្ថយភាពតានតឹង។ ទី៤ ធានាកិច្ចឈប់បាញ់គ្នាដោយមានអ្នកសង្កេតការណ៍អាស៊ានចូលរួម។ តែនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វីចាជីវ៉ាត្រូវគេរាយការណ៍មកថាបានបដិសេធសំណើរបស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែនភ្លាមៗដែរកាលពីថ្ងៃពុធដោយចាត់ទុកថាជាសំណើមិនច្បាស់លាស់។ នាយករដ្ឋមន្ត្រីហ៊ុន សែនដែលអះអាងថាបញ្ហាកម្ពុជានិងថៃត្រូវដោះស្រាយតាមទ្វេភាគីផង និងពហុភាគីផងយោងទៅតាមជម្លោះផងនោះបានបញ្ចាក់ថា៖
«ខ្ញុំប៉ាន់ស្មានទុកជាមុនថាប្រទេសថៃនឹងមិនយល់ព្រមអាចំណុច ទីបួននេះទេ។ ប៉ុន្តែខ្ញុំសូមប្រកាសទុកឲ្យហើយបើភាគីថៃមិនព្រមអាចំណុចទីបួន ឲ្យមានការព្រមព្រៀងបទឈប់បាញ់ដោយប្រទេសអាស៊ាន កម្ពុជាសូមស្វាគមន៍ទទួលយកកងទ័ពនៃបណ្តាប្រទេសអាស៊ានមកនៅលើទឹកដី របស់ខ្លួនតែម្នាក់ឯងជាឯកតោភាគីដើម្បីឲ្យគេមកធ្វើប៉ូលីសត្រួត ពិនិត្យកងទ័ពកម្ពុជា»។
លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សជំទាស់របស់លោក សម រង្ស៊ីបានដាក់សំណួរលើយន្តការអាស៊ានក្នុងរឿងបញ្ចប់បញ្ហាជម្លោះរវាងកម្ពុជា-ថៃ។
«ពីព្រោះថាយើងឃើញមាននៅក្នុងចំណោមប្រទេសអាស៊ានក៏មានភាពមិនស្របគ្នាច្រើនណាស់ដែរ។ វាមាននិន្នាការនយោបាយខុសគ្នា។ វាមានផល ប្រយោជន៍ខុសគ្នា។ ដូច្នេះយើងពិបាកហ្នឹងពឹងផ្អែកទៅលើអាស៊ានដើម្បីចរចាដោះស្រាយបញ្ហាហ្នឹងឲ្យបានចប់បានឆាប់រហ័ស»។
លោក យឹម សុវណ្ណ និងលោក កឹម សុខាបានដាក់ជំនឿលើយន្តការអ.ស.ប។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានមានសមាជិក១០ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ភូមា សឹង្ហបូរី ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីននិងឥណ្ឌូនេស៊ី។ ក្រុមអ្នកវិភាគចាត់ទុកថានេះជាការសាកល្បងសម្រាប់ អាស៊ានលើកដំបូងដើម្បីដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងសមាជិករបស់ខ្លួនដែលប្រកាន់តឹងនឹងជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
លោក បណ្ឌិត ឈាង វណ្ណារិទ្ធនាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការនិងសន្តិភាពបានអះអាងថាសមាគមអាស៊ានត្រូវតែផ្លាស់ប្តូរជំហររបៀបរបបធ្វើការងារនិងនីតិវិធីរបស់ខ្លួនដើម្បីអាចនឹងដោះស្រាយជម្លោះមានប្រសិទ្ធភាព។
«ដូច្នេះខ្ញុំគិតថាអាស៊ានត្រូវតែផ្លាស់ប្តូរនូវអាកប្បកិរិយារបស់ខ្លួនក៏ដូចជាលក្ខន្តិកៈនៅក្នុងក្របខណ្ឌអាស៊ានដើម្បីធ្វើអន្តរាគមន៍ដោះស្រាយជម្លោះនៅក្នុងតំបន់។ ដូច្នេះខ្ញុំសង្ឃឹមថាអាស៊ាននឹងប្តូរទាក់ទិននឹងគោលនយោបាយនេះ»។
ក៏ប៉ុន្តែលោក ផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានអះអាងថាបញ្ហាកម្ពុជានិងថៃលែងជារឿងផ្ទៃក្នុងរបស់ប្រទេសមួយក្នុងសមាគមអាស៊ានទៀតទេតែជាបញ្ហារបស់សមាជិកទៅវិញហើយ។
«ដូច្នេះអានេះជាការប្រជែងជំនឿទាំងអស់គ្នានៅក្នុងករណីរឿងកម្ពុជានេះថាតើយើងទាំងអស់គ្នាជាអាស៊ានយើងអាចមានសមត្ថភាពក្នុងការដោះស្រាយយកយុត្តិធម៌ជាតួមុខឬយកផលប្រយោជន៍ជាតួមុខ»។
ប្រទេសថៃនិងកម្ពុជាមានជម្លោះព្រំដែនជាមួយគ្នាជាច្រើនទសវត្សរ៍ដែលឈានដល់ការវាយប្រយុទ្ធគ្នាផងហើយពេលខ្លះមានការផ្តាច់ចំណងការទូតផងដែរនៅក្រោយពេលដែលកម្ពុជាបានដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរចុងក្រោយគឺចាប់ផ្តើមកាលពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈ។ ហើយបានកើតឡើងតិចតួចមួយ លើកទៀតកាលពីពាក់កណ្តាលសប្តាហ៍នេះដែលបង្កឲ្យខូចខាតប្រាសាទ ព្រះវិហារ របួសនិងស្លាប់ទាំងសងខាងនិងប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាងដែលរស់នៅក្បែរតំបន់ជម្លោះ៕