ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ព័ត៌មាន​បិទ​ទីភ្នាក់ងារ​ព័ត៌មាន​​ចំនួន​៣៧​ដោយសារ​ហួស​អាជ្ញាប័ណ្ណ


ក្រសួង​ព័ត៌មាន​​បាន​សម្រេច​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​បោះពុម្ភ​ផ្សាយ​​​កាសែត​ចំនួន​១៦ ​ទស្សនាវដ្តី​ចំនួន​១៥ ​និង​ព្រឹត្តិបត្រ​ចំនួន​៦។
ក្រសួង​ព័ត៌មាន​​បាន​សម្រេច​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​បោះពុម្ភ​ផ្សាយ​​​កាសែត​ចំនួន​១៦ ​ទស្សនាវដ្តី​ចំនួន​១៥ ​និង​ព្រឹត្តិបត្រ​ចំនួន​៦។

ក្រសួង​ព័ត៌មាន​ បាន​បញ្ជា​ឲ្យ​បិទ​ភ្នាក់ងារ​សារព័ត៌មាន​ ក្នុង​ស្រុក​ដែល​មិន​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ចំនួន​ ៣៧​អង្គភាព​បន្ទាប់​ពី​មិន​បាន​ចេញ​ផ្សាយ​ និង​ផុត​អាជ្ញាប័ណ្ណ​អស់​រយៈពេល​ជិត​១០​ឆ្នាំ។​ ប៉ុន្តែ​មន្ត្រី​អង្គការ​សារព័ត៌មាន​និង​សិទ្ធិ​មនុស្ស​ បាន​រិះគន់​ការ​បិទ​នេះ​ថា​ជា​ ការ​បិទ​សិទ្ធិ​សេរីភាព។

លោក​ ខៀវ​ កាញ៉ារិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​បញ្ជាក់​នៅ​ក្នុង​ប្រកាស​ថា​ ក្រសួង​បាន​សម្រេច​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​បោះពុម្ភ​ផ្សាយ​សារព័ត៌មាន​ ចំនួន​៣៧​ភ្នាក់ងារ​ រួម​មាន​កាសែត​ចំនួន​១៦ ​ទស្សនាវដ្តី​ចំនួន​១៥ ​និង​ព្រឹត្តិបត្រ​ចំនួន​៦។

លោក​ យ៉ែម ​ណយ ​ប្រធាន​មណ្ឌល​ព័ត៌មាន​ នៃ​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ថា​ក្រសួង​បាន​ទុក​ពេល​ឲ្យ​ម្ចាស់​សារព័ត៌មាន​ទាំង​នោះ​រយៈពេល​ជិត​១០​ឆ្នាំ ​បន្ទាប់​ពី​បាន​ផុត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ ​ប៉ុន្តែ​ម្ចាស់​សារព័ត៌មាន​ទាំង​នេះ​ មិន​បាន​មក​បន្ត ​និង​ហាក់បី​ដូច​ជា​បោះបង់​ចោល ​អាជីវកម្ម​កាសែត​នេះ។

«កាសែត​ ទាំង​អស់​ហ្នឹង​ផុត​អាជ្ញាប័ណ្ណ​យូរ​ហើយ​តាំង​ពី​ឆ្នាំ​២០០២​ ដែល​គាត់​អត់​មក​បន្ត។​ ក្រសួង​លុប​ចោល​កាសែត​អសកម្ម ​កាសែត​ អត់​ចេញ​ផ្សាយ​ គ្មាន​អាស័យដ្ឋាន ​ហើយ​អត់​មក​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​អាជីវកម្ម។​ យើង​ចុះ​ស្រាវជ្រាវ​រក​ស្នាក់ការ​មិន​ឃើញ​មាន ​ដូច​ដែល​គាត់​បាន​សុំ​បែប​បទ​មក​ក្រសួង​បើក​អាជីវកម្ម​ទេ»។

លោក​ សុខ ​សុវណ្ណ ​ប្រធាន​ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា​ បាន​គាំទ្រ​ដល់​ការ​បិទ​អង្គការ​សារព័ត៌មាន​ទាំង​នេះ។

លោក​ ជា ​គឹមសាន​ ចាងហ្វាង​ការ​ផ្សាយ​នៃ​កាសែត​ចរិតខ្មែរ​ ដែល​ត្រូវ​បាន​បិទ​នោះ​ បាន​ថ្លែង​ថា​ ក្នុង​ច្បាប់​របប​សារព័ត៌មាន​ ក្រសួង​គ្មាន​សិទ្ធិ​បិទ​កាសែត​ដែល ​មិន​ដំណើរការ​ទេ។​ ក្រសួង​ព័ត៌មាន​ អាច​មាន​សិទ្ធិ​ត្រឹមតែ​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​បើក​កាសែត​ប៉ុណ្ណោះ។

លោក​ ជា ​គឹមសាន​ បាន​បញ្ជាក់​ថា​ កាសែត​របស់​លោក​បាន​ផុត​សុពលភាព​ នៃ​អាជ្ញាប័ណ្ណ​យូរ​មែន​ និង​មិន​បាន​បោះពុម្ព​ចេញ​ផ្សាយ​ទេ។

«ក្រសួង​ គួរ​តែ​ជូន​ដំណឹង​ដល់​អ្នក​កាន់​អាជ្ញាប័ណ្ណ​ហ្នឹង​ដែរ ​ប៉ុន្តែ​ក្រសួង​អត់​ដែល​ជូន​ដំណឹង​ផង​ និង​អត់​ដែល​ចេញ​សេចក្តី​ណែនាំ​ថា​ឲ្យ​បន្ត​អាជ្ញាប័ណ្ណ​ផង។​ ស្រាប់​តែ​ចេញ​ប្រកាស​ មក​បិទ​កាសែត​តែ​ម្តង។ ​ខ្ញុំ​ ស្រងាក​ចិត្ត​ចំពោះ​ការ​បិទ​នេះ​ ដោយ​ក្រសួង​ធ្វើ​អ្វី​ស្ងាត់ៗ ​អត់​មាន​ ប្រាប់​ដល់​អ្នក​កាន់​អាជ្ញាប័ណ្ណ​ថា​ ត្រូវ​បន្ត​ដោយ​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ»។

លោក​ មឿន ​ឈានណារិទ្ធ​ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ ផ្នែក​សារព័ត៌មាន​ បាន​ថ្លែង​ថា​ការបិទ​កាសែត ​ទស្សនាវដ្តី ​និង​ព្រឹត្តិបត្រ​នេះ​ បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​សារព័ត៌មាន​ ប៉ុន្តែ​ការបិទ​អាច​ធ្វើ​ទៅ​បាន​ លុះត្រា​តែ​កាសែត​នោះ​ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ។

«ការ​បិទ​កាសែត​ទាំង​អស់​ហ្នឹង​គឺ​ខុស​នឹង​គោលការណ៍​ នៃ​រដ្ឋធម្មនុញ្ញ​ផង​ និង​ច្បាប់​សារព័ត៌មាន​ផង។ ការបិទ​កាសែត​នេះ​ អាច​ជា​ទម្រង់​មួយ​នៃ​ការ​ចាប់​ពិរុទ្ធ​ជា​មុន»។

លោក​ អំ ​សំអាត​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​បញ្ជាក់​ថា​ ការបិទ​សារព័ត៌មាន​នេះ​ ប៉ះពាល់​ដល់​សិទ្ធិ​ផ្សាយ​ព័ត៌មាន ​សិទ្ធិ​ទទួល​ព័ត៌មាន​ និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​សារព័ត៌មាន។

«ខ្ញុំយល់​ថា​ការបិទ​នេះ​ ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន។​ វាបាន​ន័យ​ថា​ការបញ្ចេញ​មតិ​ ឬ ​ការ​ចែកចាយ​ព័ត៌មាន ​តាម​រយៈ​សារព័ត៌មាន​ទាំង​អស់​នេះ​ផង​ដែរ។​ នេះ​ ជា​ចំណុច​អវិជ្ជមាន​មួយ»។

ក្រុម​មន្ត្រី​សារព័ត៌មាន​ បាន​និយាយ​ថា​ ក្រសួង​ព័ត៌មាន​ បាន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​កាសែត ​ទស្សនាវដ្តី ​និង​ព្រឹត្តិប័ត្រ​ជាង​៥០០៕

XS
SM
MD
LG