ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល​សុំឲ្យ​លុប​​និង​កែប្រែ​មាត្រា​ខ្លះ​ក្នុង​សេចក្តី​ព្រៀង​ច្បាប់​អង្គការ


អង្គការ​សង្គម​ស៊ីវិល​ចូល​រូម​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋាភិបាល។
អង្គការ​សង្គម​ស៊ីវិល​ចូល​រូម​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋាភិបាល។

សហគមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ការ​ព្រួយបារម្ភ​អំពី​មាត្រា​ចំនួន​២១​នៃ​មាត្រា​សរុប​៥៨​នៅក្នុង​សេចក្តី​ព្រាងច្បាប់​ថ្មី​អំពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​បានទាមទារ​ឱ្យ​មាន​ការលុបចោល​ និង​កែសម្រួល​មាត្រា​មួយ​ចំនួន។ ​ប៉ុន្តែ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​នឹង​ត្រូវ​លើក​យក​ទៅ​ពិចារណា។

សហគមន៍​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​លក្ខខណ្ឌ​ និង​ការកែ​សម្រួល​មាត្រា​ចំនួន​២១​នៃ​មាត្រា​សរុប​៥៨​នៅក្នុង​ច្បាប់​សមាគម​ ​និង​អង្គការ​ក្រៅរដ្ឋាភិបាល។

អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​ចោល​នូវ​លក្ខខណ្ឌ​សញ្ជាតិ​ខ្មែរ​សម្រាប់​សមាជិក​ស្ថានិក​ដើម្បី​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ ​លុបចោល​នូវ​លក្ខខណ្ឌ​ដែល​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​កិច្ច​សហការ​រវាង​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ និង​លុប​បំបាត់​បញ្ញត្តិ​ជូនដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​ការផ្លាស់​ប្តូរ​បុគ្គលិក។

មាត្រា​៦​នៃ​សេចក្តី​ព្រាងច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​បានហាមឃាត់​សមាគម​ ឬអង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ ​សម្ព័ន្ធ​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​មិន​បានចុះ​បញ្ជី​ ឬ ​ចុះ​អនុស្សរណៈ​ស្របតាម​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ស៊ិន ​សុមុន្នី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Medicam​ បានថ្លែង​ថា​ ​មាត្រា​៦​នៃ​ច្បាប់​នេះ​បានដាក់​ការ​ព្រួយបារម្ភ​លើ​បណ្តា​អង្គការ​តូចៗ​និង​អង្គការ​នៅ​មូលដ្ឋាន​មួយ​ចំនួន​ដែល​មាន​ការ​ពិបាក​ក្នុង​ការចុះ​បញ្ជី។

មាត្រា​៨​នៃ​ច្បាប់​នេះ​បាន​កំណត់​លក្ខខណ្ឌ​នៃ​ការបង្កើត​សមាគម​ថា​ ​ដើម្បី​បង្កើត​សមាគម​បាន​ ​គេត្រូវ​មាន​សមាជិក​ស្ថាបនិក​ដែល​មាន​សញ្ជាតិ​ខ្មែរ​ចំនួន​ពី​២១​នាក់​ឡើង​ទៅ។

លោក​ស៊ិន សុមុន្នី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​ក្រុម​តូចៗ​ ​ដូចជា​ក្រុម​ជនជាតិ​ភាគតិច​នៅ​មណ្ឌលគីរី​ និង​រតនគីរី​ជាដើម​ ​ចង់​បង្កើត​សមាគម ​ឬ ​អង្គការ​ក្រៅរដ្ឋាភិបាល។ ​ប៉ុន្តែ​សមាជិក​ស្ថាបនិក​មានដល់​២១​នាក់​ច្រើន​ពេក​ ​មិន​អាច​បង្កើត​សមាគម​ ឬ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ទេ។ ​គាត់​ស្នើសុំ​ឱ្យ​បន្ថយ​មក​នៅ​ត្រឹម​សមាជិក​ស្ថាបនិក​៥​នាក់​បាន​ហើយ។

មាត្រា​៩​នៃ​ច្បាប់​នេះ​បានដាក់​លក្ខខណ្ឌ​នៃ​ការបង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ថា​ ​ដើម្បី​បង្កើត​អង្គ​ការ​ក្រៅរដ្ឋាភិបាល​ក្នុងស្រុក​បាន​ ​គេត្រូវ​មាន​អ្នកផ្តួចផ្តើម​ដែល​មាន​សញ្ជាតិ​ខ្មែរ​យ៉ាង​ហោច​ណាស់៣នាក់​ឡើង​ទៅ។

លោក​ម៉ម សម្បត្តិ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ និង​ភាពជាដៃគូ​ក្នុង​សកម្មភាព​ ​បានថ្លែង​ថា​លក្ខខណ្ឌ​សញ្ញាតិ​នេះ​បានបង្ហាញ​ពី​ការរើសអើង។

«យើងខ្ញុំ​សុំ​សំណូមពរ​ឱ្យ​លុបចោល​លក្ខខណ្ឌ​សញ្ញាតិ​នេះ​ចេញ​ពី​មាត្រា​៩​នេះ»។

មាត្រា​២៧​បានចែង​ថា​ ​កិច្ចសហការ​រវាង​សមាគម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ស្រប​ច្បាប់​ អាច​ធ្វើ​កិច្ចសហការ​ជាមួយ​គ្នា​បាន​ ដើម្បី​អនុវត្ត​គម្រោង​ណាមួយ​ស្រប​ច្បាប់​តាម​សេចក្តី​សម្រេច​របស់​សមាគម​ ឬ​ អង្គកា​រមិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ​ដោយ​គ្រាន់តែ​ជូនដំណឹង​ជាលាយលក្ខណ​អក្សរ​មក​ក្រសួង​មហាផ្ទៃ​ និង​ភ្ជាប់​មកជាមួយ​នូវ៖​កិច្ចព្រមព្រៀង​ ឬឯកសារ​សមមូល​ ឬ ​លក្ខខណ្ឌ​នានា​នៃ​កិច្ច​សហការ​ និង​ចំនួន​ និង​ឈ្មោះ​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​ចូលរួម។

លោក​ម៉ម សម្បត្តិ​ បានថ្លែង​យ៉ាង​ដូច្នេះ​ថា​ ​«មាត្រា​២៧​ ​ដែល​និយាយ​ពី​កិច្ចសហ​ប្រតិបត្តិការ​ ហាក់បី​ដូច​ជា​មាន​ភាព​ស្រពិច​ស្រពិល​ ​ហើយ​យើង​ស្នើ​សុំ​លុបចោល​មាត្រា​២៧​ចេញ​ពី​សេចក្តី​ព្រាងច្បាប់​នេះ​តែម្តង»។

មាត្រា​៤៦​បានបញ្ជាក់​ថា​ ​របាយការណ៍​ប្រចាំឆ្នាំ​របស់​សមាគម​ ឬ​ អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ ​សម្ព័ន្ធ​សមាគម ​ឬ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ ​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សម្ព័ន្ធ​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ស្របច្បាប់​ ​ ត្រូវ​ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​ និង​ស្ថានភាពថវិកា​ប្រចាំឆ្នាំ​កន្លងមក​ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​ ​បន្ទាប់ពី​តម្កល់ទុក​នៅ​ទីស្នាក់ការរបស់ខ្លួន​ និង​ផ្ញើជូន​ក្រសួង​មហាផ្ទៃ​ ឬ ​ក្រសួង​ការបរទេស​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​ពាក់ព័ន្ធ​ មិន​ឱ្យ​ហួស​ពី​ដំណាច់​ខែ​មករា។

អង្គការ​សង្គម​ស៊ីវិល​បានស្នើឱ្យ​មាន​ការប្តូរ​កាលបរិច្ឆេទ​ពី​ដំណាច់​ខែ​ខមករា​ទៅ​ដំណាច់​ខែ​មិនា​វិញ។​មាត្រា​៤៨​បានចែង​ថា​ ​សមត្ថកិច្ច​ត្រួតពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​ ​ទ្រព្យ​សម្បត្តិ​របស់​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​ សម្ព័ន្ធ​សមាគម​ ឬ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឬ​ អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​សិទ្ធិ​ត្រួតពិនិត្យ​របាយការណ៍​ស្តីពី​ស្ថានភាព​ហិរញ្ញវត្ថុ​ ​ទ្រព្យ​សម្បត្តិ​របស់​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សម្ព័ន្ធ​សមាគម​ ឬ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក។

មាត្រា​៥៣​បាននិយាយ​ថា​ ​ ​ការប្រព្រឹត្ត​ល្មើសនឹង​មាត្រា​៤៦​ ក្នុង​ករណី​ដែល​សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬ​សម្ព័ន្ធ​សមាគម​ ឬ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​ស្រប​ច្បាប់​ ​មិន​បានអនុវត្ត​តាម​មាត្រា​៤៦​នៃ​ច្បាប់​នេះ​ ​ ក្រសួង​មហាផ្ទៃ​ ឬ​ ក្រសួង​ការបរទេស​ ត្រូវ​ធ្វើការ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ។

ក្នុង​ករណី​ដែល​សមាគម​ ឬ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​ ឬ​សម្ព័ន្ធ​សមាគម​ ឬ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក​មិន​រាងចាល​ ​ក្រសួង​មហាផ្ទៃ​ត្រូវ​ចេញ​សេចក្តី​សម្រេច​ជា​លាយ​លក្ខណ៍​អក្សរ​ផ្អាក​សកម្ម​ភាព​ជាបណ្តោះអាសន្ន​ក្នុង​រយៈពេល​ពី​មួយ​ខែ​ទៅ​បី​ខែ។

ក្នុង​ករណី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស​មិន​រាងចាល​ ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការអន្តរជាតិ​ត្រូវ​ចេញ​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​ផ្អាក​សកម្មភាព​ និង​បញ្ចប់​សុពលភាព​អនុស្សរណៈ៕

XS
SM
MD
LG