ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាពការណ៍​នៅ​ព្រំដែន​កម្ពុជា-ថៃ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា


ទាហាន​ខ្មែរ​​អង្គុយ​នៅ​ប្រាសាទ​ព្រះវិហារ​​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រយៈ​ពេល​ខ្លី​ជា​មួយ​ទាហាន​ថៃ​កាល​ពី​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ​ឆ្នាំ​២០១១។
ទាហាន​ខ្មែរ​​អង្គុយ​នៅ​ប្រាសាទ​ព្រះវិហារ​​ក្រោយ​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រយៈ​ពេល​ខ្លី​ជា​មួយ​ទាហាន​ថៃ​កាល​ពី​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ​ឆ្នាំ​២០១១។

បន្ទាប់​ពីមាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​កម្ពុជា​ និង​កង​ទ័ព​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ឈាន​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ សភាពការណ៍​នៅ​តាម​ព្រំ​ដែន​បាន​ស្ងប់​ស្ងាត់ ក៏​ប៉ុន្តែ​មាន​ភាព​តានតឹង។ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ប្រុង​ប្រៀប​ប្រយុទ្ធ​រៀងៗ​ខ្លួន​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​នៅ​ជិត​ព្រំដែន​មាន​ជម្លោះ​បាន​ភៀស​ខ្លួន​ចេញ​រាប់​ពាន់​គ្រូសារ ​ដើម្បី​រក​ទី​តាំង​មាន​សុវត្ថិ​ភាព។

លោក​នាយ​ឧត្តម​សេនីយ៍​ផ្តាយ​មាស​បួន​ ប៉ុល​ សារឿន ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា សភាពការណ៍​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​បាន​វិល​ទៅ​រក​ភាពស្ងប់​ស្ងាត់​មួយរយៈ​វិញ​ហើយ​ ក៏​ប៉ុន្តែ​កង​ទ័ព​នឹង​ស្ថិត​នៅ​ក្នុង​សភាព​ប្រុង​ជើង​ការ។ លោក​ថ្លែង​ថា៖

«អត់​មាន​អ្វី​ទេ ​ស្ងប់​ស្ងាត់​ហើយ ​ទាក់​ទង​ទៅ​អ្នក​នាំពាក្យ​កងទ័ព​ទៅ»។

កាលពី​យប់​ថ្ងៃអាទិត្យ​ឈាន​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​នេះ​ កង​ទ័ព​រវាង​កម្ពុជា​ និង​ថៃ ​បាន​បើក​ការ​វាយ​ប្រហារ​គ្នា​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ ដែល​មាន​វ័យ​ចំណាស់​ជាង​៩០០ឆ្នាំ។ ការ​វាយ​ប្រយុទ្ធគ្នា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ មាន​រយៈពេល​ប្រមាណ​ជាង​បីម៉ោង ហើយ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ប្រើ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ភាគី​ទាំង​ពីរ​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​ទំនើបៗ​ ដែល​រួម​មាន​ កាំជ្រួច​ហ្វូង​ប្រតិកម្ម ​BM40 ​កាំភ្លើង​ធំ និង​កាំភ្លើង​ភ្លោង​គ្រប់​ប្រភេទ​ព្រម​ទាំង​បាន​បាញ់​គ្រាប់​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​គ្នា​ទៀតផង។

ការ​វាយប្រយុទ្ធ​គ្នា​ទាំងបួន​លើក​នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧប​នាយក​រដ្ឋមន្រ្តី​ហោ ណាំ ហុង ដល់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ព្រលប់​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ទាហាន​កម្ពុជា​ចំនួន​ប្រាំ​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង​រងបួស​ជាង​៤៥នាក់។

ចំណែក​កាសែត​បាងកក​ប៉ុស្ត៍ (Bangkok Post) នៅ​ប្រទេស​ថៃបាន​ដក​ស្រង់​សម្តី​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ថៃ​ថា ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី៤​ រហូតដល់​ ថ្ងៃទី៧​ កន្លង​ទៅ​នេះ​ ទាហាន​ថៃ​ម្នាក់​ត្រូវ​បាន​ស្លាប់​ និង​ជនស៊ីវិល​ម្នាក់​បាន​ស្លាប់​ព្រមទាំង​រងរបួស​ចំនួន​៣៤​នាក់។ ក៏​ប៉ុន្តែ​មន្រ្តី​យោធា​កម្ពុជា ​បាន​រំពឹង​ថា ​ចំនួន​ស្លាប់​ និង​រង​របួស​ខាង​ភាគី​ថៃ​មាន​ច្រើន​ជាង​នេះ។

ប្រទេស​កម្ពុជា​ បាន​ចាប់​ទាហាន​ថៃ​មួយ​រូប ​អាយុ​២១​ឆ្នាំ ​ហើយ​បច្ចុប្បន្ន​នេះ​ កំពុង​ឃុំ​ឃាំង​នៅ ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​និយាយ​ថា ​ទាហាន​ថៃ​ ដែល​កម្ពុជា​ចាប់​បាន​នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​យ៉ាងល្អ​របស់​ភាគីកម្ពុជា​ ហើយ​កម្ពុជា​ និង​ប្រគល់​ឲ្យ​ភាគី​ថៃ​វិញ​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ​មក​កម្ពុជា។ លោក​ ហ៊ុន សែន​ថ្លែង​ថា៖

«យើង​អនុវត្ត​ច្បាប់សង្គ្រាម​ ឈ្លើយ​សឹក​មិន​ត្រូវ​បាន​កាត់ទោស​ទេ ​ឈ្លើយសឹក​ត្រូវ​បាន​ថែទាំ​ ឲ្យ​ល្អ។ ឈ្លើយ​សឹក​នឹង​ត្រូវ​បាន​ដោះ​លែង​ ដោយ​មាន​ការ​ព្រមព្រៀង​នៃ​ភាគី​ទាំង​ពីរ​ចុះ​ហត្ថលេខា​ទទួល​ និង​ប្រគល់ ​និង​សូម​អញ្ជើញ ​CE CR ​គណៈកម្មាធិការ​អន្តរជាតិ​ចូលរួម​ធ្វើ​ជា​សាក្សី»។

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​នេះ​ កងទ័ព​កម្ពុជា​បាន​ចាប់​ទាហាន​ចំនួន​បួន​រូប​ ហើយ​ក្រោយ​មក​ បាន​បញ្ជូន​ឲ្យ​ភាគី​ថៃ​វិញ។ ​ចំណែក​ឯ​ទាហាន​ថៃ​ចុង​ក្រោយកំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ មន្រ្តី​យោធា​កម្ពុជា​នៅ​ឡើយ ។

នៅតាម​ក្រវ៉ាត់​ព្រំដែន​ ដែល​មាន​ជម្លោះ​ ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​រាប់ពាន់​គ្រួសារ​ បាន​ត្រូវ​ជម្លៀស​ចេញ ​ដើម្បី​ស្វែង​រក​ទី​តាំង ​ដែល​មាន​សុវត្ថិភាព។ អ្នកស្រី​លាភ ញ៉ ​អាយុ​៥៥​ឆ្នាំ ​ប្រជាពលរដ្ឋ​មួយរូប​ដែល​រស់នៅ​ភូមិ​ធម្មជាតិ ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ ​បាន​ផ្តល់​បទសម្ភាសន៍​ដោយ​ផ្ទាល់​ជា​មួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ អ្នកស្រី​និង​ប្រជាជន​ផ្សេងទៀត​ បាន​ភៀសខ្លួន​ចេញ​ពី​ភូមិ ​ដោយសារ​តែ​ភ័យខ្លាច​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ​និង​កម្ពុជា​នៅ​តាម​ព្រំដែន។ អ្នក​ស្រី​ថ្លែង​ថា៖

«ប្រជាជន​ ដូចថា ​ឃើញ​គ្នា​រត់​ចេះ​តែ​ភ័យ។ ចេះ​តែ​មក​តាម​គ្នា។ បើ​គ្រាប់​វា​បាញ់​ខ្លាំង​ដែរ បើ​ថា​លើក​មុន​មិន​សូវ​ប៉ុន្មាន​ទេ ​ដល់​ម្តង​នេះ ​ច្រើន​ខ្លាំង​ជាង​លើក​មុន»។

បន្ទាប់​ពី​មាន​ការវាយប្រយុទ្ធ​ជាប់ៗ​គ្នា​ចំនួន​បួន​លើក ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​សរសេរ​លិខិត​ភ្លាមៗ​ជា​បន្ទាន់​មួយ​ទៅ​កាន់​លោកស្រី​ ម៉ារា លូហ្សា រីបេរ៉ូវីអូទី (Maria Luza Ribeiro Viotti) ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាប់ ​ដើម្បី​បញ្ឈប់​រាល់​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។

លិខិត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ចាត់ទុក​ថា​ ការ​ឈ្លានពាន​របស់​ថៃ​បាន​រំលោភ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី១៥​ ខែមិថុនា​ឆ្នាំ​១៩៦២​ និង​មាត្រា​មួយ​ចំនួន​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហ​ប្រជាជាតិ៕

XS
SM
MD
LG