ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កសិកម្ម​បាន​ធ្វើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ផលិតផល​កសិកម្ម​តាម​កិច្ចសន្យា


កសិករដាំស្រូវ​ នៅរដូវស្សា។
កសិករដាំស្រូវ​ នៅរដូវស្សា។

ភ្នំពេញ៖ ​ក្រសួង​កសិកម្ម​បាន​ធ្វើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ផលិតផល​កសិកម្ម​តាម​កិច្ចសន្យា សំដៅ​ជំរុញ​មាន​ទំនាក់ទំនង​ផ្នែក​ផលិត​ និង​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ឱ្យ​ប្រសើរ។​ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​នឹង​ផ្តល់​ជំនឿ​ទុកចិត្ត​ និង​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​មកនៅ​កម្ពុជា​ ​ព្រមទាំង​បម្រើ ផល​ប្រយោជន៍​របស់​កសិករ​និង​អ្នក​ទិញ​ក្នុងការ​ធ្វើ​កិច្ច​សន្យា​ដោយ​ផ្ទាល់។ ​អនុក្រឹត្យ​នេះ​បាន​ជួយ​ជំរុញ​ផែនការ​ជំរុញ​ផលិតផល​ស្រូវ ​និង​នាំ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល។

ក្រុម​មន្ត្រីរដ្ឋា​ភិបាល​បាន​និយាយ​នៅថ្ងៃពុធ​នេះ​ថា​ ​ក្រសួង​កសិកម្ម​បាន​បញ្ចប់​ការតាក់តែង​សេចក្តី​ព្រាង​អនុក្រឹត្យ​ដ៏មាន​សារៈសំខាន់​ថ្មីមួយ ​សម្រាប់​ផ្តល់​តួនាទី​ដ៏​ចាំបាច់​ដល់​ក្រសួង​កសិកម្ម​នៅក្នុង​ការ​បង្កើត​កិច្ច​សន្យា​ផលិតផល​កសិកម្ម​រវាង​កសិករ​ និង​អ្នក​វិនិយោគ។

លោក​ម៉ៅ សុភារ៉េត​ ​ប្រធាន​នាយកដ្ឋាន​កសិឧស្សាហ​កម្ម​នៃ​ក្រសួង​កសិកម្ម​ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​បាន​តម្រូវ​ឱ្យ​ក្រសួង​កសិកម្ម​រក​ដៃ​គូវិនិយោគ​ផ្នែក​កសិកម្ម​ ​និង​រក​ទីផ្សារ​ សម្រាប់​ផលិតផល​កសិកម្ម​របស់កសិករ​ ​ព្រមទាំង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​រក​ផល​ប្រយោជន៍​ឱ្យ​កសិករ​ផង​ និង​អ្នក​វិនិយោគ​ផង។

«អនុក្រឹត្យ​មាន​សារៈ​សំខាន់​សម្រាប់​ភាគី​អ្នកផលិត​ ​និង​ភាគី​អ្នកទិញ​មាន​ជំនឿ​ជឿជាក់​លើគ្នា​ទៅ វិញ​ទៅមក។​ ក្រោយពី​អនុក្រឹត្យ​នេះ​ចេញ​ទៅ​ ​យើង​មាន​ការភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​វិនិយោគ​និង​កសិករផ្ទាល់​ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​ទៅ​ធ្វើការ​វិនិយោគ​ដោយ​ចុះ​កិច្ច​សន្យា​ជាមួយ​កសិករ ​ឬ​សហគមន៍កសិកម្ម។ ​អនុក្រឹត្យ​នេះ​នឹង​លុប​បំបាត់​ឈ្មួញ​កណ្តាល​ ​និង​នាំយក​អ្នក​វិនិយោគ​ទៅ​វិនិយោគ​ផ្ទាល់​ជាមួយ​កសិករ​ និង​សហគមន៍​កសិករ»។

លោក​ម៉ៅ សុភារ៉េត​បាន​បញ្ជាក់​ថា​ ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​នឹង​ផ្តល់​ជំនឿ​ទុកចិត្ត​ ​និង​លើក​ទឹកចិត្ត​ឲ្យ​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា។

លោក​ម៉ៅ សុភារ៉េត​បាន​បន្ថែម​ថា​ ​ក្រសួង​កសិកម្ម​បាន​បញ្ចប់​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ផលិតផល កសិកម្ម​តាម​កិច្ចសន្យា​នេះ​ និង​បាន​បញ្ជូន​ទៅ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​ហើយ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ប្រចាំ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ ដែល​នឹង​អាច​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​នៅក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

លោក​ម៉ៅ សុភារ៉េត​បាន​ថ្លែង​ថា​ ​ក្រសួង​កសិកម្ម​នឹង​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​សម្រាប់​ផលិត​ផល​ កសិកម្ម​តាម​កិច្ចសន្យា​ដែល​ក្នុងនោះ​ឈ្មួញ​ និង​កសិករ​ផ្តោត​ទៅលើ​តម្លៃ​គុណភាព​ និង​បរិមាណ​ផល​ដំណាំ​សម្រាប់​ការ​លក់ចេញ។

លោក​ម៉ៅ សុភារ៉េត​បាន​បញ្ជាក់​ថា​ ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ជួយ​រដ្ឋាភិបាល​ ឱ្យ​សម្រេច​បាន​នូវ​ការ​នាំចេញ​អង្ករ​ចំនួន​មួយ​លាន​តោន​នៅឆ្នាំ​២០១៥​ និង​ជួយ​បង្កើន​ការផលិត​ស្រូវ របស់​កសិករ ​កាន់តែ​ច្រើនឡើង​ថែមទៀត​សម្រាប់​ការ​នាំចេញ។

សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​បាន​ចង្អុល​បង្ហាញ​ថា​ ​ក្រសួង​កសិកម្ម​ជា​ស្ថាប័ន​នាំមុខ​ក្នុង​ការ​សម្រប​សម្រួល​ និង​ការ​ដោះស្រាយ​រាល់​ការ​អនុវត្ត​កិច្ច​សន្យា​ផលិត​កម្ម​កសិកម្ម​ដែល​មាន​វិវាទ។

លោក​ម៉ៅ សុភារ៉េត​បាន​បញ្ជាក់​ថា​ ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​បាន​តម្រូវ​ឱ្យ​ភាគី​អ្នកទិញ​ចុះ​កិច្ច​សន្យា​ដោយ​ផ្ទាល់​ជាមួយ​កសិករ​ ឬ​សមាគម​កសិករ​ដែល​ជា​អ្នក​ផលិត ​និង​លក់​ផលិតផល​កសិកម្ម​ទៅឱ្យ​ភាគី​អ្នកទិញ​តាម​តម្លៃ​ទីផ្សារ។

លោក​យ៉ង់ សាំងកុមារ​ ​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​ ​និង​អភិវឌ្ឍន៍​កសិកម្ម​ ​បាន​ថ្លែង​ថា​ ​សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​បាន​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ធំៗ​ចុះ​កិច្ច​សន្យា​ជាមួយ​កសិករ​ ឬ​សមាគម​កសិកម្ម។

លោក​យ៉ង សាំងកុមារ​និយាយ​ថា​៖

«វាជា​រឿងល្អ​ ​ប៉ុន្តែ​យើង​ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ​ កុំឱ្យ​មាន​ភាព​លំអៀង។​ បើវា​អនុវត្ត​ទៅ​ប្រកប​ដោយ​យុត្តិធម៌​ ​កសិករ​មាន​កិច្ច​សន្យា​ច្បាស់​លាស់​លើ​ទីផ្សារ បរិមាណ ​និង​តម្លៃ​ដែល​មាន​ភាព​ច្បាស់​លាស់​ ​ហើយ​ក្រុមហ៊ុន​ធំៗ​ត្រូវការ​ទិញ​ផលិតផល​នោះ។​ ក្រុមហ៊ុន​អាច​មាន​ភាព​ច្បាស់លាស់​ និង​ទទួល​បាន​ផលិតផល​តាម​គុណភាព​ ​បរិមាណ ​និង​ស្តង់ដារ​ដែល​គេចង់​បាន»។

លោក​ម៉ៅ សុភារ៉េត​បាន​បញ្ជាក់​ថា​ ​អនុក្រឹត្យ​នេះ​បាន​តម្រូវ​ឱ្យ​ក្រសួង​កសិកម្ម​ផ្តល់​សេវា​បច្ចេក​ទេស​ ដល់កសិករ​ ឬសមាគម​កសិកម្ម​ ​ខណៈ​ដែល​កសិករ​នៅ​មាន​ចំណុច​ខ្សោយ​ផ្នែក​បច្ចេក​ទេស​ច្បាប់​និង​ព័ត៌មាន​ផ្នែក​ទីផ្សារ៕

XS
SM
MD
LG