លោកស្រីមូរ សុខហួរ បានបញ្ជាក់ពីជំហរចុងក្រោយថា លោកស្រីនឹងមិនបង់ប្រាក់ពិន័យទេ។ ការបញ្ជាក់ជំហរចុងក្រោយរបស់លោកស្រី បានកើតឡើងក្រោយពីគណៈប្រតិភូគណបក្សប្រឆាំងមួយក្រុម ដែលមានគ្នាចំនួន ៧ រូប បានទៅជួបលោកស្រីនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីននៅថ្ងៃចន្ទ័នេះ ដើម្បីជជែកជាមួយលោកស្រីអំពីការបង់ប្រាក់។ លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉េលថា លោកស្រីនៅតែប្រកាន់ជំហរមិនបង់ប្រាក់ពិន័យ ហើយគណបក្សសម រង្ស៊ីក៏ពុំបង់ប្រាក់ពិន័យជំនួសលោកស្រីដែរ។ លោកស្រីបានលើកឡើងទៀតថា ការសម្រេចចិត្តនេះ គឺធ្វើទៅតាមឧត្តមគតិរបស់លោកស្រី។
រតនាគារ កាលពីពីរសប្តាហ៍មុន បានចេញសេចក្តីជូនដំណឹងមួយ ដោយទុករយៈពេលពីរសប្តាហ៍ឲ្យលោកស្រីមូរ សុខហួរ បង់ប្រាក់ពិន័យដំបូងចំនួន៨.៥០០.០០០រៀល គឺស្មើនឹងប្រមាណជាង២.០០០ដុល្លារអាមេរិក។ ចំនួននេះ គឺស្មើនឹងពាក់កណ្តាលនៃទឹកប្រាក់ពិន័យសរុបចំនួន ១៦.៥០០.០០០ រៀល ឬស្មើនឹងប្រមាណជាង ៤.០០០ ដុល្លារអាមេរិក ដែលលោកស្រីត្រូវបង់ប្រាក់ពិន័យ។
តុលាការកំពូល កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅនេះបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ឋរណ៍ ដោយតម្រូវឲ្យលោកស្រីបង់ប្រាក់ពិន័យចំនួន ២.០០០ ដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល និងប្រាក់សំណងជម្ងឺចិត្តជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំនួនជាង១.៩០០ដុល្លារអាមេរិក។
លោកសុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បាននិយាយថា រហូតមកដល់ពេលនេះ លោកពុំទាន់បានទទួលសេចក្តីរាយការណ៍ពីរតនាគារក្រុងភ្នំពេញ ថាតើលោកស្រីសម្រេចបង់ប្រាក់ពិន័យ ឬមិនបង់ប្រាក់ពិន័យយ៉ាងណានៅឡើយទេ។ លោកបន្តថា៖
«គាត់អត់ព្រមបង់ទេ យើងអនុវត្តតាមនីតិវិធីបន្ត ពេលហ្នឹងគឺព្រះរាជអាជ្ញា គឺនឹងធ្វើលិខិតជូនទៅគាត់មិនឲ្យលើសពី ១០ ថ្ងៃទេ ជូនដំណឹងគេហៅថា ដំណឹងចុងក្រោយ »។
លោកកែ ប៊ុនឡេង ប្រធានរតនាគារក្រុងភ្នំពេញ បានបដិសេធផ្តល់អត្ថាធិប្បាយ ដោយមានប្រសាសន៍ថា៖
«បាទ! ខ្ញុំអត់ធ្វើបទសម្ភាសន៍អីទេ អត់ទេ»។
លោកសុខ រឿន បានមានប្រសាសន៍ទៀតថា ប្រសិនណាបើលោកស្រីមូរ សុខហួរ នៅតែមិនបង់ប្រាក់ពិន័យទេ លោកស្រីនឹងប្រឈមមុខដាក់ពន្ឋនាគារបង្ខំលើរូបរាងកាយ។ លោកបន្តថា៖
«ជាបង្ខំ គឺមានន័យថា យើងប្រើប្រាស់កម្លាំងសាធារណៈឲ្យហៅគាត់មក ដើម្បីដាក់គុកបង្ខំដល់រូបកាយនៅក្នុងមាត្រា៥៣០ »។
លោកស្រីមូរ សុខហួរ គ្រោងនឹងមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែកក្កដា ខាងមុខនេះ។