ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍មួយចំនួនដែលជាកង្វល់សម្រាប់កិច្ចប្រជុំផ្តល់ជំនួយរវាងរដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយ។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
ក្រុមអង្គការសិទ្ធិមនុស្ស និងអង្គការអភិវឌ្ឍន៍ នៅថ្ងៃអង្គារនេះ បានផ្តល់អនុសាសន៍លើវិស័យអភិវឌ្ឍន៍ចំនួន២០ដល់រដ្ឋាភិបាល និងក្រុមប្រទេសផ្តល់ជំនួយដែលនឹងជួបប្រជុំគ្នាអំពីការផ្តល់មូល និធិសម្រាប់ការអភិវឌ្ឍកម្ពុជានៅ សប្តាហ៍ក្រោយនេះ។
មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ដែលទទួលរងផលប៉ះពាល់ពីការអភិវឌ្ឍ បានពិគ្រោះយោបល់គ្នាលើជំហរនិងអនុសាសន៍នានារបស់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីផ្តល់ទៅឱ្យក្រុមប្រទេសផ្តល់ជំនួយសម្រាប់កិច្ចប្រជុំរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា។
លោកឈិត សំអាត នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងថា «យើងបានលើកឡើងពីការព្រួយបារម្ភឧបសគ្គ និងអនុសាសន៍នានារបស់យើងទាក់ទងនឹងវិស័យ ចំនួន២០ ដើម្បីដាក់បញ្ចូលទៅក្នុងឯកសារស្តីពីជំហររបស់អង្គការមិនមែនរដ្ឋាភិបាល ចំពោះការអភិវឌ្ឍប្រទេសកម្ពុជាឆ្នាំ២០០៩-២០១០សម្រាប់វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជាលើកទី៣»។
ថវិកាជាតិជិតពាក់កណ្តាលរបស់ប្រទេសកម្ពុជាបានពឹងពាក់ទៅលើមូលនិធិជំនួយរបស់សហគមន៍ អន្តរជាតិ ដែលកើតចេញពីកិច្ចប្រជុំប្រចាំឆ្នាំ ដែលហៅក្រុមពិគ្រោះយោបល់សម្រាប់ផ្តល់ជំនួយដល់ការអភិវឌ្ឍកម្ពុជា។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍ចំនួន២០ផ្សេងៗគ្នា ដល់រដ្ឋាភិបាល និងប្រទេសផ្តល់ជំនួយ ដែលគូសបញ្ជាក់ពីកង្វល់ទាក់ទងនឹងសុខាភិបាល អប់រំ អភិបាលកិច្ចល្អ តម្លាភាពផ្នែកថវិកា ការគ្រប់គ្រងប្រាក់ចំណូលពីឧស្សាហកម្ម ការលើកកម្ពស់វិស័យកសិកម្ម ការការពារបរិស្ថាន កំណែទម្រង់ដីធ្លី កំណែទម្រង់ព្រៃឈើ កំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ។
លោក ប៉ែន ពិសី ប្រធានកម្មវិធីដីធ្លី និងជីវភាពសម្រាប់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បាន បញ្ជាក់ថា អង្គការសង្គមស៊ីវិលនៅតែមានការព្រួយបារម្ភចំពោះវិបត្តិដែលកំពុងកើតមានឡើងសព្វថ្ងៃ ទាក់ទងនឹងវិស័យដីធ្លី និងការផ្តល់ដីសម្បទានសង្គមកិច្ចនៅតែបន្តធ្វើឱ្យប៉ះពាល់ជាអវិជ្ជមាន មកលើដីធ្លីសហគមន៍ជនបទ ដែលជាកន្លែងពួកគេរស់នៅ និងធ្វើកសិកម្មសម្រាប់ចិញ្ចឹមជីវិតអស់ រយៈពេលជាច្រើនឆ្នាំ ហើយដីសម្បទានសេដ្ឋកិច្ចនៅតែជាបញ្ហាកង្វល់ដ៏ធំធេង និងគំរាមកំហែង ទៅដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍មួយចំនួន។
លោកស្រី អ៊ូ វយឌី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថែងថា អ្វីដែលបានលើកឡើងនៅក្នុង ឯកសារស្តីពីជំហររបស់អង្គការមិនមែនរដ្ឋាភិបាលចំពោះការអភិវឌ្ឍប្រទេសកម្ពុជានេះ មិនមែន ត្រឹមត្រូវទាំងស្រុងទេ ប៉ុន្តែយើងត្រូវការពិភាក្សាគ្នាដើម្បីរកដំណោះស្រាយចំពោះបញ្ហានោះ។
លោកវេជ្ជបណ្ឌិត ស៊ិន សុមិនី នាយកប្រតិបត្តិនៃអង្គការម៉េឌីខាំ បានបញ្ជាក់ថា ប្រទេសកម្ពុជានៅ តែមានការប្រឈមនឹងកង្វះនៃការចូលរួមរបស់សហគមន៍នៅក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ឧបសគ្គក្នុងការទទួលបានសេវាកម្មសុខាភិបាលឥតគិតថ្លៃសម្រាប់ជនក្រីក្រ កង្វះធនធានមនុស្ស ក្នុងវិស័យសុខាភិបាល កង្វះបរិក្ខារវេជ្ជសាស្ត្រ និងឱសថ បញ្ហាជំងឺរ៉ាំរ៉ៃ បញ្ហាអត្រាមរណៈរបស់ មាតា និងទារក និងប្រជាពលរដ្ឋភាគច្រើនប្រើសេវាឯកជនដែលពុំមានច្បាប់អនុញ្ញាត និងប្រកប ដោយគ្រោះថ្នាក់៕