ក្រុមអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាបានជជែកពិភាក្សាគ្នាលើខ្លឹមសារច្បាប់សំខាន់ៗចំនួនប្រាំមួយដែលពួកគេចាត់ទុកថា បានបង្កឲ្យមានការគាបសង្កត់ដល់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
ការពិគ្រោះគ្នានោះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីច្បាប់និងសេរីភាពបញ្ចេញមតិដែលរៀបចំឡើងដោយគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការ សមាគម ការពារសិទ្ធិមនុស្សកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីសកម្មជនសិទ្ធិមនុស្សចំនួនបីរូប និងអ្នកយកព័ត៌មានមួយរូបត្រូវបានចោទប្រកាន់តាមផ្លូវតុលាការ។ ការចោទប្រកាន់ក្រោយពីសកម្មជនសិទ្ធិមនុស្សទាំងនោះបានជួយដោះស្រាយជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជននៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តរតនៈគិរី។
លោក អ៊ិន គា ប្រធានសម្របសម្រួលស្តីទីនៃគណៈកម្មាធិការប្រព្រឹត្តកម្មនិងជាអគ្គលេខាធិការសមាគមអាដហុកបានមានប្រសាសន៍នៅក្នុងពិធីនោះថា ការចោទប្រកាន់ទៅលើសកម្មជនសិទ្ធិមនុស្សបានបង្ហាញពីការធ្វើការបកស្រាយទៅលើច្បាប់ដោយមានការរឹតត្បិតពីព្រំដែនសេរីភាពរបស់បុគ្គល។
«ជាក់ស្តែងយើងបានកត់សម្គាល់នូវករណីមួយចំនួនដែលបានកើតឡើងតាមរយៈនៃការប្តឹងផ្តល់ប្រឆាំងនឹងសកម្មជន ការពារសិទ្ធិមនុស្ស និងប្រជាសហគមន៍ក្រោមបទបរិហារកេរ្តិ៍ ឬបទញុះញង់នៅខណៈដែលអ្នកទាំងនេះប្រឈមនឹងអ្នកមានអំណាចក្នុងជម្លោះដីធ្លីជាដើមដោយសារតែការបកស្រាយច្បាប់ក្នុងន័យចង្អៀតរបស់មន្រ្តីច្បាប់។ បញ្ហាទាំងនេះបានបង្កើតឲ្យមានបញ្ហាកង្វល់និងភាពមិនច្បាស់លាស់នូវការអនុវត្តច្បាប់និងព្រំដែនសេរីភាពរបស់បុគ្គលម្នាក់ៗ។
អង្គការក្រៅរដ្ឋាភិបាលប្រមាណជាដប់និងមន្រ្តីរដ្ឋាភិបាលមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃបានចូលរួមពិភាក្សាលើមាត្រចំនួន ៤៣ ដែលដកស្រង់ចេញពីច្បាប់ និងបញ្ញត្តិសរុបចំនួនប្រាំមួយពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិក្នុងនោះមានច្បាប់ស្តីពីរបបសារព័ត៌មានច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ក្រមព្រហ្មទណ្ឌកម្ពុជា ជាពិសេសផ្តោតលើបទបរិហាកេរ្តិ៍និងការជេរប្រមាថ និងបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាដើម។
កាលពីខែកក្កដាឆ្នាំ២០០៩ លោក ប៉ែន ប៊ុណ្ណា និងលោក ឆាយ ធី មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តរតនៈគីរី និងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់នៅក្នុងខេត្តនេះ គឺលោក រដ្ឋា វិសាល ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានបទល្មើសនៅពេលដែលពួកគាត់បានព្យាយាមជួយដោះស្រាយទំនាស់ដីធ្លីមួយកន្លែងនៅខេត្តរតនៈគីរីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនមួយ ហើយលោក រដ្ឋា វិសាល បានរាយការណ៍ពីពត៌មាននោះ។
បន្ទាប់មកកាលពីខែមករាឆ្នាំ២០១១លោកសំ ចាន់គា មន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំងត្រូវបាន តុលាការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិតបន្ទាប់ពីលោកបានផ្តល់កិច្ចសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីពីទស្សនៈផ្នែកច្បាប់ស្តីពីការឈូសឆាយកាយដីធ្វើប្រឡាយ។
នៅក្នុងឱកាសនោះលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានឲ្យដឹងថាលោក បានកត់សម្គាល់ឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសិទ្ធិសេរីភាពបញ្ជេញមតិត្រូវបានរឹតបន្តឹងដូច្នេះចំបាច់ត្រូវតែមានការកែលម្អច្បាប់ទាំងនោះឲ្យប្រសើរឡើង។
«បើសិនជាយើងអត់បញ្ចេញមតិថាការអនុវត្តន៍ច្បាប់នេះគឺមិនបានគោរពដល់សិទ្ធិបញ្ជេញមតិទេគឺថាចេះតែទៅទៀតហើយបន្តិចម្តងៗនេះគឺជាការបាត់បង់សេរីភាពហើយប្រទេសខ្មែរយើងការបាត់បង់សេរីភាពមកដល់សោដនាកម្មដោយសារអញ្ជឹងថាអត់អីទេៗប៉ុន្តែបន្តិចម្តងៗវាទៅជាខ្មែរ ក្រហមទៅ»។
ជាមួយគ្នានោះដែរលោក ឈិត សារិទ្ធ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានទទួលស្គាល់ពីការខ្វះខាតខ្លះៗនៃច្បាប់ដែលកំពុងស្ថិតជាធរមាន ហើយលោកទទួលស្គាល់ទៀតថា វាមានសារៈសំខាន់ដើម្បីកែសម្រួលច្បាប់មួយចំនួនឲ្យកាន់តែល្អប្រសើរឡើងថែមមួយកំរិតទៀត។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកបញ្ជាក់ថា សិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាមានលក្ខណៈល្អប្រសើរនិងទូលំទូលាយដោយមិនមានការរឹតបន្តឹងអ្វីនោះឡើយ។
«រដ្ឋាភិបាលអត់មានរឹងបន្តឹងលើការបញ្ជេញមតិទេ។ សេរី។ គណបក្សផ្សេងៗដើរឃោសនាហូរហែចាក់ផ្សាយតាមវិទ្យុរាល់តែថ្ងៃ។ ដោយឡែក NGO ខ្លះ គាត់ធ្វើហួសព្រំដែនកំណត់នេះហើយដែលជាបញ្ហា។ អញ្ចឹងមុននឹងនិយាយត្រូវមើលច្បាប់ទាំងអស់គ្នា»។
ក្រុមអង្គការសង្គមស៊ីវិលគ្រោងនឹងបញ្ជូនកង្វល់នានា និងអនុសាសន៍ដែលធ្វើឡើងក្នុងកិច្ចពិភាក្សាច្បាប់ខាងលើទៅជូនរដ្ឋាភិបាលផងដែរ៕