ជម្រកជនភៀសខ្លួន ខេត្តសៀមរាប៖ បើទោះជាស្ថានភាពប្រយុទ្ធគ្នានៅតាមតំបន់ប្រាសាទព្រះវិហារហាក់មានសភាពស្ងៀមស្ងាត់តាំងពីថ្ងៃម្សិលម៉ិញក៏ដោយ ក៏ជនភៀសខ្លួនខ្មែរជាច្រើនពាន់គ្រួសារ នៅមិនទាន់ហ៊ានវិលត្រឡប់ទៅភូមិស្រុករបស់ខ្លួនវិញនៅឡើយ ដោយសារតែស្ថានភាពមិនប្រាកដប្រជានៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ។
នៅព័ទ្ធជុំវិញដោយកូនតូចៗរបស់អ្នកស្រីនិងអ្នកភូមិជាង១០នាក់ផ្សេងទៀតក្នុងសម្លៀកបំពាក់ចាស់ៗ អ្នកស្រី ជុំ ឡី វ័យ៤០ឆ្នាំ ដែលជាជនភៀសខ្លួនម្នាក់មកពីស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ បានរៀបរាប់ថា អ្នកស្រីមិនទាន់ហ៊ានវិលត្រឡប់ទៅស្រុកវិញទេនៅពេលនេះ បើទោះបីជា ការវាយប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពកម្ពុជានិងថៃ បានស្ងប់ទៅវិញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះក៏ដោយ។
អ្នកស្រី ជុំ ឡី ដែលជាម្តាយនៃកូន៥នាក់និងជាភរិយារបស់ទាហានខ្មែរម្នាក់ប្រចាំនៅតំបន់ព្រះវិហារ មានប្រសាសន៍ដូច្នេះនៅអែបនឹងទីជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ជនភៀសខ្លួនខ្មែរចំនួនជាង២២០គ្រួសារក្នុងវត្តស្រែណូយ ក្នុងឃុំស្រែណូយនៃស្រុកវ៉ារិន ចម្ងាយជាង៧០គីឡូម៉ែត្រពីក្រុងសៀមរាប។
«ទៅថ្ងៃណាថ្ងៃណីអី ចាំមើលគេតេពីលើមកថា បើសភាពការណ៍ស្រួលគេហៅទៅវិញ អាហ្នឹងបានទៅ បើថាអត់ទេ ចេះតែទ្រាំនៅទីនេះ អត់អីហូបក៏ដោយ ចេះតែទ្រាំទៅ ឲ្យតែរួចខ្លួនកូនតូចៗ»។
អ្នកស្រី ជុំ ឡី ដែលបានប្រមូលកូនចៅភៀសខ្លួនចេញពីស្រុកតាមគោយន្តរបស់អ្នកភូមិតាំងពីយប់ថ្ងៃសុក្រសប្តាហ៍មុននោះ មានប្រសាសន៍បន្តទៀតនៅអែបនឹងគោយន្តនោះថា អ្នកស្រីនិងអ្នកភូមិជាច្រើនទៀត មិនទាន់ហ៊ានប្រថុយវិលត្រឡប់ទៅផ្ទះវិញ ដោយខ្លាចក្រែងគ្មានលទ្ធភាពរត់ភៀសខ្លួនទៀត ប្រសិនបើមានការវាយប្រយុទ្ធគ្នាបន្តទៀតរវាងកងទ័ពនៃប្រទេសទាំងពីរនោះ។
កងទ័ពការពារព្រំដែននៃប្រទេសកម្ពុជានិងថៃបានវាយប្រយុទ្ធគ្នាជាថ្មីទៀតដោយអាវុធធុនធ្ងន់នៅក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីថ្ងៃសុក្រទី៤ខែកុម្ភៈឆ្នាំ២០១១មក បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធកាលពីពាក់កណ្តាលខែកក្កដាឆ្នាំ២០០៨ ក្រោយពេលដែលប្រាសាទព្រះវិហារខ្មែរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO។
ការប៉ះទង្គិចគ្នាថ្មីៗនេះ បានបណ្តាលឲ្យទាហាននិងជនស៊ីវិលនៃប្រទេសទាំងពីរស្លាប់និងរងរបួសបន្ថែមទៀត ហើយក៏បានបង្ខំឲ្យប្រជាជនទាំងសងខាងរាប់ម៉ឺននាក់រត់ភៀសខ្លួនចេញឆ្ងាយពីតំបន់ព្រំដែន ដោយសារតែការភ័យខ្លាចគ្រាប់ដែលផ្លោងដាក់គ្នាទៅវិញទៅមកដោយកងទ័ពនៃភាគីទាំងពីរ។
ជនភៀសខ្លួនខ្មែរដែលនៅស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងវត្តស្រែណូយនេះ ខ្លះចងអង្រឹងសម្រាកនៅក្រោមកុដិលោក ខ្លះសម្រាកនៅក្រោមដើមឈើ និងខ្លះទៀតសម្រាកនៅក្រោមតង់ដែលបោះនៅតាមទីធ្លាវត្ត ដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេស្នាក់នៅ។ ចំណែក ម្ហូបអាហារហូបចុកទៀតសោតក៏មិនគ្រប់គ្រាន់សម្រាប់ពួកគេដែរ។ នេះបើយោងតាម ព្រះចៅអធិការវត្តស្រែណូយ គឺព្រះភិក្ខុ នៅ សៀន។
ព្រះភិក្ខុ នៅ សៀន មានសង្ឃដីកាថា វត្តរបស់ព្រះអង្គ ពុំមានលទ្ធភាពជួយផ្គត់ផ្គង់ជនភៀសខ្លួនទាំងអស់នេះបានទេ។
«ក្នុងវត្តនេះ អត់មានជួយទេ ខ្វះខាតច្រើនពរ ដូចញោមឃើញស្រាប់ហើយ គ្មានអីទេ មានតែទឹកស្រះមួយប្រើប្រាស់ទាំងអស់គ្នា»។
លោក ឆែម សាវឿន មេឃុំស្រែណូយ មានប្រសាសន៍ថា អាជ្ញាធរឃុំរបស់លោកកំពុងស្វះស្វែងរកជំនួយផ្គត់ផ្គត់ជនភៀសខ្លួនដែលនៅមិនទាន់ហ៊ានត្រឡប់ទៅស្រុកវិញនេះ។
ដោយឡែក អ្នកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងប្រាប់ វីអូអេតាមទូរស័ព្ទថា ប្រជាជនដែលគេរាយការណ៍ថាមានចំនួនប្រមាណជាង៣.០០០គ្រួសារដែលត្រូវបានជម្លៀសនិងភៀសខ្លួនចេញពីតំបន់ព្រះវិហារទៅកាន់ស្រុកគូលែន ចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីព្រំដែនក្បែរប្រាសាទព្រះវិហារ ក៏ពុំទាន់វិលត្រឡប់ទៅកាន់ភូមិស្រុករបស់ពួកគេវិញដែរដោយសារភាពមិនទាន់ប្រាកដប្រជានៃស្ថានភាពនៅតាមតំបន់ព្រំដែននោះ។
តែទោះជាយ៉ាងនេះក្តី លោក កែវ ស៊ីន អាយុ៦៣ឆ្នាំ ដែលបានភៀសខ្លួនពីស្រុកអន្លង់វែងនៃខេត្តឧត្តរមានជ័យមកស្នាក់នៅបណ្តោះអាសន្នក្នុងវត្តស្រែណូយនេះ មានប្រសាសន៍នៅអែបនឹងគោយន្តរបស់ក្មួយលោកដែលពោរពេញទៅដោយឥវ៉ែឥវ៉ាន់ចាំបាច់មួយចំនួនដូចជាអង្ករ ចាន ឆ្នាំងនិងកន្ទេល ភួយជាដើមថា លោកចង់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់លោកវិញឲ្យបានឆាប់ ដើម្បីទៅមើលស្រែចម្ការនិងគោក្របីរបស់លោកដែលត្រូវបានទុកចោលគ្មានការមើលថែទាំប៉ុន្មានថ្ងៃកន្លងមកហើយនោះ។
«បើស្ងៀមស្ងប់ វិលទៅវិញហើយ ចោលផ្ទះចោលសម្បែង គោក្របី ក្មួយយ៉ាប់ណាស់។ មិនមែនតែឯងទែ គ្រប់តែគ្នាហ្នឹង ចោលផ្ទះចោលសម្បែង»។