ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់​ទោស​មេខ្មែរ​ក្រហម​ទាក់ទាញ​អ្នក​តាមដាន​ច្រើន


ព្រះសង្ឃ​​និង​​ប្រជាពលរដ្ឋ​​អង្គុយ​នៅ​ក្នុង​អំឡុង​សវនាការ​នៅ​​ឯ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) នៅ​ជាយក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។
ព្រះសង្ឃ​​និង​​ប្រជាពលរដ្ឋ​​អង្គុយ​នៅ​ក្នុង​អំឡុង​សវនាការ​នៅ​​ឯ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) នៅ​ជាយក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​តាមដាន​មើល​ដំណើរការ​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ចំនួន​បួន​នាក់​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃពុធ​នេះ​ បាន​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ការ​មើលឃើញ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​បួន​នាក់​ឈរ​នៅ​ចំពោះ​មុខ​សាលាក្តី​ខ្មែរក្រហម​ដែល​ត្រូវ​ប្រឈម​នឹង​បទចោទប្រកាន់​ប្រល័យ​ពូជសាសន៍​សម្រាប់​មរណភាព​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១,៧​លាន​នាក់​ក្នុងអំឡុង​ចុង​ទសវត្សរ៍​១៩៧០។

សាលាក្តី​ខ្មែរក្រហម​បានបើក​សវនាការ​សំណុំរឿង​លេខ​០០២​ អំពី​បទ​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​ នួន​ ជា ​អតីត​ប្រធាន​រដ្ឋសភា​ ខៀវ​ សំផន​ អតីត​ប្រធានរដ្ឋ​ អៀង​ សារី​ អតីត​រដ្ឋមន្ត្រី​ការបរទេស​ និង​អៀង​ ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​នៅក្នុង​របប​វាល​ពិឃាត។

លោក​ យុទ្ធ​ ថងឌី​ អាយុ​៤៣​ឆ្នាំ​នៅខេត្ត​បន្ទាយមានជ័យ​ដែល​មាន​សាច់ញាតិ​ចំនួន៥​នាក់​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ បានតាមដានមើល​សវនាការ​តាម​កញ្ចក់​ទូរទស្សន៍​បានថ្លែង​ថា​លោក​មាន​ការ​សប្បាយចិត្ត​ចំពោះ​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់ខ្ពស់​បួន​នាក់​នេះ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​ ប៉ុន្តែ​បើ​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​តែ​បួន​នាក់​នេះ​ វា​ហាក់​ដូច​ជា​អត់​មាន​ភាពយុត្តិធម៌​សម្រាប់​ជនត្រូវចោទ​និង​ជនរងគ្រោះ។

«ចំពោះ​សំណុំរឿង​លេខ​០០២​នេះ​ ខ្ញុំ​យល់ឃើញ​ថាគេ​ (សាលា​ក្តី​ខ្មែរក្រហម​) បានយក​អ្នក​ទាំង​បួន​នាក់​មក​កាត់ទោស​ហ្នឹង​ ជា​ដំណើរការ​មួយ​ល្អ​ហើយ។ ខ្ញុំ​គ្រាន់តែ​យល់​ថា​បើ​ដំណើរការ​កាត់ទោស​តែ​បួន​នាក់​ហ្នឹង​ វា​អត់​មាន​ភាពយុត្តិធម៌​ទេ​ ពីព្រោះ​វា​អត់​បានដល់​ទី​បញ្ចប់​ ពីព្រោះ​សំណុំ​រឿង​ផ្សេង​ៗ​ទៀត​ស្ថិត​នៅក្នុង​ភាព​អាថ៌កំបាំង។​ ចំពោះ​ការ​កាត់ទោស​បួន​នាក់​នេះ​ ខ្ញុំ​គិត​ថា​ដំណើរការ​កាត់ទោស​នេះ​មាន​ដំណើរការ​ល្អ​ ដោយសារ​វា​បាន​បង្ហាញ​ភាពយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដោយសារ​សាលាក្តី​ខ្មែរក្រហម​បាននាំ​អ្នក​ទាំង​បួន​នាក់​មកបង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ ​ឬ​ វិទ្យុ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្តាប់ ​ហើយ​បានឃើញ​ទាំង​រូបភាព​ទៀត​ផង»។

លោក​ ឡៅ ឡៃហេង អាយុ​៥៣​ឆ្នាំ​មកពី​ខេត្ត​ឧត្តរមានជ័យ​ដែល​មាន​សាច់ញាតិ​ស្លាប់​ចំនួន​១៣​នាក់​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​បាន​និយាយ​ថា​សវនាការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ក្រហម​ជាន់​ខ្ពស់​បួន​នាក់​នេះ​គឺជា​រឿង​ល្អ​និង​ត្រឹមត្រូវ​សម្រាប់​នាំយក​យុត្តិធម៌​មក​ជូន​ជនរងគ្រោះ​ខ្មែរ​ដែល​ត្រូវ​បានសម្លាប់​កាលពី​ចុង​ទសវត្សរ៍​១៩៧០។

«ចំពោះ​អារម្មណ៍​របស់​ខ្ញុំ​ត្រេកអរ​ចំពោះ​ការបានឃើញ​ការកាត់ទោស​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​ខ្មែរ​ ហើយ​សង្ឃឹម​ថា​នឹង​ទទួលបាន​នូវ​ភាពយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​យើង។​ ខ្ញុំ​មើលឃើញ​ការកាត់ទោស​នេះ​ជា​ប្រវត្តិសាស្ត្រ​ ហើយ​ក៏ជា​គំរូ​សម្រាប់​ជំនាន់​ក្រោយៗ​ទៀត​កុំ​ឱ្យ​ដូចពួកខ្មែរក្រហម​ទៀត​ កុំ​ឱ្យ​ទៅ​ជា​របប​ផ្តាច់ការ»។

លោក​ វង់​ វណ្ណៈ​ អាយុ​៥១​ឆ្នាំ​ នៅ​ខេត្ត​កោះកុង​ដែល​សាច់ញាតិ​ស្លាប់​ចំនួន​ប្រាំមួយ​នាក់​ក្នុង​របប​ខ្មែរក្រហម​ បានថ្លែង​ថា​ការកាត់ទោស​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួល​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​នេះ​ ហើយ​ការកាត់ទោស​នេះ​ដើម្បី​បញ្ជាក់​អំពី​ការ​ដោះស្រាយ​បញ្ហា​និទណ្ឌភាព​នៅក្នុង​សង្គម​កម្ពុជា។

«ករណី​កាត់ទោស​សំណុំ​រឿង​លេខ០០២​នេះ​ខ្ញុំ​យល់​ថា​វា​ជា​រឿង​ល្អ​ណាស់​ដែល​យើង​អាច​នាំ​យក​ថ្នាក់​ដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​ចូល​ទៅ​កាន់​តុលាការ​ដែល​សម័យ​ទំនើប​ សម័យ​ជឿនលឿន​ គេ​ប្រើ​ច្បាប់​តុលាការ​ ដើម្បី​កំណត់​ទោស​របស់​ថ្នាក់ដឹកនាំ​ខ្មែរក្រហម។​ ខ្ញុំ​គិត​ថា​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​បួន​នាក់​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ។ ​តាម​ការ​តាមដាន​ការកាត់ទោស​ ខ្ញុំ​ដឹង​ថា​វា​អាច​មាន​សំណុំ​រឿង​លេខ​០០៣​និង​លេខ០០៤»។

អ្នក​តាមដាន​សវនាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ទាំង​បួន​នាក់​នេះ​ចង់​ឱ្យ​មាន​ការបើក​សវនាការ​ករណី​សំណុំ​រឿង​លេខ​០០៣​ និង​លេខ​ ០០៤​ ដែល​មាន​មេដឹកនាំ​ដៃ​ដល់​ក្នុង​ការសម្លាប់​នៅតាម​តំបន់៕

XS
SM
MD
LG