មន្ត្រីនៃគណៈកម្មការទន្លេមេគង្គ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ បានលើកឡើងថា កិច្ចព្រមព្រៀងរបស់ប្រទេសជាសមាជិកនៃគណៈកម្មការនេះនៅមានចម្លោះប្រហោងនៅឡើយទាក់ទងនឹងការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ។
ការលើកឡើងនេះធ្វើឡើងនៅខណៈពេលដែលបណ្តាប្រទេសទន្លេមេគង្គផ្នែកខាងក្រោមចំនួន៤កំពុងត្រៀមរៀបចំកិច្ចប្រជុំចុងក្រោយមួយស្តីអំពីទំនប់វារីអគ្គិសនីសាយ៉ាបូរីដ៏ចម្រូងចម្រាស់របស់ឡាវ។
បើទោះជាបណ្តាប្រទេសទន្លេមេគង្គផ្នែកក្រោមចំនួន៣ទៀតគឺថៃ កម្ពុជា និងវៀតណាម ជំទាស់ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវក៏ដោយ ក៏ប្រទេសឡាវ នៅតែអាចអនុវត្តគម្រោងសាងសង់ទំនប់របស់ខ្លួនបានដែរ ប្រសិនបើខ្លួនចង់នោះ។
ឡាវអាចអនុវត្តបាន ដោយសារតែនីតិវិធីនៃកិច្ចព្រមព្រៀងរវាងប្រទេសជាសមាជិកទាំង៤នៃគណៈកម្មការទន្លេមេគង្គទាក់ទងនឹងការសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គនេះ មិនបានតម្រូវឲ្យមានការយល់ព្រមគ្នាជាឯកច្ឆ័ន្ធរវាងប្រទេសជាសមាជិកទាំងអស់នោះទេ នេះបើយោងតាមមន្ត្រីជំនាញនៃគណៈកម្មការទន្លេមេគង្គ។
លោកជា សុភារិន មន្ត្រីកម្មវិធីទទួលបន្ទុកផ្នែកនីតិវិធីនិងកិច្ចការនយោបាយនៃគណៈកម្មការទន្លេមេគង្គប្រចាំនៅទីក្រុងវៀងច័ន្ទ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយVOA Khmer នៅល្ងាចថ្ងៃច័ន្ទនេះថា នីតិវិធីសម្រាប់ការជូនដំណឹង ការពិគ្រោះយោបល់ជាមុននិងការព្រមព្រៀងគ្នា ដែលហៅកាត់ជាភាសាអង់គ្លេសថា PNPCAនោះ មិនបានតម្រូវឲ្យប្រទេសជាសមាជិកនីមួយៗយល់ព្រមទាំងអស់គ្នា ដើម្បីឲ្យប្រទេសណាមួយអាចអនុវត្តគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ខ្លួននោះទេ។
«នៅក្នុងPNPCA ហ្នឹងគឺគេមិនកំណត់ថា ប្រទេសឡាវ ឧទាហរណ៍ទាក់ទងនឹងសាយ៉ាបូរីនេះ ប្រទេសឡាវជាប្រទេសដែលលើកសំណើ មានន័យថា គេគ្មានសិទ្ធិ Veto ហើយប្រទេសផ្សេងៗក៏គ្មានសិទ្ធិ Veto ប្រឆាំងមិនឲ្យធ្វើដែរ»។
ការលើកឡើងនេះធ្វើឡើង នៅមុនពេលដែលបណ្តាប្រទេសទន្លេមេគង្គផ្នែកខាងក្រោមទាំង៤ គឺ កម្ពុជា វៀតណាម ថៃ និងឡាវ ត្រៀមជួបប្រជុំគ្នានៅថ្ងៃអង្គារទី១៩ ខែមេសាក្នុងទីក្រុងវៀងច័ន្ទនេះ ដើម្បីសម្រេចចិត្តជាចុងក្រោយថា តើត្រូវអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវនោះឬយ៉ាងណា។
លោកជា សុភារិនមានប្រសាសន៍ថា បើផ្អែកតាមនីតិវិធី PNPCA និងកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥រវាងប្រទេសទាំងបួន ហាក់ដូចជាគ្មាននីតិវិធីណាមួយដែលអាចរារាំងប្រទេសឡាវមិនឲ្យសាងសង់ទំនប់របស់ខ្លួនបានទេ ប្រសិនបើប្រទេសនេះពិតជាចង់បន្តគម្រោងទំនប់វារីអគ្គិសនីរបស់ខ្លួននោះ។
«ដូចជាយើងមិនមានអ្វីដែលត្រូវ របៀបដូចជានីតិវិធី ឬក៏ស្អីដែលអាចហាមឃាត់គេបានទេ»។
ទំនប់សាយ៉ាបូរី ដែលស្ថិតនៅភាគខាងជើងប្រទេសឡាវគឺជាទំនប់មួយក្នុងចំណោមទំនប់វារីអគ្គិសនីធំៗយ៉ាងតិចចំនួន១១ដែលគេគ្រោងនឹងសាងសង់លើដងទន្លេមេគង្គផ្នែកខាងក្រោម ជាពិសេសគឺនៅក្នុងប្រទេសឡាវនិងកម្ពុជា។
បើតាមគម្រោង ទំបន់នោះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនថៃមួយឈ្មោះCh Karnchang ដោយគ្រោងផលិតថាមពលអគ្គិសនីកម្រិត១២៦០មេហ្គាវ៉ាត់។ ៩៥%នៃថាមពលអគ្គិសនីដែលទំនប់របស់ឡាវផលិតបាននេះ នឹងត្រូវលក់ទៅឲ្យប្រទេសថៃ នេះបើយោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers)។
របាយការណ៍ក៏បង្ហាញផងដែរថា ប្រសិនបើត្រូវបានសាងសង់មែននោះ ទំនប់សាយ៉ាបូរី នឹងធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅក្នុងទន្លេមេគង្គជារៀងរហូត ហើយនឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទ ដូចជាពូជត្រីរាជជាដើម។
ការបាត់បង់នេះ នឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ជាពិសេសប្រជាជនកម្ពុជាដែលរស់នៅពឹងអាស្រ័យទៅលើទន្លេមេគង្គនេះ។
តែទោះជាយ៉ាងនេះក្តី កាសែតBangkok Post របស់ថៃបានរាយការណ៍កាលពីថ្ងៃអាទិត្យថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ប្រទេសឡាវនេះបានចាប់ផ្តើមរួចទៅហើយ។
នៅថ្ងៃច័ន្ទនេះ អង្គការទន្លេអន្តរជាតិ International River ក៏បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការចាប់ផ្តើមសាងសង់ទំនប់សាយ៉ាបូរីនោះ ហើយក៏អំពាវនាវឲ្យប្រទេសទន្លេមេគង្គក្រោមផ្សេងទៀតបដិសេធគម្រោងសាងសង់ទំនប់នោះនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃអង្គារនេះ។
ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោកJim Webbក៏បានព្រមានផងដែរអំពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់ដែលអាចកើតមានឡើងដោយសារកង្វះការសហការគ្នារវាងបណ្តាប្រទេសទន្លេមេគង្គផ្នែកខាងក្រោមទាក់ទងនឹងគម្រោងសាងសង់ទំនប់នោះ។
មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលឡាវមិនអាចទាក់ទងដើម្បីស្នើសុំការបញ្ជាក់ណាមួយបានទេនៅថ្ងៃច័ន្ទនេះ។ ចំណែកមន្ត្រីនៃគណៈកម្មការទន្លេមេគង្គក៏មិនអាចផ្តល់ការបញ្ជាក់បានដែរចំពោះរបាយការណ៍ព័ត៌មានអំពីការចាប់ផ្តើមសាងសង់ទំនប់សាយ៉ាបូរីនោះ។
ទោះជាយ៉ាងនេះក្តី លោកជា សុភារិនមានប្រសាសន៍ថា លោកជឿថា ប្រទេសឡាវនឹងធ្វើការពិចារណាអំពីការព្រួយបារម្ភនិងការអំពាវនាវនានារបស់បណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ មុននឹងសម្រេចចិត្តទៅលើគម្រោងសាង់សង់ទំនប់នោះ។
ប៉ុន្តែរហូតទាល់តែនៅក្រោយកិច្ចប្រជុំរបស់បណ្តាប្រទេសទាំងបួននៅថ្ងៃអង្គារ ទី១៩ ខែមេសានេះសិន ទើបគេអាចដឹងបានពិតប្រាកដ ថាតើទំនប់សាយ៉ាបូរីរបស់ប្រទេសឡាវនោះ នឹងអាចលេចចេញជារូបរាង ឬក៏យ៉ាងណានោះ៕