ភ្នំពេញៈ ពលករទេសន្តរប្រវេសន៍ខ្មែរច្រើនរាប់ម៉ឺននាក់ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល ដោយពួកគេបានផ្ញើប្រាក់មួយផ្នែកនៃប្រាក់ខែរបស់ខ្លួន មកផ្គត់ផ្គង់ជីវភាពគ្រួសារនៅក្នុងប្រទេសកម្ពុជា។ ក្រសួងការងារបានពង្រឹងការគ្រប់គ្រង និងការការពារដល់ពលករទេសន្តរប្រវេសន៍ខ្មែរតាមរយៈការរៀបចំឯកសារច្បាប់ និងគោលនយោបាយ។ អង្គការសង្គមស៊ីវិលបានទទួលស្គាល់ថា ជីវភាពគ្រួសាររបស់ពលករទេសន្តរប្រវេសន៍ភាគច្រើនមានភាពប្រសើរឡើង។
លោករដ្ឋមន្ត្រីក្រសួងការងារ វង់សូត បានថ្លែងនៅថ្ងៃព្រហស្បត៍នេះថា ពលករទេសន្តរប្រវេសន៍ខ្មែរចំនួនជាង១២០.០០០នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៊ីមួយចំនួន បានផ្ញើប្រាក់ប្រមាណ១៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។
លោក វង់ សូត រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងប្រាប់សមាជិកសភានៅក្នុងការប្រជុំចោទសួរថា ទឹកប្រាក់របស់ប្រជាពលរដ្ឋខ្មែរដែលបានទៅធ្វើការនៅបរទេសទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។
"ពលករខ្មែរដែលបាននិងកំពុងធ្វើការនៅបរទេស មានចំនួន១២២.៧៣១នាក់ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ បើពួកគេបានផ្ញើប្រាក់ចំណូលមកក្នុងស្រុកប្រមាណតែ៥០ភាគរយនៃប្រាក់បៀវត្សរ៍របស់ខ្លួន យើងឃើញថាជាមធ្យម មានប្រមាណ១៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ យើងចាត់ទុកថា ជាការរួមចំណែករបស់ប្រជាពលរដ្ឋខ្មែរដែលបានទៅធ្វើការនៅបរទេស ក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្រ"។
លោករដ្ឋមន្ត្រី វង់ សូតបានបំភ្លឺ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាគណបក្សប្រឆាំង ដែលបានចោទសួរតំណាងរដ្ឋាភិបាលទាក់ទងនឹងកម្មកររោងចក្រកាត់ដេរ ប៉ុន្តែពួកគេបានធ្វើពហិការសម័យប្រជុំនៅថ្ងៃនេះ ដើម្បីជាការតវ៉ាប្រឆាំងនឹងការមិនអនុញ្ញាតឱ្យពួកអស់លោកអានសំណួរចំនួន១៨ ដើម្បីឱ្យលោករដ្ឋមន្ត្រីការងារឆ្លើយម្តងមួយៗ។
ពលករទេសន្តរប្រវេសន៍ខ្មែរនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃបានទទួលប្រាក់ខែជាមធ្យមពី២៥០ដុល្លារអាមេរិកដល់៣០០ដុល្លារអាមេរិក ប៉ុន្តែផ្ទុយទៅវិញ ពលករទេសន្តរប្រវេសន៍ខ្មែរនៅក្នុងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងអាចមានប្រាក់ខែរហូតដល់៩០០ដុល្លារអាមេរិក និង៦០០ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍។
លោករដ្ឋមន្ត្រី វង់ សូត បានបញ្ជាក់ថា តួលេខផ្លូវការនៃពលករទេសន្តរប្រវេសន៍ខ្មែរនៅក្នុងប្រទេសម៉ាឡេស៊ីមានចំនួន១៩.៥៨៨ នាក់ នៅប្រទេសថៃ ៩៤.៥៦៤ នាក់ នៅប្រទេសកូរ៉េខាងត្បូង ៩.០៨២ នាក់ និងប្រទេសជប៉ុន ៩៧ នាក់នៅក្នុងឆ្នាំ២០១០នេះ។
លោកយ៉ា ណាវុធ ប្រធានអង្គការ CARAM កម្ពុជា បានថ្លែងថាបញ្ហាពលករទេសន្តរប្រវេសន៍នេះជារឿងល្អ ប៉ុន្តែដើម្បីបង្កើនប្រាក់ដែលផ្ញើមកផ្ទះរបស់ពលករទេសន្តរប្រវេសន៍នេះ រដ្ឋាភិបាលត្រូវបង្កើតយន្តការសម្រាប់ការពារពួកគាត់បន្ថែមទៀត។
"អ្នកខ្លះក៏មានជីវភាពល្អប្រសើរ ប៉ុន្តែអ្នកខ្លះទៀតមិនមានលក្ខណៈប្រសើរទេ កាន់តែយ៉ាប់ថែមទៀត។ នៅពេលដែលគាត់បានទៅដល់ក្រៅប្រទេស ហើយត្រូវថៅកែរំលោភបំពាន។ វាមានន័យថា អ្នកនោះអាចកាន់តែក្រឡើងថែមទៀត ដោយសារទីមួយនៅពេលដែលគាត់ចេញទៅ គាត់ជំពាក់បំណុលក្រុមហ៊ុន ហើយដល់ពេលយើងមានបញ្ហា យើងត្រូវត្រឡប់មកវិញ។ អញ្ចឹង ក្រុមហ៊ុនត្រូវឱ្យសងបំណុលវិញ"។
លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថានៅដើមឆ្នាំ២០១០នេះ ក្រសួងបានពង្រឹងការគ្រប់គ្រង និងការការពារដល់ពលករទេសន្តរប្រវេសន៍ខ្មែរតាមរយៈការរៀបចំឯកសារច្បាប់ និងគោលនយោបាយ ព្រមទាំងការពង្រឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសម្រាប់ឃ្លាំមើលសុខទុក្ខពលករ ដូចជា ធ្វើការងារតាមកិច្ចសន្យា ការបញ្ចប់ការងារតាមការកំណត់ និងការវិលត្រឡប់មកប្រទេសវិញ។
លោក វង់សូត បានបញ្ជាក់ថា ក្រសួងបានពិនិត្យឃើញមានបាតុភាពខ្លះ ដូចជាការជ្រើសរើសពលករក្រោមអាយុកំណត់ ការប្រកួតប្រជែង និងការអូសទាញដោយប្រើប្រាស់ប្រាក់សម្ភារៈក្នុងការជ្រើសរើសទីកន្លែងស្នាក់នៅមុនពេលចេញដំណើរតូចចង្អៀត និងភ្នាក់ងារជ្រើសរើសមិនទាន់បានបណ្តុះបណ្តាលត្រឹមត្រូវ។