រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់មួយនៅថ្ងៃច័ន្ទនេះ សំដៅធានាសន្តិសុខ និងសុវត្ថិភាពដល់អ្នកទោសជាង១៥០០០នាក់នៅក្នុងពន្ធនាគារចំនួន២៨ទូទាំងប្រទេសកម្ពុជា។
ក្រុមអ្នករិះគន់ច្បាប់នេះដែលបានអនុម័ត បាននិយាយថា ច្បាប់នេះមានចរិតលក្ខណៈមិនច្បាស់លាស់ ឬ ភាពស្រពិចស្រពិល ការព្រួយបារម្ភអំពីភាពចង្អៀតណែនខ្លាំងក្នុងពន្ធនាគារ កង្វល់អំពីការប្រើកម្លាំងដោះស្រាយភាពចលាចលនៅក្នុងពន្ធនាគារ ការព្រួយបារម្ភអំពីការបន្ធូរបន្ថយទោស និងការលើកលែងទោសដល់អ្នកទោសដោយគ្មានតម្លាភាព និងយុត្តិធម៌ ព្រមទាំងកង្វល់ចំពោះមន្ត្រីពន្ធនាគារ និងមន្ត្រីតុលាការប្រព្រឹត្តអំពើពុករលួយអំពីបទល្មើសអ្វីមួយ។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងសម័យប្រជុំសភាថាមាត្រាចំនួន៨ក្នុងជំពូកទី៧មិនគួរមាននៅក្នុងសេចក្តីព្រាងច្បាប់នេះទេ ហើយបើមានជំពូកទី៧នេះ ប្រទេសកម្ពុជានឹងមានការខាតបង់ច្រើនជាងចំណេញ។
«ក្នុងជំពូកទី៧ ខ្ញុំយល់ឃើញថា មាត្រាមួយចំនួនគួរឲ្យព្រួយបារម្ភមែនទែនដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យើងចែងអំពីការផ្តល់សិទ្ធិអំណាចទៅឱ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធនាគារមានសិទ្ធិចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនសម្រាប់ការបង្កើតការងារ កម្មវិធីឧស្សាហកម្ម សិប្បកម្ម និងកសិកម្មនៅក្នុងពន្ធនាគារ ហើយនឹងមានសិទ្ធិចុះកិច្ចសន្យាលក់ផលិតផលដែលផលិតដោយអ្នកទោសនៅក្នុងពន្ធនាគារ ដើម្បីយកទៅលក់នៅក្នុងទីផ្សារ និងលក់ឱ្យក្រុមហ៊ុនឯនជន។ មាត្រាទាំងប៉ុន្មាននេះផ្ទុយទៅនឹងអនុសញ្ញាអន្តរជាតិមួយចំនួនដែលហាមឃាត់ការប្រើប្រាស់កម្លាំងពលកម្មនៅក្នុងពន្ធនាគារសម្រាប់ជាប្រយោជន៍ទៅដល់បុគ្គលឯកជន»។
លោកម៉ែន សុថាវរិន តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងសម័យប្រជុំសភាថា ប្រព័ន្ធគ្រប់គ្រងពន្ធនាគារត្រូវការច្បាប់ និងនីតិវិធីសម្រាប់ការអនុវត្ត។
«ច្បាប់ពន្ធនាគារទាំងមូល ខ្ញុំមើលទាំងអស់ទៅឃើញថា មានភាពស្រពិចស្រពិលច្រើន។ ច្បាប់នេះមិនបញ្ជាក់ច្បាស់ពីគោលការណ៍សំខាន់នៃបទបញ្ជាផ្ទៃក្នុង និងមិនមានតម្រូវការណាមួយឱ្យនាយកពន្ធនាគារ ឬ ក្រសួងមហាផ្ទៃបង្កើតនីតិវិធីលម្អិតអំពីបទបញ្ជាផ្ទៃក្នុងទេ»។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់រដ្ឋសភាទាំងមូលចំពោះការផ្តល់អនុសាសន៍ និងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងពន្ធនាគារ។
លោកឧបនាយករដ្ឋមន្ត្រីស ខេងបានចាត់ទុកថា លទ្ធផលដែលបានមកពីការអនុម័តច្បាប់នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ថ្មីមួយទៀតក្នុងការគ្រប់គ្រងសង្គមកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។
«យើងខ្ញុំសូមទទួលយកនូវច្បាប់នេះ ដើម្បីយកទៅចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីរួមចំណែកក្នុងការពង្រឹង ការគ្រប់គ្រងសង្គមកម្ពុជារបស់យើងឱ្យកាន់តែល្អប្រសើរថែមទៀត»។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់យ៉ាងដូច្នេះថា«យើងស្វាគមន៍ការអនុម័តច្បាប់ស្តីពីពន្ធនាគារនេះ ពីព្រោះប្រទេសកម្ពុជាយើងជាលើកទីមួយហើយមានច្បាប់ពន្ធនាគារ។ កន្លងមក ដោយសារមិនមានច្បាប់ពន្ធនាគារនេះការគ្រប់គ្រងពន្ធនាគារមានរឿង មានបញ្ហាភាពមិនប្រក្រតីមួយចំនួនកើតឡើង»។
លោកអំ សំអាតបានបញ្ជាក់ថា រដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ពន្ធនាគារដែលមាន៨៥មាត្រានេះ ឱ្យមានប្រសិទ្ធិភាព៕