រថក្រោះបានធ្វើដំណើរយឺតៗ នៅលើកំណាត់ផ្លូវជាតិតាមរថយន្តកាំម៉ីយ៉ុងមកឈប់នៅទីប្រជុំជនមួយនៃស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាផ្លូវបំបែកឆ្ពោះទៅតំបន់សមរភូមិខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋបានស្វាគមន៍យ៉ាងរាក់ទាក់ និងបានផ្តល់អំណោយជាបន្តបន្ទាប់ដល់កងទ័ព។
កំពុងតែហុចទឹកសុទ្ធ មី និងត្រីខកំប៉ុងមួយចំនួន ដោយលាយឡំជាមួយនឹងទឹកមុខសប្បាយរីករាយ អ្នកស្រីហ៊ុយ ម៉ានី អាយុ៥១ឆ្នាំ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារតែទឹកចិត្តរបស់អ្នកស្រីស្រឡាញ់មាតុភូមិ អ្នកស្រីបានផ្តល់អំណោយបន្តិចបន្តូចដល់កងទ័ព ដើម្បីឲ្យជួយការពារបូរណភាពទឹកដី។ អ្នកស្រីមានប្រសាសន៍ថា៖
«ឡានប្រាំពីរ ប្រាំបី ខ្ញុំជូនទាំងអស់ ជូនដើម្បីថា បងកងទ័ពគាត់ទៅការពារ ជូនគាត់ពិសារ ឲ្យគាត់ទៅសមរភូមិ»។
កញ្ញា អ៊ំ បូរមី អាយុ ២៤ឆ្នាំ បានយកនុំ ដែលកំពុងដាក់លក់នៅតាមដងផ្លូវនៅក្នុងស្រុកក្រឡាញ់ ជូនកងទ័ព ដោយមិនស្តាយអំពីការខាតបង់។ កញ្ញាបាននិយាយទៀតថា យើងចង់ផ្សាភ្ជាប់ទឹកចិត្តរវាងសមរភូមិមុខ និងសមរភូមិក្រោយ បន្ទាប់ពីកម្ពុជាបានវាយប្រយុទ្ធគ្នាជាមួយនឹងទ័ពថៃនៅតំបន់ព្រំដែន។ កញ្ញាបានប្រាប់វីអូអេខ្មែរថា៖
«អស់១០កញ្ចប់ជាង។ អត់ស្តាយទេពីព្រោះថា កងទ័ពតស៊ូដើម្បីយើងជារាស្រ្ត។ ដូច្នេះហើយយើងជូនបន្តិចបន្តូចអត់ស្តាយទេ។ មានទឹកចិត្តមុះម៉ុតខ្លាំងក្លា»។
ការបញ្ជូនរថក្រោះបន្ថែមទៅតំបន់សមរភូមិខេត្តឧត្តរមានជ័យនេះ បានកើតមានឡើងក្រោយពីកងទ័ពថៃនិងកម្ពុជាបានបន្តវាយប្រយុទ្ធគ្នាជាបន្តបន្ទាប់ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន។
មន្រ្តីយោធាមួយរូប ដែលបានដឹកនាំរថក្រោះ បាននិយាយថា រថក្រោះទាំងនេះត្រូវបានដឹកចេញពីបន្ទាយកងរថក្រោះក្នុងខេត្តកំពង់ស្ពឺ។ លោកមានប្រសាសន៍ទៀតថា រថក្រោះទាំងអស់មានចំនួន១០គ្រឿង ដែលយើងបញ្ជូនទៅតំបន់សមរភូមិខេត្តឧត្តរមានជ័យ ដើម្បីជួយបាញ់ផ្នែកគាំទ្រដល់កងទ័ពនៅខ្សែត្រៀមជួរមុខ។ លោកប្រាប់វីអូអេខ្មែរថា៖
«ដោយសារតែនៅសមរភូមិមុខ ពួកខ្មាំងសៀមវាឈ្លានពានទឹកដីរបស់យើង បានយើងសម្រេច បញ្ជូនរថពាសដែកទៅសមរភូមិមុខថែមទៀត»។
លោកអនុសេនីយ៍ឯក លឹម ហួត អ្នកបើកបររថក្រោះមួយរូបបាននិយាយថា រថក្រោះនេះបំពាក់ដោយ កាំភ្លើងផ្លោង១០០មីលីម៉ែត្រ និងកាំភ្លើង១២.៧។ លោកបានមានប្រសាសន៍ទៀតថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីការពារបូរណភាពទឹកដី។ លោកលឹម ហួតបន្តថា៖
«យើងជួយថ្មើរជើង។ ទឹកចិត្តកងទ័ពយើងក្លាហាន។ អ្នកមុខនៅពីមុខ អ្នកក្រោយជួយទប់ពីក្រោយទៀត»។
ចំណែកប្អូនប្រុស គង់ សុបឿន មានតួនាទីជាអ្នកបញ្ចូលគ្រាប់នៅក្នុងរថក្រោះបាននិយាយាថាប្អូន បានត្រៀមខ្លួនលក្ខណៈប្រយុទ្ធជានិច្ចដើម្បីបូរណភាពទឹកដី។ លោកថ្លែងយ៉ាងខ្លីថា៖
«មានតែសប្បាយចិត្តវាយថៃ។ ត្រៀមខ្លួនរួចហើយ»។
កងទ័ពកម្ពុជា និងថៃ រហូតមកដល់ថ្ងៃច័ន្ទនេះ បានវាយប្រយុទ្ឋគ្នាឈានដល់ថ្ងៃទី១១ហើយ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន ខេត្តឧត្តរមានជ័យ និងខេត្តសុរិន្ទប្រទេសថៃ។
ការវាយប្រយុទ្ធគ្នានៅថ្ងៃចន្ទ័នេះ កងទ័ពថៃ បានប្រើប្រាស់គ្រាប់កំាភ្លើងផ្លោង និងវាយប្រហារដោយ គ្រាប់បែកដៃ ក៏ប៉ុន្តែកងទ័ពកម្ពុជាបានឆ្លើយតបតិចតូចប៉ុណ្ណោះ។
កងទ័ពនៅខ្សែត្រៀមជួរមុខរវាងប្រទេសទាំងពីរ បានជួបគ្នាជាញឹកញាប់ ដើម្បីស្វែងរកការឈប់បាញ់ ក៏ប៉ុន្តែភាគីកម្ពុជា បានអះអាថា កងទ័ពថៃនៅតែបន្តវាយបកមកលើកងទ័ពកម្ពុជា។
ការបញ្ជូនរថក្រោះទៅតំបន់សមរភូមិខេត្តឧត្តមានជ័យនេះ ស្របពេលនឹងជនភៀសសឹកពីសង្គ្រាម បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញមួយចំនួនធំ។ បើតាមការបញ្ជាក់របស់លោក លួន អាន អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការកាកបាទក្រហមខេត្តបានឲ្យដឹងថា ប្រជាពលរដ្ឋយ៉ាងតិចចំនួន៩៩ភាគរយបានត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។
លោកបានមានប្រសាសន៍ទៀតថា ក្នុងចំណោមជនភៀសសឹកទំាងអស់ ដែលមានចំនួន១៥.០៦៦ គ្រួសារនៅសល់តែ២៥០គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះមិនទាន់ហ៊ានធានាសុវត្ថិភាពនៅឡើយទេ។
លោកធន់ ណុល អភិបាលក្រុងសំរោង បាននិយាយថា ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យជីកលេនដ្ឋាន នៅក្បែរផ្ទះ សាលារៀន និងតាមវាលស្រែ និងហាមប៉ះពាល់គ្រឿងផ្ទុះគ្រប់ប្រភេទនៅតាមភូមិឃុំ។ លោកបានមានប្រសាសន៍ទៀតថា សន្តិសុខមិនទាន់បានធានាទេ សម្រាប់ប្រជាពលរដ្ឋដែលវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញនោះ៕