នៅថ្ងៃអង្គារនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានបដិសេធការចោទប្រកាន់ទៅលើសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងសហជីពដ៏មានរឿងចម្រូងចម្រាស់ថ្មីមួយដែលលំអៀងទៅរកភាគីក្រុមហ៊ុន ខណៈដែលក្រុមមន្ត្រីសហជីពបានចោទប្រកាន់ថាសេចក្តីព្រាងច្បាប់នេះ បានគាបសង្កត់សកម្មភាពនានារបស់សហជីព ហើយបម្រើផលប្រយោជន៍របស់ក្រុមហ៊ុន។
តំណាងប្រមាណ១០០នាក់ពីសហជីព ក្រុមហ៊ុម អង្គការពលកម្មអន្តរជាតិ និងតំណាងរដ្ឋាភិបាលបាន ចូលរួមពិគ្រោះយោបល់ និងការផ្តល់អនុសាសន៍ចុងក្រោយបង្អស់លើសេចក្តីព្រាងច្បាប់សហជីពនេះ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៅសណ្ឋាគារភ្នំពេញថា លោកបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឲ្យលើកឡើងនូវការព្រួយបារម្ភនិងពិចារណាលើសេចក្តីព្រាងច្បាប់នេះ ដោយឈរលើគោលការណ៍ច្បាប់។
«យើងស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ទាំងភាគីសហជីព ទាំងភាគីនិយោជក តំណាងអង្គការពលកម្មអន្តរជាតិ ធ្វើការពិភាក្សាគ្នាឈរលើមូលដ្ឋានច្បាប់ និងការយោគយល់គ្នា ហើយក្នុងនាមក្រសួងអាណាព្យាបាល ក៏ដូចជាអ្នកសម្របសម្រួលក្នុងការងារនេះ នឹងមិនលំអៀងទៅរកភាគីណាមួយឡើយ។ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏ច្បាប់នេះពុំអាចបំពេញចិត្តទៅតាមអ្វីដែលភាគីពាក់ព័ន្ធស្នើឡើងបានមួយរយភាគរយដែរ»។
លោក វង សូត បានបញ្ជាក់ថា ការពិគ្រោះយោបល់លើកទីបីនេះ គឺជាការពិគ្រោះយោបល់ចុងក្រោយ មុនពេលបញ្ចូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនៅដំណាច់ឆ្នាំ២០១១។
លោករ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានថ្លែងថា សហជីពមានការព្រួយបារម្ភអំពីសេចក្តីព្រាងច្បាប់នេះ រួមមានការរឹតបន្តឹងសហជីព ការរំលាយសហជីព ការដាក់ទណ្ឌកម្មសហជីព និងមាត្រាមួយចំនួនដែលតម្រូវឱ្យសហជីពបំពេញលក្ខណៈសម្បត្តិ។
«សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ យើងមើលឃើញចំណុចចាប់ពីមាត្រាមួយរហូតដល់មាត្រាកៅសិបមួយ មានចំណុចជាច្រើនដែលបានរឹតបន្តឹងទៅដល់សិទ្ធិ និងសេរីភាពរបស់សហជីព»។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងថាច្បាប់នេះដាក់ទោសឲ្យជាប់ពន្ធនាគារពីមួយថ្ងៃ ដល់បីឆ្នាំ ចំពោះការធ្វើការងារសហជីព និងពិន័យជាប្រាក់ពីមួយម៉ឺនរៀលដល់១០លានរៀល ហើយ សហជីពដែលហ៊ានតស៊ូការពារសិទ្ធិកម្មករនឹងលែងមានវត្តមាននៅកម្ពុជាទៀតហើយ។
«មាត្រា១៦ មាត្រា១៧ មាត្រា១៨ មាត្រា១៩ មាត្រា២០ យើងស្នើសុំឱ្យលុបចោល ដោយសារមាត្រាទាំងនេះ តម្រូវឱ្យយើងរៀបចំធ្វើរបាយការណ៍ជាប្រចាំ ទាំងរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សកម្មភាព ដាក់ទៅក្រសួងការងារ ហើយបើមិនបានដាក់ទេ ក្រសួងការងារអាចព្យួរ និងបិទចោលសហជីពនោះ ហើយតុលាការអាចបិទចោលសហជីពនោះដែរ ហើយមាត្រា២៣ ចែងថាជនទីបី ឬ តតីជន បានន័យថា នរណាក៏ដោយ និយោជកក៏បានដែរ អាចមានសិទ្ធិស្នើសុំលុបចោលសហជីព ឬ ប្តឹងថ្នាក់ដឹកនាំសហជីពបាន»។
លោកស្រី សាន់ដ្រា ដាមីកូ តំណាងនិយោជក បានថ្លែងនៅក្នុងការបើកសិក្ខាសាលានេះថា ភាគីនិយោជកបានរកឃើញថាសេចក្តីព្រាងច្បាប់ថ្មីនេះ ដោះស្រាយការប្រឈមមួយចំនួនយ៉ាងល្អ ដែលយើងបានផ្តល់ដំបូលមានឱ្យមានការពិគ្រោះយោបល់ ហើយយើងព្យាយាមដោះស្រាយបញ្ហាកង្វល់មួយចំនួន។
«ភាគីនិយោជកស្វាគមន៍ចលនាសហជីពនៅក្នុងប្រទេសកម្ពុជា ដែលមានសុខភាព តំណាង និងការពង្រឹង»។
លោក ប៊ិល សលទ័រ (Bill Salter) តំណាងអង្គការពលកម្មអន្តរជាតិ បានថ្លែងនៅក្នុងការបើកសិក្ខាសាលានេះដោយផ្ទាល់ថា យើងសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជាពិចារណាអត្ថន័យចំពោះផលប៉ះពាល់ដោយសេចក្តីព្រាងច្បាប់នេះ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថាក្រសួងការងារ និងស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល នឹងពិនិត្យពិចារណាបន្ថែមលើសេចក្តីព្រាងច្បាប់នេះ សំដៅធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា៕