គណរដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាទើបតែបានចេញបទបញ្ជាមួយ ដើម្បីដោះស្រាយវិបត្តិ នៃការបណ្ដេញប្រជាពលរដ្ឋចេញដោយបង្ខំ។ ក៏ប៉ុន្ដែក្រុមមន្ដ្រីសង្គមស៊ីវិលនិងគណបក្សជំទាស់ នៅសង្ស័យអំពីប្រសិទ្ធិភាពនៃសារាចរនេះនៅឡើយ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារពីទីក្រុងភ្នំពេញដូចតទៅ៖
រដ្ឋាភិបាលកម្ពុជានៅថ្ងៃចន្ទនេះ បានផ្សព្វផ្សាយជាសាធារណៈនូវសារាចរស្ដីពីការដោះស្រាយសំណង់បណ្ដោះអាសន្នឬសំណង់ខុសច្បាប់ ប្រយោជន៍គឺដើម្បីស្វែងរកការផ្ដល់នូវដំណោះស្រាយ សមស្របមួយសម្រាប់ប្រជាពលរដ្ឋដែលប្រឈមមុខនឹងការបណ្ដេញចេញ។ ការផ្សព្វផ្សាយធ្វើឡើងនៅក្នុងសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមពីមន្រ្ដីនៃក្រសួងដែលជាប់ពាក់ព័ន្ធនិងអភិបាលខេត្ត ក្រុង និងរាជធានី។
សារាចរដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៣១ ខែឧសភា បាន កំណត់ឲ្យអាជ្ញាធរនានារបស់ប្រទេសកម្ពុជា ធ្វើការស្រង់ទិន្នន័យជាក់លាក់ស្ដីពីសំណង់បណ្ដោះអាសន្ន ឬដែលគេស្គាល់ថាជាសំណង់ខុសច្បាប់ឬសំណង់អនាធិបតេយ្យ។ សារាចរក៏បានជំរុញឲ្យមានការកំណត់ឲ្យបានជាក់លាក់អំពីទីតាំងដែលមិនត្រូវបណ្ដោយឲ្យមាន សំណង់ប្រភេទនេះកើតមាន រួមទាំងវិធីដោះស្រាយចំពោះសំណង់ខុសច្បាប់ ដោយត្រូវធ្វើការប្ដូរទីតាំងថ្មីឲ្យប្រជាពលរដ្ឋនៅក្នុងសំណង់ខុសច្បាប់នេះ ឬមួយត្រូវអភិវឌ្ឈនៅនឹងកន្លែងសម្រាប់ពួកគេ ឬមួយក៏ត្រូវដោះស្រាយ ដោយគោលនយោបាយសមស្របជាក់ស្ដែងណាមួយ។
លោក អ៊ឹម ឈុនលឹម រដ្ឋមន្ដ្រីក្រសួងដែនដីនិងនគររូបនីយកម្ម បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយថា សារាចរនេះគឺជាការជម្រុញការដោះស្រាយសំណង់ខុសច្បាប់ក្នុងខេត្ត ក្រុង។
“រាជរដ្ឋាភិបាល ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់តាមរយៈសារាចរនេះ ដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់កុំឲ្យមានសំណង់បណ្ដោះអាសន្នថ្មីលើដីដែល កាន់កាប់ដោយខុសច្បាប់កើតឡើងជាថ្មីទៀតនៅក្នុងរាជធានី ខេត្តក្រុង ស្រុកខ័ណ្ឌ ឃុំសង្កាត់"។
សារាចររបស់រដ្ឋាភិបាលធ្វើឡើងស្របពេលដែលរបាយការណ៍កាលពីពេលថ្មីៗនេះ របស់ក្រុមអង្គការក្រៅរដ្ឋាភិបាលបង្ហាញថា ជម្លោះដីធ្លីនៅក្នុងប្រទេសមានការកើនឡើងក្នុងរយៈពេលប្រាំខែដើម នៃឆ្នាំ ២០១០នេះ។ ហើយជម្លោះនេះជាមូលហេតុសំខាន់មួយ ដែលនាំឲ្យមានការបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់ដែលពួកគេរស់នៅដោយខុសច្បាប់។ ការបណ្ដេញចេញទាំងនេះជាទូទៅបណ្ដាលឲ្យមានការតវ៉ា និងការរិះគន់អំពីការរំលោភបំពានលើសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោក ចាន់ សាវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា ក្នុងការបណ្ដេញចេញមួយចំនួន ក្រុមប្រជាពលរដ្ឋត្រូវប្ដូរទៅកាន់ការរស់នៅតំបន់ថ្មីមួយទៀត ក៏ប៉ុន្ដែក្រុមអ្នកតាំងលំនៅថ្មី ជួបនូវកង្វះហេដ្ឋារចនាសម្ព័ន្ធ ខ្វះអនាម័យ ជាដើម។ រីឯ ការអភិវឌ្ឈន៍នៅនឹងកន្លែងមួយចំនួន មានការយឺតយ៉ាវ។ លោក ចាន់ សាវ៉េត បន្ថែមថា រដ្ឋាភិបាលមិនទាន់កំណត់ទីតាំងជាក់លាក់ឲ្យបានត្រឹមត្រូវ ទាក់ទងទៅនឹងដីកម្មសិទ្ធិរបស់រដ្ឋ ដែលជាកត្តាបង្កឲ្យមានវិបត្តិកើតឡើងនៅឡើយទេ។
“មកដល់ពេលនេះ នៅតែមិនទាន់កំណត់ឲ្យបានច្បាស់លាស់ ថាតើទីតាំងដែលប្រជាពលរដ្ឋកំពុង រស់នៅនោះ ជាទីតាំងដែលប្រជាពលរដ្ឋអាចធ្វើបណ្ណ័កម្មសិទ្ធិបាន ឬអត់។ អញ្ចឹងការធ្វើនេះ អាចជារឿងមួយល្អដែរ"។
ដោយឡែក លោក យឹម សុវណ្ណ តំណាងរាស្រ្ដនិងជាអ្នកនាំពាក្យគណបក្សជំទាស់ សម រង្ស៊ី កត់សំគាល់ថា ថ្វីបើមានសារាចរថ្មីនេះក៏ដោយ អាជ្ញាធរកម្ពុជាមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវក្នុង ការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទេ។
“កន្លងមកឃើញថាអត់មានប្រសិទ្ធិភាពទេ ឃើញថាការរំលោភបំពានទៅលើប្រជាពលរដ្ឋនៅតែមានជាបន្ដ ហើយរហូតទៅដល់កន្លែងខ្លះគ្មានសំណងសមរម្យទេ។ ហើយនៅតែមានការរំលោភសិទ្ធិមនុស្សដដែល ដែលទាមទារឲ្យមានការចាប់អារម្មណ៏ខ្លាំងមែនទែនពីមតិជាតិនិងអន្ដរជាតិ ដើម្បីធានាឲ្យមានការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវនៅក្នុងប្រទេសកម្ពុជា"។
លោក អ៊ឹម ឈុន លឹម រដ្ឋមន្ដ្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ទទួលស្គាល់ថា ការបណ្ដេញប្រជាពលរដ្ឋនាពេលកន្លងមក បានធ្វើឲ្យមានការរិះគន់ ក៏ប៉ុន្ដែលោក អ៊ឹម ឈុនលឹម លើកឡើងថា ក្រុមអាជ្ញាធរបានអនុវត្តតាមនិតិវិធីរបស់ខ្លូនយ៉ាងត្រឹមត្រួវ៕