ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​ឃុំឃាំង​នៅ​កម្ពុជា​មាន​អ្នកទោស​ណែន​ខ្លាំង


ទិន្នន័យ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​សិក្សា​អំពី​ពន្ធនាគារ​​បាន​បង្ហាញ​ថា​ពន្ធនាគារ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​ទី​២៥​នៃ​ពន្ធនាគារ​ដែល​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពិភពលោក។
ទិន្នន័យ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​សិក្សា​អំពី​ពន្ធនាគារ​​បាន​បង្ហាញ​ថា​ពន្ធនាគារ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​ទី​២៥​នៃ​ពន្ធនាគារ​ដែល​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពិភពលោក។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ និង​សិទ្ធិ​មនុស្ស​ នៅ​ថ្ងៃសុក្រ​នេះ​ បាន​សម្តែង​នូវ​ការ​ខ្វាយខ្វល់​អំពី​ភាព​ចង្អៀត​ណែន​ខ្លាំង​របស់​អ្នកទោស​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ ខណៈ​ដែល​អ្នកទោស​បាន​កើន​ឡើង​ប្រមាណ​១.៧០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១១ ​នៅ​ប្រទេស​កម្ពុជា​ មាន​អ្នកទោស​ក្នុង​ពន្ធនាគារ​ទាំងអស់​សរុប​១៥.០០១​នាក់​ដែល​បាន​កើន​ឡើង​១២,៦​ភាគរយ។ ​តាំងពី​ខែ​មីនា​ ឆ្នាំ​២០១០​ មាន​អ្នកទោស​ចំនួន​សរុប​១៣.៣២៥​នាក់​ នេះ​បើ​តាម​របាយការណ៍​ឆ្នាំ​២០១១​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បញ្ជាក់​ថា​ កំណើន​អ្នកទោស​នៅតាម​ពន្ធនាគារ​ទាំងអស់​នេះ​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​ ហើយ​ភាព​ចង្អៀត​ណែន​របស់​អ្នក​ទោស​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

របាយ​ការណ៍​នេះ​បានបន្ត​ថា​ សព្វ​ថ្ងៃ​អត្រា​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ចំនួន​១៨​មាន​កម្រិត​១៧៩​ភាគរយ​ និង​ភាពចង្អៀតណែន​ខ្លាំង​ឡើងៗ។ នៅ​កម្ពុជា​មាន​ពន្ធនាគារ​យ៉ាង​តិច​១២​ បាន​ផ្ទុក​អ្នកទោស​ពីរ​ដង​នៃ​ចំណុះ​ដែល​គួរ​ផ្ទុក​អ្នកទោស​ ហើយ​ពន្ធនាគារ​ខ្លះ​ទៀត​ផ្តល់​កន្លែង​រស់​នៅ​ក្នុង​បន្ទប់​មាន​ទំហំ​តិច​ជាង​មួយ​ម៉ែត្រ​ការ៉េ​សម្រាប់​អ្នកទោស​ម្នាក់​ ហើយ​កន្លែង​រស់​នៅ​ក្នុង​ពន្ធនាគារ​មាន​ទំហំ​តូច​ចង្អៀត​ដែល​អ្នកទោស​ខ្លះ​ត្រូវ​ដាក់​វេន​គ្នា​ដេក។​ របាយការណ៍​នេះ​បាន​បញ្ជាក់​ថា​ ពន្ធនាគារ​ថ្មី​ និង​បន្ទប់​សម្រាប់​ដាក់​អ្នកទោស​កំពុង​ត្រូវ​បាន​បន្ត​សាងសង់​ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​ ការណ៍​នេះ​មិន​គ្រប់គ្រាន់​ទេ​ ហើយ​វិបត្តិ​នៃ​ភាព​ចង្អៀត​ណែន​ខ្លាំង​របស់​អ្នកទោស​នៅ​កម្ពុជា​គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ការណ៍​ដែល​អាច​ដោះស្រាយ​បាន។ ​មក​ដល់​ឆ្នាំ​២០១១​នេះ​ ដំណោះ​ស្រាយ​នៅតែ​មិន​ទាន់​ឃើញ​ច្បាស់លាស់​នៅ​ឡើយ។​ លោក​ស្រី​ពុង​ ឈីវកេក​ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ ស្តង់ដារ​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​នៅ​ដាច់​ឆ្ងាយ​ណាស់​ពី​ស្តង់ដារ​ពន្ធនាគារ​អន្តរជាតិ ​ហើយ ​ភាព​ចង្អៀត​ណែន​របស់​អ្នកទោស​បាន​ប៉ះពាល់​ដល់​លក្ខខណ្ឌ​អនាម័យ​ និង​សុខភាព​ ជាពិសេ​ស​ជម្ងឺ​ឆ្លង​ ដូចជា​របេង​ និង​រមាស់។

«បើ​ស្តង់ដារ​តាម​អឺរ៉ុប​ អ្នកទោស​ម្នាក់​មាន​ទំហំ​បន្ទប់​ពន្ធនាគារ​ចំនួន​បួន​ម៉ែត្រ​ការ៉េ​ ហើយ​បើ​តាម​ស្តង់ដា​របស់​អន្តរជាតិ ​អ្នកទោស​ម្នាក់​មាន​ទំហំ​បន្ទប់​ពន្ធគារ​ចំនួន​ពីរ​ម៉ែត្រ​ការ៉េ។​ យើង​ដាក់​អ្នកទោស​ម្នាក់​ក្នុង​បន្ទប់​ពន្ធនាគារ​ដែល​មាន​ទំហំ​០,៨០​ម៉ែត្រ​ការ៉េ​ ដែល​ធ្វើឱ្យ​អ្នកទោស​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត»។

លោក​កុយ​ ប៊ុនសន​ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ​បានទទួល​ស្គាល់​ថា​ ភាព​ចង្អៀតណែន​ខ្លាំង​របស់​អ្នកទោស​ក្នុង​ពន្ធនាគារ​គឺជា​កង្វល់។

«ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ​ និង​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​មាន​ការ​ខ្វល់​ខ្វាយ​ខ្លាំង​ដោយសារ​ចំនួន​អ្នកទោស​មាន​ការ​កើន​ឡើង​តាំងពី​ដើម​ឆ្នាំ​២០១១​មក​ម្ល៉េះ។​ ការ​ពង្រឹង​នីតិរដ្ឋ​មាន​ន័យ​ថា​ ការ​ពង្រឹង​ច្បាប់​ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកទោស​ និង​អ្នក​ជាប់ឃុំ​បាន​កើន​ឡើង​ខ្ពស់​ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​មាន​កម្រិត​ អំពី​វិស័យ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ពន្ធនាគារ​ដែល​យើង​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​កន្លងមក​តាម​ខេត្ត​មួយ​ចំនួន​ ដូចជា​ ខេត្ត​ កំពង់ចាម​ ខេត្ត​ព្រះវិហារ​ ខេត្ត​កំពង់ធំ ​ខេត្ត​សៀមរាប​ ខេត្ត​បន្ទាយមានជ័យ​ ខេត្ត​បាត់ដំបង​ ខេត្ត​កោះកុង​ជាដើម។​ ប៉ុន្តែ​ទោះជាយ៉ាង​ណាក៏​ដោយ​ ការ​ធ្វើ​នោះ​មិន​មាន​តុល្យ​ភាព​នឹង​ចំនួន​កើន​ឡើង​ពី​ការ​ពង្រឹង​វិស័យ​ច្បាប់​នោះ​បាន​ទេ»។

ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​ជំនួយ​មូលនិធិ​ចំនួន​១២៥.០០០០​ដុល្លារ​អូស្ត្រាលី​ សម្រាប់​ជួយ​គាំទ្រ​ធ្វើ​ឱ្យ​លក្ខខណ្ឌ​ពន្ធនាគារ​ល្អ​ប្រសើរ​នៅឆ្នាំ​២០១០​ក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រី​ Arthi​ Patel ​លេខា​ទី​មួយ​ ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (AusAID)​ បាន​ថ្លែង​ថា​ ការ​វិនិយោគ​រួមគ្នា​នៅ​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពន្ធនាគារ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី​ និង​រដ្ឋាភិបាល​កម្ពុជា ​មាន​សារៈ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ពិរុទ្ធជន​ និង​ទណ្ឌិត​ក្នុង​ការ​ធានា​លក្ខខណ្ឌ​សន្តិសុខ​ សុវត្ថិភាព ​និង​ប្រកប​ដោយ​មនុស្ស​ធម៌។

ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​នេះ​ផ្តោត​លើ​ការ​សាងសង់​អគារ​ឃុំឃាំង​អនីតិជន​ និង​ស្ត្រី​ សាងសង់​ប៉ុស្តិ៍​សុខភាព​ របង​សុវត្ថិភាព​សម្រាប់​អ្នកទោស​ចេញ​មក​ហាត់​ប្រាណ​ និង​លំហែរ​កាយ​នៅ​ក្រៅ​អគារ​ឃុំឃាំង​ នៅ​ពេល​ថ្ងៃ​ សាងសង់​អគារ​សម្រាប់​ជួប​គ្រួសារ​ និង​មេធាវី​ជាដើម។

លោក​កុយ​ ប៊ុនសន​បានថ្លែង​ថា​ នៅ​ខេត្ត​ព្រៃវែង​ ប្រទេស​អូស្ត្រាលី​ជួយ​កសាង​អគារ​ឃុំឃាំង​ធំ​បី​ដែល​មាន​អគារ​បុរស​ពីរ ​អគារ​ស្ត្រី​មួយ​ រោងបាយ​ អគារ​ជួប​គ្រួសារ​ និង​មេធាវី​ និង​អគារ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោក​កុយ ​ប៊ុនសន​បាន​បញ្ជាក់​ថា​ ការ​កសាង​អគារ​ពន្ធនាគារ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​កំណើន​អ្នកទោស។

«ខ្ញុំ​សុំ​អំពាវ​នាវ​ដល់​សហគមន៍​ជាតិ​ អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ជួយ​ក្រឡេក​មើល​យក​ចិត្ត​ទុកដាក់​ជា​សំខាន់​ទៅលើ​ភាព​កំពុង​តែ​ណែន​ណាន់​តាន់​តាប់​នៅ​តាម​អគារ​ឃុំឃាំង​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​នេះ​ ដើម្បី​ជួយ​ផ្តល់​ជំនួយ​ តិច​ក្តី​ ច្រើន​ក្តី ​សម្រាប់​បន្ធូរ​បន្ថយ​ភាព​ណែន​ណាន់​តាន់តាប់​នៅ​ក្នុង​ពន្ធនាគារ»។

ទិន្នន័យ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​សិក្សា​អំពី​ពន្ធនាគារ​ បាន​បង្ហាញ​ថា​ពន្ធនាគារ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​ទី​២៥​នៃ​ពន្ធនាគារ​ដែល​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពិភពលោក៕

XS
SM
MD
LG