ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​របួស​ពី​កោះ​ពេជ្រ​​ជិត​៦០នាក់​កំពុង​ព្យាបាល​នៅ​ឡើយ


លោក ម៉ុន មុំ ជា​កសិករ​មកពី​ស្រុក​បាទី​​ខេត្ត​តាកែវ អាយុ​ ៣៤ឆ្នាំ បាន​សន្លប់​នៅក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់គ្នា​នោះ ​​​លោកត្រូវ​បាន​គេ​គ្រប​ក្រណាត់​​សពីលើ​ហើយ​​ដាក់​តម្រៀបគ្នា​ជាមួយ​សាកសព​ដទៃ​ទៀត​ ដោយ​គិត​ថា​លោកបាន​ស្លាប់​បាត់​ទៅ​ហើយ​។
លោក ម៉ុន មុំ ជា​កសិករ​មកពី​ស្រុក​បាទី​​ខេត្ត​តាកែវ អាយុ​ ៣៤ឆ្នាំ បាន​សន្លប់​នៅក្នុង​ឧបទ្ទវ​ហេតុ​ផ្អើល​ជាន់គ្នា​នោះ ​​​លោកត្រូវ​បាន​គេ​គ្រប​ក្រណាត់​​សពីលើ​ហើយ​​ដាក់​តម្រៀបគ្នា​ជាមួយ​សាកសព​ដទៃ​ទៀត​ ដោយ​គិត​ថា​លោកបាន​ស្លាប់​បាត់​ទៅ​ហើយ​។

រយៈ​ពេល​ជាង​២​សប្តាហ៍​កន្លង​ទៅ​ហើយ​បន្ទាប់​ពី​ហេតុការណ៍​នៅ​លើ​ស្ពាន​កោះពេជ្រ ​មានអ្នក​របួស​យ៉ាង​ហោច​ណាស់​ជាង​៥០នាក់​ទៀត​ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យសាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ​នៅឡើយ។ អ្នកជំងឺ​មួយ​ចំនួននៅតែ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ដែល​បាន​ទទួល​ជនរងគ្រោះ​ដោយសារ​ការប្រជ្រៀត​ជាន់​លើ​គ្នា​លើ​ស្ពាន​កោះពេជ្រ​មក​ព្យាបាល​ច្រើន​ជាង​មន្ទីរពេទ្យ​សាធារណៈ​ដទៃ​ទៀត​រហូត​មកទល់​ពេលនេះ​មាន​ ​ជនរងគ្រោះ​មួយ​ចំនួន​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ។

ក្នុង​បន្ទប់​មួយ​នៃ​អាគារ​សង្គ្រោះ​ មាន​អ្នកជំងឺ​៣នាក់​ កំពុង​សម្រាក​លើគ្រែ​ដែល​មាន​កម្រាល​ពណ៌​ស។ អ្នក​ជំងឺ​ទាំងនេះ​សុទ្ធតែ​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នៅលើ​ស្ពាន​កោះពេជ្រ​កាលពី​ថ្ងៃទី​២២​ ខែ​វិច្ឆិកា។

យុវជន​ សោម គុជសាណូ​ អាយុ១៧ឆ្នាំ ​កំពុង​សម្រាក​លើគ្រែ​ដោយ​យក​ដៃ​អោប​ខ្នើយ​យ៉ាង ណែនផ្អឹប​ជាប់នឹង​ដើមទ្រូង។​ ជា​សិស្ស​នៃ​វិទ្យាល័យ​មួយ​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល គុជ សាណូ បិទភ្នែក ​ក្បាល​ងាកចុះ​ងាកឡើង​ លាយឡំ​ជាមួយ​នឹង​សំឡេង​ថ្ងូរ​តិចៗ​ ដែល​បញ្ជាក់​ពីការឈឺ​ចាប់។

គ្រូ​ពេទ្យ ​បាន​ប្រាប់​ថា ​សាច់ដុំ​កំភួន​ជើង​ខាងស្ដាំ​របស់ ​គុជសាណូ ​បាន​បែក​ជា​ចម្រៀក​យ៉ាងធ្ងន់ធ្ងរ​ដោយ​សារ​ការជាន់​ពីលើ​គ្នា​យ៉ាង​កំណាច​នោះ។ គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​របួស​នេះ​រួច​ហើយ​ប៉ុន្ដែ​យុវជន​រូបនេះ​ហាក់​ដូចជា​នៅតែ​ឈឺចាប់​នៅ​ឡើយ​ថែម​ទាំង​មិនអាច​ផ្តល់​កិច្ច​សម្ភាស​ដោយ​ផ្ទាល់​បាន​ទេ។

អ្នកស្រី​មាស សុផាណា ​ម្តាយ​របស់​យុវជន ​សោម​ គុជសាណូ​ មាន​ប្រសាសន៍​ថា​គ្រូពេទ្យ​បាន​ប្រាប់​ថា​ជើង​កូន​របស់​គាត់​គេចផុត​ពីភាព​ពិការ ​ហើយ​ក៏អាច​វិលទៅ​រក​សភាព​ដូចដើម​វិញ​បាន​ដែរ។

លោកស្រី​សុផាណា​បាន​បញ្ជាក់​បន្ថែមថា៖

«ពេទ្យ​ស្ទាប​ទៅ​គេថា​មាន​ឈាម​កក​នៅក្នុង​សាច់ដុំ​នោះ។ ពេទ្យ​ថា​ត្រូវ​វះកាត់​ភ្លាម​បើ​មិនអញ្ចឹង​ទេវា​ត្រូវ​ប៉ះពាល់​បញ្ហា​ដល់​តម្រង​នោម។ ​ពេទ្យ​អត់​ប្រាប់ថា​ចេញ​ទៅ​ផ្ទះ​យ៉ាងម្តេចៗ​ទេ។ គាត់​អត់​សូវ​ជា​បញ្ជាក់​ប្រាប់​យើង​ដែរ។ ​គាត់​គ្រាន់តែ​មក​ពិនិត្យ​ប្រាប់​យើង​ថា​អត់​អីទេៗ»។

ប្រជា​ពលរដ្ឋ​មកពី​ខេត្ត​កណ្តាល​ម្នាក់ទៀត​ គឺ​អ្នកស្រី ​អ៊ុត ណារី ​អាយុ​៣៩​ឆ្នាំ ​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់នោះ​ដែរ។ ជើង​ឆ្វេង​របស់​គាត់​ពោរ​ពេញ​ដោយ​របួស​ស្ទើរ​សុះសាច់​ដោយសារ​ការ​ជាន់​ប្រជ្រៀត​គ្នា។ អ្នកស្រី​មិនអាច​ប្រើ​ជើង​ឆ្វេង​នេះ​សម្រាប់​ដើរ​បាន​នៅ​ឡើយ​ទេ។

អ្នកស្រី​ ណារី ​បាន​រៀបរាប់​ថា​នៅពេល​នេះ​អ្នកស្រី​នៅ​ឈឺ​ក្នុង​ខ្លួន​នៅឡើយ​ដោយសារ​អ្នកស្រី​ទទួល​រង​ការជាន់​ប្រជ្រៀត​យ៉ាងខ្លាំង​ក្នុង​ព្រឹត្តិការណ៍​លើស្ពាន​នៃ​មណ្ឌល​កម្សាន្ត​នៅ​កោះពេជ្រ​នោះ។

«នៅ​ក្នុង​ខ្លួន​ខ្ញុំ​ឥឡូវ​វា​នៅ​ចុក​ទ្រូង​ហើយ​វា​នៅ​ចុក​ចាប់​ស្ពឹក​ជើង​ពីនេះ​ទៅ​រហូត​ដល់​ចុង​ជើង។ ជើង​អត់​ទាន់​កម្រើក​រួច​ទេ​ហើយ​នៅ​ទន់​កជើង​នេះ។ ពេល​ដើរ​ខើច​ជើង​មួយ​ចំហៀង។ វា​អត់​ដូចដើម។ ​ពេទ្យ​គេថា​សម្ពាធ​សរសៃ​ឈាម​កជើង។ ពេទ្យ​គេ​ថា ​ថ្ងៃក្រោយ​ទៅ​អាច​កម្រើក​រួចតែ​ខ្ញុំ​មិន​អស់ចិត្ត។​ ខ្ញុំ​ខ្លាច​កម្រើក​មិន​រួច​ដូច​ដើម»។

នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ដដែល​អ្នករងរបួស​ក្នុង​ព្រឹត្តិការណ៍​នៅ​មណ្ឌល​កម្សាន្ត​កោះពេជ្រ​មួយ​ចំនួន​ត្រូវ​គេដាក់​ឲ្យ​ស្ថិត​នៅក្រៅ​បន្ទប់​ រីឯ​ខ្លះទៀត​ស្ថិតនៅ​ក្នុងបន្ទប់។ អ្នកជំងឺ​ខ្លះ​កំពុង​ព្យួរ​សេរ៉ូម​នៅឡើយ។ ហើយ​ក៏​នៅមានអ្នកជំងឺ​ខ្លះ​ទៀត​កំពុង​ស្ថិត​នៅក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​ផង​ដែរ។

គ្រូពេទ្យ​បាន​ឲ្យ​អ្នក​ជំងឺ​ធ្វើ​ចលនា​អវៈយវៈ​ដោយសារ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ភាគច្រើន​ប៉ះពាល់​លើ​ជើង​និង​បណ្ដាល​ឲ្យ​មាន​សភាព​ស្ពឹក​មិនអាច​កម្រើក​បាន។ អ្នកជំងឺ​មួយ​ចំនួន​ទៀត​ត្រូវ​ធ្វើការ​ដូរឈាម​ដោយសារ​ក្នុង​ឈាម​របស់​គាត់​មាន​ជាតិ​ពុល​ច្រើន។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ធា្លប់​បាន​ប្រកាស​ថា អ្នក​ជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​អាច​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជិតខាង​បាន​ក៏ប៉ុន្តែ​នៅពេល​នេះ​គេពុំទាន់​ឃើញ​មាន​អ្នក​ជំងឺ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​នៅ​ឡើយទេ។ អ្នកជំងឺ​មួយ​ចំនួន​បាន​ស្លាប់​ក្នុង​ពេល​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅក្នុង​ស្រុក។ ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់ជីវិត​រហូត​មក​ទល់ពេល​នេះ​បាន​កើនដល់​ចំនួន​៣៥៣នាក់។

លោក​ ញឹម វ៉ាន់ដា​ អនុប្រធាន​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ឱ្យ​ដឹង​ថា ​រហូត​មកដល់​ពេល​នេះ​អ្នក​រងរបួស​ដោយសារ​ហេតុការណ៍​នៅលើ​ស្ពាន​កោះពេជ្រ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​៥៩នាក់​ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវការ​ពេលវាលា ​ដើម្បី​ធ្វើការ​ ព្យាបាល​ដោយសារ​មាន​ការ​ប៉ះពាល់​ដល់​តម្រងនោម​ សួត ​និង​ខួរក្បាល។

លោក​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នកជំងឺ​ទាំងនោះ​មាន​អ្នកខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ​ដែរ​តែ​កំពុង​ធ្វើការ​ព្យាបាល​យ៉ាង​យកចិត្ត​ទុកដាក់​ពី​សំណាក់​គ្រូពេទ្យ។

«ជំងឺ​ជា​ទូទៅ​បាន​ល្អ​ដែរ ប៉ុន្តែ​វា​មិន​ស្មើគ្នា​ទេ។ វា​មាន​ខ្លះ​ទៅ​វា​ព្យាបាល​យូរតិច​ទៅ។ ខ្លះ​ក៏​ចេញ​បណ្តើរៗ​ទៅ​ផ្ទះ។ ជំងឺវា​មាន​ធ្ងន់​មាន​ស្រាល​គ្រាន់ថា​វា​មាន​គ្រោះថា្នក់​អ្វី​ផ្សេងៗ​ យើង​មិនបានដឹងទេ ​ប៉ុន្តែ​ពេទ្យ​គេ​បាន​ខំ​ព្យាបាល​ឱ្យ​អស់​លទ្ធភាព​ហើយ»។

វីអូអេ សំឡេងសហរដ្ឋអាមេរិក មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​ទាំងអស់​នេះ​ពីលោក​ ម៉ម ប៊ុនហេង ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​និង​លោក​ អ៊ិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច​បានទេ ​ដោយ​លោក​ទាំងពីរ​បាន​ឆ្លើយថា​ជាប់​រវល់​ប្រជុំ៕

XS
SM
MD
LG