ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​នៅ​តែ​រក​មិន​ឃើញ​ជំហរ​រួម​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​


导演李安向美国之音观众拜年(美国之音国符摄影)
导演李安向美国之音观众拜年(美国之音国符摄影)

ប្រធាន​គណបក្ស​ជំទាស់​ពីរ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ពី​ជំហរ​ផ្ទុយ​គ្នា​ជា​ចុងក្រោយ​ទាក់ទង​នឹង​ការ បញ្ចូល​គ្នា​ឲ្យ​ក្លាយ​ជា​បក្ស​តែ​មួយ។

មេដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​លោក​ កឹម​ សុខា​ទាមទារ​ឲ្យ​មេដឹក​នាំ​គណបក្ស​សម រង្ស៉ី​គឺ​លោក ​សម រង្ស៉ី​ឲ្យ​ទទួល​យក​ផែនការ​ដាក់​បញ្ចូល​គណបក្ស​ទាំង​ពីរ​តាម​រយៈ​ការបង្កើត​គណបក្ស​ថ្មី​មួយ​មុន​ការបោះ​ឆ្នោត។

នៅ​ក្នុង​លិខិត​ជា​ផ្លូវការ​ផ្ញើ​ជូន​លោក​ សម រង្ស៉ី​កាល​ពី​ថ្ងៃ​១៨​ខែមេសា​ លោក ​កឹម​ សុខា​បាន​បញ្ជាក់​ពី​ជំហរ​ចុង​ក្រោយ​របស់​លោក​គឺ​មិន​គួរ​មាន​ការ​រួបរួម​ក្នុង​ក្រប ខណ្ឌ​គណបក្ស​សម​ រង្ស៊ី​ទេ​ តែ​គួរ​ប្រកាន់​យក​គោលការណ៍​បង្កើត​ឬ​សាងសង់​គណបក្ស​ថ្មី​មួយ​ តែ​ឈ្មោះ​គណ​បក្ស​ទាំង​ពីរ​នៅ​រក្សា​ទុក​ដដែល​ ដោយ​លោក កឹម សុខា​បាន​អះអាង​ថា​នេះ​ជា​ឱកាស​ចុង​ក្រោយ​ក្នុង​ការ​បង្រួប​បង្រួម​អ្នក សេ្នហា​ជាតិ​ អ្នកប្រជា​ធិបតេយ្យ​និយម​ដើម្បី​រៀបចំ​ចលនា​ប្រជា​ធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ។

«អ្វី​ដែល​យើង​ចង់​បង្កើត​ថ្មី​មួយ​សម្រាប់​ទាំង​អស់​គ្នា​នោះ​គឺ​សំខាន់​គឺ​ថា​ជា​ផ្ទះ​គ្រឹះ មួយ​ថ្មី​បែប​សំណង់​ប្រជា​ធិបតេយ្យ​ហើយ​សម្រាប់​អ្នកទាំង​អស់​គ្នា​ហ្នឹង​នៅ​ជា មួយ​គ្នា​បាន។​ គោល​បំណង​របស់​យើងៗ​ចង់​ប្រមូល​កម្លាំង​ឲ្យ​បានធំ​ទើប​យក ឈ្នះ​ គណបក្ស​ប្រជាជន​បាន​ ទើប​យើង​អាច​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​បច្ចុប្បន្ន​បាន។ ​បើ​យើង​អត់​សង់​ស្អី​មួយ​ថ្មី​ទេ​ កន្លែង​ចង្អៀត​ទេ​យើង​អត់​អាច​យក​ឈ្នះ​បាន​ទេ»។

គណបក្ស​សម រង្ស៉ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ព្យាយាម​ដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណ​បក្ស​តែមួយ​ជាងពីរ​ឆ្នាំ​ហើយ​ដើម្បី​ជា​ការ​ប្រកួត​ប្រជែង​នឹង​គណបក្ស​ ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣ទស​វត្សរ៍​មក​ហើយ។​ ក៏ប៉ុន្តែ​គោលការណ៍​ដាក់​បញ្ចូល​គ្នា​ដែល​ក្រុម​ការងារ​បាន​ខក​ខាន​ព្រម​ព្រៀង​គ្នា​ជា​ច្រើន​លើក​នោះ ​ មិន​ត្រូវ​បានទទួល​យក​ដោយ​ភាគី​ទាំងពីរ​នោះទេ​ជា​ពិសេស​ទៅ​លើបញ្ហា​ថា​តើ​ត្រូវ​ចូល​រួម​ក្នុង​គណបក្ស​ណា​មួយ​ឬ​បង្កើត​បក្ស​ថ្មី​មួយ?

លោក ​កឹម ​សុខា ​បាន​រិះគន់ ​គណបក្ស​សម រង្ស៉ី​ចំពោះ​ការ​ដឹក​នាំ​ផង​ និងការ​លំបាក​ដែល​លោក​ទស្សន៍ទាយ​សម្រាប់​កែ​ទម្រង់​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ អនាគត។

«យើង​ឃើញ​ថា​ប្រព័ន្ធ​ដឹក​នាំ​សព្វ​ថ្ងៃ​នេះ​ក្នុង​គណបក្ស​សម រង្ស៉ី​គឺ​មិន​អាច​ទទួល យក​កម្លាំង​ដទៃ​ទៀត​បាន​ទេ។យើង​ឃើញ​ថា​តាំងពី​ឆ្នាំ​២០០៣​មក​មាន​តែ​អ្នក ចេញ​ អត់​មាន​អ្នក​ចូល​ទេ។​ អញ្ចឹង​ហើយ​កន្លែង​ហ្នឹង​វា​ចង្អៀត​ខ្ញុំ​និយាយ​ឲ្យ​ស្រួល ស្តាប់​ វា​ចង្អៀតៗ​ត្រង់​ថា​ប្រព័ន្ធ​គ្រប់​គ្រង​វាអត់​មាន​ភាព​ទូលំ​ទូលាយ​ បែប​ប្រជា ធិបតេយ្យ​ហ្នឹង​ទី១​ ដែល​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ មិន​មែន​តែ​ សម្រាប់​គណបក្ស សិទ្ធិ​មនុស្ស​ទេ​ ដែល​យើង​ចង់​ធ្វើ​ហ្នឹង​សម្រាប់​ឲ្យ​បាន​គណបក្ស​ អ្នក​នយោ​បាយ និង​ឥស្សរ​ជន​ដទៃ​ទៀត​អាច​ចូល​រួម​បាន»។

លោក​ កឹម​ សុខា​ថ្លែង​យ៉ាង​ដូច្នេះ​ទំនង​ជា​យោង​ទៅ​លើ​ការ​ចាក​ចេញ​របស់​តំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៉ី​មួយ​រូប​គឺ ​លោក​ ម៉ៅ ​មុន្នីវណ្ណ​ ទៅ​ចូល​រួម​ជា​មួយ​ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​នៅ​សប្តាហ៍​ថ្មីៗ​នេះ​ជា​មួយ​នឹង​ការមិន​ពេញ​ចិត្ត​នានា​ ដែល​ជា​ដើម​ហេតុ។

លោក ​សម រង្ស៊ី​បាន​ចោទ​ប្រកាន់​គណបក្ស​សិទ្ធិ​មនុស្ស​ថា​បាន​ប្រើ​ប្រាស់​ ភាសា ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា។​ ដោយ​លោក​បាន​បញ្ជាក់​ថា​មុន​ការ​ជ្រើសរើស​ រូបមន្ត​ណាមួយ​ដើម្បី​រួមរួម​គ្នា​ត្រូវ​តែ​មាន​ឆន្ទៈ​រួមគ្នា​ពិត​ប្រាកដ​ មិន​មែន​វាយ​ ប្រហារ​គ្នា​ មិន​មែន​មែន​ចាត់​ទុក​គ្នា​ជា​សត្រូវ​ទេ​ គឺ​ដៃ​គូ។

«ដូច្នេះ​មិន​ត្រូវ​ធ្វើ​ដូច​គណបក្ស​សិទ្ធិ​មនុស្ស​ដឹក​នាំ​ដោយ​លោក​ កឹម ​សុខា​ ដែល ចាត់​ទុក​គណបក្ស​សម រង្ស៊ី​ថា​ជា​សត្រូវ។​ សុំ​ឲ្យ​កុំ​ច្រឡំ​សត្រូវ​រវាង​អ្នក​ប្រជាធិបតេយ្យ ​ក្នុង​ជួរ​អ្នក​សេ្នហា​ជាតិ។​ សត្រូវ​គឺ​បរទេស​ឈ្លាន​ពាន​នឹង​បរិវារ​របស់​គេ​ មិន​មែន​អ្នក​ស្នេហា​ជាតិ​ដូច​គ្នា​ទេ»។

លោក ​សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​អះអាង​ថា​ មាន​តែ​ គណ​បក្ស​ សម​ រង្ស៉ី​មួយ​គត់​ដែល​ហ៊ាន​ ចេញ​មុខ​តវ៉ា ​រឿង​រំលោភ​បំពាន​ព្រំដែន​ ជា​ពិសេស​ជាមួយ​អាជ្ញាធរ​វៀតណាម។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នោះតែងតែ​ត្រូវ​វៀតណាម​បដិសេធ។

«បើ​ចាត់​ទុក​គណបក្ស​សម​ រង្ស៉ី​ជា​សត្រូវ​ហើយ​ ហេតុអ្វី​បាន​ចង់​មក​រួម​កម្លាំង​ ជាមួយ​គណបក្ស​សម រង្ស៉ី​ ឬ​មួយ​គ្រាន់​តែ​បញ្ចូល​ពិស​ពុល​តែ​ប៉ុណ្ណោះ ​ពីព្រោះ​ គណបក្ស​សម រង្ស៉ី​ធ្លាប់​ឆ្លង​កាត់​អស់​ហើយ​ការណ៍​ដែល​គេ​ចង់​វាយ​ប្រហារ​ បញ្ចូល​ពិស​ពុល​ គេ​ធ្វើ​ បក្ស​ប្រហារ​ ពី​ក្នុង​ពី​ក្រៅ​ តែ​យើង​ដឹង​អស់​ ហើយ​ដូច្នេះ​យើងត្រូវ​ តែ​ប្រុង​ប្រយ័ត្ន​ដើម្បី​រក្សា​កម្លាំង​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឲ្យ​បាន​គង់​វង្ស​ ឲ្យ​បាន ស្ថិត​ស្ថេរ​ ឲ្យ​បាន​រឹងមាំ ​ពីព្រោះ​គណបក្ស​ សម រង្ស៉ី​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ»។

អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​លោក ​ពុទ្ធា​ ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គកា​និកហ្វិក បាន​ អះអាង​ថា​គណបក្ស​ទាំងពីរ​ដែល​ជា​គណបក្ស​មាន​សំឡេង​ក្នុង​រដ្ឋសភា​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​ទេ​ក្នុង​ការ​ដាក់​បញ្ចូល​គ្នា​ដោយ​សារ​គណបក្ស ទាំងពីរ​ មើល​ទៅ​ពុំ​ឃើញ​មាន​ភាគី​ណា​មួយ​ព្រម​ធ្វើការ​លះបង់។

«ខ្ញុំ​គិត​ថា​គណបក្ស​រៀង​ខ្លួន​សុទ្ធ​តែ​មាន​គោល​នយោបាយ​ ហើយ​នឹង​សុទ្ធ​តែ​មាន​ជំហាន​ឬ​ក៏​យុទ្ធសាស្ត្រ​របស់​ខ្លួន​ អញ្ចឹង​នៅ​ពេល​ដែល​ពីរបូក​បញ្ចូល​គ្នាវា​ច្បាស់​ជា​មាន​ចំណុច​ណា​ដែល​ត្រួត​ស៊ីគ្នា​ ប៉ះ​ពាល់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ អញ្ចឹង​ការ​ប៉ះពាល់​ ឬ​ក៏មិន​ស្រប​ទស្សនៈ​គ្នា​ទាម​ទារ​ឲ្យ​មាន​ការលះបង់​នឹង​ឱ្យមាន​ការសម្រប​សម្រួល​ទើប​អាច​ដំណើរការ​បាន»។

លោក​ ពុទ្ធា ​ហង្ស​បាន​អះអាង​ថា​ ថ្វី​ត្បិត​តែ​អ្នក​នយោបាយ​ពិបាក​នឹង​ប៉ាន់​ស្មាន ក្នុង​ការ​សម្រេច​ចិត្ត​មែន​តែ​ប្រសិន​បើ​ការរង់ចាំ​ដល់​កៀក​បោះ​ឆ្នោត​ ហើយ​សម្រេច​ចិត្ត​នោះ​ វា​ជា​រឿង​មិន​ល្អ​ដូច​ការ​សម្រេច​ចិត្ត​ពី​ចម្ងាយ​ទេ។

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ឆ្នាំ​២០១២ ​និង​បោះ​ឆ្នោត​ជ្រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៣។​ គណបក្ស​សម​ រង្ស៊ី​ទទួល​អាសនៈ​ក្នុង​រដ្ឋ​សភា​ចំនួន​ ២៦​ គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​អាសនៈ​៣ ​ហើយ ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​ទទួល​បាន​អាសនៈ​៩០​ ក្នុង​ចំណោម​អាសនៈ​សរុប​១២៣​ក្រោយ​ការបោះ​ឆ្នោត​ឆ្នាំ​២០០៨៕

XS
SM
MD
LG