ភ្នំពេញ៖ នាយកដ្ឋានបសុព្យាបាលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើការវិភាគឈាមទៅលើសត្វជ្រូកចំនួនប្រាំពីរក្បាលដើម្បីរករោគសញ្ញាពិតប្រាកដ បន្ទាប់ពីសត្វជ្រូកចំនួនរាប់រយក្បាលបានងាប់នៅក្នុងខេត្តចំនួនបី គឺខេត្តកំពត បាត់ដំបង និងកំពង់ចាម ដោយសារជំងឺដ៏អាថ៌កំបាំងមួយដែលបានកើតឡើងទៅលើសត្វជ្រូក។ មន្រ្តីជំនាញបសុព្យាបាលបាននិយាយថា ពួកគេត្រូវការពេលវេលាចំនួនបីថ្ងៃ ទើបដឹងលទ្ធផលនៃរោគសញ្ញានេះ។
លោកកៅ ផល ប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាលរបស់ក្រសួងកសិកម្ម បានបញ្ជាក់នៅថ្ងៃចន្ទ័នេះថា មន្រ្តីជំនាញបសុព្យាបាលបានចាប់ផ្តើមបូមឈាមទៅលើសត្វជ្រូកចំនួនប្រាំពីរក្បាល នៅក្នុងខេត្តកំពត ដើម្បីយកមកពិនិត្យនៅក្នុងមន្ទីរពិសោធន៍ក្នុងគោលបំណងរករោគសញ្ញាពិតប្រាកដ។
ការចាប់ផ្តើមបូមឈាមសត្វជ្រូកយកមកវិភាគនេះបានកើតមានឡើង ក្រោយពីសត្វជ្រូកជាច្រើនរាប់រយក្បាលបានឈឺងាប់ជាបន្តបន្ទាប់នៅក្នុងខេត្តកំពត ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ដោយសារជម្ងឺដ៏អាថ៌កំបាំងមួយ។
បើតាមការបញ្ជាក់ពីមន្រ្តីជំនាញបសុព្យាបាលរបស់ប្រទេសកម្ពុជាបាននិយាយថា រោគសញ្ញាដែលបានសម្លាប់សត្វជ្រូក មានដូចជាសត្វជ្រូកមានកំដៅលើសពី៤០អង្សាសេ ហៀរសំបោរ ហូរឈាមតាមច្រមុះ ទន់ជើងដួល មិនស៊ីចំណី និងស្បែកឡើងកន្ទួលក្រហម ហើយក្នុងរយៈពេលតែពីរទៅបីថ្ងៃប៉ុណ្ណោះ សត្វជ្រូកនឹងត្រូវងាប់។
លោកកៅ ផល បានមានប្រសាសន៍ថា មន្រ្តីបសុព្យបាលបានចុះទៅណែនាំប្រជាពលរដ្ឋ និងបាញ់ថ្នាំសម្លាប់មេរោគទៅលើទ្រុងចិញ្ចឹមជ្រូក និងណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់ការដឹកជញ្ជូនជ្រូកគ្រប់ប្រភេទពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជម្ងឺពីជ្រូកមួយ ទៅជ្រូកមួយទៀត។
«ទាក់ទងនឹងប្រជាពលរដ្ឋរបស់យើង គាត់ត្រូវធ្វើអនាម័យឲ្យបានត្រឹមត្រូវ។ ហើយបើទិញកូនជ្រូកសម្រាប់យកទៅចិញ្ចឹម ត្រូវរកប្រវត្តិច្បាស់សាល់ ពីព្រោះ ឧទាហរណ៍ បើយើងមិនមានប្រវត្តិច្បាស់លាស់ យើងយកទៅដាក់ក្នុងហ្វូង ហើយពេលកូនជ្រូកហ្នឹងឈឺ វាឆ្លងពេញទាំងទ្រុងទាំងអស់។ នៅពេលដែលមានជម្ងឺកើតឡើង សុំរាយការណ៍ជូនបសុពេទ្យ»។
ជម្ងឺដ៏អាថ៌កំបាំង ដែលបានកើតឡើងទៅលើសត្វជ្រូកនេះ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ ដែលបានសម្លាប់ជ្រូកចំនួន ១៤៦ក្បាល នៅស្រុកកំពង់ត្រាច ខេត្តកំពត និងបានសម្លាប់ជ្រូកជាច្រើនក្បាលទៀតនៅក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង។
លោកង៉ែត សុផល ប្រធានការិយាល័យបសុព្យាបាលស្រុកកំពង់ត្រាចបាននិយាយថា ជ្រូកខ្លះងាប់ដោយគ្មានរោគសញ្ញា និងមួយចំនួនទៀតងាប់ដោយសារអត់ស៊ីបាយ។
លោកបានមានប្រសាសន៍ទៀតថា នៅក្នុងខេត្តកំពតមានតែស្រុកកំពង់ត្រាចមួយទេបានកើតជម្ងឺនេះទៅលើសត្វជ្រូក។
«អាការៈជ្រូក បើសិនជានៅលើជ្រូកផើម វារលូតកូន ព្រោះវាក្តៅខ្លាំង។ កំដៅក្នុងខ្លួនវាឡើង វាអាចរលូតកូនបាទ។ បើចំពោះជ្រូកមេអាចកើតកូនបានបួនដប់ថ្ងៃ ឬកន្លះខែអី វាមានឆ្លងជម្ងឺហ្នឹងទៅ គឺវាអស់ទឹកដោះ ដោះវាចាប់ផ្តើមស្វិត ហើយកូនចាប់ផ្តើមងាប់បន្តៗតាមគ្នា»។
លោកប៉ុញ ឧត្តម មន្រ្តីបណ្តុះបណ្តាលចិញ្ចឹមជ្រូកក្នុងខេត្តបាត់ដំបង បាននិយាយថា ជម្ងឺជ្រូកងាប់បានរីករាលដាលពីស្រុកមោងឫស្សីមកស្រុកគាស់ក្រឡ។ ក៏ប៉ុន្តែលោកពុំទាន់បានដឹងពីចំនួនជ្រូកពិតប្រាកដ ដែលបានងាប់នោះទេ។
លោកបានមានប្រសាសន៍ថា តាមរយៈការធ្វើសិក្ខាសាលាកន្លងមកនៅក្នុងខេត្តបាត់ដំបង បានរកឃើញរោគសញ្ញាចំនួនប្រាំ។
«បាទ មាន ស៊ំាបូនីឡូន មានប៉េស មានផ្លូវដង្ហើម មានកញ្រ្ជិលមួយទៀត»។
លោកត្រៃ ប៊ុនឡៃ ប្រធានក្រុមហ៊ុនចែកចាយបសុឱសថនៃក្រុមហ៊ុន BKP ដែលមានបទពិសោធន៍ជាងដប់ឆ្នាំពាក់ព័ន្ធទៅនឹងបសុសត្វ បាននិយាយថា ជម្ងឺនេះច្រើនកើតមានឡើងនៅក្នុងអំឡុងខែកក្កដា ដោយសារមកពីបម្រែបម្រួលអាកាសធាតុ។
លោកបានមានប្រសាសន៍ថា ជម្ងឺនេះពុំអាចឆ្លងពីសត្វជ្រូកមកមនុស្សទេ ពីព្រោះវាមិនមែនជាប្រភេទជម្ងឺឆ្លង៕