អង្គការសង្គមស៊ីវិលបានសុំឱ្យសហគមន៍ផ្តល់ជំនួយអន្តរជាតិដាក់លក្ខខណ្ឌលើរដ្ឋាភិបាលសម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
រដ្ឋាភិបាលកម្ពុជានឹងជួបប្រជុំជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិនៅថ្ងៃពុធស្អែកនេះ ដើម្បីពិភាក្សាគ្នាពី ការរីកចម្រើនលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិល បានអំពាវនាវ ដល់សហគមន៍ផ្តល់ជំនួយអន្តរជាតិឱ្យដាក់លក្ខខណ្ឌទៅលើរដ្ឋាភិបាលសម្រាប់ការផ្តល់ជំនួយ អភិវឌ្ឍន៍នេះ។
កិច្ចប្រជុំនេះត្រូវបានចូលរួមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិករដ្ឋាភិបាលរបស់ លោកព្រមទាំងតំណាងមកពីសហរដ្ឋអាមេរិក ប្រទេសចិន សហគមន៍អឺរ៉ុប ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ព្រមទាំងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
ប្រទេសកម្ពុជាបានដាក់បញ្ចូលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំ ដែលមានតម្លៃទឹក ប្រាក់ជាង៦០០០លានដុល្លារអាមេរិកនៅក្នុងកិច្ចប្រជុំផ្តល់ជំនួយ ដោយប្រទេសកម្ពុជាត្រូវការជំនួយ ជាង១០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំៗពីសហគមន៍អន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កម្ពុជា នៅក្នុង វេទិកាកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍កម្ពុជានៅថ្ងៃពុធនេះ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍ចំនួន២០ផ្សេងៗគ្នាដល់រដ្ឋាភិបាល និង សហគមន៍ផ្តល់ជំនួយអន្តរជាតិ ដែលគូសបញ្ជាក់ពីកង្វល់ទាក់ទងនឹងសុខាភិបាល អប់រំ អភិបាលកិច្ច តម្លាភាពផ្នែកហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងប្រាក់ចំណូលពីឧស្សាហកម្មនិស្សារណកម្ម ការលើកកម្ពស់វិស័យកសិកម្ម ការការពារបរិស្ថាន កំណែទម្រង់ដីធ្លី កំណែទម្រង់ព្រៃឈើ កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានបញ្ជាក់ ថា សហគមន៍ផ្តល់ជំនួយអន្តរជាតិគួរតែផ្តល់បញ្ជីនៃអនុសាសន៍លើអ្វីដែលទាមទារពីរដ្ឋាភិបាល កម្ពុជា មុននឹងយល់ព្រមផ្តល់ជំនួយអភិវឌ្ឍន៍នៅពេលអនាគត ពីព្រោះយើងមានការព្រួយបារម្ភលើ ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ដែលរដ្ឋាភិបាល និងម្ចាស់ជំនួយគួរគិតគូរឱ្យ បានស៊ីជម្រៅទៅលើការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ដែលនៅតែជាបញ្ហាក្កៅគគុក។
"គោលជំហររបស់អង្គការមិនមែនរដ្ឋាភិបាលនេះគឺក្នុងន័យធ្វើឱ្យមានការឆ្លុះបញ្ចាំងនិងការ ពិភាក្សា។ យើងមិនមែនមានន័យដើម្បីទប់ស្កាត់ជំនួយទេ។ យើងស្វាគមន៍ចំពោះជំនួយ ប៉ុន្តែយើង ចង់ឱ្យជំនួយដែលបានផ្តល់ឱ្យប្រទេសកម្ពុជាប្រើប្រាស់ឱ្យចំទិសដៅ និងប្រសិទ្ធិភាព"។
លោក Gavin Hayman នាយកផ្នែកយុទ្ធនាការនៃអង្គការGlobal Witness បានបញ្ជាក់នៅក្នុងសេចក្តី ថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជាបានសន្យាធ្វើកំណែទម្រង់អស់ជាច្រើនមកហើយ ប៉ុន្តែគ្មានអ្វីផ្លាស់ប្តូរទេ។
លោកGavin Hayman បានបន្តថា របាយការណ៍ចុងក្រោយរបស់យើងបង្ហាញថា វរជននយោបាយ មិនមានបំណងដោះស្រាយការកាន់កាប់ភោគទ្រព្យធនធានធម្មជាតិរបស់ប្រទេសជាតិ ដោយខុស ច្បាប់ទេ។ សហគមន៍ផ្តល់ជំនួយអន្តរជាតិ ធម្មតាមិនអាចបន្តធ្វើ មិនដឹង មិនឭទៀតទេ។
លោកហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្លែងថា សហគមន៍ផ្តល់ជំនួយអន្តរជាតិគួរតែដាក់លក្ខខណ្ឌលើរដ្ឋាភិបាលសម្រាប់ការផ្តល់ជំនួយដើម្បីបញ្ចប់បញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហារំលោភដីធ្លី ព្រមទាំងផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលលើបញ្ហាកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅតែជាបញ្ហាយឺតយ៉ាវនៅឡើយ។
"រដ្ឋាភិបាលដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជានេះមានឥទ្ធិពលខ្លះមកលើរដ្ឋាភិបាល ឱ្យគោរព សិទ្ធិមនុស្ស"។
លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ បានថ្លែងថា គោលនយោបាយលើកកម្ពស់យេនឌ័រ នៅក្នុងវិស័យសង្គម ប៉ុន្តែយើងនៅមានកង្វល់លើការអនុវត្តគោលនយោបាយនេះ ដែលនៅមិនទាន់បានចម្រើនទៅមុននៅឡើយ។
លោកស្រីបានស្នើសុំដល់រដ្ឋាភិបាល និងសហគមន៍ផ្តល់ជំនួយអន្តរជាតិឱ្យយកចិត្តទុកដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាដែលនៅតែប្រឈមនឹងភាពក្រីក្រ ការអប់រំទាប អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរជាដើម។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕